មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​វិបត្តិ​សេដ្ឋកិច្ចនៅជប៉ុនអស់​រយៈ​ពេល ៣០ ឆ្នាំ

មូលហេតុដែលបណ្តាលឲ្យកើតមានវិបត្តិ​សេដ្ឋកិច្ច​នៅ​ជប៉ុន​អស់​រយៈ​ពេល ៣០ ឆ្នាំ​។

បច្ចុប្បន្ននេះ សេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងតែមានសន្ទុះកើនឡើង។ ចំណុចនេះអាចនឹងធ្វើឲ្យយើងយល់ច្រឡំថា កំណើនសេដ្ឋកិច្ចនឹងស្ថិតស្ថេរជារៀងរហូត ប៉ុន្តែ​តាម​ពិត​ទៅ រហូត​មក​ដល់ពេលនេះ ក្នុង​ប្រវត្តិសាស្ត្រ មិន​មាន​ប្រទេស​អភិវឌ្ឍ​ជា​រៀង​រហូត​នោះ​ទេ។

សូម្បីតែ​ចក្រភព​រ៉ូម ឬ​ម៉ុងហ្គោលី – ដែលធ្លាប់ជាអាណាចក្រគ្រប់គ្រងទូទាំង​ពិភពលោក – នៅទីបំផុត​នៅ​តែ​សាប​សូន្យ។

ហេតុអ្វីបានជាសេដ្ឋកិច្ចជប៉ុនដែលធ្លាប់រីកចម្រើនខ្លាំងនៅទសវត្សរ៍ឆ្នាំ ១៩៨០ បែរជាធ្លាក់ក្នុង​វិបត្តិ​សេដ្ឋកិច្ច ហើយ​នៅ​តែ​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ?

ចូរយើងស្វែងយល់ចំណុចនេះទាំងអស់គ្នា ដើម្បីឲ្យយើងទាំងអស់គ្នាអាចដកយកមេរៀន នៅ​ពេល​ដែល​សេដ្ឋកិច្ច​ចូល​ទៅ​ដល់​ដំណាក់​កាល​ជាប់​គាំង។

នៅទសវត្សរ៍ឆ្នាំ ១៩៨០ – យុគសម័យមាសដ៏រុងរឿង

នៅទសវត្សរ៍ឆ្នាំ ១៩៨០ សេដ្ឋកិច្ចជប៉ុនបានឈានដល់ចំណុចកំពូល។ តម្លៃភាគហ៊ុនកើនឡើងជាបន្តបន្ទាប់ ហើយតម្លៃអចលនទ្រព្យក៏បានកើនឡើងជាលំដាប់ផងដែរ។ នៅពេលនោះតម្លៃអចលនទ្រព្យកើនខ្ពស់រហូតដល់ថ្នាក់គេធ្លាប់និយាយថា តម្លៃសរុបនៃអចលនទ្រព្យនៅក្នុងប្រទេសជប៉ុនទាំងមូលអាចទិញអចលនទ្រព្យទាំងអស់នៅសហរដ្ឋអាមេរិកបានដល់ទៅបួនដង។

ក្នុងចំណោមភាពរុងរឿងទាំងនោះ ភោជនីយដ្ឋានក៏បានដំណើរការអស់ពីសមត្ថភាព និងរីក​ចម្រើន​យ៉ាង​ខ្លាំង​ផង​ដែរ។ ស្រាទំពាំងបាយជូរល្អៗ អាហារលំដាប់ខ្ពស់ដែលនាំចូលនៅជុំវិញពិភព​លោក មុខ​ម្ហូប​ដែល​កាន់​តែ​ថ្លៃ លក់​កាន់​តែ​ឆាប់​អស់។

ទស្សនៈនៃការសន្សំសំចៃហាក់បីដូចជាមិនមាននោះទេ អ្វីដែលត្រូវបានផ្តល់អាទិភាពក្នុងជីវិតប្រចាំ​ថ្ងៃ​គឺ​ជា​របស់​ដែល​ល្អ និងមានផាសុកភាពបំផុត។ មនុស្សគ្រប់គ្នាធ្វើដំណើរទៅមកតាមរយៈតាក់ស៊ី តាក់ស៊ី​មាន​ការខ្វះខាតរហូតដល់ថ្នាក់ អ្នកដែលចង់ឡើងតាក់សុីត្រូវបង្ហាញក្រដាស់ប្រាក់ ១ ម៉ឺន​យ៉េន។ នៅ​​ក្រុម​​ហ៊ុន​​ជា​​ច្រើន​​ថែម​​ទាំង​ផ្តល់​រថយន្ត​ទំនើប​ដល់បុគ្គលិកថ្មីដើម្បីកុំឲ្យពួកគេ​លា​ឈប់ពី​ការ​ងារ។

អាជីវកម្មអាមេរិក អចលនទ្រព្យល្បីៗនៅសហរដ្ឋអាមេរិក… សុទ្ធតែត្រូវជនជាតិជប៉ុនប្រមូលទិញ រហូត​ដល់ថ្នាក់​ពិភព​លោក​ហៅ​ជន​ជាតិ​ជប៉ុន​ថា Economic Animals – “សត្វ​សេដ្ឋកិច្ច” ។

ការសម្រេចចិត្តក្នុងឆ្នាំ ១៩៨៥ នៅសណ្ឋាគារ Plaza – ចាប់ផ្តើមនៃការដួលរលំ

ក្នុងឆ្នាំ ១៩៨៥ នៅសណ្ឋាគារ Plaza (New York) ថ្នាក់ដឹកនាំបណ្តាប្រទេសធំៗបានជួបប្រជុំ។

ពួកគេយល់ឃើញថា ប្រាក់យ៉េនកំពុងតែមានតម្លៃថោកពេក ដែលធ្វើឲ្យទំនិញជប៉ុនលក់ក្នុងតម្លៃ​ថោក​នៅ​ទូទាំង​ពិភព​លោក ហើយប្រទេសផ្សេង​ទៀត​មិន​អាច​ប្រកួត​ប្រជែង​បាន។

បន្ទាប់ពីកិច្ចព្រមព្រៀងបានសម្រេចក្នុងកិច្ចប្រជុំ តម្លៃប្រាក់យ៉េនបានកើនឡើងយ៉ាងខ្លាំង។

តម្លៃប្រាក់យ៉េនកើនខ្ពស់ ដំបូងស្តាប់ទៅដូចជាល្អ ប៉ុន្តែសម្រាប់ប្រទេសជប៉ុននៅពេលនោះ សេដ្ឋកិច្ច​ផ្អែក​លើ​ការ​នាំ​ចេញ ចំណុច​នេះ​បាន​ក្លាយ​ជាការវាយប្រហារយ៉ាងសាហាវ ដែលធ្វើឲ្យទំនិញ​​ជប៉ុន​មាន​តម្លៃ​ថ្លៃ និង​ពិបាក​លក់។

ពពុះសេដ្ឋកិច្ច

ដើម្បីទប់ទល់នឹងស្ថានភាពនេះ រដ្ឋាភិបាលជប៉ុនបានចរាចរប្រាក់យ៉េនជប៉ុនយ៉ាងច្រើននៅក្នុងប្រទេស។ អាជីវកម្ម​ត្រូវបានផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបបំផុតដើម្បីជម្រុញសេដ្ឋកិច្ច។

ប៉ុន្តែប្រជាជនបែរជាគិតថា៖

  • “ធ្វើការកាន់តែពិបាកទៅៗ ទំនិញដែលផលិតក៏ពិបាកលក់ចេញដែរ។

ខណៈពេលដែលការកម្ចីប្រាក់បែរជាងាយស្រួល អត្រាការប្រាក់ទាប ហេតុអ្វីបានជាមិនខ្ចីប្រាក់ដើម្បីវិនិយោគ រកប្រាក់លឿនជាងមុន?”

ដោយសារតែគំនិតទាំងនេះ មនុស្សជាច្រើនបានចាប់ផ្តើមវិនិយោគលើភាគហ៊ុន ជាពិសេសអចលនទ្រព្យ។ មនុស្សគ្រប់គ្នាជឿថា តម្លៃអចលនទ្រព្យនឹងបន្តកើនឡើង ដែលបង្កើតប្រាក់ចំណេញ ដូច្នេះ​ពួក​គេ​ប្រញាប់​ប្រញាល់​វិនិយោគ។

ពួកគេបានខ្ចីប្រាក់ដើម្បីទិញដី ហើយប៉ុន្មានឆ្នាំក្រោយមក តម្លៃបានកើនឡើង ពួកគេបាន​យក​ដី​នោះ​ជា​ទ្រព្យ​បញ្ចាំ​ដើម្បី​ខ្ចី​ប្រាក់​បន្ថែម ហើយទិញដីថ្មី​ដែល​មាន​តម្លៃ​ជាង…

បានក្លាយជាប្រព័ន្ធមួយដែលមិនមានផ្លូវចេញ។

រហូតដល់ឆ្នាំ ១៩៨៩ រដ្ឋាភិបាល​ដឹង​ថា ពពុះសេដ្ឋកិច្ចដែលគោលនយោបាយរបស់ពួកគេបានដាក់ចេញលែងគ្រប់គ្រងបានទៀតហើយ។ ពួកគេបានដំឡើងអត្រាការប្រាក់ និងរឹតបន្តឹង​គោល​នយោបាយ​ផ្តល់​ប្រាក់​កម្ចី។

ការ​បញ្ឈប់​ភ្លាមៗនោះបានធ្វើឲ្យសេដ្ឋកិច្ច​ជាប់គាំង។

ពពុះអចលនទ្រព្យបានផ្ទុះ តម្លៃដីធ្លីបានធ្លាក់ចុះដល់កម្រិតដែលស្របតាមជាក់ស្តែង។ មនុស្សជាច្រើនរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែនៅពេលនោះបែរជាពិបាកខ្ចីប្រាក់ដើម្បីស្តារឡើងវិញ។

ជាមួយនឹងបញ្ហាសេដ្ឋកិច្ចផ្សេងទៀត ប្រទេសជប៉ុនបានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចអស់រយៈពេលជាង ៣០ ឆ្នាំ ហើយ​រហូត​មក​ដល់​ពេល​នេះ នៅតែ​មិន​ទាន់​ស្តារ​ឡើង​វិញ​ទាំង​ស្រុង​ឡើយ។

ត្រឡប់មកសម័យបច្ចុប្បន្ន – ប្រទេសចិន និងវៀតណាម

ប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏បានឆ្លងកាត់ដំណាក់កាលតម្លៃអចលនទ្រព្យកើនឡើងជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននេះ ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យត្រូវបានចាត់ទុក​ជា​មូល​ហេតុ​ចម្បង​ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល។

ចុះ​វៀតណាមយ៉ាងម៉េចវិញ?

តម្លៃអចលនទ្រព្យ ជាពិសេសនៅកណ្តាលទីក្រុងធំៗ មានតម្លៃខ្ពស់ខ្លាំង។

ដើម្បីកំណត់ថាតម្លៃសមរម្យឬអត់ គ្រាន់តែក្រឡេកទៅមើលគោលបំណងប្រើប្រាស់ជាក់ស្តែង។

បើប្រៀបធៀបទៅនឹងការវិនិយោគ មនុស្សភាគច្រើនទិញអាផាតមិនសម្រាប់រស់នៅ។ ទោះជាយ៉ាង​ណា ប្រសិន​បើតម្លៃអាផាតមិនលើសពីលទ្ធភាពរបស់អ្នកមានតម្រូវការទិញរស់នៅ ដូច្នេះអ្នក​​ដែល​មាន​​​តម្រូវ​ការ​មិន​អាច​ទិញ​បាន ហើយ​អចលនទ្រព្យ​ក៏​លក់​មិន​ចេញ​ដែរ។ ដូច្នេះហើយ នៅ​ពេល​អនាគត តម្លៃ​​អចលនទ្រព្យ​អាច​នឹង​​ធ្លាក់​ចុះ​​យ៉ាង​​ខ្លាំង​​ដើម្បី​​លក់​​ចេញ។

បើតាមគំនិតរបស់អ្នកទាំងអស់គ្នា តើតម្លៃអចលនទ្រព្យបច្ចុប្បន្ននៅកម្ពុជាសមហេតុផលដែរទេ?

អ្នកដែល “រួចផុតពីគ្រោះថ្នាក់” ក្នុងពពុះ​សេដ្ឋកិច្ច​ជប៉ុន

ក្រៅពីការដួលរលំខាងលើក៏មានបុគ្គល និងអាជីវកម្មមួយចំនួនបាន​ជៀស​ផុត​ពី​ផល​ប៉ះ​ពាល់​នៃ​វិបត្តិ​សេដ្ឋកិច្ច​ទូទៅ ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​មួយ​ចំនួន៖

១. មិនដេញតាមអចលនទ្រព្យ ហើយបំភ្លេចវិជ្ជាជីវៈគោលរបស់ខ្លួននោះទេ។

២. មិនកម្ចីប្រាក់ហួសហេតុសម្រាប់វិនិយោគ។

៣. លក់ចេញនៅពេលដែលតម្លៃកំពុងកើនឡើង មិនទុកយូរពេក ដោយធ្វើឲ្យបាត់បង់ឳកាសល្អនោះ​ឡើយ។

ក្នុងប្រវត្តិសាស្ត្រ មិនធ្លាប់មានតម្លៃអចលនទ្រព្យរបស់ប្រទេសណាមួយកើនឡើងជារៀងរហូតនោះ​ទេ។

ប្រជាជនជប៉ុនធ្លាប់ជឿថា តម្លៃអចលនទ្រព្យមានតែកើនឡើង មិនធ្លាក់ចុះនោះទេ។ ហើយសព្វថ្ងៃនេះ អ្នកវិនិយោគមួយ​ចំនួន​ក៏​មាន​ទស្សនៈ​នេះ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​គិត​ថា ទាក់​ទង​នឹង​ទស្សនៈ​នេះ អ្នកទាំងអស់គ្នាគួរពិនិត្យមើលទិន្នន័យសេដ្ឋកិច្ចឡើងវិញ ដើម្បី​ទទួល​បានទស្សនៈ​ដែល​ទូលំទូលាយ និងធ្វើសកម្មភាពដោយប្រុងប្រយ័ត្នជាងមុន។

ការវិនិយោគលើអចលនទ្រព្យមិនមែនជារឿងចម្លែកនោះទេ។ ទោះជាយ៉ាងណា ប្រសិនបើមានអារម្មណ៍ថាខុសឆ្ងាយ​ពី​សេដ្ឋកិច្ច​ជាក់​ស្តែង ដូច្នេះ​គួរ​តែ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន។

ចូរយើងក្រឡេកមកមើលមេរៀនរបស់ប្រទេសជប៉ុន ដើម្បីជៀសវាងការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច​ស្រដៀង​គ្នា​នេះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: