បាត់បង់​គ្រប់​យ៉ាង​ព្រោះ​តែ​ស្រវឹង​ស្រា

បាត់បង់គ្រប់យ៉ាង​ព្រោះ​តែ​ស្រវឹង​ស្រា។

មិនដឹងថារហូតមកដល់ពេលនេះ តើអ្នកធ្លាប់ជួបនរណាម្នាក់នៅពេលដែលស្រវឹងផ្លាស់ប្តូរចរិត​ទាំង​​ស្រុង​​ដែរ​​ទេ? ដូច​​ជា​​មនុស្ស​ម្នាក់​ទៀត មិន​​មែន​​ជា​​​មនុស្ស​​ជា​​ដែល​យើង​​​​ស្គាល់​​​នោះ​​ទេ។

តាមពិតទៅ មានមនុស្សជាច្រើន នៅពេលដែលស្រវឹងពួកគេចាប់ផ្តើមបាត់បង់ភាពម្ចាស់ការ ស្មារតី មានអាកប្បកិរិយាមិនសមរម្យ។ គេយល់ថា អ្វីដែលកើតឡើងនៅពេលដែលមនុស្សម្នាក់ស្រវឹង​ទើប​ជា​សារធាតុពិត​របស់​ពួក​គេ។ នៅ​ពេល​នោះពួកគេបានបំភ្លេចរឿងល្អៗដែលខ្លួន​បានខិតខំប្រឹងប្រែងធ្វើពេលមិនទាន់ស្រវឹង។ ហើយមនុស្សមួយចំនួនក្នុងចំណោមនោះចាប់ផ្តើមបង្កកំហុស​ឆ្គង។

កាលពីមុនធ្លាប់មានសាមូរ៉ៃម្នាក់បានបង្កកំហុសដែលមិនអាចជួយបានពេលស្រវឹង ហើយនៅទីបំផុតបាត់បង់​គ្រប់​យ៉ាង។

សង្ឃឹមថា រឿងរ៉ាវដែលនិយាយពីលោកនឹងក្លាយជាមេរៀនមួយសម្រាប់យើងទាំងអស់គ្នា ដោយគិត​ពិចារណា ហើយ​ជៀសវាង​បង្ក​កំហុស​ឆ្គង​នៅ​ពេល​ដែល​ស្រវឹង។

រឿងនេះនិយាយសាមូរ៉ៃម្នាក់ឈ្មោះថា Fukushima Masanori (福島 正則) ។

ថ្វីត្បិតតែ មិនសូវជាល្បីក៏ដោយ ប៉ុន្តែលោកជាអ្នកដែលទទួលបានជ័យជម្នះជាច្រើននៅលើសមរភូមិ។

ទោះជាយ៉ាងណា លោកស្រវឹងម្តងហើយម្តងទៀត ហើយបន្តបង្កកំហុសឆ្គង រហូត​ដល់​ទី​បំផុត​លោក​​បាន​​បាត់​បង់​​អ្វីៗ​​គ្រប់​យ៉ាង។

បាត់បង់​វត្ថុដែលជាកេរដំណែលគ្រួសារ

Masanori ធ្លាប់មានវត្ថុដែលជាកេរដំណែលគ្រួសារ នោះគឺជាលំពែងដែលត្រូវបានគេចាត់ទុកជាកំពូលលំពែង មានឈ្មោះសម័យកាលហៅថា (日本号 – Hinomoto-go) ។

នៅថ្ងៃមួយ អ្នកនាំពាក្យម្នាក់ដែលមកពីត្រកូល Kuroda (នៅតំបន់ជិតខាង) បានមកជួបលោក។

Masanori បានអញ្ជើញអ្នកនាំពាក្យផឹកស្រា ប៉ុន្តែអ្នកនាំពាក្យម្នាក់នេះបាន​បដិសេធ​ព្រោះ​កំពុង​បំពេញ​​កាតព្វកិច្ច។ នៅ​​ពេល​​នោះ Masanori បាន​​និយាយ​​សម្តី​​ញុះ​ញង់​​ថា៖

– “ហេតុអ្វីបានជាអ្នកនាំពាក្យម្នាក់ដូចជាលោកបែរជាមិនចេះផឹកស្រាទៅវិញ? 

ប្រសិនបើអ្នកផឹកស្រាទាំងនេះអស់ ខ្ញុំនឹងជូនលោកគ្រប់យ៉ាងដែលលោកចូលចិត្ត។”

ដើម្បីឆ្លើយតបទៅនឹងពាក្យសម្តីញុះញង់ទាំងនោះ អ្នក​នាំ​ពាក្យបាន​ផឹក​ស្រាទាំងនោះ​អស់ ហើយនៅ​ទី​បំផុត Masanori ក៏បានចាញ់។ លទ្ធផលលោកត្រូវប្រគល់លំពែងដែលជាកេរដំណែលគ្រួសារឲ្យ​អ្នក​នាំ​ពាក្យ​ម្នាក់​នោះ។

ដោយសារតែភាពក្រអឺតក្រទមនៅពេលដែលស្រវឹង លោកបានធ្វើឲ្យបាត់បង់វត្ថុដ៏មានតម្លៃដែល​ជា​កេរ​ដំណែល​គ្រួសារ។

បណ្តាលឲ្យអ្នកក្រោមបង្គាប់ដែលមានចិត្តស្មោះត្រង់ស្លាប់

ក្នុងអំឡុងពេលធ្វើដំណើរតាមទូកត្រឡប់ទៅ Hiroshima ជាមួយអ្នកក្រោមបង្គាប់ Masanori និង​​អ្នក​ក្រោម​បង្គាប់​បានផឹកស្រាជាមួយគ្នានៅលើទូក។ បន្ទាប់ពីផឹកស្រាស្រវឹង Masanori ស្រាប់តែមានអារម្មណ៍​រំភើប ហើយនិយាយពាក្យសម្តីដែលបាត់បង់ម្ចាស់ការ។ លោក​បាន​បញ្ជា​ឲ្យអ្នកក្រោមបង្គាប់របស់​គាត់​អនុវត្ត​ពិធី seppuku (ពិធីវះ​ពោះ​ធ្វើ​អត្តឃាត) ។

ដោយសារភាពស្មោះត្រង់របស់ខ្លួន អ្នកក្រោមបង្គាប់​របស់​លោក​បាន​ទទួល​បញ្ជា​ដោយស្ងៀម​ស្ងាត់ ហើយ​អនុវត្ត​ពិធី seppuku ។

រហូតដល់ព្រឹកបន្ទាប់ នៅពេលដែលស្វាងពីស្រា ហើយ​នឹកឃើញ​រឿងនោះឡើងវិញ Masanori សោក​ស្ដាយ​យ៉ាង​ខ្លាំង និងស្រែកយំដោយអារម្មណ៍មានកំហុស។ ប៉ុន្តែយឺតពេលទៅហើយ អ្នកក្រោម​បង្គាប់​របស់​គាត់បានស្លាប់ដោយភាពឈឺចាប់ មិន​អាច​រស់​ឡើង​វិញ​បាន​ឡើយ។

ព្រោះតែចូលចិត្តផឹកស្រា Masanori បានបាត់បង់របស់មានតម្លៃជាច្រើនក្នុងជីវិត។

មិនច្បាស់ទេថា បន្ទាប់ពីបានឃើញការស្លាប់ដ៏សោកសៅរបស់អ្នកក្រោមបង្គាប់ដែលស្មោះត្រង់ តើ​លោក​បាន​កែ​ប្រែ​ចិត្ត ហើយឈប់ផឹកស្រាដែរអត់ទេ ប៉ុន្តែរឿងអាក្រក់នៅតែបន្តកើតឡើង។

នៅពេលនោះ ក្នុងតំបន់ដែលគាត់រស់នៅ ដែលសព្វថ្ងៃជាតំបន់ដែលនៅជិត Hiroshima ត្រូវ​វាយ​ប្រហារ​ដោយ​សារ​ព្យុះ​ដ៏​ធំ​មួយ ដែល​បណ្តាល​ឲ្យ​ប្រាសាទ​ខូច​ខាតយ៉ាង​ធ្ងន់​ធ្ងរ ហើយលោកបាន​ជួស​ជុល​យ៉ាង​ប្រញាប់​ប្រញាល់។

នៅសម័យនោះ តំបន់តូចៗនីមួយៗ ដែលស្មើនឹងខេត្តនាពេលសព្វថ្ងៃនេះ សុទ្ធតែត្រូវបានគ្រប់គ្រងដូចជាប្រទេសតូចមួយ ដោយមានសូហ្គុន Edo ដើរតួនាទីប្រៀបដូចជារដ្ឋាភិបាលសហព័ន្ធដែលមានមូលដ្ឋាននៅទីក្រុងតូក្យូសព្វថ្ងៃ។

ក្នុងតំបន់នីមួយៗត្រូវបានអនុញ្ញាតឲ្យមានប្រាសាទតែមួយប៉ុណ្ណោះ ហើយ​ការ​ដែល​លោក​ជួស​ជុលប្រាសាទ​ដោយ​ចិត្ត​​ឯង​​ត្រូវ​បាន​គេ​យល់​ច្រឡំ​ថា កំពុង​សាង​សង់​ប្រាសាទ​បន្ថែម ឬ​ពង្រឹង​កង​ទ័ព។ លទ្ធផល​លោក​ត្រូវ​ដក​ហូត​ពីតំបន់​របស់​ខ្លួន។

នៅទីបំផុត សូហ្គុន Edo ខឹងសម្បារ ហើយបាននិរទេសលោកទៅកាន់តំបន់មួយនៅខេត្ត Niigata សព្វ​ថ្ងៃ​នេះ។ តំបន់ទឹកដីថ្មីរបស់លោកត្រូវបានកាត់បន្ថយសល់ត្រឹមមួយភាគដប់បើប្រៀប​នឹង​កាល​ពីមុន។

ទោះបីជាគ្រោះចង្រៃចុងក្រោយកើតឡើងមិនមែនដោយសារតែស្រវឹងស្រាក៏ដោយ ប៉ុន្តែជីវិតរបស់ Masanori នៅ​តែ​មិន​រលូន​ដដែល។

មនុស្សមួយចំនួនគិតថា ដោយសារពាក្យចចាមអារ៉ាមដែលទាក់ទងនឹងទម្លាប់អាក្រក់ពេលផឹកស្រា​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​លោក​ធ្លាក់​ក្នុង​ស្ថាន​ភាព​បែប​នោះ។ 

ប្រសិនបើអ្នកធ្លាប់ត្រូវសាច់ញាតិ ឬមិត្តភក្តិប្រាប់ថា អ្នកមានទម្លាប់មិនល្អពេលស្រវឹង ខ្ញុំគិតថា អ្នក​ទាំង​អស់​គ្នា​គួរ​តែ​គាត់​បន្ថយ។ ប្រសិនបើអាចឈប់​បាន​គឺ​ល្អ តែ​បើ​មិន​អាច​ចោល​បាន គួរ​តែ​ផឹក​ក្នុង​កម្រិត​ល្មម​បាន​ហើយ។

កុំចាំដល់ពេលដែលបង្កកំហុសឆ្គងដែល​មិន​អាច​កែ​ប្រែ​បាន​ទើប​ស្តាយ​ក្រោយ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: