ទំនាក់ទំនងដ៏គួរឲ្យភ្ញាក់ផ្អើលរវាងអរិយធម៌ចំណាស់ជាងគេ​នៅ​លើ​ពិភព​លោក និង​ប្រទេស​ជប៉ុន

ទំនាក់ទំនងដ៏គួរឲ្យភ្ញាក់ផ្អើលរវាងអរិយធម៌​ចំណាស់​ជាង​គេ​នៅ​លើ​ពិភព​លោក និង​ប្រទេស​ជប៉ុន។

ក្នុងចំណោមអាថ៌កំបាំងដ៏អស្ចារ្យបំផុតរបស់ជប៉ុនគឺជាប្រភពដើមនៃភាសាជប៉ុន។

នៅលើពិភពលោកមានភាសាជាច្រើន ប៉ុន្តែភាគច្រើនសុទ្ធតែមានប្រភព ឬវិវត្តន៍ចេញពីភាសាដែល​ពាក់​ព័ន្ធ​គ្នា។

ដោយឡែកភាសាជប៉ុន ទោះបីជាទទួលរងឥទ្ធិពលពីប្រព័ន្ធអក្សរនៃប្រទេសចិន ប៉ុន្តែភាសានេះបែរជាមិនស្រដៀងនឹងភាសាដទៃទៀតឡើយ ដែល​ធ្វើឲ្យវាក្លាយជា​ភាសា​ដាច់​ដោយ​ឡែកក្នុងតារាង​ភាសា​វិទ្យា។

ប្រហែលនេះជាមូលហេតុដែលមនុស្សជាច្រើនរៀនភាសាជប៉ុនមានអារម្មណ៍ថាពិបាក។

រហូតមកដល់ពេលនេះ ភាសាតែមួយគត់ដែលត្រូវបានគេចាត់ទុកថាមានលក្ខណៈស្រដៀងគ្នាទៅ​នឹង​ភាសា​ជប៉ុន គឺ​ជា​ភាសា​ដែល​​បាន​​បាត់​​ចេញពី​ប្រវត្តិ​សាស្ត្រ ហើយ​​នោះ​​ជា​​ភាសា Sumer ។

នេះជាភាសាដែលប្រជាជន Sumer ប្រើ ដែល​ជា​ម្ចាស់នៃអរិយធម៌មេសូប៉ូតាមៀ​បុរាណ (Mesopotamia) ​ហើយ​ក៏ជា​​អរិយធម៌​​ដែល​ចំណាស់​​បំផុត​នៅ​លើ​ពិភព​លោកផងដែរ។

ប្រវត្តិសាស្ត្ររបស់ប្រជាជន Sumer បង្កប់ទៅដោយអាថ៌កំបាំងដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន ហើយ​នៅ​ថ្ងៃ​នេះ​ ចូរ​យើង​ស្វែង​​យល់​​អំពី​​អរិយធម៌​​របស់​​ពួក​​គេ។

អាថ៌កំបាំងទីមួយ៖ រកមិនឃើញផ្នូរ

ទោះបីជាសញ្ញានៃវត្តមានរបស់អរិយធម៌ Sumer នៅតែមានក៏ដោយ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ នៅ​តែ​មិន​ទាន់​រក​ឃើញ​ផ្នូរ​របស់​ពួក​គេ​នោះ​ទេ។

យើងដឹងពីកន្លែងដែលពួកគេធ្លាប់រស់នៅ ប៉ុន្តែមិនថាស្រាវជ្រាវ និងជីកកកាយយ៉ាងណានោះទេ ផ្នូររបស់ពួកគេនៅតែមិនអាចរកឃើញ។

ដូច្នេះតើមានរឿងអ្វីបានកើតឡើង? តើពួកគេស្រាប់តែបាត់ខ្លួនទាំងអស់មែនទេ?

អាថ៌កំបាំងទីពីរ៖ កម្រិតអរិយធម៌ហួសពីសម័យកាល

មានអាយុកាលប្រហែល ៥០០០ ឆ្នាំមុនគ.ស ពោលគឺប្រហែល ៧០០០ ឆ្នាំមុន។ ប៉ុន្តែចំណេះដឹងដែល​ពួក​គេ​មាន​បែរ​ជា​គួរ​ឲ្យភ្ញាក់​ផ្អើល​ណាស់។

ជាដំបូងត្រូវនិយាយអំពីកម្រិតតារាសាស្ត្រមានការអភិវឌ្ឍយ៉ាងខ្លាំង។

ផ្ទាំងថ្មនៅសម័យនោះត្រូវបានរកឃើញ លើនោះពណ៌នាអំពីភពដែលវិលជុំវិញព្រះអាទិត្យ។ ពួកគេហាក់បីដូចជាយល់ពីចំនួនភព ទំហំ ពណ៌ និងសមាសភាពរបស់វា។ ទោះបីនោះជាសម័យកាលយូរណាស់​មក​ហើយ ទាំង​ដែល​មិន​ទាន់​មាន​តេឡេស្កុប រឹត​តែ​គ្មានរ៉ុក្កែត​ទៅ​ទៀត។

គេ​ក៏​ជឿ​ដែរ​ថា នៅពេលនោះជនជាតិ Sumer មាន​ចំណេះដឹង​ផ្នែក​វះកាត់ទៅហើយ។ ជាក់ស្តែងពួក​គេ​​ធ្លាប់​ធ្វើ​ការ​វះ​កាត់​​ខួរ​ក្បាល និង​​ជំងឺ​ភ្នែក​​ឡើង​​បាយ។

ទាក់ទងនឹងប្រព័ន្ធនយោបាយ ពួកគេមានរបបទ្វេភាគី ហើយថែមទាំងមានប្រព័ន្ធ​គណៈ​វិនិច្ឆ័យ​ក្នុង​តុលា​ការ​ផង​ដែរ។

តាមរយៈចំណុចទាំងនេះឃើញថា ជនជាតិ Sumer ​មានចំណេះដឹងជ្រៅជ្រះខាងវិស័យជាច្រើន។

ទំនាក់ទំនងដែលមិននឹកស្មានដល់ជាមួយនឹងជប៉ុន

ត្រឡប់ទៅរកភាពស្រដៀងគ្នារវាងភាសាជប៉ុន និងភាសា Sumer ។

បច្ចុប្បន្ននេះ ការសិក្សានៅ​មិន​ទាន់​ឈាន​ដល់​ការ​សន្និដ្ឋាន​ចុងក្រោយ​នោះទេ ប៉ុន្តែអ្នកប្រាជ្ញកាន់​តែ​ច្រើន​ឡើងៗ​កំពុង​ចង្អុល​បង្ហាញ​ពី​ភាព​ស្រដៀងគ្នា​រវាង​ភាសា​ទាំង​ពីរ។

ទោះជាយ៉ាងណា “ភាសាជប៉ុន” ដែលបានរៀបរាប់នៅទីនេះមិនមែនជាភាសាជប៉ុនសម័យនេះនោះទេ ប៉ុន្តែជាអក្សរដែលប្រើ​នៅ​សម័យ​ជប៉ុន​បុរាណ ដែល​គេ​ហៅ​ថា Jindai Moji ជា​ប្រព័ន្ធអក្សរ​​ដែល​​ធ្លាប់​​មាន​​នៅ​​ប្រទេស​​ជប៉ុន​​តាំង​​ពី​​សម័យ​​បុរាណ។

ភាពស្រដៀងគ្នាក្នុងទេវកថា និងជំនឿ

ប្រទេសជប៉ុនកាន់សាសនាស៊ីនតូ (Shinto) – ដែលជាសាសនាពហុទេវនិយម ដោយចាត់ទុកធម្មជាតិ​ជា​អាទិទេព។

ប្រសិនបើនៅជប៉ុនមុនសង្គ្រាមលោកលើកទី ២ ព្រះចៅអធិរាជត្រូវបានចាត់ទុកជាអាទិទេព ចំណែកឯ​នៅ Sumer ព្រះ​មហាក្សត្រ​ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ស្មើ​នឹង​អាទិទេព​ផង​ដែរ។

ប្រសិនបើក្នុងសាសនាស៊ីនតូជប៉ុនមាន (កំណប់ទ្រព្យពិសិដ្ឋទាំងបី) ចំណែកឯអរិយធម៌របស់ Sumer ក៏​មាន​ទស្សនៈ​ស្រដៀង​គ្នា​នេះ​ដែរ។

សរុបទៅតើជនជាតិ Sumer ជានរណា?

ប្រសិនបើយើងក្រឡេកទៅមើលលំហូរប្រវត្តិសាស្ត្រ អរិយធម៌របស់ Sumer គឺមិនធម្មតានោះទេ ឈាន​មុខ​សម័យ​កាល ហើយ​ការ​ដែល​ពួក​គេ​បាត់​ខ្លួន​កាន់​តែ​អាថ៌កំបាំង​ទៅ​ទៀត។

ពួកគេមានចំណេះដឹងលើសពីអ្វីដែលមនុស្សនៅសម័យនោះអាចធ្វើបាន បន្ទាប់មកបាត់ខ្លួនដោយ​មិន​បន្សល់​ទុក​គ្រោង​ឆ្អឹង​នោះ​ទេ ហើយ​​មាន​​ភាព​​ស្រដៀង​​គ្នា​​ដែល​​មិន​​អាច​ពន្យល់​​បាន​ជា​​មួយ​នឹង​​​​ប្រទេស​​​​ជប៉ុន​​​​បុរាណ…

ខ្ញុំឆ្ងល់ថា តើពួកគេអាចជាបុព្វបុរសរបស់ប្រជាជនជប៉ុនទាំងដែលមានចំណុចស្រដៀងគ្នាបែបនេះ​ដែរ​ទេ?

ទោះជាយ៉ាងណា ដោយសារតែមិនបានរកឃើញគ្រោងឆ្អឹងរបស់ប្រជាជន Sumer ដូច្នេះយើងមិនអាច​ធ្វើ​តេស្ត ឬ​បញ្ជាក់​ពី​ចំណុច​នេះ​បាន​ទេ។

ឬក៏ពួកគេមិនមែនជាមនុស្ស ប៉ុន្តែ​តាម​ពិត​ទៅ​ជា​កម្លាំង​អាថ៌កំបាំង​ដែល​មក​ពីភព​មួយ​ផ្សេងទៀត?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: