ប្រភេទ “ប៉ោមទឹកឃ្មុំ” ដ៏ល្បីបំផុតនៅប្រទេសជប៉ុន
ប្រភេទ “ប៉ោមទឹកឃ្មុំ” ដ៏ល្បីបំផុតនៅប្រទេសជប៉ុន។
ដើមឡើយ ជប៉ុនមិនមែនជាកន្លែងដែលមានផ្លែប៉ោមដុះដោយធម្មជាតិនោះទេ រហូតដល់ឆ្នាំ ១៨៤១ ទើបមានកូនឈើតូចៗនាំយកមកពីសហរដ្ឋអាមេរិក ហើយដាំសាកល្បងនៅ Hokkaido ។ ចាប់តាំងពីពេលនោះមក ប្រជាជនជប៉ុនបានចាប់ផ្តើមបង្កាត់ពូជ កែលម្អ និងបង្កើតបានជាផ្លែប៉ោមជាច្រើនប្រភេទដែលទទួលបានការវាយតម្លៃខ្ពស់នៅលើពិភពលោក។
ក្នុងចំណោមនោះ មានផ្លែប៉ោមមួយប្រភេទដែល “ចម្លែកពិសេស” មិនគួរឲ្យជឿនោះទេ។ ផ្លែប៉ោមប្រភេទនេះអាចមើលឃើញពន្លឺបាននៅពេលដែលលើកឡើងឆ្លុះពន្លឺព្រះអាទិត្យ ជាផលិតផលដែលកើតចេញពីបច្ចេកទេសកសិកម្មដ៏ទំនើបរបស់ជប៉ុន។
ពូជផ្លែប៉ោមនេះមានឈ្មោះហៅថា “Sun Mitsu Koutoku” (サン蜜こうとく) ដែលត្រូវបានដាំនៅកសិដ្ឋាន Usui ក្នុងខេត្ត Kanagawa ។
ចូរយើងមកស្វែងយល់អំពីប្រភេទផ្លែប៉ោមដ៏ចម្លែកនេះ និងបច្ចេកទេសដាំដុះដែលអាចបង្កើតបានផ្លែប៉ោមប្រភេទនេះ។
ជាទូទៅ ដើម្បីធ្វើឲ្យផ្លែប៉ោមប្រែជាពណ៌ក្រហមស្រស់ អ្នកដាំត្រូវកាត់ស្លឹកនៅជុំវិញផ្លែប៉ោម ដើម្បីឲ្យផ្លែប៉ោមទទួលបានពន្លឺព្រះអាទិត្យដោយផ្ទាល់។ ដោយឡែកចំពោះផ្លែប៉ោមប្រភេទនេះ មិនអាចកាត់ស្លឹករបស់វាចេញនោះទេ រហូតដល់ពេលដែលប្រមូលផល។ ដូច្នេះហើយ ផ្លែប៉ោមមើលទៅមិនក្រហម និងទាក់ទាញភ្នែកនោះទេ។
ផ្ទុយទៅវិញ ចំនួនស្លឹកច្រើនជួយដល់ដំណើរការរស្មីសំយោគ ដោយបញ្ជូនសារធាតុចិញ្ចឹមជាច្រើនចូលទៅក្នុងផ្លែ ដែលធ្វើឲ្យ “ទឹកឃ្មុំ” ខាងក្នុងផ្លែប៉ោមរីកធំឡើង។
មិនដឹងថាអ្នកទាំងអស់គ្នាធ្លាប់ឃើញដែរអត់ទេ ប៉ុន្តែនៅពេលដែលយើងកាត់ផ្លែប៉ោម ពេលខ្លះយើងនឹងឃើញសាច់ផ្លែប៉ោមរាងថ្លាបន្តិច ចំណែកនេះគឺជាទឹកឃ្មុំ។
ចំពោះផ្លែប៉ោមប្រភេទនេះ ចំណែកទឹកឃ្មុំស្ទើរតែមានពេញមួយផ្លែ។ ដូច្នេះហើយ នៅពេលដែលលើកផ្លែប៉ោមដាក់លើពន្លឺព្រះអាទិត្យ យើងអាចនឹងមើលឃើញពន្លឺបន្តិច។
ពិតជា “ពិសេស” ខ្លាំងណាស់ ដែលមានតែនៅជប៉ុនប៉ុណ្ណោះ។
ដូចដែលអ្នកបានដឹងហើយថា កម្រិតជាតិផ្អែមរបស់ផ្លែឈើត្រូវបានវាស់ដោយសន្ទស្សន៍ Brix ហើយពូជផ្លែប៉ោមនេះមានកម្រិតជាតិផ្អែមប្រហែល 16° Brix ។
នៅប្រទេសជប៉ុន មានផ្លែប៉ោមជាច្រើនប្រភេទល្បីមានរសជាតិផ្អែមឆ្ងាញ់ ប៉ុន្តែកម្រិតជាតិផ្អែមជាមធ្យមចន្លោះពី 12° ទៅ 14° Brix ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ ផ្លែប៉ោមប្រភេទនេះមានរហូតដល់ទៅ 16° Brix ដែលស្មើនឹងកម្រិតជាតិផ្អែមរបស់អំពៅ។
គ្រាន់តែគិតមើល ផ្លែប៉ោមមួយផ្លែបែរជាផ្អែមស្មើនឹងអំពៅគឺ “មិនធម្មតា” ប៉ុណ្ណា?
បន្ទាប់ពីប្រមូលផល ផ្លែប៉ោមទឹកឃ្មុំស្រស់ទាំងនេះត្រូវបានលក់ដោយផ្ទាល់នៅកសិដ្ឋាន ហើយលក់អស់ក្នុងមួយប៉ប្រិចភ្នែក។
សាកល្បងស្វែងរកនៅលើអុីនធឺណេត តម្លៃប្រហែល ៧៥.០០០ យ៉េនសម្រាប់ផ្លែប៉ោម ៥ គីឡូក្រាម។
(មានតម្លៃជិត ២ លានរៀលខ្មែរអាស្រ័យលើពេលវេលា) ។
ដោយត្រូវបានចាត់ទុកជាពូជផ្លែប៉ោមជប៉ុនដែលថ្លៃបំផុតកំពុងលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន។
មនុស្សជាច្រើនគិតថា កសិកម្មជាវិស័យដែលពិបាកនឹងក្លាយជាអ្នកមានណាស់។ ប៉ុន្តែខ្ញុំគិតថា នោះក៏ព្រោះតែយើងមិនទាន់រកឃើញដំណោះស្រាយ ឬវិធីសាស្រ្តដើម្បីបង្កើតប្រាក់ចំណេញពិតប្រាកដ។
ខ្ញុំជឿជាក់ថា មិនថាវិស័យអ្វីក៏ដោយ យើងត្រូវតែបន្តដោយការតាំងចិត្ត និងម៉ឺងម៉ាត់។ ជាពិសេស កសិកម្មជាវិស័យដែលចំណាយកម្លាំង និងទឹកចិត្តកាន់តែច្រើន កាន់តែបង្កើតបានផលិតផលដែលមានគុណភាព។
អាចនិយាយបានថា ផលិតផលកសិកម្មរបស់ជប៉ុន គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាមឥតឈប់ឈរ ដែលមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។
ប្រសិនបើអ្នកមិនទាន់ទទួលបានជោគជ័យក្នុងវិស័យកសិកម្មដែលខ្លួនកំពុងខិតខំប្រឹងប្រែង សូមកុំបាក់ទឹកចិត្ត បន្តតស៊ូ និងខិតខំប្រឹងប្រែងបន្ថែមទៀត។
Abe Kengo
