ជនជាតិបារាំងមានអារម្មណ៍ភ័យរន្ធត់យ៉ាងខ្លាំងចំពោះពិធីវះពោះធ្វើអត្តឃាតរបស់សាមូរ៉ៃ
ជនជាតិបារាំងមានអារម្មណ៍ភ័យរន្ធត់យ៉ាងខ្លាំងចំពោះពិធីវះពោះធ្វើអត្តឃាតរបស់សាមូរ៉ៃ។
ពិធី “seppuku” (វះពោះធ្វើអត្តឃាត) ត្រូវបានចាត់ទុកដូចជានិមិត្តរូបនៃវប្បធម៌សាមូរ៉ៃដ៏ឆ្កួតលីលា និងជ្រុលនិយម។
ធ្លាប់មានហេតុការណ៍មួយធ្វើឲ្យជនជាតិបារាំងដែលបានឃើញស្រែកឡើងថា “បញ្ឈប់ទៅ” យ៉ាងភ័យរន្ធត់។
នៅឆ្នាំ ១៨៦៨ នាវាចម្បាំងរបស់កងទ័ពជើងទឹកបារាំងមួយគ្រឿងបានចតនៅកំពង់ផែ Osaka ។ ទាហានបារាំងរាប់សិបនាក់ឡើងលើគោកដើរមើលទីក្រុង។ ទោះបីជាមិនចេះភាសាជប៉ុនក៏ដោយ ពួកគេត្រូវគេប្រទះឃើញថា កំពុងព្យាយាមលួងលោម និងបង្ខំចាប់ស្ត្រីជប៉ុនម្នាក់។ អ្នកដែលមើលឃើញហេតុការណ៍នោះគឺជាសាមូរ៉ៃនៅតំបន់ដែលសព្វថ្ងៃជាខេត្ត Kochi ។
ក្រុមសាមូរ៉ៃបានព្យាយាមបញ្ចុះបញ្ចូលពួកគេឲ្យត្រឡប់ទៅនាវាវិញ ប៉ុន្តែដោយសារតែឧបសគ្គភាសាធ្វើឲ្យគ្រប់យ៉ាងកាន់តែស្មុគស្មាញឡើង។
ដោយឃើញថាទាហានបារាំងគ្មានបំណងត្រឡប់ទៅវិញ សាមូរ៉ៃមានបំណងចាប់ពួកគេ ហើយការបាញ់ប្រហារក៏បានផ្ទុះឡើង ដែលបង្កឲ្យមានភាពចលាចលយ៉ាងខ្លាំង។
ភាគីបារាំងហាក់ដូចជាក្រអឺតក្រទម មិនព្រមទទួលស្គាល់កំហុសរបស់ខ្លួន ថែមទាំងទាមទារសំណងជាទឹកប្រាក់យ៉ាងច្រើន និងស្នើឲ្យប្រហារជីវិតសាមូរ៉ៃចំនួន ២០ នាក់ដែលពាក់ព័ន្ធនឹងហេតុការណ៍នេះ។ នៅពេលនោះរដ្ឋាភិបាលជប៉ុនមានភាពទន់ខ្សោយជាងបើប្រៀបទៅនឹងប្រទេសលោកខាងលិច ដូច្នេះទើបទទួលយកសំណើទាំងអស់នេះពីប្រទេសបារាំង។
តស៊ូដើម្បីការពារស្ត្រីក្នុងប្រទេស លទ្ធផលបែរជាត្រូវប្រហារជីវិត ក្រុមសាមូរ៉ៃមិនសុខចិត្ត។ ប៉ុន្តែពួកគេនៅតែគោរពតាមការសម្រេចចិត្តរបស់រដ្ឋាភិបាល ហើយគ្រប់គ្នាប្រមូលផ្តុំនៅវត្តដែលត្រូវបានកំណត់ជាកន្លែងប្រហារជីវិត។
នៅទីនោះ មនុស្សចំនួន ២០ នាក់អនុវត្តពិធី seppuku ម្នាក់ម្តងៗ។ ពួកគេបានវះពោះខ្លួនឯង ទាញយកសរីរាង្គខាងក្នុងចេញ ហើយគប់ទៅលើទាហានបារាំង។
ជាទូទៅ ក្នុងពិធី seppuku ក្បាលរបស់សាមូរ៉ៃដែលធ្វើពិធីនេះនឹងត្រូវកាត់បន្ទាប់ពីវះពោះខ្លួនឯង ដើម្បីធានាបានថាអាចស្លាប់រហ័ស និងងាយស្រួល។ ទោះជាយ៉ាងណា លើកនេះមិនបញ្ចប់ជីវិតតាមរយៈការប្រហារមួយដងនោះទេ សាមូរ៉ៃដែលឈរនៅពីក្រោយចាំអនុវត្តតួនាទីកាត់ក្បាលបែរជាមានចេតនាកាត់ច្រើនដង ដើម្បីឲ្យទាហានបារាំងមើលឃើញពីភាពឈឺចាប់យ៉ាងខ្លាំងរបស់សាមូរ៉ៃដែលត្រូវបានប្រហារជីវិត។
ពួកគេចង់បានបង្ហាញពីខ្លឹមសារថា៖ “យើងមិនបានធ្វើខុសអ្វីនោះទេ” បន្ទាប់មកស្លាប់ដោយកិត្តិយស។
ប្រឈមនឹងហេតុការណ៍ដ៏រន្ធត់នោះ ទាហានបារាំងបានស្រែកយ៉ាងភ័យខ្លាច។ ពួកគេបានស្រែកថា “បញ្ឈប់ទៅ” ប៉ុន្តែភាគីជប៉ុននៅតែមិនបញ្ឈប់។
ទាហានបារាំងក៏មិនអាចគេចចេញបានដែរ ប៉ុន្តែត្រូវនៅមើលរហូតដល់ទីបញ្ចប់នូវអ្វីដែលពួកគេបានស្នើសុំ។
នៅទីបំផុត រហូតដល់អ្នកទី ១១ ដែលបារាំងបានស្នើឲ្យ “បញ្ឈប់” ទើបទទួលបានការយល់ព្រម ហើយពិធីក៏បានបញ្ចប់។
នៅពេលនោះ ជប៉ុនមិនមានសមត្ថភាពប្រឈមមុខនឹងយោធាខាងភាគីបារាំងនោះទេ។ ភាគច្រើនទាហានបារាំងសុទ្ធតែដឹងរឿងនេះ ទើបមើលងាយប្រជាជនជប៉ុន។
ប្រសិនបើការប្រហារជីវិតប្រព្រឹត្តទៅធម្មតា អារម្មណ៍មើលងាយទាំងនោះប្រហែលជាមិនផ្លាស់ប្តូរឡើយ។ ប៉ុន្តែដោយសារពិធី seppuku ទោះបីជាក្នុងក្រសែភ្នែករបស់ជនជាតិបារាំងគ្រាន់តែជាទង្វើឆ្កួតលីលាក៏ដោយ បែរជាអាចនិយាយថាបានការពារកិត្តិយសរបស់ប្រទេសជប៉ុន។
សព្វថ្ងៃនេះ ផ្នូររបស់សាមូរ៉ៃដែលបានវះពោះធ្វើអត្តឃាត ការពារកិត្តិយសប្រទេសជប៉ុននៅតែស្ថិតនៅវត្តជាកន្លែងដែលពួកគេបានធ្វើពិធីនោះ។ វត្តនេះមានឈ្មោះថា Myokoku-ji (妙國寺) នៅទីក្រុង Sakai, Osaka ។
ផ្នូរទាំងនោះគឺជានិមិត្តរូបនៃមោទនភាពរបស់ប្រជាជនជប៉ុន ជាមនុស្សដែលហ៊ានប្រើជីវិតរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងការមើលងាយរបស់ប្រទេសលោកខាងលិចចំពោះជនជាតិអាស៊ី។
ប្រសិនបើមានឳកាសទៅលេង Osaka អ្នកទាំងអស់គ្នាអាចទៅកាន់វត្តនេះបាន ដែលជាកន្លែងបញ្ចុះសពរបស់សាមូរ៉ៃដែលបានស្លាប់ដើម្បីការពារភាពថ្លៃថ្នូររបស់ប្រទេសជាតិ។
Abe Kengo
