មនុស្សម្នាក់គត់ដែលរដ្ឋាភិបាលជប៉ុនទទួលស្គាល់ថាមាន​សមត្ថភាព​ពិសេស

មនុស្សម្នាក់គត់ដែលរដ្ឋាភិបាលជប៉ុនទទួលស្គាល់ថាមានសមត្ថភាព​ពិសេស។

ប្រហែលជាប្រិយមិត្តទាំងអស់គ្នាកំពុងតែគិតថា អ្វី​ដែល​ហៅ​ថា​សមត្ថភាព​អរូបី ឬកម្លាំងពិសេសមិន​មាន​​​ពិត​​​នោះ​​​ទេ នោះ​គ្រាន់​តែ​ជា​ល្បិច​បំភាន់​ភ្នែក ឬ​ជា​ការ​​បោក​​បញ្ឆោត​​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា នៅប្រទេសជប៉ុនធ្លាប់មានអ្នកទស្សន៍ទាយម្នាក់ត្រូវបានរដ្ឋាភិបាលទទួលស្គាល់​ថា​មាន​​សមត្ថភាព​ពិសេស។

ស្រ្តីម្នាក់នោះ​មានឈ្មោះថា Osanami Toshie ដែលជាតួអង្គមានពិត។

ចូរយើងមកស្វែងយល់អំពីសមត្ថភាពរបស់ស្រ្តីម្នាក់នេះ និងធ្វើយ៉ាងណាគាត់ទទួលបានការទទួល​ស្គាល់​តាម​រយៈ​ខ្លឹម​សារអត្តបទ​នេះទាំង​អស់​គ្នា។

លោកស្រី Osanami Toshie កើតក្នុងឆ្នាំ ១៨៦៣ នៅតំបន់ដែលសព្វថ្ងៃគឺខេត្ត Yamagata ។

ប្រវត្តិរបស់លោកស្រីរហូតដល់អាយុ ២០ ឆ្នាំមិនមានឯកសារច្បាស់លាស់នោះទេ ប៉ុន្តែគេនិយាយ​ថា តាំង​ពី​តូច​គាត់​ចាប់​ផ្តើម​និយាយ​ពីការ​ទស្សន៍​ទាយ​ទៅ​ហើយ។

នៅពេលដែលពេញវ័យ លោកស្រីនៅតែមានរូបរាង និងស្មារតីដូចជាក្មេងស្រីម្នាក់។ ហើយហាក់បីដូចជាលោកស្រីតែងតែនិយាយ និងរាំជាមួយអាទិទេព ទាំងដែលមនុស្សនៅជុំវិញមើលមិនឃើញ​វត្តមាន​របស់​អាទិទេព​ទាំង​នោះ។

ទោះបីជាកម្រណាស់ ប៉ុន្តែពេលខ្លះមនុស្សនៅក្បែរនោះស្តាប់ឮសំឡេងឧបករណ៍ភ្លេង ទាំងដែលច្បាស់​ណាស់​រក​មិន​ឃើញ​សំឡេង​ទាំង​នោះ​មកពី​កន្លែង​ណា​ក៏​ដោយ។

ទម្លាប់រស់នៅរបស់ស្រ្តីម្នាក់នេះក៏ចម្លែកណាស់ដែរ ភាគច្រើនមិនបរិភោគ មិនផឹកទឹក ពេលខ្លះលោក​ស្រី​គ្រាន់​តែ​ផឹក​ទឹក និង​ហូប​ដំឡូង​ជ្វា​ឆៅ​បន្តិច​ប៉ុណ្ណោះ។

លោកស្រីស្ទើរតែមិនបញ្ចេញចោល មិនបែកញើស និងមិនមានធូលីដីនៅលើរាងកាយនោះទេ។

ទោះបីជាមានរាងកាយតូច និងខ្សោយក៏ដោយ ប៉ុន្តែលោកស្រីនៅតែអាចចំបាប់ដៃដោយមិនចាញ់បុរសនោះទេ ហើយថែមទាំងអាចឈ្នះបុរសចំនួន ៤ នាក់នៅពេលដែលលេងល្បែងទាញ​ព្រ័ត្រ​ទៀត​ផង។

បន្ទាប់មក លោកស្រីចាប់ផ្តើមលក់ទឹកចម្លែកមួយប្រភេទ។

នៅចំពោះមុខមនុស្សគ្រប់គ្នា ដបទទេដែលមិនមានអ្វីទាំងអស់ លោកស្រីអាចធ្វើឲ្យមានទឹកក្នុងដប។ ហើយចម្លែកណាស់ អ្នកជំងឺដែលផឹកទឹកនេះបែរជាអាចជាសះស្បើយ។ អ្វីដែលពិសេសជាងនេះទៅទៀត ប្រសិនបើមនុស្សដែលមានសុខភាពល្អ ព្រោះតែចង់ដឹងចង់ឃើញ ធ្វើពុតជា​ឈឺ​ដើម្បី​ផឹក​ទឹក​នេះ នោះប្រភេទទឹកនេះនឹងមិនលេចឡើងនោះទេ។

ដោយសារតែសកម្មភាពនេះ លោកស្រីត្រូវចាប់ខ្លួនដោយសង្ស័យថាឆបោក។

ប៉ុន្តែនៅក្នុងគុក រឿងចម្លែកៗនៅតែបន្តកើតឡើង។

ទោះបីជាត្រូវឃុំឃាំងដាច់ដោយឡែកពីពិភពខាងក្រៅ ប៉ុន្តែនៅខាងក្នុងបន្ទប់ដែលលោកស្រីត្រូវ​ឃុំ​ខ្លួន របស់របរដូចជាយ័ន្ត ក្រដាសយ័ន្ត និងរបស់របរផ្សេងៗទៀតនៅតែបន្តមានក្នុងបន្ទប់ឃុំឃាំង។ ក្នុងអំឡុងពេលជាប់ឃុំឃាំង លោកស្រីមិនបរិភោគ មិនងូតទឹក ហើយក៏មិនទៅបន្ទប់ទឹកដែរ ប៉ុន្តែ​រាង​កាយ​របស់លោកស្រីមិន​មាន​ក្លិន​អ្វី​ទាំង​អស់ ផ្ទុយ​ទៅ​វិញ ថែម​ទាំង​មាន​ក្លិន​​ក្រអូបតិចៗ។

ក្នុងគុកនៅពេលនោះ ការដែលមានសត្វល្អិតគឺជារឿងធម្មតាណាស់ ខណៈពេលដែលអ្នកទោសផ្សេង​ទៀត​ត្រូវ​មូស​ខាំ ចំណែកឯលោកស្រីបែរជាមិនមានស្នាមមូសខាំសូម្បីតែបន្តិច។

បន្ទាប់មក សវនាការត្រូវបានធ្វើឡើង។ នៅពេលដែលត្រូវបានសួរថា តើលោកស្រីអាចបង្កើតទឹកតាមពាក្យចចាមអារ៉ាមក្នុងសវនាការបានដែរទេ? លោកស្រីឆ្លើយតបយ៉ាងក្លាហានថា ខ្ញុំអាចធ្វើបាន។

លោកស្រីត្រូវបានស្នើឲ្យដោះសម្លៀកបំពាក់ទាំងអស់នៅចំពោះមុខប៉ូលីសដើម្បីបញ្ជាក់ថាមិនបាន​លាក់​អ្វី​ក្នុង​ខ្លួន។ បន្ទាប់មក លោកស្រីត្រូវបានបញ្ជូនត្រឡប់ទៅកាន់សវនាការវិញ… ហើយបាន​​បង្កើត​សារ​ធាតុ​រាវ​អាថ៌កំបាំង​នៅ​នឹង​កន្លែង​ម្តង​ទៀត។

ចៅក្រមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ហើយនៅទីបំផុត លោកត្រូវបង្ខំចិត្តសន្និដ្ឋាន​ថា នេះមិនមែនជាការឆបោកនោះទេ ប៉ុន្តែជាបាតុភូតមួយដែលហួសពីការយល់ដឹងទូទៅ។

លោកស្រីត្រូវបានប្រកាសថាគ្មានទោស។ ហើយដោយសារតែត្រូវបានតុលាការទទួលស្គាល់ ដូច្នេះអាច​និយាយ​បាន​ថា ជប៉ុនជាប្រទេសតែមួយគត់ដែលទទួលស្គាល់ជាផ្លូវការនូវសមត្ថភាពអរូបីរបស់​មនុស្ស​ម្នាក់​តាមរយៈសាលក្រមផ្លូវច្បាប់។

មិនមែនជារឿងប្រឌិតនោះទេ នេះជារឿងដែលមានពិតត្រូវបានកត់ត្រាទុកក្នុងឯកសារតុលា​ការ​ជប៉ុន។

ប្រសិនបើអ្នកនៅតែគិតថាសមត្ថភាពពិសេសគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ តើអ្នកទាំងអស់​គ្នាគិតយ៉ាងណាចំពោះ​សមត្ថភាព​អាថ៌កំបាំង​របស់​ស្ត្រី​ម្នាក់​នេះ?

ដោយផ្ទាល់ខ្ញុំគិតថា មានរឿងខ្លះដែលវិទ្យាសាស្ត្រនៅសម័យទំនើបមិនអាចពន្យល់បាន ប៉ុន្តែមិនមែនមានន័យ​ថា​មិន​មាន​នោះ​ទេ។ ពី​ព្រោះ​អាច​នឹង​មាន​ច្បាប់ ឬ​ប្រភព​សមត្ថភាព​ដែលលើសពីវិសាល​ភាព​នៃ​វិទ្យាសាស្ត្រ​បច្ចុប្បន្ន។

ប្រសិនបើមិនត្រូវកំណត់ដោយការគិតធម្មតា តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះរឿងនេះ?

សូមកុំភ្លេចចែករំលែកមតិយោបល់របស់អ្នកទាំងអស់គ្នាខាងក្រោម។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: