និស្សិតស្រីជនជាតិជប៉ុនម្នាក់បានជួយសង្គ្រោះប្រជាកសិករ Ghana
និស្សិតស្រីជនជាតិជប៉ុនម្នាក់បានជួយសង្គ្រោះប្រជាកសិករ Ghana ។
តើប្រិយមិត្តទាំងអស់គ្នាធ្លាប់ឮឈ្មោះប្រទេសមួយមានឈ្មោះថា Ghana ដែរទេ?
Ghana គឺជាប្រទេសក្រីក្រមួយក្នុងចំណោមប្រទេសដែលស្ថិតនៅតំបន់ខាងលិចអាហ្វ្រិក។
ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ ខ្ញុំចង់ចែករំលែករឿងរ៉ាវនិយាយពីនិស្សិតស្រីជនជាតិជប៉ុនម្នាក់ដែលបានជួយដល់កសិករក្រីក្រក្នុងប្រទេសនេះ។
ដូចដែលអ្នកបានដឹងហើយថា កាកាវគឺជាគ្រឿងផ្សំដែលប្រើសម្រាប់ធ្វើសូកូឡា (chocolate) ។
ទោះជាយ៉ាងណា ប្រជាកសិករ Ghana ដែលជាអ្នកដាំកាកាវដោយផ្ទាល់ បែរជាមិនដឹងថាកាកាវនឹងក្លាយទៅជាអ្វីនោះទេ។ ពីព្រោះពួកគេមិនដែលបានឃើញ ឬភ្លក់សូកូឡាពីមុនមកនោះទេ។
ពួកគេគ្រាន់តែដឹងពីរបៀបដាំផ្លែដែលខ្លួនមិនដឹងពីតម្លៃ ហើយត្រូវបានរដ្ឋាភិបាលប្រមូលទិញក្នុងតម្លៃថោក។ ដូច្នេះហើយ ពួកគេត្រូវបង្ខំចិត្តរស់នៅក្នុងស្ថានភាពក្រីក្រជារៀងរហូត។
បន្ទាប់មក Taguchi Ai – ដែលជានិស្សិតស្រីជនជាតិជប៉ុនម្នាក់បានដឹងអំពីរឿងនេះ។
នាងបានទៅកាន់ប្រទេស Ghana ហើយប្រាប់កសិករថា ខ្លួនចង់ទិញកាកាវរបស់ពួកគេក្នុងតម្លៃខ្ពស់ជាងតម្លៃរដ្ឋាភិបាល។ ប៉ុន្តែពួកគេគ្រាន់តែសើចចំអក ហើយនិយាយថា៖
- “ប្រហែលជានារីជប៉ុនម្នាក់នេះមិនចេះគិតគូរនោះទេ។”
នៅពេលនោះ Taguchi បានយកសូកូឡាចេញពីហោប៉ៅ ហើយចែកទៅឲ្យពួកគេ។ នេះជាលើកដំបូងហើយដែលពួកគេបានឃើញសូកូឡា។
បន្ទាប់ពីដាក់ចូលមាត់ រសជាតិផ្អែមលាយឡំជាមួយនឹងក្លិនកាកាវធ្វើឲ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះជាលើកដំបូងដែលពួកគេបានភ្លក់រសជាតិដែលផលិតចេញពីកាកាវដែលពួកគេដាំ។
ក្រោយមក បន្ទាប់ពីសហការជាមួយមិត្តភក្តិនៅប្រទេសជប៉ុន Taguchi បានចាប់ផ្តើមរៃអង្គាសថវិកាដើម្បីសាងសង់រោងចក្រកែច្នៃកាកាវមួយនៅក្នុងប្រទេស Ghana ។
អ្វីដែលគួរឲ្យសរសើរត្រង់ថា នាងមិនត្រឹមតែនិយាយ ឬបរិច្ចាគប្រាក់ប៉ុណ្ណោះទេ ថែមទាំងបានទៅកាន់ភូមិដែលស្ថិតនៅ Ghana ហើយចាប់ផ្តើមដាំកាកាវជាមួយនឹងប្រជាជនម្តងទៀត។
ដោយសារតែភាពស្មោះត្រង់របស់នាងបានធ្វើឲ្យបេះដូងរបស់ប្រជាជនផ្លាស់ប្តូរបន្តិចម្តងៗ។
នៅថ្ងៃមួយ Taguchi បានឆ្លងជំងឺគ្រុនចាញ់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នាងឡើងកម្តៅរហូតដល់ទៅ ៤០ អង្សាសេ អាចនិយាយបានថា ស្ថានភាពនៅពេលនោះនាងអាចនឹងស្លាប់។
បន្ទាប់ពីជាសះស្បើយពីជំងឺ ហើយត្រឡប់ទៅភូមិវិញ នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញថា ប្រជាជនជាច្រើនបានស្លាប់ដោយសារជំងឺនេះ។ កសិករក្រីក្រស្លាប់ដោយសារតែពួកគេមិនមានលទ្ធភាពទិញថ្នាំ ប្រភេទថ្នាំដែលមានតម្លៃត្រឹមតែ ២ ដុល្លារប៉ុណ្ណោះ។
Taguchi បានសម្រេចចិត្តថាចង់បញ្ចប់ភាពក្រីក្រទាំងនេះ។ នាងបានត្រឡប់ទៅជប៉ុនវិញ ស្វែងរកអ្នកឧបត្ថម្ភ និងអាជីវកម្មដែលព្រមប្រមូលទិញកាកាវរបស់ប្រទេស Ghana ។
ក្នុងអំឡុងពេលដែល Taguchi នៅប្រទេសជប៉ុន កសិករ Ghana ក៏មិននៅស្ងៀមដូចមុនទៀតដែរ។
ដោយមើលឃើញសកម្មភាពម៉ឺងម៉ាត់របស់ Taguchi និងដឹងថាកាកាវអាចលក់បានក្នុងតម្លៃខ្ពស់ជាង ហើយការងាររបស់ពួកគេពិតជាមានតម្លៃណាស់ ពួកគេចាប់ផ្តើមកែលម្អវិធីសាស្ត្រដាំដុះ ដើម្បីផលិតកាកាវដែលមានគុណភាពកាន់តែប្រសើរឡើង។
យូរៗទៅ ការយល់ឃើញរបស់ពួកគេបានផ្លាស់ប្តូរ ហើយភូមិទាំងមូលក៏បានផ្លាស់ប្តូរបន្តិចម្តងៗផងដែរ។
Taguchi បានបង្កើតក្រុមហ៊ុន MAAHA CHOCOLATE ទន្ទឹមនឹងនោះបង្កើតម៉ាកសូកូឡាដែលមានឈ្មោះដូចគ្នា ដោយមានគោលដៅធ្វើឲ្យយវាក្លាយជាម៉ាកឈានមុខគេនៅប្រទេសជប៉ុន។
រហូតដល់ខែតុលា ឆ្នាំ ២០២២ នៅទីបំផុតរោងចក្រផលិតកាកាវ និងសូកូឡាត្រូវបានបញ្ចប់ការសាងសង់នៅ Ghana ដូចដែលបានរំពឹងទុក។
កសិករដែលធ្លាប់តែដាំកាកាវដោយគ្មានគោលដៅ បានចាប់ផ្តើមយល់ពីសារៈសំខាន់របស់កាកាវ ចាប់អារម្មណ៍នឹងដំណើរការរបស់អាជីវកម្ម និងចូលរួមក្នុងវិស័យជាច្រើន។
ក្នុងសង្គមសព្វថ្ងៃនេះ នៅមានមនុស្សល្អជាច្រើនទៀត តែងតែជួយ និងគាំទ្រដល់មនុស្សដែលមានស្ថានភាពលំបាកជាងខ្លួន។ ទោះជាយ៉ាងណា អ្វីដែលនារីម្នាក់នេះធ្វើមិនត្រឹមតែបានជួយប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពបដិវត្តន៍។ យុទ្ធនាការកាត់បន្ថយភាពក្រីក្រដែលផ្តួចផ្តើមឡើងដោយនិស្សិតស្រីម្នាក់។
ខ្ញុំពិតជាសង្ឃឹមថា នៅថ្ងៃណាមួយ ម៉ាក MAAHA CHOCOLATE របស់នាងអាចឆ្ពោះទៅកាន់ពិភពលោក និងក្លាយជាមោទនភាពរបស់ប្រទេស Ghana និងជប៉ុន។
Abe Kengo
