ទំនាក់ទំនងដ៏អាថ៌កំបាំងរវាងសាមូរ៉ៃ និងឧស្សាហកម្មគំរូប្លាស្ទិក
ទំនាក់ទំនងដ៏អាថ៌កំបាំងរវាងសាមូរ៉ៃ និងឧស្សាហកម្មគំរូប្លាស្ទិក។
សព្វថ្ងៃនេះ ម៉ូដែលប្លាស្ទិកជាច្រើនត្រូវបានផលិត និងលក់នៅលើទីផ្សារ ជាមួយនឹងការរចនាជាច្រើនប្រភេទ ដូចជារថក្រោះ យន្តហោះ មនុស្សយន្តជាដើម។
មានក្រុមហ៊ុនផលិតម៉ូដែលជាច្រើននៅលើពិភពលោក ទោះជាយ៉ាងណា ផលិតផលដែលផលិតនៅប្រទេសជប៉ុននៅតែល្បីដោយសារបច្ចេកវិទ្យា និងគុណភាពខ្ពស់។
ប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ក្រុមហ៊ុនល្បីៗដូចជា BANDAI, TAMIYA, Hasegawa, ឬ AOSHIMA ប៉ុន្តែមានចំណុចដ៏គួរឲ្យចាប់អារម្មណ៍មួយដែលខ្ញុំមិនប្រាកដថាអ្នកទាំងអស់គ្នាដឹងនោះទេ ពោលគឺក្រុមហ៊ុនធំៗទាំងអស់នេះសុទ្ធតែប្រមូលផ្តុំនៅខេត្ត Shizuoka ។
អ្នកទាំងអស់គ្នាប្រហែលជាគិតថា៖ “គ្រាន់តែជាការកែច្នៃផ្លាស្ទិក ធ្វើនៅទីណាក៏បាន” ។
ទោះជាយ៉ាងណា ក្រុមហ៊ុនជាច្រើនបែរជាប្រមូលផ្តុំគ្នានៅ Shizuoka គឺជាចំណុចដែលចម្លែកណាស់។ ប្រហែលជាមូលហេតុដែលប្រមូលផ្តុំនៅទីនេះផ្តើមចេញពីទំនៀមទម្លាប់ប្រពៃណីដ៏យូរអង្វែងតាំងពីសម័យសាមូរ៉ៃ និងបានបង្កើតជារូបរាងឧស្សាហកម្មគំរូប្លាស្ទិកបច្ចុប្បន្ន។
នោះគឺជាទំនាក់ទំនងដ៏អស្ចារ្យរវាងសាមូរ៉ៃ និងម៉ូដែលប្លាស្ទិក (plamodel) ។ ចូរយើងស្វែងយល់អំពីរឿងរ៉ាវអាថ៌កំបាំងនៅពីក្រោយក្នុងខ្លឹមសារអត្តបទខាងក្រោម។
មានប្រភពតាំងពីសម័យ Edo – សម័យកាលចុងក្រោយរបស់សាមូរ៉ៃ
នៅពេលនោះនាំមុខវណ្ណៈសាមូរ៉ៃគឺត្រកូល Tokugawa ។
ហើយគោលនយោបាយរបស់ Tokugawa Ieyasu – ដែលជាលោកមេទ័ពដំបូងនៃគ្រួសារ Tokugawa – បានជះឥទ្ធិពលដោយផ្ទាល់ទៅលើឧស្សាហកម្មគំរូប្លាស្ទិកសព្វថ្ងៃនេះ។
បន្ទាប់ពីបង្រួបបង្រួមប្រទេសជប៉ុន និងបង្កើតសម័យកាលសន្តិភាព Ieyasu បានចាប់ផ្តើមជួសជុលប្រាសាទ វត្តអារាម និងទីសក្ការៈបូជាឡើងវិញ។ បើតាមភាសាសព្វថ្ងៃ នេះជាដំណើរការជួសជុល និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
កាលពីក្មេង Ieyasu រស់នៅ Sunpu (សព្វថ្ងៃជាខេត្ត Shizuoka) ដូច្នេះលោកចូលចិត្តតំបន់នេះជាពិសេស ហើយបានជ្រើសយកកន្លែងនេះធ្វើចំណុចកណ្តាលសម្រាប់សាងសង់។
គាត់បានកោះហៅសិប្បករដែលពូកែបំផុតនៅទូទាំងប្រទេសជប៉ុនដើម្បីទៅកាន់ Sunpu អនុញ្ញាតឲ្យពួកគេរស់នៅទីនេះ ហើយបន្ទាប់មកបញ្ជាឲ្យពួកគេទៅកាន់តំបន់នីមួយៗដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
ដោយផ្អែកលើគោលនយោបាយនោះ មានសិប្បករឈើជាច្រើន (ដែលមានជំនាញខាងផ្នែកឈើ) បានប្រមូលផ្តុំគ្នានៅ Sunpu ធ្វើឲ្យទីនេះក្លាយជាមជ្ឈមណ្ឌលបច្ចេកទេសឈានមុខគេនៅជប៉ុន។
នៅទីនេះសិប្បកម្មឈើមានដូចជាប្រដាប់ក្មេងលេង និងគំរូឈើតូចៗក៏ធ្លាប់ល្បីឈ្មោះយ៉ាងខ្លាំងផងដែរ។
ពីគំរូឈើរហូតដល់គំរូផ្លាស្ទិក – បច្ចេកទេសត្រូវបានបន្តជាច្រើនសតវត្សមកហើយ
ដោយឆ្លងកាត់រយៈពេលរាប់រយឆ្នាំមកហើយ គុណសម្បត្តិនៃសិប្បកម្មនេះមិនបានបាត់បង់នោះទេ ប៉ុន្តែផ្ទុយទៅវិញ ថែមទាំងបានអភិវឌ្ឍយ៉ាងខ្លាំងទោះបីជាវត្ថុធាតុដើមបានផ្លាស់ប្តូរក៏ដោយ។
នៅពេលដែលវត្ថុធាតុដើមត្រូវបានផ្លាស់ប្តូរពីឈើទៅជាផ្លាស្ទិក យូរៗទៅគំរូឈើកាលពីមុនបានក្លាយជាគំរូផ្លាស្ទិក (plamodel) ។
ក្រៅពីនេះ ទីតាំងភូមិសាស្ត្ររបស់ Shizuoka ស្ថិតនៅលើផ្លូវ Tokaido ដែលតភ្ជាប់ទីក្រុងតូក្យូ និងអូសាកា – ដែលជាទីក្រុងធំទាំងពីរនាពេលនោះ – ថែមទាំងដើរតួនាទីយ៉ាងសំខាន់ខាងផ្នែកដឹកជញ្ជូន និងចែកចាយផលិតផលផងដែរ។
រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀតនៅតំបន់ Shizuoka
នៅពេលដែលនិយាយពីម្ហូបដ៏ពិសេសនៅ Shizuoka មនុស្សគ្រប់គ្នាសុទ្ធតែស្គាល់តែបៃតង។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍ ឧស្សាហកម្មតែនៅទីនេះត្រូវបានបង្កើតឡើងប្រៀបបីដូចជាដំណោះស្រាយសម្រាប់បញ្ហាគ្មានការងារ។
នៅពេលដែលសម័យកាលសាមូរ៉ៃបានបញ្ចប់ ហើយប្រទេសជប៉ុនឈានចូលសម័យកាលទំនើបកម្ម មនុស្សជាច្រើននៃត្រកូល Tokugawa ត្រឡប់ទៅរស់នៅ Sunpu វិញ ប៉ុន្តែបែរជាគ្មានការងារធ្វើ។
ដូច្នេះហើយ ដើម្បីបង្កើតការងារធ្វើ ពួកគេបានចាប់ផ្តើមដាំតែ ហើយនោះជាប្រភពដើមនៃតែ Shizuoka ដែលល្បីនាពេលបច្ចុប្បន្ន។
ទំនាក់ទំនងរវាងសាមូរ៉ៃ និងគំរូប្លាស្ទិកទំនើប
ប្រសិនបើគិតថា សិប្បករដែលត្រូវបានសាមូរ៉ៃប្រមូលផ្តុំនៅសម័យនោះបានបន្តពង្រឹងជំនាញ ហើយផ្ទេរទៅឲ្យមនុស្សជំនាន់ក្រោយ រហូតមកដល់សព្វថ្ងៃបង្កើតបានជាគំរូផ្លាស្ទិកជប៉ុនដែលមានគុណភាពខ្ពស់នៅលើពិភពលោក ចំណុចនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ មែនទេអ្នកទាំងអស់គ្នា?
លើកក្រោយ នៅពេលដែលអ្នកផ្គុំគំរូម៉ូដែល Gundam ឬគំរូម៉ូដែលប្លាស្ទិកដែលអ្នកចូលចិត្ត សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចងចាំសាមូរ៉ៃ និងសិប្បករបុរាណ។ ជាអ្នកដែលបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការផលិតគំរូម៉ូដែលបច្ចុប្បន្ន ដែលនាំមកនូវភាពរីករាយដល់អ្នកទាំងអស់គ្នានាពេលនេះ។
Abe Kengo
