អ្នកចម្បាំងដ៏ស្មោះ​ត្រង់ – ការ​ប្រយុទ្ធ​សង​សឹក​​របស់​សាមូរ៉ៃចំនួន ៤៧ នាក់

អ្នកចម្បាំងដ៏ស្មោះត្រង់ – ការប្រយុទ្ធសងសឹករបស់សាមូរ៉ៃចំនួន ៤៧ នាក់។

ខែមីនា ឆ្នាំ ១៧០១ ។

នៅពេលនោះ ប្រទេសជប៉ុនស្ថិតនៅក្នុងសម័យ Edo – ដែលជាសម័យកាលរបស់សាមូរ៉ៃ និងកម្រង​ច្បាប់យ៉ាងតឹងរ៉ឹង។ រយៈពេល ១០០ ឆ្នាំ​បាន​កន្លង​ផុត​ទៅ ចាប់​តាំង​ពី​ពេល​ដែល​ជប៉ុនលែងមានសង្គ្រាម។

នាសម័យនោះ នាំមុខអ្នកក្បាច់គុនគឺត្រកូល Tokugawa ដែលមានមូលដ្ឋាននៅ Edo – គឺជាទីក្រុង​តូក្យូ​សព្វ​ថ្ងៃ។

នៅរដ្ឋធានីនេះ គ្រប់វណ្ណៈសាមូរ៉ៃដែលមកពីទូទាំងប្រទេសជប៉ុនប្រមូលផ្តុំគ្នា ហើយនៅទីនោះ ជោគវាសនា​របស់​មនុស្សពីរនាក់បានចាប់ផ្តើមសោកនាដកម្ម។

មនុស្សម្នាក់មានឈ្មោះថា Kira Kozukenosuke មកពីគ្រួសារមន្ត្រីបានកាន់អំណាចអស់ជាច្រើនជំនាន់មកហើយ។ លោកជាមនុស្ស​ដែល​ក្រអឺត​ក្រទម មើល​ងាយ​អ្នក​ដទៃ​ប្រៀប​ដូច​ជា​រឿង​ប្រចាំថ្ងៃ។

មនុស្សម្នាក់ទៀតមានឈ្មោះថា Asano Takuminokami ស្តេចក្រាញ់តំបន់ Ako ដែលស្ថិតនៅខេត្ត Hyogo សព្វ​ថ្ងៃ។

មិនត្រឹមតែជាមនុស្សមានចរិកឆេវឆាវប៉ុណ្ណោះទេ​ ថែមទាំងចូលចិត្តបង្កជម្លោះ Kira តែង​តែ​​ជេរ​ប្រមាថ Asano ។

ពាក្យសម្ដីប្រមាថបានវាយប្រហារបេះដូង នៅទីបំផុត កំហឹងដែលទ្រាំជាយូរមកហើយបាន​ផ្ទុះ​ឡើង។

Asano ដកដាវកាប់ Kira នៅក្នុងប្រាសាទ Edo ជាកន្លែងដែល​អ្នក​ចម្បាំង​​គ្មានសិទ្ធិ​ដក​ដាវ​ចេញ​ជា​​ដាច់​​ខាត។

នៅសម័យនោះ ដាវដែលយកតាមខ្លួនត្រូវបានចាត់ទុកដូចជាដួងព្រលឹងរបស់អ្នកចម្បាំង ប៉ុន្តែដកដាវនៅក្នុងប្រាសាទគឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរ។ ដូច្នេះហើយ Asano ត្រូវបានកាត់ទោសឲ្យអនុវត្តពិធី seppuku វះពោះបញ្ចប់ជីវិត ឈាមហូរស្រកចុះទាំងដែលភាពអយុត្តិធម៌មិនអាចលុបលាងបាន។ ទន្ទឹមនឹងនោះ Kira គ្រាន់តែរងរបួសស្រាល និងរួចផុតពីសេចក្តីស្លាប់ដោយសុវត្ថិភាព។ 

ក្រោយពេល Asano ស្លាប់ ទឹកដីដែលលោកគ្រប់គ្រងគឺទីក្រុង Ako ត្រូវរាជការរឹបអូស។ អ្នកចម្បាំង​របស់លោក Asano ស្រាប់​តែ​ក្លាយ​ជា​បុគ្គល​ដែល​គ្មានម្ចាស់ គ្មានតំណែង គ្មានដីធ្លី អនាគត​​ស្រាប់តែរលាយ។ ចាប់ពីពេលនោះមក ពួកគេត្រូវបានគេហៅថា “មនុស្សគ្មានទីពឹង” ពោល​​គឺ​​សាមូរ៉ៃ​​ដែល​​គ្មាន​​ម្ចាស់។

កំហឹងកាន់តែច្រើនឡើង

ដោយអាចយល់បានថា ស្តេចក្រាញ់បំពានច្បាប់ ហើយត្រូវទទួលទោសតាមច្បាប់។ ប៉ុន្តែហេតុអ្វីបាន​ជា Kira ដែលជាអ្នកផ្តួចផ្តើមរឿងទាំងនេះ បែរជាមិនត្រូវបានដាក់ទោសទៅវិញ? ភាគីទាំងពីរសុទ្ធតែមានកំហុស ប៉ុន្តែមនុស្សម្នាក់បានស្លាប់ ចំណែកឯបុគ្គលដែលផ្តួចផ្តើមការប្រយុទ្ធបែរ​ជា​មាន​សេរីភាព ពិត​ជា​អយុត្តិធម៌​ខ្លាំង​ណាស់។

ក្នុងស្ថានភាពបែបនេះ ពួកគេមានជម្រើសតែបីប៉ុណ្ណោះ។ ជម្រើសទីមួយគឺប្រគល់ទីក្រុង ហើយទទួលយកជោគវាសនា។ ជម្រើសទីពីរគឺផ្ទុយទៅវិញ បិទទ្វារក្រុង និងការពារ ប្រថុយជីវិតប្រឆាំងនឹង​កង​ទ័ព​រាជការ។ ជម្រើសទីបីគឺវះពោះរួមគ្នា ដើម្បីបង្ហាញពីភាពអយុត្តិធម៌ជំនួសម្ចាស់។

ក្នុងចំណោមក្រុមសាមូរ៉ៃដែលនៅក្រោមបង្គាប់របស់ Asano អ្នកនាំមុខគេគឺ Oishi Kuranosuke ។ បន្ទាប់ពីគេងមិនលក់ជាច្រើនយប់ Oishi បានសម្រេចចិត្តប្រគល់ប្រាសាទ ពីព្រោះនោះជាមធ្យោបាយ​តែមួយគត់ដែលអាចពង្រឹងត្រកូល Asano ឡើងវិញ។

ចាប់ពីពេលនោះមក អស់រយៈពេលមួយឆ្នាំពេញ Oishi បានខំប្រឹងអស់ពីសមត្ថភាពដើម្បីសុំឲ្យរាជការពិចារណាករណីនេះឡើងវិញ ប៉ុន្តែគ្មានលទ្ធផល។ ទន្ទឹមនឹងនោះ នៅខាងក្រៅ មនុស្សម្នាបែរជាសើចចំអកគាត់ និង​សាមូរ៉ៃ​ដទៃ​ទៀត​ថា​ជាមនុស្សកំសាកមិន​ហ៊ាន​សង​សឹក។

ដោយមិនខ្វល់ពីការសើចចំអក Oishi នៅតែមានជំនឿយ៉ាងមុតមាំថា Kira ដែលជាមន្រ្តីពុករលួយ​នឹង​ទទួល​ទោស។

យ៉ាងណាមិញ មិនថា Oishi បានព្យាយាមយ៉ាងណានោះទេ នៅតែត្រូវរាជការបដិសេធ។ ព្រោះបើដាក់ទោស Kira ស្មើនឹងទាញអំណាចគ្រួសាររបស់ជននោះចុះរណ្តៅ បង្កចលាចលក្នុងរាជការ នេះជា​រឿង​ដែលមនុស្សគ្រប់គ្នាចង់ជៀសវាង។

ក្រោយមក ដោយមិនឲ្យអ្នកណាដឹងពីមូលហេតុពិតប្រាកដ ប៉ុន្តែ Oishi បានសម្រេចចិត្តចាកចេញពីគ្រួសារដោយសម្ងាត់ ដោយកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រពន្ធ និងកូន។ ទោះបីជាអារម្មណ៍​មិនដាច់ចិត្ត ប៉ុន្តែនោះជាមធ្យោបាយតែមួយគត់ដែលលោកអាចការពារគ្រួសារមិនជាប់​ពាក់​ព័ន្ធ ព្រោះ​ការ​សង​សឹក​គឺ​ជា​បទ​ឧក្រិដ្ឋ​ធ្ងន់​ធ្ងរ។

នៅពេលដែលដំណឹងអាក្រក់បានមកដល់ ដោយដឹងថាការខិតខំប្រឹងប្រែងរបស់ខ្លួនកន្លងមកគ្មានន័យ ក្តីសង្ឃឹមចង់ពង្រឹងត្រកូល Asano ត្រូវបានពន្លត់ទាំងស្រុង។ នៅពេលនោះ Oishi មាន​អារម្មណ៍​ខឹង​យ៉ាង​ខ្លាំង ភ្នែករបស់គាត់ដូចជាកំពុងឆេះ ជាភ្លើងនៃកំហឹង៖

  • “ប្រសិនបើទេវតាមិនផ្តល់ភាពយុត្តិធម៌នោះទេ… នោះយើងនឹងដណ្តើមមកវិញដោយខ្លួន​ឯង!”

នៅសម័យនោះ យោងតាមច្បាប់ Bushido ការសងសឹកសម្រាប់សាច់ញាតិដែលត្រូវគេធ្វើឃាត ឬសងសឹកសម្រាប់ស្តេចក្រាញ់ត្រូវបានចាត់ទុកជារឿងស្របច្បាប់សម្រាប់វណ្ណៈសាមូរ៉ៃ។ ប៉ុន្តែដើម្បីឲ្យស្របច្បាប់ ការសងសឹកត្រូវតែរាយការណ៍ប្រាប់រាជការមុន។ ទោះជាយ៉ាងណា ការរាយការណ៍មុនប្រៀប​ដូច​ជាការចងដៃខ្លួនឯង ដើម្បី​ឲ្យ Kira ពង្រឹង​ការ​ការ​ពារ ហើយ​ការ​សង​សឹក​មិន​អាចសម្រេច​បាន។

ដូច្នេះហើយ Oishi និងអ្នកចម្បាំងចំនួន ៤៦ នាក់ផ្សេងទៀតបានធ្វើពុតជាចុះចាញ់ ខ្ចាត់ខ្ចាយគ្រប់​ទីកន្លែង អ្នកខ្លះផឹកស្រាសប្បាយ អ្នកខ្លះធ្វើពុតជាស្រវឹង អ្នកខ្លះធ្វើពុតជាក្រ អ្នកខ្លះធ្វើពុតជា​ឆ្កួត​ជា​ដើម។

ចំណុចទាំងនេះគ្រាន់តែចង់ធ្វើឲ្យអ្នកក្រោមបង្គាប់របស់ Kira បាត់បង់ការប្រុងប្រយ័ត្ន។

រៀបចំដោយសម្ងាត់រយៈពេលមួយឆ្នាំ។

រហូតដល់ខែធ្នូ ឆ្នាំ ១៧០២ ។

នៅយប់រដូវរងាព្រិលកំពុងធ្លាក់យ៉ាងខ្លាំង។ អ្នកចម្បាំងចំនួន ៤៧ នាក់បានប្រមូលផ្តុំគ្នា ភ្នែករបស់ពួកគេភ្លឺដូចជាពន្លឺភ្លើងបញ្ចេញពន្លឺនៅពេលយប់ងងឹត។

នៅពេលដែលសំឡេងបញ្ជាបន្លឺឡើងក្រោមអាកាសធាតុត្រជាក់ មនុស្សចំនួន ៤៧ នាក់បានសម្រុក​ចូល​វិមាន​របស់ Kira ។

ជាមួយនឹងអត្តចរិកតែងតែមានការសង្ស័យ វិមាន​របស់​ Kira តែងតែមានអ្នកចម្បាំងរាប់រយនាក់​ចាំយាមយ៉ាងតឹងរ៉ឹង។ ទោះជាយ៉ាងណា បើទោះ​បី​ជា​មាន​ចំនួន​អ្នក​ចម្បាំង​ច្រើន​ក៏​ដោយ ក្រុម​របស់ Kira នៅតែមិនអាចទប់ទល់នឹងស្មារតីរបស់សាមូរ៉ៃដ៏ស្មោះត្រង់ចំនួន ៤៧ នាក់ដែលកំពុង​ប្តេជ្ញាចិត្តសងសឹក។ មនុស្សរាប់រយនាក់នោះប្រៀបដូចជាស្មៅដែលត្រូវខ្យល់ព្យុះបោក​បក់​ខ្ចាត់​ខ្ចាយ។

នៅទីបំផុត Kira ត្រូវបានអូសចេញពីឃ្លាំង ខណៈពេលដែលកំពុងព្យាយាមលាក់ខ្លួន ដកដង្ហើមញាប់ មុខ​មាត់​ស្លេក​ស្លាំង។

វាសនាត្រូវបានកំណត់ ជននោះមិនអាចរត់គេចខ្លួនបាន។ ដាវប្រហារជីវិតដើម្បីបញ្ចប់ភាពអយុត្តិធម៌​ទាំង​អស់។

បន្ទាប់ពីបានបំពេញតួនាទី អ្នកចម្បាំងចំនួន ៤៧ នាក់មិនបានរត់គេចខ្លួន បិទបាំងមុខមាត់ ហើយ​ភ័យ​ខ្លាច​នោះ​ទេ។

ពួកគេបានទៅដល់ផ្នូររបស់ Asano លុតជង្គង់ចុះ ហើយបានថ្វាយក្បាលរបស់ Kira ចាត់ទុកជាការ​បូជា។

បន្ទាប់មក ពួកគេបានទៅជួបរាជការដោយផ្ទាល់។

ទោះបីជារាជការកាត់ទោសពួកគេឲ្យអនុវត្តពិធី seppuku តាមច្បាប់ក៏ដោយ ប៉ុន្តែមនុស្សគ្រប់​គ្នា មិនថាមន្ត្រី ឬប្រជាជននោះទេ សុទ្ធតែកោតសរសើរចំពោះភាពស្មោះត្រង់របស់ពួកគេ។ ការ​រិះ​គន់ និងការសើចចំអកកាលពីមុន ឥឡូវនេះលែងមានទៀតហើយ។

មនុស្សចំនួន ៤៧ នាក់បានវះពោះម្តងម្នាក់ៗដោយស្ងប់ស្ងាត់ និង​មាន​សណ្តាប់ធ្នាប់ ប្រៀបដូច​ជា​បាន​សម្រេច​ដូច​បំណង។

ហើយចាប់ពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់អ្នកចម្បាំងដ៏ស្មោះត្រង់ទាំង ៤៧ នាក់នេះត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រជប៉ុន ប្រៀបដូចជាអណ្តាតភ្លើងអមតៈដែលតំណាងឲ្យភក្ដីភាព ភាពក្លាហាន និង​ភាព​រឹង​មាំ​របស់​អ្នក​ដែល​កាន់ដាវ។

នេះ​ជា​រឿង​ពិត​ដែលបានកើតឡើងនៅប្រទេសជប៉ុន ដែលមនុស្សនិយាយតៗគ្នាពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ហើយ​ត្រូវ​បាន​គេ​ហៅ​ថា អ្នកចម្បាំងដ៏ស្មោះត្រង់។

រៀងរាល់ចុងឆ្នាំ ប្រជាជន​ជប៉ុន​តែង​តែ​ចំណាយ​ពេល​មើល​រឿង​ដែល​យក​តាម​ដំណើរ​រឿង​នេះ។ ទោះ​បីជារយៈពេលរាងវែង ចាប់ពី ៣ ទៅ ៥ ម៉ោង ប៉ុន្តែគ្រប់គ្នានៅតែតាមដានយ៉ាងជក់ចិត្ត មើល​រឿង និង​​ស្រក់​ទឹក​ភ្នែក​ពេល​កំពុង​មើល។

ហើយនេះក៏ធ្លាប់ជាទំនៀមទម្លាប់បញ្ចប់ឆ្នាំចាស់របស់ប្រជាជនជប៉ុនផងដែរ។

រឿងរ៉ាវក្រៅពីនេះ៖

ប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់មើលឃើញកញ្ចប់នំ Oishi ស្រួយឆ្ងាញ់ មានរសជាតិឈ្ងុយឆ្ងាញ់​មែន​​ទេ?

មនុស្សភាគច្រើនដែលចេះភាសាជប៉ុននឹងគិតថាឈ្មោះ Oishi មកពីពាក្យថា “ឆ្ងាញ់” ក្នុងភាសា​ជប៉ុន ប៉ុន្តែតាមពិតទៅមិនមែននោះទេ។ ព្រោះពាក្យ “ឆ្ងាញ់” ក្នុងភាសាជប៉ុនគឺ “oishii” ដែលមាន​អក្សរ “i” ចំនួនពីរនៅខាងចុង ខណៈដែលឈ្មោះ “Oishi” មានអក្សរ “i” តែមួយប៉ុណ្ណោះ។

តាមពិតទៅ Oishi គឺជាម៉ាកយីហោរបស់ក្រុមហ៊ុនហ្វីលីពីន។ ស្ថាបនិកក្រុមហ៊ុននេះចូលចិត្តរឿង​រ៉ាវ​និយាយពីអ្នកចម្បាំងដ៏ស្មោះត្រង់ ហើយបានប្រើឈ្មោះតួអង្គ Oishi Kuranosuke នៅ​ក្នុង​រឿងជា​ការ​​បំផុស​គំនិត​ដើម្បី​ដាក់​ឈ្មោះ​ម៉ាក​យីហោ។

រឿងអ្នកចម្បាំងដ៏ស្មោះត្រង់គឺជារឿងរ៉ាងដ៏រំភើបចិត្តនិយាយពីភាពក្លាហាន និងភាពស្មោះត្រង់។ មិនត្រឹមតែសម្រាប់ប្រជាជនជប៉ុនប៉ុណ្ណោះទេ សូម្បីតែជនបរទេសដែលបានឮរឿងនេះក៏មានអារម្មណ៍​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​ផង​ដែរ។

ប្រសិនបើមានឱកាស អ្នកទាំងអស់គ្នាអាចរកមើលបាន ប្រាកដជាបន្សល់ទុក​នូវ​អារម្មណ៍​ជាច្រើន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: