អត្តន័យនៃ​ការ​បែង​ចែក​ប្រភេទ​កាក​សំណល់​នៅប្រទេស​ជប៉ុន

អត្តន័យនៃ​ការ​បែង​ចែក​ប្រភេទ​កាក​សំណល់​នៅ​ប្រទេសជប៉ុន។

ជនបរទេសមួយចំនួនដែលរស់នៅក្នុងប្រទេសជប៉ុនរយៈពេលវែងតែងតែមានអារម្មណ៍ថាមិនទម្លាប់ ហើយពេលខ្លះអាចនឹងជួបបញ្ហាក្នុង​ការ​បែង​បែក​ប្រភេទ​សំរាម។ ដូច្នេះ​ហើយ មនុស្ស​ជាច្រើន​ប្រាកដ​ជា​មានអារម្មណ៍ថានេះជាការងារដែលមានភាពស្មុគស្មាញ។ ប៉ុន្តែជាការពិតណាស់ ប្រាកដជាមាន​ហេតុផល​ណា​មួយ​ទើប​ប្រជាជន​ជប៉ុន​មាន​ទម្លាប់ ហើយ​ថែម​ទាំង​មាន​បទ​ប្បញ្ញត្តិដែល​ទាក់​ទង​នឹង​ការ​បែងចែកកាកសំណល់។

តាមពិតទៅ នេះជា​ការបន្ត​សេដ្ឋកិច្ចវិលជុំដែលត្រូវបានបង្កើតឡើងកាលពីជាង ៣០០ ឆ្នាំមុន នៅសម័យកាលរបស់សាមូរ៉ៃ។

ប្រហែលជាដប់ឆ្នាំចុងក្រោយនេះ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ត្រូវបានរំលឹកដល់ជាច្រើនដង ប៉ុន្តែតាមពិតទៅ ទម្រង់នេះមាននៅប្រទេសជប៉ុនតាំងពីសម័យ Edo មកម្ល៉េះ។ ចូរយើងស្វែងយល់កាន់តែស៊ីជម្រៅអំពីបញ្ហានេះតាមរយៈខ្លឹមសារអត្តបទខាងក្រោម។

នៅតំបន់​ភាគ​ខាងកើត​ទីក្រុង​តូក្យូ​សព្វថ្ងៃ​នេះ​ពីមុន​ត្រូវ​បាន​គេ​ហៅថា Edo ។

នេះជាទីក្រុងដែលមានការអភិវឌ្ឍបំផុតនៅក្នុងប្រទេសជប៉ុននាពេលនោះ នៅសម័យកាលដែលរុងរឿងបំផុត កន្លែងនេះមានប្រជាជនជាង ១,២ លាននាក់។ ក្នុងពេលជាមួយគ្នានោះ ទីក្រុង​ប៉ារីស​មាន​ប្រជាជន​ប្រមាណ ៦០០,០០០ នាក់ប៉ុណ្ណោះ ដូច្នេះអាចនិយាយបានថាទីក្រុង Edo ជាទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក។

នៅពេលនោះ ទីក្រុងប៉ារីសត្រូវបានគេចាត់ទុកថាមានក្លិនស្អុយយ៉ាងខ្លាំង ដោយសារតែកាកសំណល់របស់មនុស្សមាននៅគ្រប់ទីកន្លែងតាមដងផ្លូវ។ គេនិយាយថា នេះជាមូលហេតុដែលទឹក​អប់ ស្បែក​ជើង​កែង​ខ្ពស់ និង​រ៉ូប​វែង​ត្រូវ​បាន​បង្កើត​ឡើង។

ទោះជាយ៉ាងណា Edo ជាកន្លែងដែលមានប្រជាជនច្រើនជាងទ្វេដង បែរជាមិនមានក្លិនអាក្រក់ទៅ​វិញ។

តាំងពីសម័យ Edo ប្រជាជនជប៉ុនមានទម្លាប់បែងចែកប្រភេទកាកសំណល់ ដោយមានគោល​បំណង​ប្រើ​​ប្រាស់​​ឡើង​​វិញ។

នៅសម័យនោះ មិនទាន់មានអគ្គិសនីនោះទេ មនុស្សប្រើទៀនសម្រាប់បំភ្លឺ ហើយសំណល់ទៀនតែង​តែ​មាន​អ្នក​ប្រមូល​ទិញ​ដើម្បី​កែ​ច្នៃ​ផលិត​ទៀន​ថ្មី។

ក្រដាសក៏មានក្រុមប្រមូលដោយឡែកផងដែរ។

ចានដែលបាក់បែកត្រូវបានផ្គុំឡើងវិញយ៉ាងប៉ិនប្រសប់សម្រាប់ប្រើបន្ត ម្យ៉ាងវិញទៀត ការប្រើប្រាស់​មាសសម្រាប់ផ្គុំបំណែកដែលបាក់ចូលគ្នាបានក្លាយជាទម្រង់សិល្បៈថ្មីមួយនាពេលសព្វថ្ងៃ ដែល​គេ​ហៅ​ថា kintsugi ។

មិនត្រឹមតែប៉ុណ្ណឹង សូម្បីតែកាកសំណល់របស់មនុស្សដូចជាលាមក និងទឹកនោមក៏មានអ្នកប្រមូល​ទិញ​ផង​ដែរ។ កាកសំណល់ទាំងនោះត្រូវបានយកធ្វើជាជីសម្រាប់កសិកម្ម។

ស្តាប់ទៅពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ហើយប្រហែលជាមានតែទីក្រុង Edo ប៉ុណ្ណោះ ដែលសូម្បី​តែ​កាកសំណល់​ក៏​អាច​ប្តូរ​យក​ប្រាក់​បាន​ដែរ។

សព្វថ្ងៃនេះ ក្នុងយុគសម័យបច្ចុប្បន្ន គេលែងប្រើប្រាស់កាកសំណល់របស់មនុស្សធ្វើជាជីទៀតហើយ។ ហើយបើប្រៀបធៀបទៅនឹងអតីតកាល ប្រភេទ​កាក​សំណល់​ផ្សេង​ទៀត​ក៏​បាន​កើន​ឡើងគួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ ក្នុងចំណោមនោះមានដូចជាកាកសំណល់ដែលផលិតពីផ្លាស្ទិច និងផលិត​ផល​ដែល​ប្រើម្តង​ហើយ​ចោល។

ដូច្នេះហើយ ការបែងចែកប្រភេទកាកសំណល់ត្រូវបានអនុវត្តដើម្បីសម្រួលដល់ដំណើរការកែច្នៃឡើង​វិញ។ កែច្នៃឡើងវិញឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដូចជាក្រដាស កញ្ចក់ និងលោហៈ​ជា​ដើម។

កាលពីខ្ញុំនៅក្មេង កូកាកូឡាត្រូវបានលក់ក្នុងដបកែវ ហើយដបកែវទាំងនេះអាចលក់បន្តបានក្នុងតម្លៃ ១០ យ៉េន។ ដោយ​អាច​ដើរ​ប្រមូល ឬរើសនៅតាមដផ្លូវ ដូចជាការប្រមូលទិញ និង​លក់​អេត​ចាយ​​នៅ​​ប្រទេស​​កម្ពុជា​​ដែរ។

មិនមែនមានតែដបកែវប៉ុណ្ណោះ សូម្បីតែសំបកកំប៉ុងក៏ត្រូវបានប្រមូលទិញស្រដៀងគ្នាដែរ។ ទោះ​បី​ជា​តម្លៃ​លក់​បន្ត​រាង​ថោក ប៉ុន្តែនៅតែអាចរកប្រាក់បាន ដូច្នេះកុមារ និងអ្នកដែលខ្វះខាត​នឹង​​ដើរ​​រើស ដែល​​ជួយ​​ឲ្យ​​ដង​​ផ្លូវ​​តែង​​តែ​​ស្អាត។

ក្រៅពីនេះ ថែមទាំងអាចប្រើសៀវភៅ និងកាសែតចាស់ៗប្តូរយកក្រដាស់បង្គន់ថ្មី​ផង​ដែរ។

សព្វថ្ងៃនេះ ការប្រមូលទិញ និងលក់អេតចាយលែងពេញនិយមទៀតហើយ ប៉ុន្តែវប្បធម៌នៃការ​កែ​ច្នៃ​ឡើង​វិញ​ត្រូវបានចាក់ឫសយ៉ាងជ្រៅក្នុងស្មារតីរបស់ប្រជាជនគ្រប់រូប ហើយនោះជាមូលហេតុ​ដែល​ដង​ផ្លូវ​នៅ​ក្នុងប្រទេសជប៉ុនតែង​តែ​ស្អាត។

ក្រៅពីវប្បធម៌កែច្នៃឡើងវិញ នៅមានមូលហេតុមួយផ្សេងទៀតដែលធ្វើឲ្យដងផ្លូវនៅប្រទេស​ជប៉ុន​តែង​តែ​ស្អាត នោះ​គឺ​ទស្សនៈ​ដែល​ទាក់​ទង​នឹង “ទ្រព្យ​សម្បត្តិ​រួម” ។

សម្រាប់ប្រជាជនជប៉ុន បរិស្ថានដែលពួកគេរស់នៅគឺជាបរិស្ថានរួមគ្នា ជាកន្លែងដែលពួកគេ កូនៗ​របស់​ពួក​គេ ហើយមនុស្សគ្រប់គ្នានៅក្នុងសហគមន៍រស់នៅ និងរីកចម្រើនជាមួយគ្នា។ ដូច្នេះ​ហើយ មនុស្ស​គ្រប់គ្នាមានកាតព្វកិច្ចថែរក្សាទ្រព្យសម្បត្តិរួម ដែលមានន័យថារួមគ្នាការពារបរិស្ថាន​រស់​នៅ។

ទង្វើរបស់បុគ្គលណាមួយដែលចោលសំរាម និងបង្កគ្រោះថ្នាក់ដល់បរិស្ថានគឺមិនអាចអត់ឱនបាន​ទេ។ ហើយទន្ទឹមនឹងនោះ ការ​មិន​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​បែង​ចែក​ប្រភេទ​សំរាម​ក៏​ជា​ទង្វើដែល​មិន​អាច​ទទួល​យក​បាន​ដែរ។

ក្រៅពីប្រទេសជប៉ុន ប្រទេសសិង្ហបុរីក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលល្បីនៅលើពិភពលោកថាមានបរិស្ថានស្អាត។ យ៉ាងណាមិញ មូលហេតុដោយសារតែបទប្បញ្ញត្តិបរិស្ថាននៅក្នុងប្រទេស​នេះមានភាពតឹងរ៉ឹងយ៉ាងខ្លាំង។ មនុស្សគ្រប់គ្នាគោរពតាមបទប្បញ្ញត្តិទាំងនោះព្រោះខ្លាច​ត្រូវ​ពិន័យ។

យើងអាចមើលឃើញថា ទោះបីជាប្រទេសជប៉ុន និងសិង្ហបុរីមានភាពស្រដៀងគ្នាក្នុងការថែរក្សាបរិស្ថាន​ស្អាត​ក៏​ដោយ ប៉ុន្តែបែរជាមានភាពខុសគ្នាយ៉ាងខ្លាំង នោះគឺជាមូលដ្ឋាននៃស្មារតីខុសគ្នា។

ជាការពិតណាស់ នៅជប៉ុនការបែងចែកប្រភេទកាកសំណល់ជារឿងដែលមិនទម្លាប់ និង​មិន​ងាយ​ស្រួល​​សម្រាប់​​ជន​បរទេស។

ប៉ុន្តែប្រសិនបើយើងគិតថា សកម្មភាពនេះកើតចេញពីគោលបំណងចង់ថែរក្សាបរិស្ថានរស់នៅស្អាត និងការពារបរិស្ថានដោយការប្រើប្រាស់ធនធានឡើងវិញជាដើម។ ប្រហែលជាអារម្មណ៍រំខាន​ទាំង​នោះ​អាច​នឹង​កាត់​បន្ថយ​បន្តិច?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: