សត្វស្លាប់ជាបន្តបន្ទាប់ព្រោះតែសង្គ្រាម ហើយកុមារជាអ្នកដែលបានផ្លាស់ប្តូរប្រទេសទាំងមូល
សត្វស្លាប់ជាបន្តបន្ទាប់ព្រោះតែសង្គ្រាម ហើយកុមារជាអ្នកដែលបានផ្លាស់ប្តូរប្រទេសទាំងមូល។
ក្នុងអំឡុងពេលកើតមានសង្គ្រាមយ៉ាងខ្លាំងរវាងជប៉ុន និងសហរដ្ឋអាមេរិក តើអ្នកដឹងទេថា “ការប្រហារជីវិត” សត្វបានកើតឡើងនៅតាមសួនសត្វទូទាំងប្រទេសជប៉ុនដែរទេ?
ហើយក្រោយសង្គ្រាម កុមារដែលស្រឡាញ់សត្វបានធ្វើឲ្យរដ្ឋាភិបាលជប៉ុនចាត់វិធានការ។ រឿងនិយាយពីសត្វដ៏គួរឲ្យអាណិតមួយចំនួនក្នុងសួនសត្វ ចូរយើងតាមដានខ្លឹមសារអត្តបទខាងក្រោមទាំងអស់គ្នា។
ក្នុងអំឡុងពេលសង្គ្រាម ដោយខ្លាចប្រភេទសត្វធំៗរួចចេញទៅក្រៅបើសិនជាសួនសត្វត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែករបស់យោធាអាមេរិក យោធាជប៉ុនបានបញ្ជាឲ្យសម្លាប់សត្វជាច្រើន ជាពិសេសប្រភេទសត្វធំៗនៅតាមសួនសត្វទូទាំងប្រទេស។
នៅសួនសត្វ Ueno ក្នុងទីក្រុងតូក្យូ រឿងនេះក៏កើតឡើងផងដែរ។ ហើយសត្វដែលមានទំហំធំដូចជាដំរីប្រាកដជាមិនអាចរួចផុតពីបញ្ជីនេះបានឡើយ។
ព្រោះតែស្បែកដំរីក្រាស់ មិនអាចចាក់ថ្នាំពុលបាន ដូច្នេះពួកគេសម្លាប់ដំរីទាំងនោះដោយឲ្យវាស៊ីអាហារដែលមានជាតិពុល ប៉ុន្តែដំរីមិនស៊ី។ ជាចុងក្រោយ ពួកគេបានបង្អត់អាហារវា មិនឲ្យចំណី និងទឹក ដោយទុកឲ្យពួកវាស្លាប់ព្រោះតែស្រេកឃ្លាន។ ទោះបីជាស្គមក៏ដោយ ដំរីទាំងនោះនៅតែខំប្រឹងចូលទៅជិតអ្នកចិញ្ចឹម អង្អែលអ្នកថែទាំ ដែលជាទិដ្ឋភាពដ៏សោកសៅបំផុត។
អ្នកថែទាំក៏បានយំសោកស្ដាយ សុំទោស ហើយសង្កេតមើលពួកវារហូតដល់នាទីចុងក្រោយ។
បន្ទាប់មក សំបុត្ររាប់ពាន់ច្បាប់របស់កុមារនៅទូទាំងប្រទេសជប៉ុនត្រូវបានផ្ញើទៅកាន់សួនសត្វ។
ក្នុងសំបុត្រប្អូនៗសុំបួងសួងថា៖ “ជាតិក្រោយ សង្ឃឹមថាសត្វដ៏កំសត់ទាំងនេះនឹងចាប់ជាតិក្លាយជាមនុស្ស” ។
រហូតមកដល់សព្វថ្ងៃនេះ នៅសួនសត្វ Ueno នៅតែមានកន្លែងសម្រាប់រំលឹកដល់សត្វដ៏កំសត់ទាំងនោះ។
បួនឆ្នាំក្រោយពេលដែលសង្គ្រាមដ៏សោកសៅបានបញ្ចប់ ក្នុងចំណោមកុមារជប៉ុនមានចលនាមួយបានផ្ទុះឡើង ដោយអំពាវនាវថា៖ “សូមនាំដំរីត្រឡប់ទៅកាន់ Ueno វិញ!”
ចលនានេះបានជម្រុញដល់មនុស្សពេញវ័យ ដំបូងឡើយ ពួកគេមានគម្រោងខ្ចីដំរីមួយក្បាលពី Nagoya ហើយយកទៅកាន់សួនសត្វ Ueno ប៉ុន្តែថ្លៃដឹកជញ្ជូនខ្ពស់ពេក ដូច្នេះគម្រោងនេះមិនអាចសម្រេចបាន។
យ៉ាងណាមិញ ជនជាតិឥណ្ឌាម្នាក់ដែលរស់នៅប្រទេសជប៉ុនបានដឹងរឿងនេះ។
ព្រោះតែរំភើបចិត្តចំពោះបំណងប្រាថ្នារបស់កុមារជប៉ុន លោកបានរៀបរាប់រឿងនេះប្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា ទន្ទឹមនឹងនោះ បានប្រគល់សំបុត្រជាង ៨០០ សន្លឹកដែលកុមារជប៉ុនបានផ្ញើដោយផ្ទាល់។
នាយករដ្ឋមន្ត្រីឥណ្ឌារំភើបចិត្តចំពោះទឹកចិត្តនោះ បានសម្រេចជូនដំរីមួយក្បាលដល់ប្រទេសជប៉ុន។ ពិធីផ្តល់អំណោយនេះត្រូវបានធ្វើឡើងនៅសួនសត្វ Ueno ដោយមានមនុស្សចូលរួមជាង ៥០.០០០ នាក់។
“ដំរីនេះជាអំណោយដែលកុមារឥណ្ឌាផ្ញើទៅឲ្យកុមារជប៉ុន” – នេះជាពាក្យដែលនាយករដ្ឋមន្ត្រីឥណ្ឌាបានសរសេរផ្ញើក្នុងលិខិតភ្ជាប់មកជាមួយនៅពេលដែលប្រគល់ដំរីទៅឲ្យជប៉ុន។
កុមារបានជម្រុញប្រទេសទាំងមូល។
មនុស្សពេញវ័យ ទោះបីជារស់នៅក្នុងសម័យកាលក្រោយសង្គ្រាមដ៏ច្របូកច្របល់ក៏ដោយ ប៉ុន្តែនៅតែសម្រេចក្តីស្រមៃដ៏ស្លូតត្រង់នោះ។
ហើយជនជាតិឥណ្ឌាបានបើកចិត្តដើម្បីឆ្លើយតបទៅនឹងក្តីស្រឡាញ់របស់កុមារជប៉ុន។
សព្វថ្ងៃនេះ រយៈពេល ៨០ ឆ្នាំបន្ទាប់ពីសង្គ្រាមបានបញ្ចប់ សួនសត្វ Ueno មិនត្រឹមតែជាជម្រករបស់ដំរីបីក្បាលប៉ុណ្ណោះទេ ថែមទាំងមានប្រភេទសត្វកម្រជាច្រើនដែលមកពីជុំវិញពិភពលោក។
ក្រៅពីកន្លែងរំលឹកដល់សត្វដែលបានលះបង់ក្នុងសង្គ្រាម សត្វទាំងអស់កំពុងរស់នៅដោយសុខសាន្ត ខណពេលដែលកុមារដើរមើល និងផ្តល់ស្រលាញ់ដល់ពួកវា។
Abe Kengo
