តើពិធីបុណ្យសម្រាប់នារី និងពិធីបុណ្យសម្រាប់បុរសនៅជប៉ុនមានដែរទេ?

តើពិធីបុណ្យសម្រាប់នារី និងពិធីបុណ្យសម្រាប់បុរសនៅជប៉ុនមានដែរទេ?

កាលពីប៉ុន្មានថ្ងៃមុន ទិវាបុរសអន្តរជាតិទើបតែបានកន្លងផុតទៅ ប្រិយមិត្តអ្នកអានដែលជាសុភាពបុរសរបស់ JAPO ទាំងអស់គ្នាប្រាកដជា​ទទួល​បាន​ភាព​រីក​រាយ និង​អំណោយ​ដ៏​មានអត្ថន័យ​ហើយ​មែន​ទេ?

ទោះជាយ៉ាងណា សម្រាប់អ្នកដែលមិនមានអំណោយ ឬមិនទទួលបានពាក្យជូនពរ ប្រហែលនេះជាឳកាសដែលយើងទាំងអស់គ្នាគួរតែក្រឡេកមើលឡើងវិញ ថាតើយើងបានធ្វើយ៉ាងណាចំពោះ​ស្រ្តី ល្អគ្រប់គ្រាន់ហើយឬនៅ? ហើយនេះប្រហែលជាឳកាសសម្រាប់យើងទាំងអស់គ្នាកែលម្អខ្លួន​ឯង​​ឡើង​វិញ ផ្លាស់​​​ប្តូរ​​​ឲ្យ​​​កាន់​​​តែ​​​ល្អ​​​បន្ថែម​​​ទៀត។

នៅប្រទេសជប៉ុន មិនមានពិធីបុណ្យសម្រាប់ស្រ្តី ហើយក៏មិនមានពិធីបុណ្យសម្រាប់បុរសនោះដែរ។ ប៉ុន្តែប្រសិនបើរើសយកថ្ងៃដែលស្រដៀងគ្នា ពិធីបុណ្យ​ដែល​គេ​ជូន​អំណោយ​ឲ្យគ្នាទៅវិញទៅ​មក ប្រហែលនោះជាថ្ងៃ Valentine និង White Day (Valentine ស) ។ នេះជាពិធីបុណ្យទាំងពីរដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ស្រដៀង​គ្នា។

ក្នុងអត្ថបទថ្ងៃនេះ ខ្ញុំសូមនិយាយអំពីពិធីបុណ្យ Valentine តាមបែបជប៉ុន ដែលបាន “វិវត្តន៍” តាម​បែប​ដោយ​ឡែក និងពិធីបុណ្យ White Day ដ៏អាថ៌កំបាំងផងដែរ។

ពិធីបុណ្យទាំងពីរនេះស្ថិតក្នុងខែកុម្ភៈ និងខែមីនាជារៀងរាល់ឆ្នាំ។ ប្រសិនបើអ្នកទាំងអស់គ្នាមាន​សង្សា​ជា​ជន​ជាតិ​ជប៉ុន សូម​​កុំ​រំលង​ពិធីបុណ្យ​ទាំង​នេះ។

Valentine នៅជប៉ុន

នៅបណ្តាប្រទេសជាច្រើន Valentine គឺជាថ្ងៃដែលបុរសៗជូនអំណោយ យើងទាំងអស់គ្នាសុទ្ធតែអាចជូនអំណោយដល់មនុស្សជាទីស្រលាញ់ មិនថាស្រី ឬប្រុសនោះទេ ដើម្បីបង្ហាញពីក្តីស្រលាញ់ចំពោះ​ភាគី។

ប៉ុន្តែនៅប្រទេសជប៉ុនគឺ… ខុសគ្នាទាំងស្រុង។ ហើយសម្រាប់ស្ត្រីជប៉ុន ថ្ងៃ​នេះប្រៀបដូចជាឋាន​នរក។

ដោយសារតែទទួលឥទ្ធិពលពីយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនលក់ស្ករគ្រាប់ នៅជប៉ុន Valentine បានក្លាយជាថ្ងៃដែលស្ត្រីជូនសូកូឡាឲ្យបុរសដែលខ្លួនស្រលាញ់។

បើប្រៀបទៅនឹងបុរស ស្រ្តីទើបជាមនុស្សដែលចូលចិត្តសូកូឡាច្រើនជាង ប៉ុន្តែផ្ទុយទៅវិញ ពួកគេ​បែរ​ជាត្រូវជូនអំណោយ​ទៅ​វិញ។ យ៉ាង​ណា​មិញ ទទួល​យក​រឿង​នេះ​មុន​សិន​ចុះ។

ឋាននរកដែលខ្ញុំចង់រំលឹកដល់គឺ​វប្បធម៌​ដែល​គេ​ហៅ​ថា “giri choco” ។ ក្នុងនោះពាក្យ “choco” ជា​អក្សរ​កាត់​នៃ​ពាក្យ chocolate ពោលគឺសូកូឡា ចំណែកឯ “giri” អាច​យល់​បាន​ថា​ជា​សុជីវធម៌ ក្តី​ស្រលាញ់។

ក្នុងវប្បធម៌នេះ ស្រ្តីត្រូវជូនសូកូឡាដល់បុរសដែលនៅជុំវិញ ទោះបីមិនមែនជាសង្សា ឬមនុស្សដែល​ខ្លួន​ស្រលាញ់​ក៏​ដោយ។ ក្រៅពីសមាជិកគ្រួសារ យើងមានទំនាក់ទំនងសង្គមដូចជាថ្នាក់លើ មិត្ត​រួម​ការ​ងារ​ប្រុស… ស្រ្តីៗត្រូវជូនអំណោយដល់មនុស្សទាំងនេះ ទាំងដែលមិនមានភាពជិតស្និទ្ធក៏​ដោយ។

គ្រាន់តែគិតមើលទៅ ជូនអំណោយដល់មនុស្សច្រើនបែបនេះ នៅពេលដែលពិធីបុណ្យមកដល់ ស្រ្តី​ទាំង​នេះ​ត្រូវចំណាយប្រាក់ច្រើនយ៉ាងណា។ មិន​ត្រឹម​តែ​ចំណាយ​ប្រាក់ ថែម​ទាំង​យល់​ថា​រំខាន ព្រោះ​ត្រូវ​ជូនអំណោយដល់មនុស្សដែលខ្លួនមិនស្និទ្ធស្នាល ដែលចាត់ទុកដូចជាកាតព្វកិច្ច។

ដោយសារតែចំណុចនេះ យុទ្ធនាការអំពាវនាវឲ្យលុបបំបាត់វប្បធម៌ giri choco ជាច្រើនត្រូវបានលើក​ឡើង។ ទោះជាយ៉ាងណា នៅកន្លែងមួយចំនួនក្នុងប្រទេសជប៉ុន វប្បធម៌នេះបានក្លាយជាទម្លាប់ និងជារឿងធម្មតាទៅហើយ។ ហើយយូរៗទៅគេចាប់ផ្តើមបោះបង់ ដោយបង្ខំចិត្តទទួល​យក​ដើម្បី​​ចុះ​សម្រុង​នឹង​មនុស្ស​ភាគ​ច្រើន។

ចំពោះអ្នកដែលមិនសំខាន់ គ្រាន់តែបំពេញកាតព្វកិច្ចទៅបានហើយ ប៉ុន្តែសម្រាប់មនុស្សដែលយើង​ឲ្យ​តម្លៃ មិនអាចជូនអំណោយបន្តិចបន្តួចនោះទេ។

ដូច្នេះហើយ ស្ថានភាពអាក្រក់បំផុតនៅតែបន្ត ដែលធ្វើឲ្យមនុស្សកាន់តែមិនចូលចិត្តចំពោះវប្បធម៌​​ជូន​អំណោយ​បែប​នេះ។

ក្នុងនាមជាបុរស ប៉ុន្តែខ្ញុំចូលចិត្តរបស់ផ្អែម ជាពិសេសសូកូឡា។

នៅពេលដែលពិធីបុណ្យ Valentine ជិតមកដល់ នៅគ្រប់ទីកន្លែងចាប់ផ្តើមដាក់តាំងសូកូឡាក្នុងឳកាសពិធីបុណ្យនេះ។ ទោះបីជាខ្ញុំចង់ទិញក៏ដោយ ប៉ុន្តែខ្ញុំបែរជាខ្លាចអ្នកដទៃគិតថា ខ្ញុំ​ទិញ​សូកូឡា​ដោយ​ខ្លួន​ឯង​នៅ​ថ្ងៃ​បុណ្យ​នេះ ព្រោះតែរស់នៅបែបណា បែរជាគ្មាននរណាម្នាក់​ជូន​អំណោយ។

ដូច្នេះខ្ញុំមិនហ៊ានទិញទៀតឡើយ ហើយត្រូវទ្រាំមិនហូបប្រហែលជា ២ សប្តាហ៍មុនថ្ងៃប្រារព្ធពិធីបុណ្យ​នេះ។

White Day (Valentine ស)

រយៈពេល ១ ខែពេញបន្ទាប់ពីថ្ងៃ Valentine នោះគឺជាថ្ងៃ Valentine ស។ នៅប្រទេសជប៉ុន នេះជាថ្ងៃដែលបុរសៗជូនអំណោយដល់ស្រ្តី ដើម្បីតបស្នងអំណោយដែលខ្លួនបានទទួលកាលពីមួយខែ​មុន។

បុរសដែលទទួលបានអំណោយត្រូវតែជូនអំណោយតបស្នងទៅវិញ។ ហើយ​ច្បាប់​គឺថា អំណោយដែល​តប​ស្នង​នោះ​ត្រូវ​មាន​តម្លៃ​លើស​ពី​អំណោយ​ដែល​បាន​ទទួល​ដល់​ទៅ​បីដង។

នោះហើយជាមូលហេតុដែល ស្រ្តីមួយចំនួនមានចេតនាជូនសូកូឡាថ្លៃៗដល់អ្នកដទៃក្នុងថ្ងៃបុណ្យ Valentine ដើម្បីជាថ្នូរនឹងអំណោយដែលមានតម្លៃខ្ពស់។

ខណៈដែលបុរសជាច្រើនមិនចូលចិត្តសូកូឡា ដែលមានន័យថា ពួកគេត្រូវបង្ខំចិត្តទទួលយករបស់​ដែល​ខ្លួនមិនចូលចិត្ត បន្ទាប់មកត្រូវតបស្នងអំណោយគុណជាបី។

ប្រសិនបើជូនអំណោយដែលថោកជាង ឬមិនដូចបំណងរបស់អ្នកទទួល ពួកគេមិនដឹងថា នៅពីក្រោយ​ខ្នង​ត្រូវគេនិយាយបែបណានោះទេ។

មិនត្រឹមតែប៉ុណ្ណឹង ភាពខុសគ្នារវាងអាយុ ពេលខ្លះមិនដឹងថាត្រូវជូនអំណោយអ្វីដល់ភាគីនោះទេ។ ដូច្នេះ​បុរស​ជប៉ុន​ត្រូវ​ចំណាយ​ប្រាក់ និង​ពេលវេលា​សម្រាប់​ស្វែងរក​អំណោយ​ជា​ការ​តប​ស្នងទៅ​វិញ។ 

សរុបទៅ ខ្ញុំផ្ទាល់គិតថា វប្បធម៌នៃពិធីបុណ្យ និងការជូនអំណោយទាំងនេះ ប្រៀបដូចជាឋាន​នរក​សម្រាប់​ស្រ្តី និង​បុរស។

ហើយមិនត្រឹមតែប៉ុណ្ណឹង ជនជាតិជប៉ុនបែរជាបាន​បង្កើត​កម្រិត​ឋាន​នរក​មួយ​ផ្សេង​ទៀត ហៅ​ថា tomo choco ដែល​មាន​ន័យ​ថា​សូកូឡា​មិត្ត​ភាព។

នៅថ្ងៃ Valentine មិនត្រឹមតែជូនអំណោយដល់បុរសប៉ុណ្ណោះទេ ប៉ុន្តែស្រ្តីថែមទាំងជូនអំណោយដល់់ស្រ្តីគ្នាឯង ដែលបង្ហាញពីមិត្តភាព។

ស្តាប់ទៅដូចជាមានអត្ថន័យណាស់ ប៉ុន្តែសម្រាប់ប្រជាជនជប៉ុន គ្រប់យ៉ាងមិនសាមញ្ញបែបនេះឡើយ។

មនុស្សស្រីដែលទទួលបានសូកូឡាពីនរណាម្នាក់នឹងចាប់ផ្តើមព្រួយបារម្ភថា ប្រហែលជាម្នាក់នោះមិន​ចាត់​ទុក​ខ្លួន​ជា​មិត្ត ដូច្នេះ​ទើប​មិន​ជូន​អំណោយ​​ឲ្យ​​គេ​វិញ។

ដូច្នេះហើយក៏បានបន្ថែមសម្ពាធមួយកម្រិតទៀតដែរ។

តាមរយៈខ្លឹមសារអត្តបទថ្ងៃនេះ ខ្ញុំមានពាក្យពីរបីម៉ាត់ចង់និយាយទៅកាន់ប្រិយមិត្តអ្នកអាននៅ​កម្ពុជា​ទាំង​អស់​គ្នា។

ខណៈពេលដែលនៅប្រទេសកម្ពុជា ទិវានារី និងទិវាបុរសគឺជាពិធីបុណ្យដ៏គួរឲ្យស្រឡាញ់ និងមានអត្ថន័យ ទាំង​​ដែល​នៅ​ជប៉ុន​មិន​មែន​ដូច្នោះ​នោះ​ទេ។ ខ្ញុំ​ពិត​ជា​សរសើរ និង​សង្ឃឹម​ថា ប្រិយមិត្តទាំងអស់គ្នា​នឹង​ឲ្យតម្លៃ​វប្បធម៌​ទាំង​នេះ។

ត្រូវ​​​ដឹង​​គុណ និង​​យក​​ចិត្ត​​ទុក​​ដាក់​​ចំពោះ​​មនុស្ស​​ជា​​ទី​​ស្រលាញ់ ទាំង​​ក្នុង​​ជីវិត​​ប្រចាំថ្ងៃ ហើយ​ជាពិសេស​នៅ​ថ្ងៃ​សំខាន់​របស់​ភាគី។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: