នាយករដ្ឋមន្ត្រីជប៉ុនធ្លាប់មានអតីតកាលជាទាសករ
នាយករដ្ឋមន្ត្រីជប៉ុនធ្លាប់មានអតីតកាលជាទាសករ។
មានបុរសម្នាក់ធ្លាប់ឆ្លងកាត់ជីវិតដែលពោរពេញទៅដោយរឿងអភ័ព្វជាច្រើន ប៉ុន្តែនៅទីបំផុតបានឡើងធ្វើជានាយករដ្ឋមន្ត្រីជប៉ុន។ នោះគឺជាអតីតនាយករដ្ឋមន្ត្រីលោក Takahashi Korekiyo (高橋是清) ។
ជីវិតរបស់លោកឆ្លងកាត់រឿងខ្លោចផ្សាជាច្រើន ដែលហាក់បីដូចជាមានតែក្នុងខ្សែភាពយន្តប៉ុណ្ណោះ។
ប្រសិនបើយើងទាំងអស់គ្នាធ្លាប់គិតថា ជីវិតរបស់ខ្លួនពិតជាអភ័ព្វខ្លាំងណាស់ ប្រហែលជាគ្រប់គ្នាមានអារម្មណ៍ថា “យ៉ាងហោចណាស់អ្នកនៅតែមានសំណាងជាង” នៅពេលដែលអ្នកបានស្តាប់រឿងរ៉ាវនិយាយពីជីវិតរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ។
ក្លាយជាទាសករដោយចៃដន្យ
កាលនៅក្មេង លោក Takahashi ធ្លាប់ទៅសិក្សានៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា លោកត្រូវជនជាតិអាមេរិកឆបោក យកថ្លៃសិក្សាទាំងអស់។
នៅពេលនោះ ព្រោះតែមិនពូកែភាសាអង់គ្លេស លោកបានចុះហត្ថលេខាលើឯកសារដែលគេប្រគល់ឲ្យ ដោយគិតថានោះជាឯកសារមានប្រយោជន៍សម្រាប់ខ្លួន ប៉ុន្តែមិនដឹងថា តាមពិតទៅនោះជាកិច្ចសន្យាទាសករនោះទេ។
ចាប់តាំងពីពេលនោះ លោកត្រូវបានគេលក់ទៅគ្រប់ទីកន្លែង និងត្រូវធ្វើការងារលំបាកជារៀងរាល់ថ្ងៃ។ ក្នុងអំឡុងពេលនោះ លោកបានរៀនភាសាអង់គ្លេសដោយប្រើគ្រប់មធ្យោបាយ។ នៅទីបំផុត លោកអាចរួចផុតពីជីវិតជាទាសករ ហើយត្រឡប់ទៅប្រទេសជប៉ុនវិញ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា លោកមិនដែលគិតថាខ្លួនបានក្លាយជាទាសករនោះទេ លោកគ្រាន់តែគិតថា ខ្លួនកំពុងខិតខំប្រឹងប្រែង និងរៀនសូត្រឥតឈប់ឈរប៉ុណ្ណោះ។
ត្រឡប់ទៅប្រទេសវិញ និងទទួលការមើលងាយ
មិនច្បាស់ពីមូលហេតុនោះទេ ប៉ុន្តែនៅពេលដែលត្រឡប់មកវិញ លោក Takahashi ត្រូវបានគេចាត់ទុកជា “ជនក្បត់” ហើយមិនអាចរកបានការងារធ្វើ។
បន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើន នៅទីបំផុតគាត់បានក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស។
នៅពេលដែលទទួលបានប្រាក់ចំណូលតាមរយៈការងារធ្វើ លោកបែរជាបណ្តោយខ្លួនរីករាយជាមួយនឹង geisha ហើយនៅពេលដែលរឿងត្រូវលាតត្រដាង លោកត្រូវបណ្តេញចេញ។
ក្លាយជាជនរងគ្រោះនៃករណីឆបោក
លោក Takahashi តាំងចិត្តចាប់ផ្តើមជីវិតជាថ្មី ធ្វើជាមន្ត្រីរដ្ឋាភិបាល។ យ៉ាងណាមិញ លើកនេះលោកបានក្លាយជាជនរងគ្រោះនៃករណីវិនិយោគប្រាក់ ហើយបាត់បង់ទ្រព្យសម្បត្តិទាំងអស់។
កើតមានកំហុសឆ្គងជាបន្តបន្ទាប់…។
ត្រូវបោកបញ្ឆោតកម្រិតអន្តរជាតិម្តងទៀត
ដោយមិនបោះបង់ លោកបន្តធ្វើការងារ បង្កើតទ្រព្យសម្បត្តិឡើងវិញ។ បន្ទាប់មក បុគ្គលដែលគាត់គោរពបានអញ្ជើញគាត់វិនិយោគ ទិញអណ្តូងរ៉ែប្រាក់នៅប្រទេសប៉េរូ។ ប៉ុន្តែនៅពេលដែលទៅដល់កន្លែង ទើបលោកប្រទះឃើញថា អណ្តូងរ៉ែត្រូវបោះបង់ចោលជាយូរមកហើយ មិនអាចរ៉ុករកបានទៀតឡើយ។
លើកនេះ លោកបានធ្លាក់ក្នុងសំណាងអាក្រក់ដោយមិនមានផ្លូវចេញ។
នៅតែមិនបោះបង់ចោល និងស្វែងរកឱកាសថ្មី
តាមដំបូន្មានរបស់មិត្តភ័ក្តិ លោកបានដាក់ពាក្យចូលធ្វើការនៅធនាគារកណ្តាលជប៉ុន – ជាកន្លែងដែលបោះពុម្ពរូបិយប័ណ្ណជាតិ។ នៅទីនោះ សមត្ថភាពរបស់លោកត្រូវបានទទួលស្គាល់ ហើយលោកបានឡើងកាន់តំណែងជាទេសាភិបាលធនាគារជប៉ុន។
ចាប់តាំងពីពេលនោះ សំណាងរបស់គាត់បានចាប់ផ្តើម។
ការរួមចំណែកយ៉ាងសំខាន់ក្នុងសង្គ្រាម
នៅពេលនោះ ជប៉ុនកំពុងត្រូវការប្រាក់យ៉ាងច្រើនដើម្បីបម្រើដល់សង្គ្រាមជាមួយរុស្ស៊ី។ មិនអាចបង្កើនដើមទុនក្នុងស្រុកបាន លោកបានទៅកាន់សហរដ្ឋអាមេរិកដើម្បីខ្ចីប្រាក់។
នៅទីនេះ លោកបានជួបអ្នកវិនិយោគជនជាតិជ្វីហ្វម្នាក់ដោយចៃដន្យ ហើយដោយសារទំនាក់ទំនងនេះ លោកប្រមូលបានប្រាក់មួយចំនួនដែលស្មើនឹងថវិកាជាតិ ជាអ្វីដែលមិនធ្លាប់មានពីមុនមក។
ពីទាសករក្លាយជានាយករដ្ឋមន្ត្រីជប៉ុន
បន្ទាប់ពីទទួលបានជោគជ័យទាំងនោះ លោកបន្តឡើងកាន់តំណេងខ្ពស់ជាងនេះ ហើយបានក្លាយជានាយករដ្ឋមន្ត្រីជប៉ុននៅឆ្នាំ ១៩២១ ។
ដោយផ្តើមចេញពីទាសករ លោកបានឈានទៅដល់ចំណុចកំពូលនៃអំណាច។
ដោយសារលោកតែងតែដឹងពីរបៀបក្រោកឈរបន្ទាប់ពីទទួលយកបរាជ័យម្តងៗ មនុស្សម្នាបានដាក់រហស្សនាមគាត់ថា “Daruma” ។
** Daruma ជាឈ្មោះនៃប្រភេទតុក្កតាជប៉ុនបុរាណដែលមានរាងមូល ទោះបីជាដួលក៏នៅតែក្រោកឈរជានិច្ច។
ត្រូវធ្វើឃាតក្នុងរដ្ឋប្រហារ
ក្រោយពេលកាន់តំណេងជានាយករដ្ឋមន្ត្រីបាន ១ ឆ្នាំ ៨ ខែ នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៣៦ រដ្ឋប្រហារយោធាមួយបានកើតឡើង។ នៅទីនេះ លោក Takahashi ត្រូវបានធ្វើឃាតដោយមន្ត្រីយោធា។
ប្រជាជនជប៉ុនមានពាក្យមួយឃ្លាថា “ជីវិតពេលខ្លះឡើងភ្នំ ពេលខ្លះចុះដល់បាត” ។
ជាការពិតណាស់ ជីវិតគឺពោរពេញទៅដោយរឿងល្អ និងរឿងអាក្រក់។ ប្រហែលជាយើងទាំងអស់គ្នាធ្លាប់ឆ្លងកាត់គ្រាដ៏រុងរឿង និងថ្ងៃដែលសំណាងអាក្រក់បំផុត ប៉ុន្តែប្រហែលជាកម្រមានអ្នកឆ្លងកាត់ខ្សែជីវិតឡើងចុះដូចជាជីវិតរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះខ្លាំងណាស់។
ដោយចាប់ផ្តើមពីមនុស្សដែលមិនមានអ្វីទាំងអស់ លោកក្រោកឈរខ្លួនឯងដោយមិនចុះចាញ់។ ហើយនោះជាអ្វីដែលខ្ញុំកោតសរសើរបំផុត។
នៅពេលដែលក្រឡេកមើលមុខរបស់អ្នកនយោបាយម្នាក់នេះ តើអ្នកទាំងអស់គ្នាមានអារម្មណ៍ដូចខ្ញុំដែរទេ?
“ទម្រង់មុខជាមនុស្សដែលមានបទពិសោធន៍” ។
ភាពស្រស់ស្អាតរបស់មនុស្សមិនត្រឹមតែស្ថិតលើរូបរាងខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែស្ថិតលើរឿងរ៉ាវជីវិតដែលបង្ហាញយ៉ាងច្បាស់នៅលើទឹកមុខរបស់ពួកគេ។
ហើយខ្ញុំមើលឃើញទម្រង់មុខរបស់បុរសម្នាក់នេះស្រស់ស្អាតតាមបែបនោះ។
Abe Kengo