“ប្រហិតសាច់ក្តាម” និងរឿងរ៉ាវនៅពីក្រោយ
“ប្រហិតសាច់ក្តាម” និងរឿងរ៉ាវនៅពីក្រោយ។
ក្រហិតសាច់ក្តាម – ជាអាហារដែលប្រហែលជាយើងទាំងអស់គ្នាសុទ្ធតែធ្លាប់បរិភោគ ក្នុងភាសាជប៉ុនហៅថា kani-kama ។
ជាប្រភេទអាហារដែលពេញនិយមនៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ មើលទៅដូចជាសាច់ក្តាមពិត ប៉ុន្តែតាមពិតទៅគឺជា “សាច់ក្តាមក្លែងក្លាយ” ។
ជាទូទៅប្រហិតសាច់ក្តាមត្រូវបានយកទៅធ្វើជាគ្រឿងផ្សំស៊ូស៊ី ឬមុខម្ហូបជាច្រើនផ្សេងទៀត។ ហើយនៅប្រទេសជប៉ុន ជាកន្លែងដំបូងដែលបានផលិតប្រហិតសាច់ក្តាម ការអភិវឌ្ឍរបស់ប្រហិតសាច់ក្តាមឈានដល់កម្រិតដ៏គួរឲ្យភ្ញាក់ផ្អើល មើលទៅដូចជាសាច់ក្តាមពិតៗ មិនគួរឲ្យជឿនោះទេ។
ចូរយើងស្វែងយល់អំពីរឿងរ៉ាវនៅពីក្រោយប្រភេទអាហារដែលគេហៅថាប្រហិតសាច់ក្តាមនេះទាំងអស់គ្នា។
ប្រភេទប្រហិតសាច់ក្តាមដែលយើងកំពុងរំលឹកក្នុងអត្តបទនេះគឺ “Kaoribako” ដែលជាប្រហិតសាច់ក្តាមលំដាប់ខ្ពស់បំផុតនៃហាង Sugiyo ។
Sugiyo គឺជាក្រុមហ៊ុនដែលបានបង្កើតប្រភេទអាហារដែលមានឈ្មោះថាប្រហិតសាច់ក្តាមនេះ។
ដើមឡើយត្រូវបានផលិតចេញពីត្រីម័ររុយកិនម៉ត់ ប៉ុន្តែរូបរាង និងសាច់របស់វាមិនខុសពីសាច់ក្តាមពិតនោះទេ។ ប្រសិនបើត្រូវបានលើកឡើងនៅក្នុងភោជនីយដ្ឋានជប៉ុនដ៏ប្រណីត មនុស្សជាច្រើនប្រហែលជាមិនដឹងថានោះជាសាច់ក្តាមក្លែងក្លាយឡើយ។
តម្លៃរបស់ប្រហិតសាច់ក្តាមត្រឹមតែ ១/៥ នៃតម្លៃសាច់ក្តាមពិតប៉ុណ្ណោះ។
ខ្ញុំបាទជាមនុស្សដែលមានបទពិសោធន៍ខាងផ្នែកលក់ត្រី ធ្លាប់បានភ្លក់ប្រភេទប្រហិតសាច់ក្តាមនេះហើយ ស្ទើរតែដូចបេះបិទទៅនឹងសាច់ក្តាមពិត។
ខុសគ្នាទាំងស្រុងនឹងប្រភេទប្រហិតសាច់ក្តាមដែលអ្នកទាំងអស់គ្នាកំពុងគិតស្រមៃ សរសៃរសាច់ និងពណ៌របស់ប្រភេទប្រហិតសាច់ក្តាមនេះសុទ្ធតែដូចសាច់ក្តាមពិត។
ដោយអភិវឌ្ឍ និងស្រាវជ្រាវអស់រយៈពេលជាង ៥០ ឆ្នាំ ពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទទួលបានរសជាតិ និងសរសៃរសាច់ដូចជាក្តាមពិត។
មិនត្រឹមតែជាភាពជោគជ័យខាងវិស័យឧស្សាហកម្មម្ហូបអាហារប៉ុណ្ណោះទេ ថែមទាំងត្រូវបានចាត់ទុកដូចជាជ័យជម្នះនៃការតស៊ូ និងចំណង់ចំណូលចិត្តរបស់ជនជាតិជប៉ុនផងដែរ។
តាមពិតទៅ ដំបូងឡើយប្រហិតសាច់ក្តាមផ្តើមចេញពីការបរាជ័យខាងវិស័យឧស្សាហកម្មម្ហូបអាហារ។
ដំបូងឡើយ ក្រុមហ៊ុនផលិត Sugiyo ស្វែងរកមធ្យោបាយផលិតខ្ញែសមុទ្រដែលនាំចូលពីប្រទេសចិនដោយសិប្បនិម្មិត។
ពួកគេចង់បង្ហាញពីអារម្មណ៍បរិភោគទៅដូចជាខ្ញែសមុទ្រ ហើយបន្ទាប់ពីបានពិសោធន៍ជាច្រើនដង ពួកគេបង្កើតបានគំរូមួយដែលមានលក្ខណៈស្រដៀងគ្នា។ ទោះជាយ៉ាងណា នៅពេលដែលយកទៅចម្អិន លក្ខណៈស្រួយរបស់សាច់បាត់បង់ទាំងស្រុង។
ខណៈពេលដែលមនុស្សគ្រប់គ្នាកំពុងខកចិត្តព្រោះតែជាប់គាំង នរណាម្នាក់បានភ្លក់ការពិសោធន៍ ហើយនិយាយថា៖
- “រសជាតិនេះដូចជាសាច់ក្តាមណាស់មែនទេ?”
ដោយសារតែពាក្យសម្តីទាំងនោះបានផ្លាស់ប្តូរគ្រប់យ៉ាង។
ផ្តើមចេញពីគំនិត “ដូចសាច់ក្តាម” ពួកគេបានបន្តស្រាវជ្រាវ កែលម្អ ហើយនៅទីបំផុតប្រហិតសាច់ក្តាមត្រូវបានបង្កើតឡើង។ ផលិតផលដ៏អស្ចារ្យមួយត្រូវបានផលិតឡើងដោយសារភាពវៃឆ្លាត ស្មារតីមិនបោះបង់ និងស្មារតីក្រុម។ ការរួមបញ្ចូលគ្នា និងការឯកភាពគ្នារវាងមនុស្សដំបូងគេដែលមានអារម្មណ៍ថារសជាតិដូចសាច់ក្តាម អ្នកអភិវឌ្ឍន៍បានធ្វើឲ្យផលិតផលល្អឥតខ្ចោះ និងរក្សាសម្ងាត់គំនិតនេះ ហើយក្រុមហ៊ុនបានផ្តល់អាជ្ញាប័ណ្ណសម្រាប់ការអភិវឌ្ឍផលិតផល។
ប្រហិតសាច់ក្តាមត្រូវបានចាត់ទុកជាការច្នៃប្រឌិតអាហារដ៏អស្ចារ្យទាំងបីរបស់ជប៉ុនក្រោយសង្គ្រាម ហើយឥឡូវនេះបានក្លាយជាមុខម្ហូបដ៏ពេញនិយមនៅជុំវិញពិភពលោក។
សព្វថ្ងៃនេះ នៅលើទីផ្សារមានប្រភេទប្រហិតសាច់ក្តាមជាច្រើនម៉ាកខុសៗគ្នា ដូច្នេះប្រហិតសាច់ក្តាមដែលអ្នកទាំងអស់គ្នាធ្លាប់បរិភោគប្រហែលមិនមែនជាប្រហិតសាច់ក្តាមរបស់ Sugiyo ដែលខ្ញុំកំពុងរំលឹកដល់នោះទេ។ ទោះជាយ៉ាងណា ចំណុចដែលធ្វើឲ្យ Sugiyo មានលក្ខណៈពិសេសនោះគឺថា ពួកគេតែងតែខិតខំប្រឹងប្រែងឆ្ពោះទៅរកកម្រិតមួយថ្មី។
ផលិតផលប្រហិតសាច់ក្តាមលំដាប់ខ្ពស់ “Kaoribako” ដែលបង្ហាញក្នុងរូបថតត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤ និងទទួលបានរង្វាន់ដ៏មានតម្លៃជាច្រើន។
ប្រសិនបើនិយាយពីប្រភេទផលិតផលនេះ រហូតមកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនសម្រេចបានកម្រិតល្អដូចជា Sugiyo នោះទេ។
ពាក្យស្លោករបស់ក្រុមអភិវឌ្ឍន៍ប្រហិតសាច់ក្តាម Sugiyo នេះគឺ៖
- “បង្កើតប្រហិតសាច់ក្តាមដែលល្អជាងសាច់ក្តាមពិត!”
បើនិយាយពីការរក្សាទុក ក្លាសេ និងភាពធន់ ប្រហិតសាច់ក្តាមលើសពីក្តាមពិតទៅទៀត។
ប៉ុន្តែមិនត្រឹមតែប៉ុណ្ណឹង ពួកគេនៅតែបន្តមានគោលបំណងអភិវឌ្ឍប្រហិតសាច់ក្តាមទៅមុខជានិច្ច។
ដោយសារស្មារតីនៃការតស៊ូ និងចំណង់ចំណូលចិត្តយ៉ាងខ្លាំងទាំងនោះហើយអាចបង្កើតផលិតផលដែលផ្លាស់ប្តូរពិភពលោកនាពេលអនាគត។
Abe Kengo

