“ការប្រណាំងកៅអី” – កីឡាដែលពិសេសប្លែកនៅប្រទេសជប៉ុន
“ការប្រណាំងកៅអី” – កីឡាដែលពិសេសប្លែកនៅប្រទេសជប៉ុន។
ប្រជាជនជប៉ុនតែងតែទទួលបានការវាយតម្លៃថាមានភាពម៉ឺងម៉ាត់ ម្យ៉ាងវិញទៀត ពួកគេពិតជាម៉ឺងម៉ាត់ទាំងដែលរឿងនោះមិនសំខាន់ក៏ដោយ។
ប៉ុន្មានឆ្នាំថ្មីៗនេះ នៅប្រទេសជប៉ុនបានបង្កើតកីឡាថ្មីមួយ គឺជាការប្រណាំងកៅអីដែលមានឈ្មោះថា “Isu – 1 Grand Prix” (អក្សរកាត់គឺ Isu-1 GP) ដែលអាចបកប្រែជាភាសាខ្មែរថា “ការប្រណាំងកៅអីការិយាល័យ Grand Prix” ។
ស្តាប់ទៅគួរឲ្យអស់សំណើច ប៉ុន្តែសកម្មភាពម៉ឺងម៉ាត់របស់អ្នកដែលចូលរួមការប្រណាំងដ៏ពិសេសនេះបានបង្កើតឲ្យមានសំណើចយ៉ាងខ្លាំងនៅបរទេស ហើយឥឡូវនេះ កីឡានេះកំពុងត្រូវបានផ្សព្វផ្សាយនៅទូទាំងពិភពលោក។
នេះជាប្រភេទកីឡាថ្មីដែលអ្នកណាក៏អាចសាកល្បងបានយ៉ាងងាយស្រួល រួមទាំងអ្នកទាំងអស់គ្នាផងដែរ ជាប្រិយមិត្តដែលកំពុងតាមដានអត្តបទនេះ។
កីឡា Isu-1 GP ត្រូវបានបង្កើតឡើងនៅតំបន់ផ្លូវដើរទិញអីវ៉ាន់តូចមួយនៅ Kyoto ។
អ្នកដែលចូលរួមនឹងអង្គុយនៅលើកៅអីផ្អែក – ជាប្រភេទកៅអីដែលយើងតែងតែមើលឃើញនៅការិយាល័យ – ហើយផ្លាស់ទីជុំវិញតំបន់នោះរយៈពេល ២ ម៉ោង។
អ្នកដែលផ្លាស់ទីបានច្រើនជុំជាងគេនឹងក្លាយជាអ្នកឈ្នះ។
របៀបលេងមានលក្ខណៈសាមញ្ញ ប៉ុន្តែឧបសគ្គមិនងាយស្រួលនោះទេ។ មិនត្រឹមតែមនុស្សហត់នឿយប៉ុណ្ណោះទេ សូម្បីតែកៅអីក៏ត្រូវប្រកួតពីកម្រិតធន់ដែលមិនធ្លាប់មានពីមុនមកផងដែរ។ កៅអីទាំងនេះមិនត្រូវបានរចនាឡើងសម្រាប់ផ្លាស់ទីនៅតាមផ្លូវកៅស៊ូរយៈពេល ២ ម៉ោងនោះទេ ថែមទាំងត្រូវ “ទ្រ” ទម្ងន់របស់អ្នកដែលអង្គុយពីលើទៀត។
ចំណុចលម្អិតទាក់ទងនឹងវិន័យនៅពេលដែលចូលរួមការប្រណាំងកៅអីខាងក្រោម។
– ត្រូវតែប្រើកៅអីមានផ្អែកដែលមានលក់នៅលើទីផ្សារ
– ការជួសជុល បន្ថែម ឬបន្ថយគ្រឿងបន្លាស់គ្រប់ប្រភេទត្រូវបានហាមឃាត់
– ប្រកួតប្រជែងជាក្រុមចំនួន ៣ នាក់
– ត្រូវតែមានមួកសុវត្ថិភាព ស្រោមដៃ ទ្រនាប់ការពារកែងដៃ និងជង្គង់
ទាំងនេះជាវិន័យដែលត្រូវបានកំណត់ អាចនិយាយបានថា មនុស្សគ្រប់គ្នាសុទ្ធតែអាចចូលរួមបាន។
ដូចដែលអ្នកបានដឹងហើយថា កង់របស់កៅអីការិយាល័យត្រូវបានធ្វើពីជ័ររឹង វាមិនដូចជាកង់កៅស៊ូរបស់យានយន្តនោះទេ។ ដូច្នេះហើយ នៅពេលដែលរំកិលលើផ្លូវកៅស៊ូ បានបង្កឲ្យមានសំឡេងរំខានដោយចៃដន្យ។
ទោះជាយ៉ាងណា សំឡេងរំខានទាំងនោះនៅតែមិនអាចឈ្នះសំឡេងហូរកញ្ចៀវរបស់ទស្សនិកជនឡើយ។
ហើយអ្វីដែលពិសេសបំផុតគឺ ជនជាតិជប៉ុនទាំងអស់ដែលបានចូលរួមក្នុងការប្រកួតប្រជែងសុទ្ធតែបង្ហាញពីភាពម៉ឹងម៉ាត់។
ក្រុមដែលមកពីក្រុមហ៊ុនជប៉ុនក៏បានចូលរួមក្នុងការប្រកួតផងដែរ។ ក្នុងចំណោមនោះមានក្រុម KOKUYO – ជាក្រុមហ៊ុនល្បីខាងផ្នែកផលិតតុកៅអីការិយាល័យ។
ក្រុមប្រកួតដែលមានកៅអីធន់ មិនបាក់ហាក់បីដូចជាអាចទទួលបានជ័យជំនះ។ នេះជាឳកាសដ៏ល្អមួយសម្រាប់បង្ហាញពីគុណភាពនៃកៅអីដែលក្រុមហ៊ុនរបស់ខ្លួនផលិត ដូច្នេះពួកគេបានខំប្រឹងប្រែងចូលរួមប្រកួត។ នោះក៏ជាមូលហេតុដែលក្រុមហ៊ុនផលិតរថយន្ត និងសំបកកង់ចូលរួមក្នុងការប្រណាំងដូចជា F1 ដើម្បីបញ្ជាក់ពីបច្ចេកវិទ្យារបស់ពួកគេ។
មែនហើយ… សម្រាប់ពួកគេ នេះជាការប្រកួតដែលពួកគេមិនអាចចាញ់បានទេ។
KOKUYO ថែមទាំងបានបង្កើតគេហទំព័រពិសេសនៅលើបណ្តាញសង្គមសម្រាប់អ្នកចូលរួមការប្រណាំងកៅអី។ ខ្លឹមសារថែមទាំងមានការណែនាំអំពីរបៀបជ្រើសរើសកៅអី របៀបប្តូរកង់ដែលខូចអំឡុងពេលហ្វឹកហាត់ និងស្រាវជ្រាវដើម្បីដឹងថាកៅអីមួយណាខ្លាំងបំផុត ដែលត្រៀមសម្រាប់ចូលរួមការប្រណាំង។
ហើយនៅឆ្នាំ ២០១៩ ក្រុម KOKUYO បានក្លាយជាជើងឯកពិភពលោកខាងផ្នែកកីឡានេះ។ ស្មារតីដ៏ម៉ឺងម៉ាត់នៅក្នុងការប្រណាំងដ៏គួរឲ្យអស់សំណើច នៅទីបំផុតបាននាំមកនូវជ័យជម្នះដ៏អស្ចារ្យ។ ហើយគ្រប់គ្នាហៅពួកគេថា “មនុស្សល្ងង់ដ៏គួរឲ្យស្រលាញ់” ។
ដោយផ្តើមចេញពីតំបន់តូចមួយ ការប្រណាំងនេះត្រូវបានពង្រីកបន្ថែម និងប្រារព្ធធ្វើឡើងនៅទូទាំងប្រទេសជប៉ុន។ បន្ទាប់ពីបានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ការប្រណាំងនេះក៏បានចាប់ផ្តើមធ្វើឡើងនៅបរទេសផងដែរ។ ជាក់ស្តែងត្រូវបានប្រារព្ធឡើងនៅតៃវ៉ាន់ក្នុងឆ្នាំ ២០១៧ ។ ហើយថ្មីៗនេះ បានបន្តប្រារព្ធឡើងនៅតៃវ៉ាន់ ម៉ាឡេស៊ី និងសិង្ហបុរី។
ប្រហែលជាឆាប់ៗនេះការប្រណាំងដ៏គួរចាប់អារម្មណ៍នេះនឹងបង្ហាញខ្លួននៅទីក្រុងដែលអ្នកទាំងអស់គ្នាកំពុងរស់នៅ។ ជាការប្រណាំងដែលមានថវិកាទាប ប៉ុន្តែធានាបាននូវបរិយាកាសអ៊ូអរ។
JORA (សមាគមប្រណាំងកៅអីការិយាល័យជប៉ុន) ដែលជាអង្គភាពរៀបចំការប្រណាំងនេះអាចនឹងជួយបាន ដូច្នេះប្រសិនបើអ្នកចាប់អារម្មណ៍អាចទំនាក់ទំនងតំណភ្ជាប់ខាងក្រោម៖
ប្រសិនបើអ្នកចូលរួម និងចាប់អារម្មណ៍កាន់តែច្រើនឡើង ប្រហែលជានៅថ្ងៃណាមួយ “ការប្រណាំងកៅអី” អាចនឹងត្រូវបានដាក់បន្ថែមក្នុងបញ្ជីព្រឹត្តិការណ៍អូឡាំពិក។ ប្រាកដជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។
សង្ឃឹមថាដូច្នេះទៅចុះ ប៉ុន្តែប្រហែលជាមិនអាចនោះទេ។
Abe Kengo
