“ឈុតអាហារសម្រាប់កុមារ” – ក្ដីស្រឡាញ់ដែលបង្កប់ក្នុងឈុតអាហារសម្រាប់កុមារ
“ឈុតអាហារសម្រាប់កុមារ” – ក្ដីស្រឡាញ់ដែលបង្កប់ក្នុងឈុតអាហារសម្រាប់កុមារ។
មិនដឹងថានៅប្រទេសរបស់ប្រិយមិត្តទាំងអស់គ្នាមានភោជនីយដ្ឋាន ឬហាងលក់អាហារណាមួយដែលបម្រើម៉ឺនុយអាហារដោយឡែកសម្រាប់កុមារដែរទេ?
នៅប្រទេសជប៉ុន ភោជនីយដ្ឋានមួយចំនួនមានម៉ឺនុយអាហារសម្រាប់កុមារ។ នោះមិនត្រឹមតែជាឈុតអាហារដែលមានបរិមាណតិចជាងមនុស្សធំប៉ុណ្ណោះទេ ប៉ុន្តែមុខម្ហូបទាំងនេះមានលក្ខណៈពិសេសដោយឡែក។ យើងខ្ញុំហៅថា “Okosama lunch” – ឈុតអាហារសម្រាប់កុមារ។
ដើម្បីយល់កាន់តែច្បាស់អំពីគោលគំនិតនេះ ចូរយើងក្រឡេកមកមើលរូបភាពខាងក្រោម។
ឈុតអាហារតូចៗត្រូវបានរៀបចំដាក់នៅលើថាសដែលមានការរចនាគួរឲ្យស្រលាញ់ និងទាក់ទាញភ្នែក ដែលប្រមូលផ្តុំទៅដោយមុខម្ហូបដែលកុមារចូលចិត្ត។
Hamburger និងមុខម្ហូបស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងដោយឡែកសម្រាប់កុមារ មិនមែនកាត់ចេញពីចំណែកអាហាររបស់មនុស្សធំនោះទេ។
ថាសប្រើសម្រាប់ដាក់អាហារក៏មានការរចនាច្រើនប្រភេទផងដែរ ឧទាហរណ៍ក្មេងប្រុសច្រើនតែចូលចិត្តថាសដែលមានរាងរថភ្លើង យន្តហោះ ចំណែកឯថាសអាហារដែលមានពណ៌ផ្កាឈូក និងសត្វដែលគួរឲ្យស្រលាញ់គឺសម្រាប់ក្មេងស្រី។ អាស្រ័យលើភោជនីយដ្ឋាន ថែមទាំងមានជម្រើសផ្សេងៗគ្នាជាច្រើន។
ហើយកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺថាសអាហារដែលមានរូបរាងរថភ្លើង ថែមទាំងមានផ្សែងពណ៌សភាយចេញមើលទៅរស់រវើកដូចពិត។
តាមពិតទៅ នោះជាផ្សែងដែលចេញមកពីថ្មស្ងួត មិនមានគ្រោះថ្នាក់នោះទេ គ្រាន់តែដើម្បីធ្វើឲ្យកុមារចាប់អារម្មណ៍ចូលចិត្តប៉ុណ្ណោះ។
ជាទូទៅ នៅលើឈុតអាហារសម្រាប់កុមារនឹងដោតទង់ជាតិតូចមួយ ក្នុងករណីភ្ញៀវជាជនបរទេស ប្រសិនបើដឹងថាភ្ញៀវមកពីប្រទេសណា កន្លែងខ្លះថែមទាំងដាក់ទង់ជាតិស្របតាមប្រទេសរបស់ភ្ញៀវផងដែរ។
ត្រូវបានបង្កើតឡើងក្នុងសម័យកាលដែលលំបាកបំផុត
ឈុតអាហារសម្រាប់កុមារត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៣០ នៅភោជនីយដ្ឋានមួយក្នុងផ្សារទំនើប Mitsukoshi នៅ Nihonbashi ទីក្រុងតូក្យូ។
គំនិតនេះត្រូវបានស្នើឡើងដោយលោក Ando Taro ដែលជាអ្នកគ្រប់គ្រងភោជនីយដ្ឋាននៅពេលនោះ។
នោះជាអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោក នៅពេលដែលប្រទេសជប៉ុន និងពិភពលោកកំពុងស្ថិតនៅក្នុងបរិយាកាសអាប់អួរ។
ក្នុងស្ថានភាពនោះ លោក Ando មានបំណងប្រាថ្នាយ៉ាងសាមញ្ញមួយ ប៉ុន្តែល្អមានន័យ ដោយសង្ឃឹមថាកុមារអាចញញឹមជានិច្ច មិនថាពិភពលោកខាងក្រៅលំបាកយ៉ាងណានោះទេ។ ដូច្នេះហើយ ឈុតអាហារសម្រាប់កុមារត្រូវបានបង្កើតឡើងដោយផ្អែកលើគំនិតនោះ។
ប្រហែលជានៅពេលនោះ មានកុមារជាច្រើនមានអារម្មណ៍សប្បាយរីករាយ និងរំភើបយ៉ាងខ្លាំងដែលបានទៅកាន់ភោជនីយដ្ឋានដើម្បីបរិភោគឈុតអាហារដ៏ពិសេសនោះ។
សព្វថ្ងៃនេះ ឈុតអាហារទាំងនេះបានក្លាយជាទម្លាប់សម្រាប់កុមារជប៉ុនទៅហើយ ប៉ុន្តែនៅប្រទេសជាច្រើនផ្សេងទៀត ចំណុចនេះនៅតែបង្កើតបានជាអារម្មណ៍រំភើបសម្រាប់កុមារ។
តារាសម្តែងប្រុស Chris Hemsworth (Thor ក្នុងរឿង Avengers) បានប្រទះឃើញឈុតអាហារសម្រាប់កុមារក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជាមួយកូនៗរបស់គាត់។
នៅពេលដែលអាហារត្រូវបានលើកឡើង ក្មេងៗមានអារម្មណ៍រំភើបយ៉ាងខ្លាំង។
បន្ទាប់ពីត្រឡប់ទៅប្រទេសវិញ កូនៗរបស់គាត់នៅតែបន្តសុំហូបឈុតអាហារទាំងនោះ។ ឃើញដូច្នោះ លោក Chris Hemsworth បានចូលផ្ទះបាយដើម្បីធ្វើដោយខ្លួនឯង… ប៉ុន្តែក្មេងៗមានអារម្មណ៍ខកចិត្ត ហើយនិយាយថាមិនដូចនឹងអ្វីដែលពួកគេបានបរិភោគនៅជប៉ុននោះទេ។
មិនត្រឹមតែជាអាហារមួយពេលប៉ុណ្ណោះទេ ឈុតអាហារសម្រាប់កុមារថែមទាំងបង្ហាញពីសារដ៏មានអត្ថន័យ និងជ្រាលជ្រៅផងដែរ៖ “មិនមែនព្រោះតែឈុតអាហារសម្រាប់កុមារ ហើយអាចធ្វើតាមចិត្តនោះទេ ចូរចម្អិនដោយក្តីស្រលាញ់ និងបំណងប្រាថ្នាចង់ឃើញស្នាមញញឹមរបស់កុមារ!” ។
អត្តន័យទាំងនោះមិនត្រឹមតែស្ថិតក្នុងបេះដូងរបស់ប្រជាជនជប៉ុនប៉ុណ្ណោះទេ ថែមទាំងត្រូវបានផ្សព្វផ្សាយនៅទូទាំងពិភពលោក។
កុមារមិនអាចចេញទៅក្រៅបរិភោគម្នាក់ឯងដោយគ្មានមនុស្សធំទៅជាមួយនោះទេ។ ទៅជាមួយប្អូនៗភាគច្រើនជាឪពុកម្តាយ ឬសាច់ញាតិ។ ភាគច្រើនកន្លែងទៅសម្រេចលើមនុស្សធំ ប៉ុន្តែប្រសិនបើកុមារនិយាយពីមុខម្ហូប ឬកន្លែងដែលប្អូនៗចង់ទៅ មនុស្សធំប្រាកដជាផ្តល់អាទិភាពដល់ប្អូនៗ។
កុមារប្រហែលជាមិនបរិភោគច្រើននោះទេ ប៉ុន្តែនៅពេលដែលមនុស្សធំកុម្ម៉ង់ម្ហូប ប្រាក់ចំណូលនឹងកើនឡើងតាមនោះ។ ដូច្នេះ ទោះបីជាត្រូវចំណាយកម្លាំងយ៉ាងច្រើនដើម្បីចម្អិនឈុតអាហារទាំងនោះសម្រាប់កុមារ តម្លៃលក់នៅតែរក្សាដដែល សមស្របនឹងបរិមាណអាហារ។
អាចនិយាយបានថា ឈុតអាហារសម្រាប់កុមារមិនត្រឹមតែជាក្តីស្រមៃសម្រាប់កុមារប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រអាជីវកម្មដ៏ប៉ិនប្រសប់ និងមានប្រសិទ្ធភាពផងដែរ។
ទោះបីជាមិនមែនគ្រប់ភោជនីយដ្ឋាន ឬហាងលក់អាហារទាំងអស់មានលក់ឈុតអាហារសមស្របនោះទេ ភាគច្រើនធ្វើឲ្យតែមានប៉ុណ្ណោះ។ ប៉ុន្តែនៅកន្លែងមួយចំនួន យើងនៅតែអាចរកឃើញឈុតអាហារដែលបង្កប់ទៅដោយទឹកចិត្ត និងក្តីស្រលាញ់ចំពោះកុមារ។
សូមនាំកូនៗរបស់លោកអ្នកទៅលេងកម្សាន្តនៅប្រទេសជប៉ុន ដើម្បីឲ្យពួកគេអាចទទួលបានបទពិសោធន៍ ក្តីស្រលាញ់ និងមានសុភមង្គលកាន់តែច្រើន។
Abe Kengo


