តើប្រភេទតែ​ជប៉ុន​អ្វី​ដែល​នឹង​នាំ​មុខ​គេ​នៅ​ពេល​ខាង​មុខ?

តើប្រភេទតែជប៉ុនអ្វីដែលនឹងនាំមុខគេនៅពេលខាងមុខ?

នៅពេលដែលនិយាយពីតែជប៉ុន មនុស្សជាច្រើនប្រហែលជាគិតភ្លាមដល់ម៉ាត់ឆា (តែបៃតងកិនម៉ត់) ។ ទោះជាយ៉ាងណា តែជប៉ុនមានច្រើនប្រភេទខុសៗគ្នា ហើយម៉ាត់ឆាគ្រាន់តែជាតែមួយប្រភេទ​ក្នុង​ចំណោម​នោះ​ប៉ុណ្ណោះ។

រហូតមកដល់ពេលនេះ ម៉ាត់ឆានៅតែពេញនិយមនៅទូទាំងពិភពលោក ប៉ុន្តែនៅពេលខាងមុខ តើ​ប្រភេទ​តែ​ជប៉ុន​មួយ​ណា​ដែលនឹង​ពេញ​និយម ​ហើយ​នោះ​អាច​​ជា​តែ hojicha ដែរ​ទេ?

ម្សៅតែបៃតងម៉ាត់ឆា

តែជប៉ុនមានច្រើនប្រភេទ ប៉ុន្តែតាមពិតទៅសុទ្ធតែមានប្រភពមកពីប្រភេទស្លឹកតែតែមួយ។

អាស្រ័យលើរបៀបដាំដុះ ស្លឹកលូតលាស់កម្រិតណា និង​វិធីសាស្រ្ត​ឆុង រស​ជាតិ​របស់​តែ​នឹង​ផ្លាស់​ប្តូរទាំង​ស្រុង។

ជាដំបូង យើងនឹងនិយាយអំពីប្រភេទតែដែលមនុស្សភាគច្រើនចូលចិត្តនាពេលបច្ចុប្បន្ននេះ – គឺ​ម៉ាត់​ឆា។

ម៉ាត់ឆាត្រូវបានផលិតចេញពីស្លឹកតែដែលដាំដុះតាមរបៀបស្រដៀងគ្នាទៅនឹង gyokuro – ជាប្រភេទតែលំដាប់ខ្ពស់របស់ជប៉ុន។ ក្នុងអំឡុងពេលដាំដុះ ដើមតែត្រូវបានបាំងពន្លឺថ្ងៃ ដែលជួយឲ្យ​ស្លឹក​តែមាន​ពណ៌​បៃតង​ចាស់ និង​រស​ជាតិ​ដិត​ជាង​មុន។

ម៉ាត់ឆាមានរសជាតិល្វីងបន្តិច ប៉ុន្តែពេលផឹកទៅមានរសជាតិឆ្ងាញ់។

ដោយសារតែដំណើរការដាំដុះមានលក្ខណៈស្មុគស្មាញ ម៉ាត់ឆាច្រើនតែមានតម្លៃថ្លៃ យ៉ាងណាមិញ រសជាតិ​របស់​វា​មាន​ភាព​ទាក់​ទាញ​ដែល​អាច​បញ្ជាក់​ពី​កេរ្តិ៍​ឈ្មោះ​នៃ​ប្រភេទ​តែ​លំដាប់​ខ្ពស់។

ជាទូទៅគេប្រើពន្លកតែខ្ចី ហើយដោយសារតែពន្លកតែខ្ចីទាំងនេះមានផ្ទុកជាតិកាហ្វេអុីនច្រើនជាងស្លឹកតែចាស់។

ស្លឹកតែទាំងនេះបន្ទាប់ពីត្រូវបានចំហុយ សម្ងួត យកសរសៃ និងដើមរបស់វាចេញ ត្រូវបានកិនជាម្សៅម៉ត់ ហើយនោះជាប្រភេទតែដែលយើងហៅថាម៉ាត់ឆា។

Hojicha – រសជាតិលីងឈ្ងុយដូចជាកាហ្វេ

តែជប៉ុនមួយប្រភេទដែល JAPO ចង់ណែនាំដល់អ្នកទាំងអស់គ្នានាពេលនេះគឺ hojicha (តែ​លីង) ។

Hojicha ត្រូវបានផលិតចេញពីស្លឹកតែដែលលូតលាស់ល្អ លីងនៅសីតុណ្ហភាពខ្ពស់ ស្រដៀងទៅ​នឹង​ដំណើរ​ការ​លីង​កាហ្វេ។

ដោយសារតែមិនប្រើពន្លកខ្ចី ដូច្នេះបរិមាណកាហ្វេអុីនមានកម្រិតទាប ហើយក្រៅពីនេះ បរិមាណកាហ្វេអុីនថែមទាំងហួតក្នុងអំឡុងពេលលីងផងដែរ។ ដូច្នេះហើយ រសជាតិល្វីង និងចត់ត្រូវបានកាត់បន្ថយ ផ្ទុយទៅវិញ មានក្លិនក្រអូបឈ្ងុយពិសេស។

នៅពេលដែលឆុង តែមានពណ៌ត្នោតចាស់ ហើយក៏ជាចំណុចខុសគ្នាបើប្រៀបទៅនឹងប្រភេទតែផ្សេងទៀត។

ភេសជ្ជៈដ៏គួរឲ្យទាក់ទាញឆុងពី hojicha

Hojicha latte

របៀបឆុងស្រដៀងនឹងម៉ាត់ឆាឡាតេ។

ក្លិនលីងដ៏គួរឲ្យទាក់ទាញរបស់ hojicha លាយជាមួយទឹកដោះគោបង្កើតបានជារសជាតិដែលមិនអាចទប់អារម្មណ៍បាន។ បន្ថែមស្រទាប់ក្រែមពីលើ​កាន់​តែ​ល្អ​ឥត​ខ្ចោះ។

ការ៉េម hojicha 

ជាប្រភេទបង្អែមលាងមាត់ដែល​ធ្វើ​ឲ្យ​ស្រស់ស្រាយ ល្អ​បំផុត​បន្ទាប់​ពី​បរិភោគអាហារ។

ក្លិនស្រាលស្រទន់លាយជាមួយនឹងក្លិនលីងឈ្ងុយពិសេស ជា​បង្អែម​សម្រាប់ “មនុស្ស​​ពេញ​​វ័យ” ។

Parfait hojicha

ប្រសិនបើអ្នកទាំងអស់គ្នាចង់ភ្លក់បង្អែមដែលមានរសជាតិឆ្ងាញ់ជាងនេះ parfait hojicha គឺជាជម្រើសដែលពិសេសបំផុត។

ដោយសារតែ hojicha មិនសូវជាល្វីង និងចត់ ដូច្នេះអាចកាត់បន្ថយបរិមាណជាតិស្ករនៅពេលដែលធ្វើ បង្កើតបានជាបង្អែមលាងមាត់ដែលមាន​សុខ​ភាព​ល្អ និង​ឆ្ងាញ់។

ពិភពតែជប៉ុន – មានលក្ខណៈចម្រុះ និងស៊ីជម្រៅ

តែជប៉ុនមានច្រើនប្រភេទ ដែលប្រភេទនីមួយៗមានរសជាតិឈ្ងុយឆ្ងាញ់ និងខុសប្លែកពីគ្នា។ មាន​ដូច​ជា៖ genmaicha (តែអង្ករលីង) ដែលផលិតពីអង្ករសំរូបលីងលាយជាមួយស្លឹកតែ ឬតែ soba-cha ដែល​ផលិត​ពី​គ្រាប់ buckwheat លីង​ដោយ​មិន​ប្រើ​ស្លឹក​តែ​ជា​ដើម។

ទោះជាយ៉ាងណា ក្នុងចំណោមនោះ hojicha លេចធ្លោជាងគេដោយសាររសជាតិស្រាលស្រទន់ ងាយស្រួល​ផឹក និង​ខុស​ពី​ម៉ាត់ឆា​ទាំង​ស្រុង។

ក្រៅពីនេះ វត្ថុធាតុដើមមានតម្លៃទាប និងងាយស្រួលផលិត ដូច្នេះ hojicha មាន​តម្លៃ​សមរម្យ ដែល​​នេះ​​ជា​​ចំណុច​​វិជ្ជមាន​មួយ។

អ្នកទាំងអស់គ្នាអាចភ្លក់បង្អែមដែលធ្វើពីប្រភេទតែនេះ ព្រោះប្រហែលជានាពេលខាងមុខ ប្រភេទ​​តែ​​នេះ​​អាច​​នឹង​​ពេញ​​និយម ហើយ​យើង​អាច​នឹង​ក្លាយ​ជា​អ្នក​ដែល​នាំ​មុខ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: