ប្រវត្តិរបស់ “eta hinin” ត្រូវមនុស្សជុំវិញមើលងាយនៅជប៉ុន
ប្រវត្តិរបស់ “eta hinin” ត្រូវមនុស្សជុំវិញមើលងាយនៅជប៉ុន។
ក្នុងប្រវត្តិសាស្ត្រជប៉ុនធ្លាប់ត្រូវបានគ្របដណ្ដប់ទៅដោយភាពរុងរឿងជាច្រើន ប៉ុន្តែនៅមានចំណុចខ្មៅងងឹងជាច្រើនដែលយើងមិនទាន់បានដឹង។
ក្នុងភាសាជប៉ុនមានពាក្យមួយហៅថា “eta hinin” នេះជាពាក្យដែលប្រើសម្រាប់សំដៅទៅលើវណ្ណៈសង្គមទាបបំផុត ត្រូវបោះបង់ចោល និងត្រូវរើសអើងយ៉ាងខ្លាំងក្នុងប្រព័ន្ធវណ្ណៈសក្តិភូមិជប៉ុន។
Eta hinin មានន័យថា “បុគ្គលមិនបរិសុទ្ធ មិនត្រូវបានចាត់ទុកជាមនុស្ស” ។
ដោយសារតែការរើសអើង ពួកគេត្រូវឆ្លងកាត់ជីវិតដ៏សោកសៅ និងវេទនា។
ក្រោមស្រមោលសន្តិភាពនៅសម័យ Edo
Edo គឺជាផ្នែកខាងកើតនៃទីក្រុងតូក្យូសព្វថ្ងៃនេះ ហើយរដ្ឋធានីក៏មានទីតាំងនៅទីនោះផងដែរ។ ក្នុងអំឡុងពេលសន្តិភាពរយៈពេល ២៦០ ឆ្នាំ មនុស្សទាំងនោះនៅតែរស់នៅយ៉ាងស្ងៀមស្ងាត់តាមជាយក្រុង ក្នុងភូមិដែលមិនមានឈ្មោះ មិនអាចដើរចេញទៅក្រៅបានឡើយ។
ប្រជាជនជប៉ុននៅពេលនោះត្រូវបានបែងចែកជាបួនវណ្ណៈគឺ៖ សាមូរ៉ៃ កសិករ សិប្បករ និងពាណិជ្ជករ។
មនុស្សម្នាក់ៗកើតមកត្រូវបានកំណត់អាជីព និងតួនាទីទៅតាមវណ្ណៈ។ ទោះជាយ៉ាងណា មានមនុស្សមួយចំនួនបែរជាមិនត្រូវបានកំណត់ក្នុងចំណោមវណ្ណៈទាំងបួនខាងលើ ពោលគឺ eta hinin ។
ភូមិដែលមិនមានឈ្មោះ
នៅតំបន់ដែលឆ្ងាយបំផុតនៃទីក្រុង Edo មានភូមិសម្រាប់ក្រុមមនុស្ស eta hinin ។ ភូមិទាំងនេះគ្មានសិទ្ធិដាក់ឈ្មោះនោះទេ ហើយអ្នកដែលកើតនៅទីនោះត្រូវរស់នៅដោយប្រើឋានៈជា eta hinin អស់មួយជីវិត។
ពួកគេគ្មានសិទ្ធិចាកចេញពីភូមិ ឬឈានជើងចូលតំបន់សម្រាប់មនុស្សដែលមានវណ្ណៈផ្សេងទៀតរស់នៅនោះឡើយ។
យោងទៅតាមទស្សនៈសាសនានៅសម័យនោះ ការងារដែលពួកគេទទួលបានគឺជាការងារដែលអ្នកដទៃចាត់ទុកថាមិនបរិសុទ្ធ ហើយមិនមែនជាអ្វីដែលមនុស្សធម្មតាគួរធ្វើនោះទេ។ ជាក់ស្តែងមានដូចជាប្រហារជីវិតអ្នកទោស បកស្បែក និងសម្លាប់សត្វធំៗ។
ទោះបីជាការងារទាំងនោះចាំបាច់សម្រាប់សង្គមក៏ដោយ ពួកគេនៅតែត្រូវបានគេមើលងាយ និងជៀសឆ្ងាយ។
កុមារដែលទទួលការបដិសេធ
កុមារដែលកើតនៅក្នុងភូមិនេះ មិនថាស្រី ឬប្រុស និងមានរូបរាងយ៉ាងណានោះទេ សុទ្ធតែត្រូវបានគេហៅថា eta hinin ហើយក្លាយជាបុគ្គលដែលទទួលការរើសអើង។
ក្មេងៗទាំងនោះគ្មានសិទ្ធិរៀននោះទេ ទោះបីជាខំប្រឹងលាក់បាំងប្រវត្តិដើម្បីទៅសាលារៀនក៏ដោយ នៅពេលដែលត្រូវគេប្រទះឃើញ នឹងត្រូវបណ្តេញចេញភ្លាមៗ។
កុមារដែលមានវណ្ណៈផ្សេងទៀតត្រូវបានឪពុកម្តាយបង្រៀនថា ត្រូវជៀសឆ្ងាយពីកុមារ eta hinin មិនត្រូវជជែកគ្នា ឬប៉ះពាល់ពួកគេនោះទេ ដើម្បីជៀសវាងភាពមិនបរិសុទ្ធ។
ដូច្នេះហើយ តាំងពីក្មេង ទស្សនៈរើសអើងទាំងនេះស្ថិតនៅក្នុងគំនិតរបស់កុមារ ហើយនៅពេលដែលកុមារធំដឹងក្តីក៏ក្លាយទៅជារឿងធម្មតា។
ពិធីបុណ្យគឺជាភាពរីករាយដ៏ធំបំផុតសម្រាប់កុមារនៅសម័យ Edo ហើយក៏ជាកន្លែងដែលកុមារ eta hinin មិនអាចឈានជើងចូលនោះដែរ។
ក្នុងអំឡុងពេលមានពិធីបុណ្យ នៅពេលដែលសំឡេងស្គរបន្លឺឡើងទូទាំងទីក្រុង កុមារដ៏គួរឲ្យអាណិតទាំងនោះបានត្រឹមឈរពីចម្ងាយប៉ុណ្ណោះ សម្លឹងមើលកុមារដទៃទៀតប្រឡែងលេងយ៉ាងសប្បាយ ទាំងដែលខ្លួនគ្មានសិទ្ធិនោះទេ។ ព្រោះតែកើតនៅក្នុងភូមិដែលត្រូវបានគេហៅថាមិនបរិសុទ្ធ កុមារដែលគ្មានទោសពៃរ៍ទាំងនោះ ថែមទាំងត្រូវដកហូតសិទ្ធិធ្វើជាមនុស្ស មិនអាចចូលរួមនៅពិភពខាងក្រៅ។
នៅពេលដែលភាពខ្មៅងងឹកស្ថិតក្នុងចិត្តរបស់មនុស្ស
រហូតដល់សម័យ Meiji នៅពេលដែលប្រទេសជប៉ុនឈានចូលយុគសម័យទំនើប ប្រព័ន្ធវណ្ណៈទាំងនោះត្រូវបានលុបចោល ប៉ុន្តែការរើសអើងនៅតែមាន។
សូម្បីតែក្រោយសង្គ្រាម នៅពេលដែលប្រវត្តិផ្ទាល់ខ្លួនត្រូវគេដឹង មនុស្សជាច្រើនមិនអាចរកការងារធ្វើ ថែមទាំងត្រូវលុបចោលការភ្ជាប់ពាក្យផងដែរ។
សព្វថ្ងៃនេះ ទោះបីជាកម្រត្រូវបានលើកឡើង ប៉ុន្តែប្រហែលជានៅកន្លែងណាមួយ ការរើសអើងទាំងនោះនៅតែមាន។
ជប៉ុនត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសន្តិភាព ស្លូតបូត និងស្មើភាពគ្នា ប៉ុន្តែក្នុងប្រវត្តិសាស្ត្រនៅតែមានចំណុចដ៏ខ្មៅងងឹតបែបនេះ។
ការរើសអើងទាំងអស់មិនថាផ្អែកលើទីកន្លែងកំណើត សញ្ជាតិ ពូជសាសន៍ ឬភេទ សុទ្ធតែត្រូវលុបចោលទាំងស្រុង។
យើងនិយាយច្រើនអំពីភាពរីកចម្រើន និងអនាគត ប៉ុន្តែពេលខ្លះរឿងដែលសំខាន់បំផុតគឺកុំបង្កកំហុសឆ្គងកាលពីអតីតកាលឡើងវិញ។
Abe Kengo
