រឿងរ៉ាវដ៏កំសត់ដែលបង្កប់នៅពីក្រោយពិធីបុណ្យបាញ់កាំជ្រួច
រឿងរ៉ាវដ៏កំសត់ដែលបង្កប់នៅពីក្រោយពិធីបុណ្យបាញ់កាំជ្រួច។
នៅពេលដែលរំលឹកដល់រដូវក្តៅនៅជប៉ុន មនុស្សគ្រប់គ្នានឹងគិតភ្លាមដល់ពិធីបុណ្យកាំជ្រួចដ៏អស្ចារ្យ ដែលមានចំនួនកាំជ្រួចរាប់ពាន់គ្រាប់បាញ់ទៅលើមេឃ ធ្វើឲ្យអ្នកទស្សនាបំភ្លេចអារម្មណ៍ក្តៅស្អុះស្អាប់ក្នុងរដូវក្តៅ។
ក្នុងចំណោមនោះ ប្រហែលជាគ្មានកន្លែងណាអាចប្រៀបនឹងពិធីបុណ្យកាំជ្រួច Nagaoka នៅខេត្ត Niigata នោះទេ។
ទោះជាយ៉ាងណា នៅពីក្រោយទិដ្ឋភាពដ៏អស្ចារ្យនោះគឺជារឿងរ៉ាវដ៏កំសត់មួយ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវិតរបស់កំពូលសិល្បករកាំជ្រួចដ៏ល្បីឈ្មោះម្នាក់គឺ Kase Seiji ។
ជីវិតដ៏កំសត់របស់ Kase
Kase បានក្លាយជាសិល្បករកាំជ្រួចចាប់ពីអាយុ ១៤ ឆ្នាំ។
សិល្បករកាំជ្រួចគឺជាអ្នកដែលផលិតកាំជ្រួច។ នៅខាងក្នុងកាំជ្រួច គ្រឿងផ្ទុះត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្នខាងក្នុងសំបកក្រដាស ដូច្នេះនៅពេលដែលផ្ទុះលើមេឃ នឹងមើលទៅរីកស្រស់ស្អាតបំផុត។
ការងារនេះតម្រូវឲ្យសិប្បករត្រូវមានការស្រមើស្រមៃ ជាមួយនឹងការគណនាច្បាស់លាស់ ព្រោះភាពស្រស់ស្អាតរបស់កាំជ្រួចអាស្រ័យទៅលើការរៀបចំគ្រឿងផ្ទុះខាងក្នុង។
នៅពេលដែលកំពុងខិតខំប្រឹងប្រែងពង្រឹងជំនាញបន្ថែម Kase ទទួលបានបញ្ជាចូលបម្រើកងទ័ព និងត្រូវចេញទៅសមរភូមិ។
ក្នុងអំឡុងពេលគាត់នៅជួរមុខ ស្រុកកំណើត Nagaoka ត្រូវកងទ័ពអាមេរិកទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ដែលភាគច្រើនទីក្រុងត្រូវដុតបំផ្លាញទាំងស្រុង។
បន្ទាប់ពីសង្រ្គាមបានបញ្ចប់ គាត់គិតថា នៅទីបំផុតអាចត្រឡប់ទៅផ្ទះវិញ ប៉ុន្តែបែរជាត្រូវកងទ័ពក្រហមសូវៀតចាប់ខ្លួន ហើយបញ្ជូនទៅតំបន់ Siberia ដែលត្រជាក់យ៉ាងខ្លាំង។
ក្រោមអាកាសធាតុត្រជាក់ដករាប់សិបអង្សា លោក និងមនុស្សជាច្រើនទៀតត្រូវបង្ខំឲ្យធ្វើការងារយ៉ាងលំបាក ការងារទាំងនោះមានដូចជាកាប់ឈើ ឬសាងសង់ផ្លូវដែកជាដើម។
អ្នកដែលធ្វើការជាមួយគ្នាស្លាប់ម្នាក់ម្តងៗដោយសារភាពអត់ឃ្លាន ត្រជាក់ និងជំងឺ។ ឈរនៅពីមុខផ្នូរដែលត្រូវបានរៀបចំយ៉ាងសាមញ្ញ Kase លើកដៃបួងសួង ហើយបាននិយាយទាំងទឹកភ្នែកថា៖
- “មិនយូរនោះទេ ខ្ញុំនឹងទៅជួបអ្នកទាំងអស់គ្នានៅពិភពមួយផ្សេងទៀត។”
ជីវិតបន្ទាប់ពីត្រឡប់មកវិញ
បន្ទាប់ពីធ្វើការយ៉ាងលំបាកអស់រយៈពេលបីឆ្នាំ Kase បានត្រលប់ទៅប្រទេសជប៉ុនវិញ។ លោកបានស្ដារការងារធ្វើកាំជ្រួច និងទទួលបានជោគជ័យជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស។ ប៉ុន្មានឆ្នាំក្រោយមកលោកថែមទាំងត្រូវបានជ្រើសរើសឲ្យធ្វើជាអ្នកទទួលខុសត្រូវក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូផងដែរ។
ទោះជាយ៉ាងណា Kase នៅតែមិនបំភ្លេចមិត្តភក្តិដែលបានស្លាប់នៅ Siberia នោះទេ។ ដោយអារម្មណ៍នឹករលឹក លោកបានសម្រេចចិត្តនាំយកកាំជ្រួចទៅកាន់ប្រទេសរុស្ស៊ីសម្រាប់បាញ់រំលឹកដល់ពួកគេ។
ក្រោយសង្គ្រាម ទោះបីជាទំនាក់ទំនងរវាងជប៉ុន និងរុស្ស៊ីមិនល្អក៏ដោយ ហើយការរៀបចំពិធីបាញ់កាំជ្រួចនៅទីនោះក៏ពិបាកណាស់ដែរ ប៉ុន្តែគាត់នៅតែតស៊ូធ្វើឲ្យបាន។
ប្រភេទកាំជ្រួចដែលលោកយកតាមមានឈ្មោះថា Shiragiku មើលទៅដូចជាផ្កាស្បៃរឿងពណ៌ស ដែលជានិមិត្តរូបនៃភាពបរិសុទ្ធ និងព្រលឹងទៅកាន់សុគតិភព។
នៅពេលដែលកាំជ្រួចបានផ្ទុះឡើងលើមេឃ Siberia គាត់បានស្រក់ទឹកភ្នែក ដោយនឹកដល់មិត្តភក្តិនៅឆ្នាំនោះ។
កាំជ្រួចរំលឹកដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋាន
មួយថ្ងៃមុនពិធីបុណ្យកាំជ្រួច Nagaoka គឺជាថ្ងៃដែលតំបន់នេះត្រូវបានដុតបំផ្លាញដោយសារការវាយឆ្មក់តាមអាកាស។ ដូច្នេះហើយ ជារៀងរាល់ឆ្នាំ ចំពេលដែលការវាយឆ្មក់តាមអាកាសកើតឡើង កាំជ្រួច “Shiragiku” ពណ៌សចំនួនបីត្រូវបានបាញ់ទៅលើមេឃ ដើម្បីរំលឹកដល់ប្រជាជនចំនួន ១.៥០០ នាក់ដែលបានស្លាប់ និងបួងសួងសុំសន្តិភាព។
នៅទីបំផុត សិល្បករកាំជ្រួច Seiji Kase បានទទួលមរណភាពនៅឆ្នាំ ២០២៣ ។
គេជឿថា ជារៀងរាល់ឆ្នាំ លោកជាមួយនឹងសមមិត្តចាស់ៗមើលពិធីបុណ្យកាំជ្រួច Nagaoka នៅកន្លែងសែនឆ្ងាយ។
បុគ្គលដែលបានតស៊ូដើម្បីការពារប្រទេសជាតិ បុគ្គលដែលត្រូវជាប់ឃុំនៅក្រៅប្រទេស ជនរងគ្រោះនៃការវាយប្រហារតាមអាកាស រួមទាំងគាត់ ជាសិប្បករដែលបានចំណាយពេលបង្កើតកាំជ្រួចយ៉ាងស្រស់ស្អាត។
សូមឲ្យព្រលឹងរបស់ពួកគេទាំងអស់គ្នាបានទៅកាន់សុគតិភព និងមានពន្លឺដ៏អស់កល្បជានិច្ច។
Abe Kengo