ឈ្មួញមរណៈ Yamada Asaemon ដែលជាអ្នកចាត់ចំណាត់ថ្នាក់ដាវជប៉ុន
ឈ្មួញមរណៈ Yamada Asaemon ដែលជាអ្នកចាត់ចំណាត់ថ្នាក់ដាវជប៉ុន។
នៅពេលដែលនិយាយពីសាមូរ៉ៃ មនុស្សគ្រប់គ្នាតែងតែគិតដល់ទិដ្ឋភាពដាវជប៉ុនសៀតនៅចំហៀងខ្លួន។
ដាវជប៉ុនត្រូវបានចាត់ទុកដូចជាដួងព្រលឹងរបស់សាមូរ៉ៃ ហើយជាការពិតណាស់ មនុស្សគ្រប់គ្នាសុទ្ធតែចង់បានដាវល្អ។
យ៉ាងណាមិញ តើធ្វើយ៉ាងណាទើបជាដាវល្អ?
ដាវល្អគឺជាដាវដែលជាប់ចំណាត់ថ្នាក់ខ្ពស់ ហើយអ្នកដែលកំណត់ចំណាត់ថ្នាក់នោះគឺជាតួអង្គក្នុងរឿងនេះ – Yamada Asaemon ។ ថែមទាំងត្រូវបានហៅថា ឈ្មួញមរណៈ ឬឈ្មួញនៃសេចក្តីស្លាប់។
ពួកគេជាមន្ត្រីរាជការរបស់ Shogunate ដែលមានជំនាញកាត់ក្បាលឧក្រិដ្ឋជន
ត្រកូល Yamada ទទួលតួនាទីជា otameshi goyo ពោលជាអ្នកកាត់ក្បាលឧក្រិដ្ឋជនដែលត្រូវបានកាត់ទោសប្រហារជីវិត។
នៅជប៉ុនសម័យ Edo (ក្រោយឆ្នាំ ១៦០០) ជាសម័យកាលដែលសាមូរ៉ៃគ្រប់គ្រង និងមានសន្តិភាព។ នៅសម័យកាលនោះ គ្មាននរណាម្នាក់សម្លាប់មនុស្សច្រើនជាង Yamada Asaemon នោះទេ។
Yamada Asaemon មិនមែនជាឈ្មោះរបស់មនុស្សម្នាក់នោះទេ។ នោះជាឈ្មោះចាស់ព្រឹទ្ធាចារ្យត្រកូល Yamada ដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់អស់រយៈពេលជិត ២០០ ឆ្នាំ។ ក្នុងអំឡុងពេលនោះ មនុស្សម្នាក់ក្នុងចំណោមនោះត្រូវបានគេចាត់ទុកថាបានកាត់ក្បាលមនុស្សជាង ៦.០០០ នាក់។
ការងារដែលមិនមានអ្នកធ្វើច្រើន ប្រាក់ខែកាន់តែខ្ពស់ ប្រហែលពី ៣ ទៅ ៤ ម៉ឺន koku (ឯកតារង្វាស់សម្រាប់អង្ករ)។
អង្ករមួយ koku ស្មើនឹងបរិមាណអង្ករដែលមនុស្សម្នាក់បរិភោគក្នុងមួយឆ្នាំ នោះមានន័យថា ពួកគេទទួលបានអង្ករគ្រប់សម្រាប់ចញ្ចឹមមនុស្សពី ៣០.០០០ ទៅ ៤០.០០០ នាក់។
នៅសម័យនោះ តម្លៃអង្ករដូចជាតម្លៃរូបិយប័ណ្ណដែរ អាចប្តូរអង្ករយកប្រាក់ ឬប្រើអង្ករប្តូរយករបស់របរផ្សេងទៀត។ ជាមួយនឹងចំនួនទឹកប្រាក់នេះ ពួកគេបានក្លាយជាអ្នកមានទ្រព្យសម្បត្តិយ៉ាងច្រើន។
ការពិសោធន៍លើរាងកាយអ្នកទោស
បន្ទាប់ពីប្រហារជីវិត ត្រកូល Yamada ថែមទាំងមានសិទ្ធិយកសាកសពអ្នកទោសទៅផ្ទះដើម្បីធ្វើការស្រាវជ្រាវផងដែរ។
ដោយគេជឿថា ចំពោះការងារនេះ ការយល់ដឹងអំពីរចនាសម្ព័ន្ធរាងកាយរបស់មនុស្សពិតជាសំខាន់ខ្លាំងណាស់ ពួកគេវិភាគ និងស្រាវជ្រាវយ៉ាងប្រុងប្រយ័ត្ន បន្ទាប់មកបន្តដោយសម្ងាត់ទៅឲ្យកូនចៅពីរបៀបកាត់ក្បាលមនុស្សដែលមានប្រសិទ្ធភាពបំផុត។
ការងារនេះត្រូវបានធ្វើឡើងនៅផ្ទះ ជាកន្លែងដែលមានកុមារ ដើម្បីឲ្យពួកគេស៉ាំបន្តិចម្តងៗ សង្កេតមើល និងរៀនសូត្រតាម។ កូនចៅក្នុងត្រកូលសុទ្ធតែធំដឹងក្តីក្រោមទិដ្ឋភាពទាំងនោះ ដើម្បីបន្តកេរ្តិ៍ឈ្មោះរបស់ “Yamada Asaemon” ។
ចាត់ចំណាត់ថ្នាក់ដាវជប៉ុនដោយសាកសពមនុស្ស
ដោយសារតែមានសិទ្ធិយកសាកសពរបស់អ្នកទោស ពួកគេចាប់ផ្តើមរៀបចំផែនការអាជីវកម្មដើម្បីរកប្រាក់តាមរយៈសាកសពទាំងនោះ។
ដោយមានបទពិសោធន៍កាត់ក្បាលរបស់មនុស្សជាច្រើន ពួកគេកាន់តែដឹងច្បាស់អំពីប្រភេទដាវជប៉ុននាសម័យនោះ។ ពួកគេប្រើសាកសពរបស់អ្នកទោសដើម្បីសាកល្បងកម្រិតមុតស្រួចរបស់ដាវនីមួយៗ ហើយចាប់ផ្តើមចាត់ចំណាត់ថ្នាក់ដាវជប៉ុន។
ប្រសិនបើប្រិយមិត្តធ្លាប់មើលរឿង anime One Piece ប្រាកដជាដឹង ក្នុងរឿងមានឈុតឆាកដាវត្រូវបានចាត់ចំណាត់ថ្នាក់ “Wazamono” ។ តាមពិតទៅក្នុងជីវិតជាក់ស្តែង នោះគឺជាកម្រិតដាវជប៉ុនដែលត្រូវបានចាត់ចំណាត់ថ្នាក់ដោយ Yamada Asaemon តាមរយៈការសាកល្បងដាវនៅលើសាកសព។
ដាវដែលមានចំណាត់ថ្នាក់កាន់តែខ្ពស់ តម្លៃកាន់តែថ្លៃ។ ដូច្នេះហើយ អ្នកលត់ដាវ និងសាមូរ៉ៃដែលមានដាវជប៉ុន បានចាប់ផ្តើមទៅរកពួកគេដើម្បីត្រួតពិនិត្យ។ ថ្លៃត្រួតពិនិត្យច្រើនជាងប្រាក់ខែដែលពួកគេទទួលបានពី Shogunate ទៅទៀត។
ផលិតថ្នាំពីសរីរាង្គមនុស្សសម្រាប់លក់
ដោយសារតែមានជំនាញខាងឱសថ Yamada Asaemon ថែមទាំងបានផលិតថ្នាំសម្រាប់លក់។ យ៉ាងណាមិញ រឿងដែលគួរឲ្យរន្ធត់ត្រង់ថា គ្រឿងផ្សំដែលប្រើសម្រាប់ផលិតថ្នាំមិនមែនបានមកពីឱសថនោះទេ ប៉ុន្តែជាសរីរាង្គដែលយកចេញពីសាកសពរបស់អ្នកទោស។ ជាក់ស្តែងមានដូចជាខួរក្បាល ថ្លើម ថង់ទឹកប្រមាត់ ឬសរីរាង្គផ្សេងទៀត។
គេនិយាយថា ថ្នាំទាំងនេះមានប្រសិទ្ធភាពយ៉ាងខ្លាំង និងត្រូវបានមនុស្សជាច្រើនរកទិញ ដែលនាំមកនូវប្រាក់ចំណេញយ៉ាងច្រើនសម្រាប់ត្រកូល Yamada Asaemon ។
ម្រាមដៃមនុស្សក៏ត្រូវបានលក់ផងដែរ
នៅសម័យនោះ មានស្រ្តីពេស្យាមួយចំនួនបានលង់ស្រលាញ់ភ្ញៀវដែលគេងជាមួយនឹងខ្លួន។ ពួកគេថ្ពក់ដៃគ្នាសន្យារៀបការ ប៉ុន្តែតាមពិតទៅ បុរសដែលមកកន្លែងទាំងនេះភាគច្រើនគ្រាន់តែនិយាយកុហកឲ្យសប្បាយប៉ុណ្ណោះ។ បន្ទាប់ពីសប្បាយ និងសន្យា បុរសទាំងនោះចាប់ផ្តើមគេចពីពួកគេ បាត់ខ្លួន និងមិនត្រឡប់មកវិញទៀតឡើយ។
ដោយមិនឃើញគូស្នេហ៍ត្រឡប់មកវិញ ស្រ្តីទាំងនេះសម្រេចចិត្តកាត់ម្រាមដៃកូនរបស់ខ្លួនផ្ញើទៅដល់ផ្ទះរបស់បុរសនោះ ដើម្បីរំលឹកពីពាក្យសន្យា។ ប៉ុន្តែជាក់ស្តែង មិនមែនគ្រប់គ្នាសុទ្ធតែមានភាពក្លាហានកាត់ម្រាមដៃរបស់ខ្លួននោះទេ ដូច្នេះពួកគេទិញម្រាមដៃកូនពីសាកសពដែលត្រកូល Yamada Asaemon លក់ ហើយផ្ញើទៅឲ្យមនុស្សក្បត់ស្នេហ៍។
លក់បន្តសាកសពរបស់អ្នកទោស
មិនត្រឹមតែម្រាមដៃប៉ុណ្ណោះទេ សូម្បីតែសាកសពក៏ត្រូវបានលក់ទៅឲ្យអ្នកដែលមានតម្រូវការប្រើប្រាស់ផងដែរ។ ហើយអ្នកដែលមានតម្រូវការគឺជាអ្នកដែលចង់សាកល្បងដាវ។ ពួកគេទិញសាកសពរបស់អ្នកទោស ហើយកាត់ទៅលើសាច់របស់មនុស្ស ដើម្បីពិនិត្យមើលថាដាវមុតស្រួចប៉ុណ្ណា។
ទោះបីជាគួរឲ្យខ្លាចបន្តិចមែន ពួកគេនៅតែធ្វើពិធីបួងសួងសម្រាប់ជនរងគ្រោះ
ទោះបីជាត្រូវបានគេហៅថា “ឈ្មួញនៃសេចក្តីស្លាប់” ក៏ដោយ ត្រកូល Yamada បែរជាផ្តោតសំខាន់ទៅលើពិធីបួងសួងសម្រាប់អ្នកស្លាប់។ នេះជាចំណុចផ្ទុយគ្នាដ៏ចម្លែកមួយដែលអ្នកដទៃពិបាកនឹងយល់ខ្លាំងណាស់។
អាថ៌កំបាំងនៅពីក្រោយដាវជប៉ុនលំដាប់ខ្ពស់
ប្រហែលជាប្រិយមិត្តអ្នកអានដែលជាបុរសៗប្រាកដជាធ្លាប់ប្រាថ្នាចង់បានដាវជប៉ុនមុតស្រួច ដែលបង្ហាញពីភាពអស្ចារ្យរបស់បុរស។
អ្នកទាំងអស់គ្នាអាចក្លាយជាម្ចាស់របស់ដាវទាំងនោះ ប៉ុន្តែសូមកុំភ្លេចថា ដាវជប៉ុនដែលមានគុណភាពខ្ពស់ ប្រហែលជាធ្លាប់ប្រើសម្រាប់សម្លាប់មនុស្សជាច្រើន ឬត្រូវបានសាកល្បងដោយកាត់ទៅលើសាកសពមនុស្ស។
ដូច្នេះហើយ ដាវទាំងនោះអាចនឹងផ្ទុកទៅដោយកំហឹង ឬការចងចាំដ៏គួរឲ្យខ្លាចបំផុត។
Abe Kengo
