តើ​អនាគតរបស់ជប៉ុន​នឹង​ទៅជា​យ៉ាងណា​ព្រោះ​តែ “ភាព​ងាយ​ស្រួល” ចំពោះ​ជន​អន្តោប្រវេសន៍​បរទេស?

តើ​អនាគតរបស់ជប៉ុន​នឹង​ទៅជា​យ៉ាងណាព្រោះតែ “ភាពងាយស្រួល” ចំពោះ​ជន​អន្តោប្រវេសន៍​បរទេស?

អំឡុងពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​ជន​អន្តោប្រវេសន៍ទៅប្រទេសជប៉ុនកាន់តែច្រើនឡើង។ ក្នុង​​ចំណោម​​នោះ មាន​​ជន​​​អន្តោប្រវេសន៍​មួយ​ចំនួនកំណត់​ច្បាប់​ដោយ​ឡែក ដែលសូម្បី​តែអាជ្ញាធរក៏ស្ទើរតែមិនធ្វើអន្តរាគមន៍ដែរ។ នៅ Hokkaido ថែមទាំងមានតំបន់មួយចំនួន​ដែលប្រជាជនជប៉ុនមិនអាចឈានជើងចូលបាន។

តើនឹងមានអ្វីកើតឡើងចំពោះអនាគតរបស់ជប៉ុន ជាប្រទេសដែលមានភាព​យឺតយ៉ាវ​ខាងវិស័យ​​អន្តរជាតិ ប៉ុន្តែឥឡូវនេះកំពុងពន្លឿន​ដំណើរការ​នេះ?

ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ ខ្ញុំសូមចែករំលែកទាក់ទងនឹងបញ្ហាដែលជនអន្តោប្រវេសន៍បរទេសកំពុងបង្កឡើងនៅកន្លែងជាច្រើនទូទាំងប្រទេសជប៉ុន។

ការបញ្ចុះសពខុសច្បាប់

យោងទៅតាមការបង្រៀនរបស់ឥស្លាម ការបញ្ចុះសពអ្នកស្លាប់នៅក្រោមដីជាកាតព្វកិច្ច។ ទោះ​ជា​យ៉ាង​ណា នៅ​ប្រទេស​ជប៉ុន ជា​គោល​ការណ៍ទម្រង់​​​​នៃ​​ការ​​បញ្ចុះ​​នេះ​​ត្រូវ​​បាន​​ហាម​​ឃាត់។

ដូច្នេះហើយ ជនមូស្លីមមួយចំនួនបានជំទាស់យ៉ាងខ្លាំង ហើយ​មនុស្ស​មួយ​ចំនួន​ថែម​ទាំង​បាន​បញ្ចុះ​សពខុស​ច្បាប់​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរនោះទេ។

ភូមិប៉ាគីស្ថាននៅកណ្តាលជប៉ុន

ទីក្រុង Ebetsu នៅ Hokkaido បានទទួលជនជាតិប៉ាគីស្ថានជាច្រើននាក់។ នៅតំបន់នេះពោរពេញ​ទៅ​ដោយ​សំណង់​ខុសច្បាប់​ដែល​ពួកគេ​បាន​សាងសង់។ នៅកន្លែងនេះថែមទាំងរៀបចំប្រារព្ធពិធីបុណ្យឯករាជ្យជាតិប៉ាគីស្ថានផងដែរ។

ជាមូលដ្ឋាន ព្រឹត្តិការណ៍នេះគ្មានអ្វីខុសនោះទេ ប៉ុន្តែមានហេតុការណ៍​ធ្ងន់ធ្ងរ​មួយ​បាន​កើត​ឡើង។ នៅទីនេះ ស្ត្រីជនជាតិជប៉ុនម្នាក់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ត្រូវបុរសជនជាតិប៉ាគីស្ថានរាប់រយនាក់លូកលាន់រាងកាយ និងជិតត្រូវគេចាប់រំលោភ។ ក្នុងវីដេអូបង្ហាញថា នេះ​ជា​ករណី​បៀតបៀន​ផ្លូវ​ភេទ​យ៉ាង​ច្បាស់។

អាក្រក់ជាងនេះទៅទៀត មានករណីមួយចំនួនប្រជាជនជប៉ុនត្រូវបណ្តេញចេញដោយការព្រមានថា៖ “ជនជាតិជប៉ុនកុំចូលទីនេះ!” ។

នៅតំបន់ទាំងនោះស្ទើរតែលែងជារបស់ជប៉ុនទៀតហើយ។

ជនជាតិ Kurd បង្កចលាចល

ជនភៀសខ្លួនជាច្រើនមកពីតួកគី និងប្រទេសជិតខាងទៅកាន់ប្រទេសជប៉ុន។ ក្នុងចំណោមនោះមួយចំនួនរស់នៅប្រមូលផ្តុំនៅទីក្រុង Kawaguchi ខេត្ត Saitama ។

ពួកគេធ្វើការខាងផ្នែកកម្ទេចសំណង់ ប៉ុន្តែមនុស្សជាច្រើនមិនបង់ពន្ធ បោះចោលកាកសំណល់ខុសច្បាប់ និងប្រមូលប្រាក់ចំណេញខ្ពស់តាមរយៈអាជីវកម្មរបស់ខ្លួន។ ជាមួយនឹងចំនួនទឹកប្រាក់នោះ ពួកគេទិញរថយន្តប្រណីត និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាច្រើន​ដោយសារ​ការ​បើកបរ​ធ្វេសប្រហែស។

ជនជាតិចិនប្រមូលទិញដី

ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដែលអនុញ្ញាតឲ្យជនបរទេសក្លាយជាម្ចាស់កម្មសិទ្ធិដី។ ដោយឆ្លៀតឱកាសនោះ ជនជាតិចិនជាច្រើនបានប្រញាប់ប្រញាល់ទិញតំបន់ដីធំទូលាយ។ នៅតំបន់ដីដែលត្រូវប្រមូលទិញ ដើមឈើត្រូវកាប់បំផ្លាញ និង​រោង​ចក្រថាមពលពន្លឺ​ព្រះ​អាទិត្យ​ដ៏ធំត្រូវ​បាន​សាង​សង់។

លទ្ធផលទេសភាពធម្មជាតិដ៏ស្រស់ស្អាតរបស់ជប៉ុនកំពុងត្រូវបានបំផ្លាញបន្តិចម្តងៗ។

ក្រោមស្ថានភាពជន​អន្តោប្រវេសន៍បង្កបញ្ហាច្រើនបែបនេះ រដ្ឋាភិបាល​ជប៉ុនបែរជាកំពុងមានគម្រោង​បង្កើន​ចំនួន​ជនអន្តោប្រវេសន៍។

ប្រទេសជប៉ុនកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដូចជាអេហ្ស៊ីប ឥណ្ឌា និងប្រទេសអាហ្រ្វិកមួយចំនួនដើម្បីបង្កើនចំនួនកម្មករ។ ប៉ុន្តែចំណុចនេះប្រឈមនឹងការប្រឆាំងយ៉ាងខ្លាំង​ពី​ប្រជាជន​ជប៉ុន។

មិនមែនបដិសេធ​ជនបរទេស​ធ្វើ​អន្តោប្រវេសន៍ចូលប្រទេសជប៉ុននោះទេ គ្រាន់តែហេតុអ្វីបាន​ជា​មិនអាច​កំណត់​បុគ្គលធ្វើអន្តោប្រវេសន៍​? គួរតែទទួលយកមនុស្សដែលគោរពច្បាប់ និងទំនៀម​ទម្លាប់​ជប៉ុន​ធ្វើ​​អន្តោប្រវេសន៍​ចូល​ប្រទេស​ជប៉ុន។

សម្រាប់អ្នកដែលបំពានច្បាប់ ការដែលបង្ខំឲ្យពួកគេត្រឡប់ទៅស្រុកកំណើតវិញគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះចំពោះប្រទេសផ្សេងទៀត។ ទោះ​ជា​យ៉ាង​ណា នៅ​ប្រទេស​ជប៉ុន អាជ្ញាធរមានសមត្ថកិច្ច​កម្រ​ធ្វើអន្តរាគមន៍ណាស់ ដែលធ្វើឲ្យប្រជាជនមានអារម្មន៍មិនពេញចិត្តព្រោះថា ជនបរទេសទទួល​បាន​​ការ​យក​ចិត្ត​ទុក​ដាក់​ជាង​​ប្រជាជន​​ជប៉ុន។

ប្រសិនបើស្ថានភាពនេះនៅតែបន្ត ទេសភាពដ៏ស្រស់ស្អាត និងទំនៀមទម្លាប់ប្រពៃណីជប៉ុននឹងត្រូវ​បំផ្លាញ ហើយ​ទន្ទឹម​នឹង​នោះ ស្ថាន​ភាព​រើស​អើង​ចំពោះ​ជន​បរទេស​អាច​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ។

ជាក់ស្តែង ស្ទើរតែមិនមានឧទាហរណ៍ដែលនិយាយពីភាគជោគជ័យនៃគោលនយោបាយអន្តោប្រវេសន៍នៅបណ្តាប្រទេស​លោក​ខាង​លិច – ជា​ប្រទេស​ដែល​បាន​អនុវត្ត​គោល​នយោបាយ​អន្តោប្រវេសន៍​មុន។

ប្រសិនបើជប៉ុននៅតែបន្តធ្វើសកម្មភាពដោយមិនមានផែនការច្បាស់លាស់ លទ្ធផលដែលទទួលបានមកវិញប្រាកដជាស្រដៀងគ្នា។

បច្ចុប្បន្ននេះ មិនត្រឹមតែប្រជាជនជប៉ុនប៉ុណ្ណោះទេ សូម្បីតែជនបរទេសជាច្រើនផ្សេងទៀតដែលស្រឡាញ់ប្រទេសជប៉ុនក៏កំពុងជជែកវែកញែកអំពីបញ្ហានេះយ៉ាងខ្លាំងផងដែរ។

មិនដឹងថាអនាគតរបស់ជប៉ុននឹងទៅជាយ៉ាងណានោះទេ។ ប៉ុន្តែមានចំណុចជាក់ស្តែងមួយគឺ បញ្ហាដែលបង្កឡើង​ដោយ​ជនអន្តោប្រវេសន៍មួយចំនួន​កំពុង​ប៉ះពាល់​ដល់ជនបរទេសដែលរស់​នៅ​ស្រប​ច្បាប់ និង​​កំពុង​​​រស់​​​នៅ​​ចុះ​​សម្រួល​​ជា​មួយ​​ប្រជាជន​​ជប៉ុន​​បច្ចុប្បន្ន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: