“ប្រអប់បាយផ្ទះ” ក្នុងវប្បធម៌ជប៉ុន

“ប្រអប់បាយផ្ទះ” ក្នុងវប្បធម៌ជប៉ុន។

ទស្សនៈ​នៃ “ប្រអប់​បាយ” ដែល​ខ្ញុំ​រំលឹក​ដល់​នេះ ជា​ប្រអប់​បាយ​ដែល​ឪពុក​ម្តាយ​រៀបចំ​នៅ​ផ្ទះ សម្រាប់កូនៗរបស់ខ្លួនយកទៅសាលារៀន​ដើម្បី​បរិភោគ ក្នុង​​ភាសា​​ជប៉ុន​ហៅ​ថា “obento” ។

នៅតាមសាលាបឋមសិក្សាជប៉ុន សិស្សានុសិស្សទទួលបានអាហារដែលរៀបចំដោយសាលាហៅថា kyushoku ប៉ុន្តែនៅពេលដែលចូលមធ្យមសិក្សា សាលាមួយចំនួនបែរជាតម្រូវឲ្យសិស្សយកប្រអប់បាយ​តាម ហើយសាលាមធ្យមសិក្សា​ដែល​ខ្ញុំ​ធ្លាប់​រៀន​ក៏​ស្ថិត​ក្នុង​ចំណោម​នោះ​ដែរ។

មិនមែនព្រោះតែសាលាខ្វះថវិកានោះទេ ប៉ុន្តែដោយសារតែសាលាដែលខ្ញុំរៀនជឿថា ប្រអប់បាយជាផ្នែកមួយនៃការអប់រំ ដែលជួយឲ្យសិស្សរៀនសូត្រនូវចំណុចសំខាន់ៗក្នុងជីវិត។

ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ ខ្ញុំចង់ចែករំលែកប្រាប់ប្រិយមិត្តអ្នកអានទាំងអស់គ្នាទាក់ទងនឹងអត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​នៃ​ប្រអប់​បាយ​តាម​ទស្សនៈ​របស់​ប្រជាជន​ជប៉ុន។

បរិភោគអាហារមិនទុកឲ្យសល់ជាសុជីវធម៌មួយ

នៅប្រទេសជប៉ុន យើងត្រូវបានបង្រៀនឲ្យបរិភោគចំណែកអាហាររបស់ខ្លួន ដោយមិនទុកឲ្យនៅ​សល់។ ដូច​ជា​បន្លែ សាច់ បាយ ស៊ុប​ជា​ដើម គួរ​​តែ​​បរិភោគ​​អាហារ​​ឲ្យ​អស់។

ព្រោះក្នុងអាហារមួយពេលៗ អ្វីដែលយើងបរិភោគបានមកពីជីវិតរបស់សត្វមានជីវិត ដែលរួមទាំង​សត្វ និង​រុក្ខ​ជាតិ ហើយឥឡូវនេះបានក្លាយជាប្រភព​សារ​ធាតុ​ចិញ្ចឹម​សម្រាប់​យើង​ទាំង​អស់គ្នា។

ប្រជាជនជប៉ុនយើងខ្ញុំតែងតែនិយាយពាក្យថា “Itadakimasu” មុនពេលទទួលទានអាហារ។ មិន​មែនជាការអរគុណសម្រាប់អ្នកចម្អិនអាហារ ឬ​អាទិទេព​នោះ​ទេ នេះជាពាក្យដែលបង្ហាញពីការដឹង​គុណ​ចំពោះ​ជីវិត​ទាំង​អស់​ដែល​បាន​ក្លាយ​ជា​អាហារ​សម្រាប់​យើង។

ដូច្នេះហើយ អាហារមិនអាចទុកឲ្យនៅសល់នោះទេ។

ប្រអប់បាយសមស្របនឹងកុមារម្នាក់ៗ

ចំពោះចំណែកអាហារនៅសាលា សិស្សទាំងអស់ទទួល​បាន​ចំណែក​អាហារដូចគ្នា។ ប្អូនៗដែលបរិភោគ​ច្រើន​អាចនឹងឃើញថាមិនគ្រប់ ចំណែកប្អូនៗ​ដែល​បរិភោគ​តិច​បែរ​ជា​ឃើញ​ថា​ច្រើនពេក។

ប៉ុន្តែចំពោះប្រអប់បាយដែលត្រូវបានរៀបចំនៅផ្ទះ ចំណែកអាហារត្រូវបានរៀបចំសមល្មមសម្រាប់​កុមារ​ម្នាក់ៗ។

នេះមិនត្រឹមតែជាអាហារប៉ុណ្ណោះទេ ថែមទាំងជាការយោគយល់ និងការរួមដំណើររបស់ឪពុកម្តាយផងដែរ

ជាទូទៅ អ្នកម្តាយតែងតែភ្ញាក់ពីព្រលឹមដើម្បីចម្អិនអាហារ និងវេចខ្ចប់សម្រាប់កូនយកទៅសាលា។ ទោះបីខ្ញុំជាបុរសក៏ដោយ ប៉ុន្តែខ្ញុំផ្ទាល់ក៏បានធ្វើប្រអប់បាយសម្រាប់កូនស្រីស្ទើរតែរាល់ថ្ងៃ ហើយ​ខ្ញុំ​ជឿ​ថា មិនមែន​មាន​តែ​ខ្ញុំ​នោះ​ទេ ប៉ុន្តែឪពុកផ្សេងទៀតក៏​ដូច​គ្នា​ដែរ។

សម្រាប់បុរសដែលចេះចម្អិនអាហារ ទោះបីជាការចម្អិនអាហារសម្រាប់កូនមិនពិបាកពេកក៏​ដោយ ប៉ុន្តែក៏មិនងាយស្រួលនោះដែរ។ បាយ​ត្រូវ​​រៀបចំ​តាំង​ពី​ព្រលឹម ដើម្បីធានា​ថា​ទាន់​ពេល​កូនទៅ​សាលា មុខ​ម្ហូប​ក៏​ត្រូវ​តែ​ផ្លាស់ប្តូរជាប្រចាំផងដែរ ធ្វើឲ្យម្ហូបអាហារមានលក្ខណៈចម្រុះ ដូច្នេះកូនៗបរិភោគ​អាហារ​កាន់​តែ​ឆ្ងាញ់។

ទស្សនៈនៅវិទ្យាល័យដែលខ្ញុំធ្លាប់រៀនយល់ថា ឪពុកម្តាយមិនគួរប្រគល់តួនាទីអប់រំកូនៗទៅឲ្យសាលា​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​​គួរ​តែ​រួម​ដំណើរ​ក្នុង​ដំណាក់​កាល​ដែល​កូន​ពេញ​វ័យ។

ការរៀបចំអាហារឲ្យកូនយកទៅសាលាជាមធ្យោបាយសម្រាប់តាមដានការអភិវឌ្ឍរាងកាយរបស់កូន និងធានាថាកូនទទួលបានសារធាតុចិញ្ចឹមសំខាន់ៗគ្រប់គ្រាន់។

ប្រសិនបើធ្វើជាប្រចាំ ឪពុកម្តាយនឹងកត់សម្គាល់ឃើញពីល្បឿនផ្លាស់ប្តូររបស់កូនតាមរយៈអាហារមួយពេលៗ។ ចំណុចនេះក៏បង្ហាញផងដែរថា នេះមិនត្រឹមតែជាប្រអប់បាយយកតាមប៉ុណ្ណោះទេ ថែម​ទាំង​ជា​ចំណុច​តភ្ជាប់​ដ៏​សំខាន់​រវាង​ឪពុក​ម្តាយ និង​កូន​ៗ​ផង​ដែរ។

ប្រអប់បាយជាការទុកចិត្ត និងសុវត្ថិភាពផងដែរ

នៅពេលដែលយើងទុកឲ្យកុមារបរិភោគអាហារដែលលក់នៅតាមហាង ជាការពិតណាស់ មានកន្លែង​ខ្លះ​ចម្អិន​អាហារល្អត្រឹមត្រូវ ប៉ុន្តែពេលខ្លះអាចនឹងជួបកន្លែងព្រោះតែរកប្រាក់ចំណេញ ប្រើ​ប្រាស់​គ្រឿង​ផ្សំមិនល្អសម្រាប់សុខភាពដើម្បីកាត់បន្ថយថ្លៃដើម។ ដូច្នេះហើយ មានតែអាហារដែល​យក​ពី​ផ្ទះ​ប៉ុណ្ណោះ ដែល​មាន​សុវត្ថិភាព និង​ល្អ​ចំពោះ​សុខ​ភាព។

មិនត្រឹមតែប៉ុណ្ណឹង តាមរយៈប្រអប់បាយយកតាម ឪពុកម្តាយថែមទាំងអាចបង្រៀនកុមារឲ្យយល់ពីតម្លៃនៃជីវិត ដោយមិនទុកអាហារឲ្យនៅសល់ មានអារម្មណ៍ថាទទួលបានការយកចិត្តទុកដាក់ពីឪពុកម្តាយ។ កុមារនឹងមានអារម្មណ៍ថា ប្អូនៗធំដឹងក្តីដោយការចិញ្ចឹមបីបាច់ដែលត្រឹមត្រូវ ដោយមិនត្រឹមតែជាការបន្ថែម “ថាមពល” ប៉ុណ្ណោះឡើយ។

សព្វថ្ងៃនេះ ភោជនីយដ្ឋាន និងហាងលក់ទំនិញមាននៅគ្រប់ទីកន្លែង ការទិញអាហារកាន់តែមានភាពងាយស្រួល។ ប៉ុន្តែ​ក្នុង​មុខ​ម្ហូប​ទាំង​នោះ​មិន​មាន​ក្តី​ស្រលាញ់​របស់​ឪពុកម្តាយ គ្មានចំណង​គ្រួសារ និង​មិន​មាន​អនុស្សាវរីយ៍។

ប្រអប់បាយផ្ទះមិនត្រឹមតែជាអាហារប៉ុណ្ណោះទេ ថែមទាំងមានតម្លៃវប្បធម៌ មេរៀនអំពីការដឹងគុណ ជា​ការ​រួម​ដំណើរ​នៃ​ដំណាក់​កាល​លូត​លាស់​របស់​កូន។

ទោះបីជាមានភាពងាយស្រួលយ៉ាងណាក៏ដោយ ខ្ញុំនៅតែសង្ឃឹមថា វប្បធម៌នៃប្រអប់បាយផ្ទះនៅ​តែ​មាន និង​បន្ត​ដល់​មនុស្ស​ជំនាន់​ក្រោយ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: