ភាពខុសគ្នា​រវាង​សោភ័ណ​វិទ្យា​ជប៉ុនបើ​ប្រៀប​ទៅ​នឹង​ស្តង់​ដារ​ពិភព​លោក

ភាពខុសគ្នារវាងសោភ័ណវិទ្យាជប៉ុនបើប្រៀបទៅនឹងស្តង់ដារពិភពលោក។

“សោភ័ណវិទ្យាជប៉ុន” ឬនិយាយឲ្យសាមញ្ញជាងនេះគឺ​សោភ័ណ​ភាព​ជប៉ុន ដែលមានខាងវិស័យជាច្រើន​ដូច​ជា manga, anime សួន​ច្បារ​ទេស​ភាព ឬ​សេរ៉ាមិច។

ខុសពីប្រទេសជាច្រើនទៀត នោះហើយជាអ្វីដែលធ្វើឲ្យសោភ័ណភាពជប៉ុនមានលក្ខណៈពិសេស និងទាក់ទាញ។ ប៉ុន្តែតើសោភ័ណភាពរបស់ជនជាតិជប៉ុនជាអ្វីឲ្យពិតប្រាកដ? តើនឹងមានអ្វីកើត​ឡើងបើសិនជាអនុវត្តសោភ័ណ​ភាព​នេះ​ចំពោះ​អាជីវកម្ម?

ចូរយើងវិភាគទាំងអស់គ្នា ហើយសង្កេតមើលថា តើយើងអាចអនុវត្តទៅលើការងាររបស់យើងបាន​ដែរ​ទេ?

ផ្តោតសំខាន់លើបរិយាកាស និងភាពសាមញ្ញ

សូមប្រិយមិត្តទាំងអស់គ្នាក្រឡេកមកមើលរូបភាពតំណាងខាងក្រោម នេះជារូបថតគ្រួសាររាជវង្សជប៉ុន។

ប្រសិនបើគ្រួសាររាជវង្សនៅប្រទេសផ្សេងទៀតប្រាកដជាត្រូវបានតុបតែងយ៉ាងប្រណីតជា​មួយនឹង​គ្រឿង​សង្ហារិម​​ដ៏​​ថ្លៃ​ថ្នូរ ភ្លឺ​ចែង​ចាំង ចំណែកឯ​ជន​ជាតិ​​ជប៉ុន​​បែរ​ជាចាត់ទុកភាព​សាមញ្ញ​គឺ​ជា​ភាព​ស្រស់ស្អាត។

មិនចាំបាច់បំពេញគ្រប់កន្លែងនោះទេ ប៉ុន្តែដឹងពីរបៀបប្រើប្រាស់កន្លែងទាំងនោះ។

ឧទាហរណ៍​អ្នក​ដែល​បាន​បញ្ចូលគំនិតនេះទៅលើអាជីវកម្មគឺលោក Steve Jobs – ដែល​ជា​អតីត​នាយក​​ប្រតិបត្តិ​​របស់​​ក្រុម​ហ៊ុន Apple ។

មិនដឹងថាអ្នកទាំងអស់គ្នានៅចាំដែរទេ? នៅពេលដែល iPhone ចេញលក់ដំបូង ទាំងផលិតផល និងការវេចខ្ចប់សុទ្ធតែមានលក្ខណៈសាមញ្ញ។

សព្វថ្ងៃនេះ ប្រហែលជាយើងទាំងអស់គ្នាទម្លាប់ និងមិនចាប់អារម្មណ៍ទៀត ពីព្រោះក្រុមហ៊ុនផលិត​ជាច្រើនផ្សេងទៀតក៏បានអនុវត្តគំនិតនេះទៅ​លើ​ផលិត​ផល​របស់​ពួក​គេ​ផង​ដែរ។ ប៉ុន្តែនៅ​ពេល​នោះ នេះជាគំនិតដ៏អស្ចារ្យ​មួយ ដែល​បង្កើត​បាន​ជា​បដិវត្តន៍​ខាង​ផ្នែក​រចនា។

ជាទូទៅខាងផ្នែករចនាមានវិធីសាស្រ្តពីរ៖

  • ចំណុចទីមួយគឺបូកបន្ថែមដើម្បីធ្វើឲ្យសមាសភាពមានតុល្យភាព។
  • ចំណុចទីពីរគឺលុបបំបាត់អ្វីដែលមិនចាំបាច់ ទុកតែចំណុចដែលសំខាន់ប៉ុណ្ណោះ ដើម្បីទទួលបានភាពសមសួន។

ប្រជាជនជប៉ុនតែងតែជ្រើសយកវិធីទីពីរ ស្វែងរកតុល្យភាពតាមរយៈការកាត់បន្ថយ។

ហើយក្នុងការអនុវត្តជាក់ស្តែង ចំណុចនេះមិនងាយស្រួលនោះទេ។

ឲ្យតម្លៃភាពមិនល្អឥតខ្ចោះ និងចំណុចលម្អិតដែលលាក់កំបាំង

នៅខេត្ត Tochigi មានទីសក្ការៈបូជាដ៏ល្បីមួយមានឈ្មោះថា Toshogu ។

នៅទីនេះមានច្រកទ្វារមួយត្រូវបានគេចាត់ទុកជាស្នាដៃសិល្បៈហៅថា Yomeimon ។ នៅលើសសរ​ទាំង​នោះ​​ត្រូវ​​​បាន​​​ឆ្លាក់​​​យ៉ាង​​​ល្អិត​​ល្អន់ ប៉ុន្តែ​ចម្លែក​ណាស់ ក្នុង​ចំណោម​នោះ​បែរ​ជា​មាន​សសរ​មួយដាក់​បញ្ច្រាស់។

មិនមែនជាកំហុសនោះទេ ប៉ុន្តែនោះជាចេតនាដើម្បីបង្ហាញពីរូបរាងដែលមិនពេញលេញ។

ចំណុចនេះក៏​ព្រោះ​តែ​ជនជាតិ​ជប៉ុន​ជឿ​ថា៖ “គ្រប់យ៉ាងដែលពេញលេញ​នឹង​បែក​បាក់ ដូច្នេះប្រសិន​បើ​មិន​ពេញ​លេញ វា​នឹង​ស្ថិត​នៅ​ជា​រៀង​រហូត” ។

គំនិតនេះក៏ត្រូវបានអនុវត្តក្នុង manga និង anime ផងដែរ។ ក្នុងពិភព manga និង anime យើង​តែង​តែ​មើលឃើញស្នាដៃជាច្រើននិយាយពីការប្រយុទ្ធរវាងយុត្តិធម៌ និងអំពើអាក្រក់ ប៉ុន្តែក្នុងនោះ គ្មាន​យុត្តិធម៌ ឬអំពើអាក្រក់ដាច់ខាតនោះទេ។ មនុស្សសុចរិតអាចនឹងមានអតីតកាល​ដ៏​ខ្មៅ​ងងឹត ហើយមនុស្សអាក្រក់ក៏មានហេតុផលដែលធ្វើឲ្យពួកគេក្លាយជាបែបនេះផង​ដែរ។

ដើម្បីបង្កើតបានជា “ភាពដាច់ខាត” ទាំងនោះ អ្នកនិពន្ធច្រើនតែបង្ហាញពីគំនិតលាក់កំបាំង។

ឧទាហរណ៍​ដូច​ជា៖

  • ហេតុអ្វីបានជាត្រូវប្រយុទ្ធដោយមនុស្សយន្តយក្ស?
  • ហេតុអ្វីបានជាតួអង្គម្នាក់នេះបែរជាទៅឈ្លានពានអ្នកដទៃ?

ដោយសារតែចំណុចដែលមិនបានបង្ហាញទាំងនេះហើយទើបធ្វើឲ្យរឿងរ៉ាវ​កាន់​តែ​សម​ហេតុផល និង​ជ្រាល​ជ្រៅ​ជាង​មុន។

មិនបង្ហាញដោយផ្ទាល់នោះទេ

នេះក៏ជាផ្នែកមួយដែលធ្វើឲ្យជនបរទេសមានអារម្មណ៍ថាពិបាកយល់បំផុតក្នុងភាសាជប៉ុន ពោល​គឺ​ប្រជាជន​ជប៉ុន​មិន​និយាយ​ចំៗ​នោះ​ទេ។

ឧទាហរណ៍៖ ក្នុងភាសាជប៉ុនពាក្យ “ស្រលាញ់” គឺ “愛している” ។ ទោះបីជាមានន័យថាស្រលាញ់ ប៉ុន្តែ​ប្រជាជនជប៉ុនភាគច្រើនបែរជាមិន​និយាយ​ថា​ស្រលាញ់​ដោយ​ប្រើ​ប្រយោគ​នេះ​ឡើយ។

ផ្ទុយទៅវិញ ពួកគេប្រើពាក្យ “ចូលចិត្ត” ដើម្បីបង្ហាញពីអារម្មណ៍ស្រលាញ់របស់ខ្លួនតាមបែបទន់​ភ្លន់​គឺ “好きです” ។

តាំងពីបុរាណកាលមក ប្រជាជនជប៉ុនមិនមានទម្លាប់បង្ហាញអារម្មណ៍តាមត្រង់នោះទេ។

ចំណុចនេះក៏បង្ហាញយ៉ាងច្បាស់ក្នុងតន្រ្តីជប៉ុនផងដែរ។ ទំនុកច្រៀងច្រើនតែមានលក្ខណៈអរូបី ហើយ​ប្រសិនបើបកប្រែទៅជាភាសាមួយផ្សេងទៀត អាចនឹងក្លាយជាការបញ្ចេញមតិដោយផ្ទាល់ ដោយ​បាត់​បង់​ភាព​សមសួនរបស់​ភាសា​ជប៉ុន និង​អត្ថន័យ​ជ្រាល​ជ្រៅ​នៃ​ទំនុក​ច្រៀង។

ស្តាប់ទៅដូចជាពិបាកយល់ ប៉ុន្តែនៅពេលដែលយល់ និងស្ទាត់ជំនាញ អ្នកអាចនឹងមើលឃើញពិភព​មួយ​ថ្មី​ខាង​ផ្នែក​រចនា តន្ត្រី ឬ​អក្សរសិល្ប៍​របស់​ខ្លួន។

ចូរយើងសាកល្បងអនុវត្ត និងស្វែងយល់ពីអារម្មណ៍​ទាំង​នោះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: