រឿងរ៉ាវនិយាយពីគ្រូបង្រៀន៖ ភាពមិនលំអៀង និងការរើសអើង

រឿងរ៉ាវនិយាយពីគ្រូបង្រៀន៖ ភាពមិនលំអៀង និងការរើសអើង។

ជាច្រើនឆ្នាំមកហើយបន្ទាប់ពីខ្ញុំបានបញ្ចប់ការសិក្សា ឈានជើងចូលសង្គម និងរស់នៅដោយខ្លួនឯង។ ដោយឆ្លងកាត់រឿង និង​ព្រឹត្តិការណ៍​ជា​ច្រើន ហើយនៅពេលដែលខ្ញុំមានភាពរឹងមាំក្រឡេកទៅមើលឡើងវិញ ខ្ញុំបានឆ្លងកាត់ពាក់កណ្តាល​ជីវិតមនុស្សទៅហើយ។ រឿងនៅឆ្នាំនោះ មិន​ថា​សប្បាយ ឬ​​សោក​សៅ​​យ៉ាង​​ណា​​នោះ​ទេ បាន​រសាត់​បាត់​ទៅ​បន្តិច​ម្តងៗ។ ឥឡូវនេះ អ្វីដែលនៅសេសសល់លែងជាអារម្មណ៍ទៀតហើយ ប៉ុន្តែជាមេរៀនដែលនឹងត្រូវចងចាំជារៀងរហូត មេរៀននៃការអភ័យទោស មេរៀននៃជីវិត។

មឹងជឺដែលជាអ្នកប្រាជ្ញបុរាណចិនធ្លាប់និយាយថា៖ “ដើមឡើយ មនុស្សពេលទើបនឹងកើតមកមានចិត្តស្លូតត្រង់” ។

ចិត្តរបស់កុមារប្រៀបដូចជាក្រដាសស ប្រសិនបើទទួលបានការអប់រំ និងបណ្តុះបណ្តាលឲ្យបានត្រឹម​ត្រូវ ពួក​គេ​នឹង​អភិវឌ្ឍ​តាម​ទិសដៅវិជ្ជមាន និង​ផ្ទុយ​មក​វិញ។

ដោយអាចធំដឹងក្តីដូចសព្វថ្ងៃនេះ ខ្ញុំពិតជាដឹងគុណចំពោះឪពុកម្តាយ ដែលបានផ្តល់កំណើត និង​ចិញ្ចឹមបីបាច់ថែរក្សាខ្ញុំ ដោយផ្តល់ឲ្យខ្ញុំនូវរូបកាយនេះ ហើយលើសពីនេះទៅទៀត ខ្ញុំពិតជាដឹង​គុណចំពោះលោកគ្រូ អ្នកគ្រូរបស់ខ្ញុំ ដែលបានបង្រៀនខ្ញុំនូវចំណេះដឹង និងសីលធម៌ ដើម្បីឲ្យខ្ញុំ​អាច​ក្លាយ​ជា​មនុស្ស​ល្អ​នៅ​ក្នុង​សង្គម។

***

ពេលគិតទៅកាលពីក្មេង ខ្ញុំគ្រាន់តែជាក្មេងក្រីក្រម្នាក់ ស្លៀកពាក់រញ៉េរញ៉ៃ និងមុខមាត់ខ្មៅស្រអាប់។ នៅពេលនោះគ្រួសាររបស់ខ្ញុំក្រខ្លាំងណាស់ ផ្ទះនៅឆ្ងាយពីសាលារៀន។ តាំងពីបឋមសិក្សា ដើម្បី​អាចទៅរៀនបាន ខ្ញុំត្រូវភ្ញាក់ពីព្រលឹមរាល់ថ្ងៃ ដើរឆ្លងកាត់វាលស្រែតែម្នាក់ឯង ហើយនៅ​ពេលដែលទៅ​ដល់​កន្លែង សម្លៀក​បំពាក់​ប្រឡាក់ និងសើមជោកអស់ទៅហើយ។ ប៉ុន្តែអ្វីដែលខ្ញុំបាន​ឃើញ​នៅ​ពេល​នោះមិនមែនជាការលំបាកនោះទេ ​តែ​ជា​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ស្រឡះ ជាសំឡេងសត្វចាបច្រៀងក្រោមពន្លឺថ្ងៃពេល​ព្រឹក​ព្រលឹម និង​ផ្កាព្រៃដុះ​នៅ​តាម​ដង​ផ្លូវ។

ប្រហែលជាដោយសារតែមូលហេតុនោះហើយ ទោះបីជាមានការលំបាកជាច្រើនក៏ដោយ ខ្ញុំនៅតែសិក្សា​យ៉ាងយកចិត្តទុកដាក់ និងទទួលបាន​លទ្ធផល​ដូច​ដែល​បាន​រំពឹង​ទុក។

ទោះជាយ៉ាងណា មិនមានន័យថាជីវិតនឹងកាន់តែងាយស្រួលសម្រាប់កុមារ ដោយសារតែក្មេងម្នាក់​នោះ​​គ្មាន​កំហុស និង​ស្លូត​ត្រង់​នោះ​ទេ។ កុមារដែលកើតក្នុងភាពក្រីក្រនឹងត្រូវស្រមោលនោះគ្របដណ្ដប់។

នៅពេលនោះ សម្លៀកបំពាក់សិក្សារបស់ខ្ញុំមានគេឲ្យ សៀវភៅសិក្សារបស់ខ្ញុំបានមកពីបងប្អូនដែលរៀនចប់ ហើយសៀវភៅសរសេរដែលខ្ញុំទទួលបានភ្ជាប់មកជាមួយនឹងបណ្ណសរសើរជារៀងរាល់​ឆ្នាំ។

ក្នុងឆ្នាំសិក្សា មានព្រឹត្តិការណ៍ជាច្រើន ដូចជាទិវានារីអន្តរជាតិ ឬទិវាគ្រូបង្រៀន នៅពេលដែលឪពុក​ម្តាយ​មិត្តភក្តិយកអំណោយទៅជូនលោកគ្រូអ្នកគ្រូ ខ្ញុំគ្រាន់តែអាចឈរមើលពីចម្ងាយប៉ុណ្ណោះ។ បន្ទាប់ពីថ្ងៃឈប់សម្រាកទាំងនោះបញ្ចប់ ក្នុងថ្នាក់ចាប់ផ្តើមមានការរើសអើងរវាងសិស្ស​អ្នក​មាន និង​សិស្ស​ក្រ​បន្តិច​ម្តងៗ។ មិនថាលទ្ធផលសិក្សារបស់ខ្ញុំល្អប៉ុណ្ណា មិនថាខ្ញុំមានអាកប្បកិរិយា​ល្អ​ប៉ុណ្ណា ក៏មិនអាចកែប្រែទឹកមុខរបស់អ្នកគ្រូបានដែរ។ ខ្ញុំមិនទទួលបានការយកចិត្ត​ទុក​ដាក់ ហើយត្រូវរំពាត់ ទាំងដែលខ្ញុំមិនដឹងថាខ្លួនបានធ្វើខុសអ្វីក៏ដោយ។

នៅពេលនោះ សាលាបឋមសិក្សាដែលខ្ញុំចូលរៀនមិនមានគ្រូបង្រៀនតាមមុខវិជ្ជានោះទេ មាន​តែ​គ្រូ​បង្រៀន​ម្នាក់​ប៉ុណ្ណោះ។ ប្រសិនបើមិនសំណាងធ្វើឲ្យទើសចិត្តអ្នកគ្រូ ឬលោកគ្រូ ពេញមួយឆ្នាំនោះនឹង​ប្រៀបដូច​ជា​ឋាន​នរក។

ដោយសារតែរឿងទាំងនោះ ទើបនៅឆ្នាំចុងក្រោយ ទោះបីជាមិនមានប្រាក់ទិញរបស់របរដូចជាមិត្ត​ភក្តិ ប៉ុន្តែខ្ញុំធ្លាប់អត់អាហារ ហើយសន្យំប្រាក់យ៉ាងយូរដើម្បីទិញផ្កាជូនអ្នកគ្រូ តែត្រូវគាត់ចាត់​​ទុក​ដូច​ជា​សំរាម។ ចំពោះ​អ្នក​គ្រូ​វា​មិន​អាច​ប្រៀប​បាន​នឹងអំណោយដែលមានតម្លៃនោះទេ ប៉ុន្តែ​សម្រាប់ខ្ញុំ នោះគឺជាការអត់អាហារ និងការខិតខំប្រឹងប្រែងរបស់ឪពុកម្តាយខ្ញុំ ធ្វើការយ៉ាងលំបាក​ទើប​មាន។

នៅពេលចូលរៀនអនុវិទ្យាល័យ សាលាកាន់តែឆ្ងាយទៅទៀត មិនអាចដើរទៅសាលាបានទេ ដូច្នេះ​ឪពុក​ម្តាយ​របស់ខ្ញុំបានសន្សំប្រាក់ទិញកង់ចាស់ឲ្យខ្ញុំមួយ។ នៅពេលដែលចូលរៀនសាលាថ្មី នេះជា​ពេល​ដែលខ្ញុំបានរៀន​មេរៀន​ដ៏​មាន​តម្លៃ​អំពី​របៀប​ធ្វើ​ជា​មនុស្ស។

នៅពេលនោះគ្រួសារខ្ញុំនៅតែក្រ ប៉ុន្តែនោះជាលើកដំបូងដែលខ្ញុំមានអារម្មណ៍ថា ទេពកោសល្យរបស់​​ខ្លួន​ត្រូវ​បាន​ទទួល​ស្គាល់​​ដោយ​​មិន​​ទាក់​​ទង​​នឹង​​កត្តា​​អំណោយ។

គ្រូបន្ទុកថ្នាក់របស់ខ្ញុំមានឈ្មោះថា Hong Ngu ជាគ្រូបង្រៀនតន្ត្រី។ ឈ្មោះរបស់អ្នកគ្រូស្អាត មុខមាត់របស់គាត់ក៏ស្អាត និងសំឡេងកាន់តែពីរោះ។ ដំបូងឡើយ គាត់តឹងរ៉ឹងបន្តិច ប៉ុន្តែក្រោយ​មក និង​រហូត​មក​ដល់​ពេល​នេះ គាត់​គឺ​ជា​គ្រូ​បង្រៀន​ដែល​ខ្ញុំ​គោរព​បំផុត។

ទេពកោសល្យ និងការចូលរួមចំណែករបស់ខ្ញុំចំពោះសាលាត្រូវបានអ្នកគ្រូទទួលស្គាល់យ៉ាងយុត្តិធម៌។ ប្រសិនកាលពីឆ្នាំមុនៗនោះ ខ្ញុំទទួលបានបណ្ណសរសើរចំនួន ៣ ក្នុងមួយឆ្នាំ ប៉ុន្តែនេះជាលើក​ដំបូង​​ដែល​ខ្ញុំ​ទទួល​បានបណ្ណសរសើរដល់ទៅ ៥ ។ មិនដូចឆ្នាំមុនៗនោះទេ នេះជាឆ្នាំសិក្សាដ៏មានអត្ថន័យ​សម្រាប់​ខ្ញុំ ហើយក៏ជា​ព្រឹត្តិ​ការណ៍​សំខាន់​មួយ​ផង​ដែរ។

ក្រៅពីបណ្ណសរសើរលទ្ធផលសិក្សា និងបណ្ណសរសើរអក្សរស្អាតដូចរាល់ឆ្នាំ បណ្ណសរសើរទីបួនជាអ្វីដែលធ្វើឲ្យខ្ញុំមានមោទនភាពបំផុត។ ដោយយកឈ្នះសិស្សជិតមួយពាន់នាក់ ខ្ញុំទទួលបានចំណាត់​ថ្នាក់លេខមួយខាងវិញ្ញាសាប្រកួតសរសេរអត្ថបទលើប្រធានបទ “ចេះអក្សរជួយឲ្យជីវិតកាន់​តែ​ប្រសើរ​ឡើង” ដែលជាអត្ថបទផ្សព្វផ្សាយដល់សហគមន៍ក្នុងគោលបំណងលុបបំបាត់​អនក្ខរកម្ម​​នៅ​តាម​ជន​បទ​ក្រីក្រដាច់​ស្រយាល​នា​ពេល​នោះ។

ខ្ញុំមានមោទនភាពចំពោះសមិទ្ធផលរបស់ខ្លួន ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកគឺជាពេលដែលខ្ញុំទទួលបានបណ្ណសរសើរចុងក្រោយ។ ជារឿងដែលមិនធ្លាប់មានពីមុនមក នេះជាបណ្ណសរសើរដែលត្រូវបានស្នើឡើងដោយអ្នកគ្រូបន្ទុកថ្នាក់របស់ខ្ញុំ គាត់ថែមទាំងបានតស៊ូជាមួយសាលាដើម្បី​ជូន​បណ្ណ​សរសើរ​នេះ​ដល់​ខ្ញុំ។

អ្នកគ្រូប្រាប់ខ្ញុំថា៖

  • “ក្នុងឆ្នាំសិក្សាកន្លងមកនេះ ប្អូនបានចូលរួមចំណែកយ៉ាងច្រើនដល់ថ្នាក់រៀន និងបានដឹកនាំមិត្តភក្តិ ជួយឲ្យមិត្តភក្តិកាន់តែរីកចម្រើន។ ដូច្នេះរង្វាន់នេះគឺសម្រាប់ប្អូន ប្អូនសម​នឹង​ទទួល​បាន​អ្វីដែល​ប្អូន​សម​នឹង​ទទួល​បាន។” 

នៅពេលនោះ ចិត្តរបស់ខ្ញុំកក់ក្តៅ ស្លាកស្នាមក្នុងចិត្តកាលពីកុមារភាពហាក់ដូចជាបានជាសះស្បើយ ខ្ញុំលែងមានអារម្មណ៍ថាខ្លាចព្រោះតែកើតមកជាក្មេងអ្នកក្រទៀតហើយ។

បើប្រៀបធៀបទៅនឹងការដឹងគុណចំពោះរង្វាន់ដែលខ្ញុំសមនឹងទទួលបាន ខ្ញុំគោរពអ្នកគ្រូច្រើនជាង។ ភាពមិនលំអៀងរបស់អ្នកគ្រូគឺជាកម្លាំងជម្រុញ ដែលផ្តល់ឲ្យខ្ញុំនូវកម្លាំង និងជំនឿកាន់​តែ​​ច្រើន​​ក្នុង​​ជីវិត។

ខ្ញុំពិតជាដឹងគុណអ្នកគ្រូខ្លាំងណាស់ មិនមែនដោយសារតែរង្វាន់នោះទេ ប៉ុន្តែដោយសារមេរៀនជីវិតដែលខ្ញុំបានរៀន។ ដោយសារតែសកម្មភាពរបស់អ្នកគ្រូ ខ្ញុំបានរៀនមេរៀនដ៏មានតម្លៃចំនួន​ពីរ​គឺ៖

“ចូរយើងពិចារណារឿងមួយដោយភាពយុត្តិធម៌” និង

“រាល់ការព្យាយាម និងខិតខំប្រឹងប្រែងនឹងទទួលបានតម្លៃតបស្នង” ។

អ្នកគ្រូក៏បានប្រាប់ខ្ញុំផងដែរថា ខ្ញុំមានសមត្ថភាពជាអ្នកដឹកនាំ មានទាំងទេពកោសល្យ និង​បេះ​ដូង ហើយនៅថ្ងៃក្រោយនឹងក្លាយជាអ្នកដឹកនាំដ៏ល្អឥតខ្ចោះនាពេលអនាគត។ ទោះបីជា​ទិស​ដៅអាជីពរបស់ខ្ញុំនៅពេលនោះចង់ក្លាយជា​អ្នក​និពន្ធ​ក៏​ដោយ។

ប៉ុន្តែសំណាង និងសំណាងអាក្រក់គឺដូចជាខ្សែពួរដែលចងភ្ជាប់គ្នា តែងតែកើតឡើងម្តងមួយៗ។ អនុស្សាវរីយ៍​ល្អៗ​តែង​តែ​ភ្ជាប់​មកជាមួយនឹងស្រមោលដ៏ខ្មៅងងឹត។

ជួបសំណាង​ម្តង​មិន​មាន​ន័យ​ថា​សំណាង​ពេញ​មួយ​ជីវិត​នោះ​ទេ។

ទោះបីជាទេពកោសល្យរបស់ខ្ញុំត្រូវបានទទួលស្គាល់ក៏ដោយ ខ្ញុំគ្រាន់តែជាក្មេងម្នាក់ប៉ុណ្ណោះ។ ក្នុង​ជីវិត​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​អយុត្តិធម៌ ខ្ញុំមិន​អាច​ការ​ពារ​ខ្លួន​ឯង​បាន​ឡើយ។

ផ្ទះរបស់ខ្ញុំនៅឆ្ងាយពីសាលារៀន ជីវភាពគ្រួសារក្រីក្រ ខ្ញុំគឺជាគោលដៅដែលក្មេងៗគ្រួសារអ្នកមានធ្វើបាប។ ប៉ុន្មានឆ្នាំបន្ទាប់មក នៅពេលដែលបានជួបគ្រូបង្រៀនផ្សេងទៀត ការរើសអើងនៅ​តែ​បន្ត​កើត​ឡើង។ ខ្ញុំបានក្លាយជាជនរងគ្រោះនៃអំពើហិង្សា និងការរើសអើងនៅសាលារៀន។

កាន់នៅលើដៃអត្តបទដែលទទួលបានពិន្ទុទាបជាងមធ្យម ក្តីស្រមៃចង់ក្លាយជាអ្នកនិពន្ធរបស់ខ្ញុំ​រលាយ​បាត់។

ឆ្នាំសិក្សាដ៏វែងអន្លាយបានកន្លងផុតទៅដោយទឹកភ្នែក ការសោកសៅជាច្រើន ហើយថែមទាំងត្រូវក្រុមសិស្សអាក្រក់ និងគ្រូបន្ទុកថ្នាក់ធ្វើបាប គាត់ជាគ្រូបង្រៀនអក្សរសាស្ត្រម្នាក់។

នៅពេលដែលការ​ឈ្លោះ​ប្រកែក​គ្នា​កើត​ឡើង ខ្ញុំក្លាយជាអ្នកដែលមានកំហុសទាំងដែលខ្លួនមិនបាន​ធ្វើ​អ្វី​ខុស​ក៏​ដោយ ខ្ញុំ​បាន​តស៊ូ​ឆ្លងកាត់​របួស​ផ្លូវកាយ និង​ផ្លូវចិត្ត​ជា​ច្រើន ដោយ​មាន​អារម្មណ៍​​ថា​ឯកា។

រហូតដល់ពេលដែលឆ្នាំសិក្សាត្រូវបានបញ្ចប់ ទើបខ្ញុំដឹងថា មុខវិជ្ជាអក្សរសាស្ត្ររបស់ខ្ញុំនៅពេលនោះគ្មានបញ្ហាអ្វីទេ ប៉ុន្តែបញ្ហាចម្បងស្ថិតលើខ្ញុំ និងគ្រូបង្រៀនបន្ទុកថ្នាក់។ ដោយសារតែអំណោយ​​ដែលមានតម្លៃ និងស្រោមសំបុត្រក្រាស់ៗដែលឪពុកម្តាយរបស់ក្រុមសិស្សអាក្រក់ជូន។ ក្រៅពីចំណុចទាំងនោះ គាត់មិនបានឃើញអ្វីផ្សេងទៀតឡើយ។ គាត់ព្រងើយកន្តើយ​នឹងការលំបាក ភាពអយុត្តិធម៌របស់ក្មេងម្នាក់ដែលគួរតែទទួលបានការការពារ។ ព្រោះ​តែអំណោយទាំងនោះបានធ្វើឲ្យត្រូវប្រែជាខុស ដែលធ្វើឲ្យគ្រូបង្រៀនម្នាក់លក់សេចក្តីថ្លៃថ្នូររបស់ខ្លួន។

នៅចំពោះមុខអ្នកគ្រូ ខ្ញុំគ្រាន់តែជាក្មេងតូចម្នាក់ប៉ុណ្ណោះ មិនធ្លាប់មានឳកាសបង្ហាញ ឬពន្យល់អ្វី​ទាំង​អស់។ ទោះបីជាគ្រូបង្រៀនផ្សេងទៀតតស៊ូដើម្បី​ការ​ពារ​ខ្ញុំ​ក៏​ដោយ នៅតែមិនអាចផ្លាស់ប្តូរទស្សនៈ​រើសអើង​ទាំង​នោះ​បាន។

ប៉ុន្មានឆ្នាំ​ក្រោយ​មក បន្ទាប់​ពី​ចាក​ចេញ​ពី​សាលា​រៀន ខ្ញុំនៅតែចងចាំព្រឹត្តិការណ៍ទាំងនោះ ហើយទទួលបាន​មេរៀន​មួយ​ទៀត​គឺ៖

“មិនមែនគ្រប់គ្នាសុទ្ធតែខ្វល់ពីការពិតនោះទេ ពួកគេគ្រាន់តែជឿអ្វីដែលពួកគេចង់ជឿប៉ុណ្ណោះ។”

ជីវិតពោរពេញដោយភាពអយុត្តិធម៌ ឆ្លងកាត់រឿងរ៉ាវផ្ទាល់របស់ខ្លួន ខ្ញុំមិនអនុញ្ញាតឲ្យខ្លួនឯងធ្វើខុសដូចអ្នកដទៃបានធ្វើនោះទេ។ ខ្ញុំរំលឹកខ្លួនឯងថា ត្រូវធ្វើជាមនុស្សទៀងត្រង់ ពិចារណា និង​ដោះ​​​ស្រាយ​​បញ្ហា​​ដោយ​​មិន​​លំអៀង។

*** ដោយសារតែមេរៀនដែលបានរៀនពីគ្រូបង្រៀន​ពីរនាក់ដែលមានអត្តចរិកខុសគ្នា ធ្វើឲ្យខ្ញុំមានការយល់ដឹងកាន់តែច្រើនឡើង មានទស្សនៈមិនលំអៀងក្នុងពេលដែលធ្វើការងារខាងផ្នែកគ្រប់គ្រង រួម​ទាំងការគ្រប់គ្រងធនធានមនុស្សសម្រាប់អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ។

ហើយជាការពិតណាស់ រាល់សកម្មភាពនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗនឹងទទួលបានលទ្ធផលដែល​ស័ក្តិ​សម។

គ្រូបង្រៀនដ៏គួរឲ្យគោរពនឹងទទួលបានការគោរពយ៉ាងច្រើន។ ចំណែកឯគ្រូបង្រៀនដែលគ្មានគុណធម៌​នៅ​តែត្រូវបានរំលឹកដល់ ប៉ុន្តែ​ជា​មួយ​នឹង​អារម្មណ៍​ខក​ចិត្ត។

ហើយពិតជាសំណាងណាស់ យ៉ាងណាមិញ ខ្ញុំបានក្លាយជា… អ្នកនិពន្ធម្នាក់។

Le Phuong Ky

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: