“អាវ​មាន​ខ្យល់​​ត្រជាក់” ការ​ពារ​កម្មករ​ពី​អាកាស​ធាតុ​ក្តៅ ​​និង​បញ្ហា​ទំនិញ​ក្លែង​ក្លាយ​បច្ចុប្បន្ន

“អាវមានខ្យល់​ត្រជាក់” ការ​ពារ​កម្មករ​ពី​អាកាស​ធាតុ​ក្តៅ ​​និង​បញ្ហា​ទំនិញ​ក្លែង​ក្លាយ​បច្ចុប្បន្ន។

តើអ្នកទាំងអស់គ្នាធ្លាប់ពាក់ ឬ​ឮអំពីអាវដែលមានម៉ាសុីនត្រជាក់ដែរទេ?

នេះជាប្រភេទអាវសម្រាប់អ្នកដែលធ្វើការក្រោមអាកាសធាតុក្តៅដូចជាការដ្ឋានសំណង់ រោងចក្រ​ជាដើម ដែលពួកគេតែងតែពាក់។ នៅខាងក្នុងអាវមានកង្ហារសម្រាប់ផ្លុំខ្យល់ ដែលជួយឲ្យរាង​កាយ​ត្រជាក់។

ធ្លាប់ជាផលិតផលដែលពេញនិយមនៅទូទាំងពិភពលោក យ៉ាងណាមិញ ថ្មីៗនេះ សម្លៀកបំពាក់ប្រភេទនេះបែរជាជាប់ពាក់ព័ន្ធនឹងមតិអវិជ្ជមានជាច្រើនដូចជាថ្មបង្កករណីផ្ទុះ ពាក់តែមិនត្រជាក់​ដូច​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​ជា​ដើម។ ដើម្បីឆ្លើយតបទៅនឹងការជជែកវែកញែកនោះ អ្នកកាសែតម្នាក់ដែលមកពី BBC របស់អង់គ្លេសបានស៊ើបអង្កេត និងរកឃើញរឿងជាច្រើនដែលធ្វើឲ្យពិភពលោកត្រូវពិចារណាឡើងវិញចំពោះអាជីវកម្មជប៉ុន។

ចូរយើងតាមដានរឿងរ៉ាវទាំងមូលតាមរយៈខ្លឹមសារអត្តបទខាងក្រោមទាំងអស់គ្នា។

នៅប្រទេសអង់គ្លេស អាវមានខ្យល់ត្រជាក់បានក្លាយជាប្រធានបទដែលទាក់ទាញការចាប់អារម្មណ៍​​យ៉ាង​ខ្លាំង។ អ្នកយកព័ត៌មានម្នាក់បន្ទាប់ពីកត់សម្គាល់ឃើញមានការជជែកវែកញែកជាច្រើន​ទាក់​ទងនឹងផលិតផលនេះ បានចាប់ផ្តើមស្វែងយល់។

នៅពេលដែលស្វែងរកប្រភព គាត់ប្រទះឃើញថា នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន​ចិន​ធំ​មួយបានសរសេរថា ពួកគេ​ជា “អ្នកបង្កើតដំបូង” នៃផលិតផលនេះ។

គាត់បានសម្រេចចិត្តទិញម៉ូដែលថ្មី និងទំនើបបំផុតរបស់ក្រុមហ៊ុននេះ បន្ទាប់មក​បាន​ពិសោធន៍​​ដោយ​ខ្លួន​ឯង​នៅទីក្រុងឡុងដ៍ក្រោមអាកាសធាតុ ៣៥ អង្សា។

លទ្ធផលនៅតែមានខ្យល់បក់ក្នុងអាវ ប៉ុន្តែគ្រាន់តែជាខ្យល់ដែលក្តៅប៉ុណ្ណោះ ដែលធ្វើឲ្យគាត់មានអារម្មណ៍​​កាន់​​តែ​​ក្តៅ​​ជាង​​មុន។

យ៉ាងណាមិញ គាត់នៅតែព្យាយាមទ្រាំ ហើយបន្តដើរទៅមុខ… រហូតដល់ពេលដែលអ្នកដើរឆ្លងកាត់បានស្រែកហៅគាត់ដោយភ័យស្លន់ស្លោ នៅពេលដែលបានឃើញមានផ្សែងពណ៌សភាយចេញ​​ពី​​អាវ​​ដែល​គាត់​កំពុង​ស្លៀក។

គាត់ប្រញាប់ដោះចេញ ហើយនៅពេលនោះ ថ្មនៅខាងក្នុងអាវបានផ្ទុះឡើង។

ក្រោយហេតុការណ៍ទាំងនេះ គាត់បន្តប្រមូលព័ត៌មាននៅលើអុីនធឺណេត និងបានរកឃើញថាអាវខ្យល់ត្រជាក់ប្រភេទនេះត្រូវបានបង្កើតឡើងដំបូងដោយក្រុមហ៊ុនជប៉ុន។ បន្ទាប់ពីទទួលបានព័ត៌មាន​​នេះ គាត់បានរៀបចំកាលវិភាគ ហើយហោះទៅកាន់ប្រទេសជប៉ុន។

ឈ្មោះទីកន្លែងដែលគាត់បានទៅដល់ក៏​ជា​ឈ្មោះ​ផលិតផល​ផងដែរ ដែល​ជា​ឈ្មោះ​ផ្ទាល់របស់ផលិត​ផល៖ Kucho-Fuku (ក្រុមហ៊ុន​អាវ​ខ្យល់​ត្រជាក់) ។

គាត់បានធ្វើបទសម្ភាសន៍ជាមួយលោក Ichigaya – ដែលជាប្រធានក្រុមហ៊ុន និងជាអ្នកអភិវឌ្ឍន៍​​ផលិត​​ផល​អាវ​មានខ្យល់​ត្រជាក់​នេះ​ផងដែរ។

លោក Ichigaya បានចែករំលែកថា លោកជាមនុស្សដំបូងគេនៅលើពិភពលោកដែលបានបង្កើតសម្លៀកបំពាក់ប្រភេទនេះ ហើយក៏បានចុះបញ្ជីប៉ាតង់ជាយូរមកហើយ ប៉ុន្តែ​ផលិតផល​ក្លែងក្លាយមកពីប្រទេស​ចិន​នៅ​តែហូរចូលទីផ្សារយ៉ាងច្រើន។

លោកក៏បាននិយាយផងដែរថា លោកទទួលបានមតិយោបល់ជាច្រើននិយាយថា ផលិតផលដំណើរ​​ការ​គ្មាន​ប្រសិទ្ធភាព ឬបង្កករណីផ្ទុះឆេះ ហើយរបាយការណ៍ទាំងអស់នោះត្រូវបានរក្សាទុក។

យោងតាមសម្តីរបស់លោក ហេតុការណ៍ទាំងអស់សុទ្ធតែទាក់ទងនឹងទំនិញក្លែងក្លាយ ហើយ​មិនមាន​ករណី​​ណា​​មួយ​ដែល​បណ្តាល​មក​​ពី​​ផលិត​​ផល​​ពិត​​នៃ​ក្រុម​ហ៊ុន​របស់​លោក​នោះ​ទេ។

យើងទាំងអស់គ្នាសុទ្ធតែដឹងថា ថ្មអាចនឹងបង្កករណីផ្ទុះ ប៉ុន្តែថ្មដែលក្រុមហ៊ុននេះប្រើសុទ្ធតែត្រូវបានត្រួតពិនិត្យយ៉ាងច្បាស់លាស់មុនពេលចេញលក់ផលិតផលទៅកាន់ទីផ្សារ ដូច្នេះបើតាមរបាយ​ការណ៍​អត្រាថ្មដែលផលិតចេញពីក្រុមហ៊ុនពិតបង្កគ្រោះថ្នាក់ស្មើនឹង ០% ។

ទាក់ទងនឹងមុខងារធ្វើឲ្យត្រជាក់ អ្នកយកព័ត៌មាន BBC ក៏បានសាកល្បងផលិតផលពិតនៅប្រទេស​ជប៉ុន ហើយបានបញ្ជាក់ថាវាត្រជាក់យ៉ាងច្បាស់ណាស់ ខុសគ្នាទាំងស្រុងនឹងផលិតផលដែល​បាន​សាក​ល្បង​មុន​នោះ។

លោក Ichigaya មានប្រសាសន៍ថា ការផលិត​អាវ​ដែល​មាន​ខ្យល់​​ត្រជាក់ គឺ​ដើម្បី​ការ​ពារ​អាយុជីវិត​របស់កម្មករនៅពេលដែលត្រូវធ្វើការក្រោមលក្ខខណ្ឌពិបាក។ ដូច្នេះហើយ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរបស់លោកមិនប្រើគ្រឿងបន្លាស់ថោកគ្រាន់តែដើម្បីកាត់បន្ថយតម្លៃដើមនោះទេ។

លោកក៏បាននិយាយផងដែរថា មិនមែនឲ្យតែមានខ្យល់ឆ្លងកាត់អាវគឺត្រជាក់នោះទេ។ ប្រសិន​បើ​មិន​រចនា​ឲ្យ​ត្រូវ​នឹង​ចរន្ត​ខ្យល់ រាង​កាយ​នឹង​មិន​មាន​អារម្មណ៍​ត្រជាក់​នោះទេ។ ដោយ​សារ​ការគិត​​គូរ​​ពី​​ការ​​រចនា និងមានភាពហ្មត់ចត់គ្រប់ចំណុចទាំងនេះហើយ ដែលបង្កើតបានជាភាពខុស​គ្នា​ធំ​បំផុត​រវាង​អាវពិត និង​អាវ​ក្លែង​ក្លាយ។

មុនពេលបង្កើតក្រុមហ៊ុន លោក Ichigaya ធ្លាប់ធ្វើការនៅ SONY ។ គំនិតដែលទាក់ទងនឹងអាវខ្យល់​ត្រជាក់​មាន​ជា​ច្រើន​ឆ្នាំ​មកហើយតាមរយៈការពិសោធន៍រាប់មិនអស់។ ដំបូងឡើយ លោក​ថែម​ទាំង​គិត​ដល់​គំនិត ប្រើ​ចំហាយ​ទឹក​ដើម្បី​ធ្វើ​ឲ្យ​ត្រជាក់។

នៅពេលដែលក្រុមហ៊ុនបានដាក់ចេញគំរូអាវដំបូង មនុស្សជាច្រើនចំអកថាស្លៀកទៅដូចជា (ធំសំពីងសំពោងដូចប៉េងប៉ោង) ហើយគ្មាននរណាម្នាក់ជឿថាផលិតផលនេះនឹងទទួលបានជោគ​ជ័យ​នោះ​ទេ។ ដោយប្រឈមនឹងការចំអកពីមនុស្សនៅជុំវិញ លោកនៅតែព្យាយាមបញ្ចុះបញ្ចូល​មនុស្ស​ម្នាក់ៗឲ្យសាកល្បងស្លៀក។ ហើយដោយសារតែការតស៊ូទាំងនោះទើប​បង្កើត​បាន​ជាផលិត​ផល​ដ៏​លេច​ធ្លោ​ជា​សកល​ដូច​សព្វថ្ងៃនេះ។

តម្លៃនៃផលិតផលពិត – មិនអាចមានវត្ថុក្លែងក្លាយណាមួយចម្លងបាននោះទេ។ នោះជាការពិត ដែលមិនត្រឹមតែអាវមានខ្យល់​ត្រជាក់ប៉ុណ្ណោះទេ រួមទាំងផលិតផលជាច្រើនទៀតផងដែរ។

ដូច្នេះហើយ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាពេលជ្រើសរើសផលិតផលកុំព្រោះតែតម្លៃថោក ឬរូបរាងខាង​ក្រៅ ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ត្រូវ​បោក​បញ្ឆោត​ដោយ​សារ​ផលិត​ផល​ក្លែង​ក្លាយ​។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: