ក្រឡេកមកមើលសហគមន៍ Otaku ជប៉ុនក្នុងព្រឹត្តិការណ៍ Comiket
ក្រឡេកមកមើលសហគមន៍ Otaku ជប៉ុនក្នុងព្រឹត្តិការណ៍ Comiket ។
តើអ្នកទាំងអស់គ្នាធ្លាប់ឮអំពីព្រឹត្តិការណ៍ Comiket ដែរទេ?
ឈ្មោះជាផ្លូវការរបស់ព្រឹតិ្តការណ៍នេះគឺ Comic Market ដែលជាពិធីបុណ្យ Otaku ដ៏ធំបំផុតនៅលើពិភពលោក។
នេះជាកន្លែងសម្រាប់អ្នកដែលស្រលាញ់ចូលចិត្តពិភពហ្គេមវីដេអូ និង anime ដែលបង្កើតការច្នៃប្រឌិតដោយផ្ទាល់ ហើយដាក់លក់នៅនឹងកន្លែង។
ព្រឹត្តិការណ៍ត្រូវបានប្រារព្ធធ្វើឡើងចំនួនពីរដងក្នុងមួយឆ្នាំនៅទីក្រុងតូក្យូ ហើយចំនួនអ្នកចូលរួមអាចនឹងឡើងដល់ទៅ ៣០០.០០០ នាក់ ដែលជាចំនួនដ៏គួរឲ្យភ្ញាក់ផ្អើលណាស់។
នោះហើយក៏ជាមូលហេតុដែលកន្លែងនេះមានរឿងដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។
អ្នកដែលយល់ច្បាស់ពី Otaku គឺ Otaku ដូច្នេះក្រុមអ្នកស្ម័គ្រចិត្តនៅទីនេះសុទ្ធតែជា “អ្នកមានជំនឿ” ដូចគ្នាទាំងអស់។
នៅពេលដែលច្រកទ្វារសាលទើបតែបើក ហ្វូងមនុស្សប្រញាប់ប្រញាល់ចូល មនុស្សគ្រប់គ្នានឹងឮសំឡេងស្រែកដែលធ្លាប់ស្គាល់ថា៖
- “សូមមេតាកុំរត់! ធម្មតាអ្នកទាំងអស់គ្នាមិនរត់លឿនបែបនេះទេ!” ឬ៖
- “អ្នកដែលកំពុងឈរតម្រង់ជួរ សូមមេតាខិតជិតបន្តិច!
អ្នកទាំងអស់គ្នាជាមនុស្សដែលស្រឡាញ់ពិភព 2D ច្បាស់ជាមានសមត្ថភាពយល់ពីបរិយាកាសជុំវិញ” ។
អ្នកទស្សនាព្រឹត្តិការណ៍ក៏មកពីគ្រប់វិស័យខុសៗគ្នាផងដែរ។
នៅពេលដែលមាននរណាម្នាក់ដួលសន្លប់ដោយសារក្តៅខ្លាំង បុគ្គលិកស្ម័គ្រចិត្តនឹងស្វែងរកគ្រូពេទ្យក្នុងចំណោមអ្នកទស្សនា ហើយក្នុងចំណោមហ្វូងមនុស្ស មានគ្រូពេទ្យជាច្រើនបានលើកដៃដើម្បីជួយ។
ឬនៅពេលដែលមានជនជាតិបារាំងម្នាក់មកទស្សនាព្រឹត្តិការណ៍លើកដំបូងជួបបញ្ហាដោយសារតែមិនអាចនិយាយភាសាជប៉ុនបាន ភ្លាមៗនោះអ្នកចូលរួមដែលចេះភាសាបារាំងបានមកជួយ។
ប្រហែលជាប្រសិនបើស្វែងរក អាចនឹងរកឃើញអ្នកចេះភាសាខ្មែរ ឬភាសាវៀតណាមក៏ថាបាន។
ពិធីបុណ្យ Comiket ត្រូវបានប្រារព្ធធ្វើឡើងនៅរដូវក្តៅ ថែមទាំងល្បីជាមួយនឹងបាតុភូត “រឿងព្រេងនិទាន” ដែលហៅថា “ពពក Comiket” ។
មនុស្សប្រមូលផ្តុំច្រើន កម្តៅពីរាងកាយរបស់ Otaku បានធ្វើឲ្យសំណើមក្នុងបរិយាកាសកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់មកខ្យល់សើមក៏ត្រូវម៉ាស៊ីនត្រជាក់ធ្វើឲ្យត្រជាក់ភ្លាមៗ ដែលធ្វើឲ្យស្រទាប់ពពកស្តើងលេចឡើងក្នុងសាល។
នៅក្នុងព្រឹត្តិការណ៍ផ្សេងទៀត មិនថាបរិយាកាសរំភើបយ៉ាងណានោះទេ ក៏មិនឃើញបាតុភូតនេះកើតឡើងដែរ ដូច្នេះអាចនិយាយបានថា នេះជាបាតុភូតចម្លែកដែលមានតែ Comiket ប៉ុណ្ណោះទើបមាន។
សូម្បីតែអ្នកបើកឡានក្រុងដឹកភ្ញៀវទៅកាន់ទីកន្លែងក៏ដឹងពីរបៀបធ្វើឲ្យបរិយាកាសកាន់តែរំភើបផងដែរ។
- “ឡានក្រុងជិតដល់ស្ថានីយ៍តូក្យូហើយ សូមកុំភ្លេចយកកំណប់តាម!
ប្រសិនបើភ្លេច ខ្ញុំនឹងយកទៅដាក់ដេញថ្លៃ” ។
ពិធីបុណ្យ Comiket គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញដែលមនុស្សគ្រប់គ្នាអាចរីករាយបាន មិនត្រឹមតែអ្នកទស្សនាប៉ុណ្ណោះទេ សូម្បីតែបុគ្គលិក អ្នកដែលនៅតាមហាងជុំវិញ និងអ្នកបើកឡានក្រុងផងដែរ។
ជាមនុស្សម្នាក់ដែលចូលចិត្តនៅម្នាក់ឯង មិនចូលចិត្តកន្លែងមានមនុស្សច្រើន ប្រហែលជាភាពអ៊ូអរក្នុងព្រឹតិ្តការណ៍នេះមិនស័ក្តិសមសម្រាប់ខ្ញុំនោះទេ។ ប៉ុន្តែសម្រាប់អ្នកដែលស្រឡាញ់ចូលចិត្តវប្បធម៌ Otaku ការដែលទៅលេងជប៉ុនក្នុងរដូវពិធីបុណ្យ Comiket អាចជាជម្រើសដែលគួរតែពិចារណា។
ប្រិយមិត្តដែលចង់បានរបស់ដែលមានតែមួយគត់នៅទីនេះ ឬចង់បង្កើតមិត្តភាពជាមួយ Otaku ជប៉ុន ចូរសាកល្បងចូលរួមព្រឹត្តិការណ៍ Comiket ទាំងអស់គ្នា។
Abe Kengo
 
  
  
 
 
   
   
   
   
   
   
   
   
   
   
  