វាលស្រែ​មើលទៅដូច​ជា​ផ្ទាំង​គំនូរ​សិល្បៈ

វាលស្រែ​​មើល​ទៅ​ដូច​ជា​ផ្ទាំង​គំនូរ​សិល្បៈ។

ឈរនៅកណ្តាលវាលស្រែដ៏ធំល្វឹងល្វើយ រីករាយនឹងបរិយាកាសខ្យល់បក់យ៉ាងត្រជាក់ ដែល​នាំ​មកនូវរសជាតិនៃជនបទ បេះដូងស្រាប់តែ​មានអារម្មណ៍ថា​សុខ​សាន្ត។ វាល​ស្រែ​ស្រូវ​ខ្ចី​ពណ៌​បៃ​តង និងប្រែទៅជាពណ៌លឿងមាសនៅពេលដែលរដូវច្រូតកាត់មកដល់ ប្រហែលនេះជាទិដ្ឋភាពដែលយើងតែង​តែ​មើល​ឃើញ ឬ​ផ្សារ​ភ្ជាប់​នឹង​កុមារ​ភាព​របស់​មនុស្ស​ជា​ច្រើន។

ទោះជាយ៉ាងណា ក្រៅពីចំណុចទាំងនេះ វាលស្រែនៅប្រទេសជប៉ុនបែរជានាំមកនូវពណ៌យ៉ាងពិសេស។

មិនត្រឹមតែដាំស្រូវប៉ុណ្ណោះទេ ប្រជាជនជប៉ុនបានធ្វើឲ្យវាលស្រែក្លាយជាស្នាដៃ​សិល្បៈ​យ៉ាង​ពិសេស និង​ស្រស់​ស្អាត។

នៅពេលដែលស្រូវមិនទាន់ដុះ គ្មាននរណាម្នាក់ដឹងថាពួកគេនឹងមើលឃើញអ្វីនោះទេ។ ហើយនៅ​ពេល​ដែលរដូវច្រូតកាត់កន្លងផុតទៅ ស្នាដៃ​សិល្បៈ​ទាំង​នោះ​ក៏រលាយ​បាត់​តាម​ការ​ប្រមូល​ផល​ស្រូវ​ផង​ដែរ។

ដូចដែលបានមើលឃើញក្នុងរូបភាព ស្នាដៃសិល្បៈដ៏ធំនេះត្រូវបានបង្កើតឡើងតាមរយៈការរួមបញ្ចូលពណ៌ជាច្រើន ដោយដាំដុះស្រូវដែលមានពណ៌ខុសៗគ្នា។ ពូជស្រូវខ្លះដុះពណ៌បៃតង ខ្លះ​ពណ៌​លឿង ខ្លះ​ពណ៌​ខ្មៅ… ទាំងអស់សុទ្ធតែជាពណ៌ធម្មជាតិ។ ដូច្នេះហើយ ស្នាដៃសិល្បៈនេះគឺមិនប៉ះពាល់​ដល់​បរិស្ថាន​នោះ​ទេ មានសុវត្ថិភាព​សម្រាប់​មនុស្ស និង​សត្វ​មាន​ជីវិត​ផ្សេង​ទៀត។

ពូជស្រូវមានជាង ៧ ពណ៌ខុសៗគ្នា ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់នៅពេលដែលស្រូវមានពណ៌ច្រើនយ៉ាងនេះ។

ដើម្បីបង្កើតបានជាវាលស្រែសិល្បៈបែបនេះ កសិករត្រូវខិតខំប្រឹងប្រែង និងគណនាយ៉ាងប្រុងប្រយ័ត្ន។

វាលស្រែមានទំហំធំទូលាយណាស់ ប្រសិនបើដាំស្រូវតាមគំនូរដើម នៅពេលដែលសម្លឹងស្នាដៃសិល្បៈ ចំណុចដែលនៅឆ្ងាយនឹងមើលទៅតូចបើតាមច្បាប់លាយទេសភាព ដែល​បណ្តាល​ឲ្យ​រូប​ភាព​ខូចទ្រង់​ទ្រាយ។

ដូច្នេះគេប្រើកុំព្យូទ័រ រួមបញ្ចូលបច្ចេកទេសលាយទេសភាព វាស់វែង និងគណនាយ៉ាងល្អិតល្អន់ ហើយបន្ទាប់មកដាំសំណាបនីមួយៗឲ្យបានត្រឹមត្រូវ។

លទ្ធផល​ដែលទទួលបាន នៅពេលដែលឈរត្រង់កន្លែងដែលត្រូវបានគណនាទុកមុន នឹងមើលឃើញ​រូបភាព​ពេញ​លេញ​ដ៏គួរឲ្យ​ភ្ញាក់​ផ្អើល​មួយ។

ភ្ញៀវទេសចរណ៍ដែលមកកាន់ទីនេះថែមទាំងអាចចូលរួមដាំស្រូវ និងបង្កើតរូបភាពសិល្បៈ ដែលប្រៀប​បី​ដូច​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ផង​ដែរ។

ទម្រង់សិល្បៈវាលស្រែនេះបានចាប់ផ្តើមនៅឆ្នាំ ១៩៩៣ នៅក្នុងភូមិតូចមួយដែលមានប្រជាជនត្រឹមតែ ៨០០០ នាក់ប៉ុណ្ណោះ។ នៅពេលនោះភូមិកំពុងប្រឈមនឹងស្ថានភាពប្រជាជនធ្លាក់ចុះយ៉ាង​ខ្លាំង និង​ការ​លំបាក​ខាង​ផ្នែក​ហិរញ្ញវត្ថុ។

ដើម្បីជួយសង្គ្រោះភូមិនេះ គេបានបង្កើតគំនិតថ្មីមួយដើម្បីទាក់ទាញចំណាប់អារម្មណ៍ ហើយចាប់​ពី​ពេល​នោះ​មក វាល​ស្រែ​សិល្បៈ​ក៏​ត្រូវ​បាន​បង្កើត​ឡើង។

ដំបូងឡើយ នៅពេលដែលសំណើនេះត្រូវបានដាក់ចេញប្រឈមនឹងការជំទាស់ជាច្រើន ប៉ុន្តែនៅ​ទី​បំផុត លទ្ធផលបែរជាលើសពីការរំពឹងទុក។

ដោយបន្តសកម្មភាពនេះជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ២០១៦ ភូមិនេះបានទាក់ទាញភ្ញៀវទេស​ចរណ៍​ចំនួន ២០០.០០០ នាក់​ក្នុង​មួយ​ឆ្នាំ។

សេដ្ឋកិច្ចក្នុងតំបន់ត្រូវបានស្តារឡើងវិញ ហិរញ្ញវត្ថុមានស្ថិរភាព ហើយបញ្ហាយុវជនចាកចេញពីភូមិ​ទៅកាន់ទីក្រុងត្រូវបានដោះស្រាយបន្តិចម្តងៗ។

ចលនានេះត្រូវបានផ្សព្វផ្សាយនៅទូទាំងប្រទេសជប៉ុន កន្លែងជាច្រើនថែមទាំងបានសហការជាមួយម៉ាកល្បីៗដូចជាម៉ាកហ្គេមវីដេអូ Dragon Quest រឿង Star Wars ឬ anime ល្បីៗដូចជា Kimetsu no Yaiba និង One Piece ដែល​ធ្វើ​ឲ្យ​យុវវ័យ​នាំ​គ្នា​ទៅ​ទស្សនា។

ខេត្ត Saitama ថែមទាំងបានបង្កើតគំនូរដែលមានទំហំ ២,៨ ហិកតា ដែលបានបង្កើតកំណត់ត្រាពិភពលោក Guinness ។ ដោយសារតែរឿងនេះ ចំនួន​​ភ្ញៀវ​​ទេស​ចរណ៍​​មក​​ពី​​បរទេស​ក៏​បាន​កើន​ឡើង​​យ៉ាង​​ច្រើន​​ផង​​ដែរ។

ជនជាតិ​អង់គ្លេស​ម្នាក់​បាន​បង្ហោះ​រូបថត​វាលស្រែនេះ​នៅលើ​បណ្ដាញ​សង្គម ហើយ​ក្នុង​រយៈពេល​ត្រឹម​តែ​​មួយ​ថ្ងៃ​​ប៉ុណ្ណោះ ទទួលបានការចុច Like រហូត​​ដល់​​ទៅ ១០០.០០០ Like ។

សព្វថ្ងៃនេះ នៅប្រទេសមួយចំនួន មានតំបន់កសិកម្ម​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ស្ថានភាពចំនួន​ប្រជាជន​ធ្លាក់​ចុះ កង្វះ​ខាត​កម្លាំង​ពលកម្ម។

មនុស្សជាច្រើនមានគំនិតមិនចង់ធ្វើស្រែចម្ការនោះទេ ប៉ុន្តែមនុស្សមិនអាចរស់នៅដោយគ្មានអាហារបានឡើយ។ ក្នុងស្ថានភាពនោះ ប្រហែលជាសិល្បៈ​វាល​ស្រែ​​គឺ​ជា​គំនិត​ច្នៃ​ប្រឌិត​មួយ ហើយក៏ជា​ដំណោះ​ស្រាយ​សម្រាប់​ការ​ពារ​ឧស្សាហកម្ម​កសិកម្ម​ដ៏​មាន​តម្លៃ​របស់​យើង​ផង​ដែរ។

នៅពេលដែលរដូវច្រូតកាត់កន្លងផុតទៅ ស្នាដៃសិល្បៈទាំងនេះក៏រលាយបាត់ដែរ ដោយបន្សល់ទុកត្រឹមការសោកស្ដាយប៉ុណ្ណោះ។ ដូច្នេះហើយ ទើប​មនុស្ស​ទន្ទឹង​រង់​ចាំ… រដូវ​ស្រូវ​ថ្មី។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: