ភាពខុសគ្នារវាងវិធានការកែលម្អកសិកម្មនៅអាហ្វ្រិករបស់ប្រទេសជប៉ុន និងចិន
ភាពខុសគ្នារវាងវិធានការកែលម្អកសិកម្មនៅអាហ្វ្រិករបស់ប្រទេសជប៉ុន និងចិន។
ក្នុងចំណោមទ្វីបទាំងអស់ ទ្វីបអាហ្វ្រិកត្រូវបានគេដឹងថាជាកន្លែងដែលប្រមូលផ្តុំទៅដោយប្រទេសក្រីក្រច្រើនបំផុត។ កាលពីពេលថ្មីៗនេះ មានការពិភាក្សាជាច្រើនដែលនិយាយពីភាពខុសគ្នារវាងជប៉ុន និងចិនក្នុងការផ្តល់ជំនួយកសិកម្មដល់ទ្វីបទាំងនេះ ដែលបណ្តាលឲ្យលទ្ធផលមានភាពខុសគ្នាយ៉ាងខ្លាំង។
លើកនេះ យើងនឹងក្រឡេកមកមើលឧទាហរណ៍ជាក់ស្តែងចំនួនពីរ ប្រទេសពីរដែលទទួលបានជំនួយកសិកម្មគឺ ប្រទេស Tanzania និង Angola ។ ចូរយើងក្រឡេកមកមើលវិធីសាស្រ្តរបស់ប្រទេសនីមួយៗ និងលទ្ធផលដែលសម្រេចបានយ៉ាងណា។
នៅឆ្នាំ ២០២០ ប្រទេស Angola បានប្រើប្រាស់ថវិកាជាតិមួយផ្នែកធំដើម្បីពឹងឲ្យសាជីវកម្មធំរបស់ចិនជួយខាងវិស័យកសិកម្ម។
ប្រទេសចិនបាននាំចូលប្រភេទត្រាក់ទ័រខ្នាតធំជាច្រើនគ្រឿងដែលបំពាក់ដោយសមត្ថភាពបញ្ញាសិប្បនិម្មិត AI ដោយជីកកកាយតំបន់ដីទំនេរយ៉ាងឆាប់រហ័ស។ ការជីកកកាយដីរហូតដល់ទៅ ៨០០ ហិកតា ដែលជាតួលេខដ៏ធំមួយ។
ដោយមើលឃើញតំបន់ដីទំនេរត្រូវបានជីកកកាយ ប្រជាជនក្នុងតំបន់មានសង្ឃឹមយ៉ាងច្រើន។ មនុស្សគ្រប់គ្នាសុទ្ធតែត្រេកអរ ពីព្រោះគ្រប់គ្នាជឿថា ប្រសិនបើអាចដាំដុះដំណាំនៅលើផ្ទៃដីដ៏ធំទូលាយនេះ ពួកគេ និងអ្នកដទៃនឹងរួចផុតពីភាពក្រីក្រក្នុងពេលឆាប់ៗ។
ផ្ទុយទៅវិញ ភាគីប្រទេស Tanzania បានស្នើសុំជំនួយពីប្រទេសជប៉ុននៅឆ្នាំ ២០១៨ ។
អង្គភាពផ្តល់ជំនួយរបស់ជប៉ុនគ្រាន់តែជាអង្គការមិនមែនរដ្ឋាភិបាលតូចមួយប៉ុណ្ណោះ។ ដោយមិនមានឧបករណ៍ធំៗ និងបច្ចេកវិទ្យាទំនើបដូចជាប្រទេសចិននោះទេ ផ្ទុយទៅវិញ អង្គការដែលមកពីប្រទេសជប៉ុនបាននាំមកនូវចំណេះដឹងខាងផ្នែកដាំដុះដី សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកប្រកបដោយប្រសិទ្ធភាព និងវិធីសាស្រ្តដែលសមស្របសម្រាប់ស្ថានភាពដីក្នុងតំបន់។
ជាមួយនឹងចំណេះដឹងទាំងនេះ ពួកគេបានចូលរួមជាមួយប្រជាជនក្នុងតំបន់ធ្វើឲ្យដីក្លាយជាដីដាំដុះបន្តិចម្តងៗ។
ដោយសារតែមានទំហំតូច ដូច្នេះនៅពេលនោះមនុស្សជាច្រើននៅជុំវិញពិភពលោកបានសើចចំអកថា៖
- “ធ្វើលក្ខណៈតិចតួចបែបនេះមានប្រសិទ្ធិភាពអ្វីទៅ?”
ហើយប៉ុន្មានឆ្នាំក្រោយមក…
ប្រទេសទាំងពីរដែលទទួលបានជំនួយខុសគ្នា ក៏សម្រេចបានលទ្ធផលខុសគ្នាយ៉ាងខ្លាំងផងដែរ។
នៅប្រទេស Angola ការងារភាគច្រើនត្រូវបានធ្វើឡើងដោយបុគ្គលិកជនជាតិចិន ដូច្នេះហើយ អ្នកស្រុកមិនសូវមានចំណេះដឹងខាងផ្នែកនេះឡើយ។ ការងារដែលពួកគេធ្វើគ្រាន់តែជាពលកម្មសាមញ្ញប៉ុណ្ណោះ។
នៅពេលដែលភាគីចិនដកទៅវិញ ប្រជាជនមិនអាចប្រើប្រាស់គ្រឿងចក្រធំៗបាន ដែលបណ្តាលឲ្យឧបករណ៍ទាំងអស់ត្រូវបានទុកចោល។ វាលស្រែត្រូវបានទុកចោល យូរៗទៅប្រែជាដីទំនេរឡើងវិញ។
ការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់បានបញ្ចប់ដោយបរាជ័យ ដោយមិននាំមកនូវលទ្ធផលអ្វីឡើយ។
ទន្ទឹមនឹងនោះ នៅប្រទេស Tanzania ប្រជាជនក្នុងតំបន់បានរៀនចំណេះដឹងកសិកម្មដែលសមស្របសម្រាប់ដីរបស់ពួកគេ ហើយចែករំលែកបទពិសោធន៍នោះប្រាប់អ្នកដទៃ។ ដោយចាប់ផ្តើមពីទ្រង់ទ្រាយតូច ពួកគេបានពង្រីកផ្ទៃដីដាំដុះបន្តិចម្តងៗ។
ឥឡូវនេះ ទិន្នផលដែលទទួលបានកើនឡើងបីដងបើប្រៀបធៀបទៅនឹងពេលដែលគម្រោងនេះចាប់ផ្តើមដំបូង គុណភាពផលិតផលកសិកម្មក៏ប្រសើរឡើងផងដែរ ជីវភាពរបស់ប្រជាជនប្រសើរឡើងគួរឲ្យកត់សម្គាល់។
ម្យ៉ាងវិញទៀត ស្ទើរតែមិនចាំបាច់ចំណាយលើការវិនិយោគដំបូង។ ហើយដោយសារតែការធ្វើកសិកម្មមិនប្រើប្រាស់គ្រឿងចក្រធំៗ ដូច្នេះនរណាក៏អាចធ្វើបានយ៉ាងងាយស្រួល។
ទ្រីស្តីរបស់ប្រទេសជប៉ុនគឺ៖
“ជួយឲ្យប្រជាជនក្នុងតំបន់អាចធ្វើដោយខ្លួនឯង និងពង្រីកការដាំដុះ” ។
ប្រទេសចិនមានសុភាសិតដ៏ល្បីមួយថា៖
“ឲ្យត្រីនរណាម្នាក់ មិនស្មើការបង្រៀនពួកគេពីរបៀបស្ទូចត្រីនោះទេ” ។
យ៉ាងណាមិញ អ្វីដែលមិននឹកស្មាន ជប៉ុនទើបជាអ្នកដែលបានអនុវត្តស្មារតីនៃសុភាសិតនោះ។
បញ្ហារបស់ចិនលើកនេះគឺថា អាជីវកម្មគ្រាន់តែធ្វើសកម្មភាពដើម្បីប្រាក់ចំណេញប៉ុណ្ណោះ។ ទោះជាយ៉ាងណា ប្រហែលនេះជាឱកាសសម្រាប់យើងទាំងអស់គ្នាពិចារណាឡើងវិញទាក់ទងនឹងបញ្ហា “ជំនួយ” ។ ឬអាចនិយាយម្យ៉ាងទៀតថា ចូរពិចារណាមើលវិធីសាស្រ្តកាត់បន្ថយភាពក្រីក្រមួយណាដែលត្រឹមត្រូវ។
ឧទាហរណ៍ដូចជាការចែកបាយ ស្បៀងអាហារសប្បុរសធម៌ដល់ជនក្រីក្រ។ ខ្ញុំជឿថា នេះជាសកម្មភាពដ៏គួរឲ្យសរសើរ គ្មានអ្វីត្រូវរិះគន់នោះទេ។ ទោះជាយ៉ាងណា ប្រសិនបើមានតែប៉ុណ្ណឹង នោះគ្រាន់តែជាដំណោះស្រាយបណ្ដោះអាសន្នប៉ុណ្ណោះ។ នៅពេលដែលស្បៀងអាហារទទួលបានអស់ អ្នកដែលខ្វះខាតនឹងបន្តក្រីក្រ និងទុរគត ហើយជំនួយនឹងបន្តកើតមាន មិនអាចដោះស្រាយរយៈពេលវែងបានឡើយ។
ខ្ញុំគិតថា អ្វីដែលពិតជាចាំបាច់ចំពោះការផ្តល់ជំនួយគឺបង្កើតលក្ខខណ្ឌសម្រាប់អ្នកដែលខ្វះខាតអាចរកប្រាក់ចិញ្ចឹមជីវិត។
ប្រសិនបើមិនអាចធ្វើចំណុចនេះបាន សកម្មភាពផ្តល់ជំនួយនឹងមិនអាចបញ្ឈប់បានទេ ហើយការពង្រីកការផ្តល់ជំនួយទៅកាន់តំបន់ផ្សេងទៀតក៏នឹងមានការលំបាកផងដែរ។
ប្រហែលជាហេតុការណ៍លើកនេះជាឱកាសមួយសម្រាប់យើងអាចពិចារណាឡើងវិញចំពោះការផ្តល់ជំនួយដែលចាំបាច់សម្រាប់កាត់បន្ថយភាពក្រីក្រ។
Abe Kengo
