សេវាកម្មដ៏ចម្លែកបំផុតនៅជប៉ុន “សុំលាលែងពីតំណែងជំនួស” និង “បញ្ចុះបញ្ចូលមិនឲ្យលាលែងពីតំណែង”
សេវាកម្មដ៏ចម្លែកបំផុតនៅជប៉ុន “សុំលាលែងពីតំណែងជំនួស” និង “បញ្ចុះបញ្ចូលមិនឲ្យលាលែងពីតំណែង” ។
បច្ចុប្បន្ននេះ អាជីវកម្មជប៉ុនកំពុងជួបបញ្ហាខ្វះខាតធនធានមនុស្ស។
នៅពេលដែលយុវជនជាច្រើនលែងចាប់អារម្មណ៍នឹងការទៅធ្វើការ ក្នុងស្ថានភាពនោះ ប្រភេទអាជីវកម្មថ្មីត្រូវបានបង្កើតឡើង រកប្រាក់តាមរយៈភាពខ្ជិលច្រអូស និងភាពទន់ខ្សោយរបស់មនុស្ស។ ហើយអ្វីដែលមិននឹកស្មាននោះគឺ ការងារប្រភេទនេះកាន់តែច្រើនឡើង ដែលធ្វើឲ្យមនុស្សមានការព្រួយបារម្ភអំពីអនាគតរបស់ប្រទេសជាតិ។
ដំណាក់កាលដំបូង៖ “សេវាកម្មប្តូរការងារជំនួស”
កាលពីមុន នៅពេលដែលចង់ផ្លាស់ប្តូរការងារ មនុស្សគ្រប់គ្នាសុទ្ធតែត្រូវណែនាំខ្លួនឯង ដោយបង្ហាញពីគុណសម្បត្តិរបស់ខ្លួនដើម្បីទទួលបានការងារ។
ជាការពិតណាស់ អាចពឹងទៅលើក្រុមហ៊ុនណែនាំការងារ ប៉ុន្តែត្រង់ចំណុចណែនាំសមត្ថភាពនៅតែត្រូវធ្វើដោយខ្លួនឯង។ យ៉ាងណាមិញ ប្រហែលជា ៣០ ឆ្នាំមុន មនុស្សកាន់តែច្រើនឡើងៗ បានចាប់ផ្តើមពឹងផ្អែកលើក្រុមហ៊ុនណែនាំការងារឲ្យជួយទាំងចំណុចនេះ ពីព្រោះពួកគេគ្មានទំនុកចិត្តចំពោះសមត្ថភាពនិយាយណែនាំអំពីខ្លួនឯង។
នៅពេលដែលក្រឡេកមើលឡើងវិញ នេះប្រហែលជាព្រឹត្តិការណ៍សំខាន់មួយដែលកត់សម្គាល់អំពីការធ្លាក់ចុះរបស់ជប៉ុន។
បន្ទាប់មកគឺ “សេវាកម្មសុំលាលែងពីតំណែងជំនួស”
យុវជនកាន់តែច្រើនឡើងមិនអាចនិយាយពាក្យថា “ខ្ញុំសុំលាលែងពីការងារ” ដោយខ្លួនឯងបានទេ។ ដូច្នេះហើយ បានជាមានក្រុមហ៊ុនផ្តល់សេវាកម្មថ្មីត្រូវបានបង្កើតឡើង ដើម្បីធ្វើការងារនេះជំនួសពួកគេ។
ប្រហែលជាអាចនឹងមានហេតុផលណាមួយដែលធ្វើឲ្យពួកគេមានអារម្មណ៍ស្ទាក់ស្ទើរពេលសុំឈប់ពីការងារនៅកន្លែងដែលខ្លួនធ្លាប់ធ្វើការជាយូរមកហើយ ប៉ុន្តែយ៉ាងហោចណាស់គួរតែនិយាយដោយខ្លួនឯងមែនទេ?
ជាមួយនឹងតម្លៃសេវាកម្មចាប់ពី ១០.០០០ ទៅ ៥០.០០០ យ៉េន តម្លៃមិនខ្ពស់ពេកទេ ដូច្នេះចំនួនមនុស្សដែលប្រើប្រាស់សេវាកម្មនេះកាន់តែច្រើនឡើង ហើយឥឡូវនេះ មិនត្រឹមតែមានយុវជនប្រើប្រាស់សេវាកម្មនេះប៉ុណ្ណោះទេ។
ក្រុមហ៊ុនផ្តល់សេវាកម្មទាំងនេះយល់ច្បាស់អំពីច្បាប់ ហើយដោយសារតែមិនមានមនោសញ្ចេតនាចំពោះក្រុមហ៊ុនរបស់ភាគីអតិថិជន ដូច្នេះពួកគេគ្រាន់តែអនុវត្តតាមនីតិវិធីស្របតាមប្រតិបត្តិការប៉ុណ្ណោះ។ ជាលទ្ធផល មនុស្សកាន់តែច្រើនឡើងកំពុងលាឈប់ពីការងារដោយមិនបានចាត់ចែងការងាររបស់ខ្លួនឡើយ។
ផលប៉ះពាល់ចំពោះអាជីវកម្ម
នៅពេលដែលបុគ្គលិកដែលបានចំណាយពេលបណ្តុះបណ្តាលលាឈប់ពីការងារ ការខិតខំប្រឹងប្រែង និងថវិកាទាំងអស់ដែលក្រុមហ៊ុនបានចំណាយហាក់បីដូចជារលាយតាមខ្យល់។
ក្នុងវិស័យជាច្រើន បុគ្គលិកថ្មីមិនបានរួមចំណែកដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុននោះទេ ហើយត្រូវចំណាយពេលបណ្តុះបណ្តាលប៉ុន្មានឆ្នាំ ទើបពួកគេចាប់ផ្តើមបង្កើតប្រាក់ចំណេញ។ ដូច្នេះហើយ ការលាឈប់ពីការងារភ្លាមៗគឺជាការខាតបង់ដ៏ធំមួយសម្រាប់អាជីវកម្ម។
ចំពោះសេវាកម្មសុំលាលែងពីការងារជំនួស សូម្បីតែឳកាសសម្រាប់ភាគីក្រុមហ៊ុនពិភាក្សាអំពីបញ្ហាបែបនេះក៏គ្មានដែរ។
ហើយឥឡូវនេះ៖ “សេវាកម្មសុំកុំលាលែងពីតំណែង”
សេវាកម្មថ្មីដែលទើបតែលេចឡើងក្នុងឆ្នាំនេះគឺ “សេវាកម្មបញ្ចុះបញ្ចូលអ្នកមានទេពកោសល្យ” ។
ពោលគឺ នៅពេលដែលបុគ្គលិកម្នាក់មានបំណងចង់ឈប់ ក្រុមហ៊ុននឹងជួលអ្នកដទៃមកបញ្ចុះបញ្ចូលពួកគេឲ្យនៅធ្វើការ។ ជាការពិតណាស់ នេះគ្រាន់តែជាទម្រង់នៃការបញ្ចុះបញ្ចូលប៉ុណ្ណោះ មិនមែនជាការបង្ខិតបង្ខំនោះទេ។
ខាងផ្នែកផ្តល់សេវាកម្មនឹងពន្យល់ពីគុណវិបត្តិដល់បុគ្គលិកនៅពេលដែលសុំឈប់នៅពេលនេះ ហើយបញ្ចុះបញ្ចូលពួកគេឲ្យផ្លាស់ប្តូរគំនិត។
ទោះជាយ៉ាងណា… ដោយផ្ទាល់ខ្ញុំគិតថា ចំណុចនេះជាអ្វីដែលក្រុមហ៊ុនគួរធ្វើដោយខ្លួនឯង មិនចាំបាច់ទៅជួលភាគីទីបីមកជ្រៀតជ្រែកឡើយមែនទេ?
ហេតុអ្វីបានជារឿងទាំងនេះកើតឡើង?
បើនិយាយឲ្យសាមញ្ញទៅ ខ្ញុំគិតថា ដោយសារតែភាគីទាំងសងខាងសុទ្ធតែធ្វើចរិតកូនក្មេង។ ដូចជាពេលដែលក្មេងមិនហ៊ាននិយាយ ដូច្នេះត្រូវពឹងម្តាយឲ្យនិយាយជំនួស។
មនុស្សដែលងាយនឹងពឹងផ្អែកទៅលើសេវាកម្មប្រភេទនេះ ជាទូទៅជាមនុស្សដែលមិនដឹងពីរបៀបបង្កើតទំនាក់ទំនងល្អនៅកន្លែងធ្វើការ។
ប្រសិនបើភាគីទាំងពីរធ្វើដាក់គ្នាទៅវិញទៅមកដោយភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះអនាគតភាគីទាំងពីរ ដូច្នេះសេវាកម្មជំនួសបែបនេះគឺមិនចាំបាច់ទេ។
ប្រសិនបើរឿងនេះនៅតែបន្ត ដល់ពេលដែលមនុស្សនឹងគិតថា៖ “ជួលមនុស្សពិតជាស្មុគស្មាញណាស់” ។ ហើយនៅពេលនោះ គេនឹងប្រើប្រាស់មនុស្សយន្ត និងបញ្ញាសិប្បនិម្មិតដើម្បីធ្វើការងារជំនួសមនុស្ស។
នៅក្នុងសង្គមសព្វថ្ងៃនេះ មនុស្សកាន់តែឃ្លាតឆ្ងាយពីគ្នាទៅៗ ហើយសេវាកម្មថ្មីត្រូវបានបង្កើតឡើង។ ប្រសិនបើប្រិយមិត្តគិតថា សេវាកម្មទាំងនេះចាំបាច់សម្រាប់ប្រទេសរបស់ខ្លួន ខ្ញុំខ្លាចថា នោះគឺជាសញ្ញាដែលបង្ហាញថាទំនាក់ទំនងរវាងមនុស្ស និងមនុស្សមិនល្អ។
មនុស្សតែងតែមានទំនោរស្វែងរកដំណោះស្រាយងាយៗ ដូច្នេះការស្វែងរកនរណាម្នាក់មកកាត់បន្ថយបន្ទុកសម្រាប់ខ្លួនជារឿងដែលងាយយល់។ ដូច្នេះហើយ ទើបសព្វថ្ងៃនេះ ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការងារកាន់តែច្រើនឡើង។ យ៉ាងណាមិញ ខ្ញុំគិតថា តើអនាគតមនុស្សនឹងទៅជាយ៉ាងណា នៅពេលដែលយើងប្រគល់ការងារទាំងអស់ទៅឲ្យបញ្ញាសិប្បនិម្មិត និងម៉ាស៊ីន?
Abe Kengo
