ករណីឃាតកម្ម​​ដែលត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ជួយ​​អន្តរាគមន៍

ករណីឃាតកម្ម​​ដែល​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ជួយ​​អន្តរាគមន៍។

នៅឆ្នាំ ១៩៨៥ នៅពេលដែលអុីនធឺណេតមិនទាន់ពេញនិយមដូចជាសព្វថ្ងៃនេះ ព័ត៌មានត្រូវបាន​ធ្វើ​បច្ចុប្បន្ន​ភាព​តាម​រយៈ​កាសែត ឬ​ទូរទស្សន៍។

ហើយ​បន្ទាប់​មក មាន​រឿង​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង។ ករណីសម្លាប់មនុស្សបានកើតឡើងក្នុងអំឡុង​ពេល​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍។

តើហេតុការណ៍នេះបណ្តាលមកពីមូលហេតុអ្វី? តើអ្នកសារព័ត៌មាន​បានធ្វើអ្វីក្នុងអំឡុងពេលដែល​កើត​មាន​​ករណី​ឃាតកម្ម?

អ្នកយកព័ត៌មានទាំងនោះបានផ្តល់អាទិភាពទៅលើការថតដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន​គូប្រជែង ដោយ​ភ្លេច​ពី​មនុស្ស​ធម៌​របស់​ខ្លួន។

តាមពិតទៅបញ្ហា​ស្រដៀង​គ្នា​ដូចជាបណ្តាញសង្គមសព្វថ្ងៃ កាលពីមុនធ្លាប់កើតមានជាច្រើន​ដង​មក​ហើយ។

ចូរយើងក្រឡេកមើលករណីនេះតាមរយៈខ្លឹមសារអត្តបទខាងក្រោម។

នេះជាករណី​ឃាតកម្ម​ដែល​កើត​ឡើង​នៅផ្ទះរបស់លោក Kazuo Nagano ប្រធាន​ក្រុមហ៊ុន Toyota Shoji ក្នុងឆ្នាំ ១៩៨៥ ។

(ខ្ញុំចង់កត់សម្គាល់ថា Toyota Shoji គឺជាក្រុមហ៊ុនដែលមិនពាក់ព័ន្ធនឹង Toyota Motor Corporation – ដែល​ជា​​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​នោះ​ទេ។)

Toyota Shoji គឺជាក្រុមហ៊ុនបោកប្រាស់ ដែលភាគច្រើនផ្តោតទៅលើមនុស្សចាស់ ក្រោមរូបភាពវិនិយោគ និង​ការ​ជួញ​ដូរ​មាស។

ពួកគេបោកប្រាស់ និងយក​ទ្រព្យ​សម្បត្តិរបស់មនុស្សចាស់ដែលបានសន្សំទុក។ សរុបចំនួននៃការ​ខូច​ខាត​រហូត​ដល់​ទៅ ២០០.០០០.០០០.០០០ យ៉េន។

ប្រសិនបើគិតតាមតម្លៃបច្ចុប្បន្ន ចំនួននេះអាចនឹងច្រើនទ្វេដង។

នៅពេលដែលករណីឆបោកត្រូវបានប្រទះឃើញ បុគ្គលដែលចាញ់បោកខឹង​យ៉ាង​ខ្លាំង។

នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ១៩៨៥ មនុស្សប្រហែល ៣០ នាក់ រួមទាំងអ្នកយកព័ត៌មានតាមបណ្តាសារព័ត៌មាន និងស្ថានីយ៍ទូរទស្សន៍ផ្សេងទៀតបានប្រមូលផ្តុំគ្នានៅមុខផ្ទះរបស់ Nagano បន្ទាប់​ពី​ដឹង​ដំណឹង​ប៉ូលិស​​នឹង​​ចាប់​​ខ្លួន​​លោក​នៅ​ថ្ងៃ​នោះ។

នៅទីនោះ ឃាតកទាំងពីរនាក់ក្នុងករណីនេះក៏បានបង្ហាញខ្លួន។ នៅមុខកាមេរ៉ាទូរទស្សន៍ ពួក​គេ​បាន​ប្រកាស​ថា៖

  • “ពួក​យើង​នឹង​ចាត់​ការ Nagano ឥឡូវ​នេះ!”

និយាយចប់ អ្នកទាំងពីរបាន​យក​កៅអីរបស់អ្នក​កាសែត ហើយ​គប់​ទ្វារ​ផ្ទះ​របស់ Nagano ។ បន្ទាប់​​មក ពួក​គេ​បាន​ធាក់​បង្អួច និង​លោត​ចូល​ទៅ​ក្នុង។

សំឡេង Nagano ស្រែកសុំជំនួយបន្លឺឡើងនៅខាងក្នុងបន្ទប់ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមអ្នកសារព័ត៌មានជាង ៣០ នាក់នៅខាងក្រៅជួយអន្តរាគមន៍នោះទេ ផ្ទុយទៅវិញ ពួកគេផ្តោតទៅលើការផ្សាយព័ត៌មានសំខាន់។

ករណីឃាតកម្ម​នេះ​​បាន​កើត​ឡើង​ត្រឹម​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ ជនល្មើសទាំង ២ នាក់ក៏មិនបានរត់គេច​ខ្លួន​នោះ​ដែរ ប៉ុន្តែ​នៅ​កន្លែង​កើត​ហេតុ​​រង់​​ចាំ​​​សមត្ថកិច្ច​​​មក​ចាប់​ខ្លួន។

យោងតាមសម្តីសារភាព ដំបូងគោលដៅរបស់មនុស្សទាំងពីរនាក់នេះគ្រាន់តែចង់ទាមទារយកប្រាក់​ដែលឪពុកម្តាយរបស់ពួកគេត្រូវក្រុមហ៊ុន Toyota Shoji បោកប្រាស់មកវិញប៉ុណ្ណោះ។

ជនឆបោកត្រូវទទួលខុសត្រូវចំពោះ​កំហុស​ឆ្គង​ដែលពួកគេបង្កឡើង យើងយល់ពីចំណុចទាំងនេះ។ ប៉ុន្តែនៅមានច្បាប់ ក្នុងប្រទេសដែលមានច្បាប់ យុត្តិធម៌​ត្រូវ​បានអនុវត្តតាមច្បាប់។

ខ្ញុំ​យល់​ពី​កំហឹង​របស់​ពួកគេ ប៉ុន្តែដោះស្រាយបញ្ហាដោយប្រើអំពើ​ហិង្សា​មិន​មែន​ជា​សកម្មភាព​ត្រឹម​ត្រូវ​​នោះ​ទេ។

ទន្ទឹងនឹងនោះ បញ្ហាធ្ងន់ធ្ងរមួយផ្សេងទៀតដែលខ្ញុំយល់ថាមិនគួរមើលរំលងនោះគឺ ការព្រងើយកន្តើយ​របស់អ្នកដែលមានវត្តមាននៅកន្លែង​កើត​ហេតុ។ ពួកគេផ្តោតទៅលើការថតរបស់​ខ្លួន ថតទិដ្ឋភាពមនុស្សម្នាក់ត្រូវគេសម្លាប់នៅចំពោះមុខ។

​នៅ​ទី​នោះមានមនុស្សជាង ៣០ នាក់ ប៉ុន្តែគ្មាននរណាម្នាក់ចូល​អន្តរាគមន៍នោះទេ សូម្បីតែសកម្មភាព​មនុស្ស​ធម៌​មួយ​ក៏​គ្មាន។

នេះមិនត្រឹមតែជាបញ្ហាដោយឡែករបស់សារព័ត៌មានប៉ុណ្ណោះ​ទេ។ សព្វ​ថ្ងៃ​នេះ បញ្ហាស្រដៀងគ្នានេះក៏បានកើតឡើង​ចំពោះ​អ្នក​ដែលមាន​ឥទ្ធិពលលើបណ្ដាញ​សង្គម​ផង​ដែរ។ មនុស្សជាច្រើន​ផ្តោត​លើ​គោល​ដៅ និង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ដោយ​មិន​គិតពីអ្វីទាំងអស់។ គ្រាន់តែចង់បង្កើនចំនួនអ្នក​​មើល​ខ្លឹម​សារ​ដែល​ពួក​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម ពួកគេធ្វើរឿងគ្រោះថ្នាក់ដែលបង្កបញ្ហាដល់​មនុស្ស​ជុំវិញ​ខ្លួន ឬ​បង្ហាញ​ពី​អាកប្បកិរិយា​ប្រមាថ ថែម​ទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជា​ដើម។

យ៉ាងណាមិញ ការផ្តល់អាទិភាពសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនជារឿងធម្មតា។ ប៉ុន្តែយើងមិនអាចព្រោះតែផល​ប្រយោជន៍​មិន​ខ្វល់ពី​​អ្វី​ទាំង​អស់​នោះ​​ទេ ដែលផ្ទុយនឹងសីលធម៌។ សង្ឃឹមថា នៅពេលដែលប្រឈមមុខនឹងរឿងអ្វីមួយ យើង​​ទាំង​អស់​គ្នា​នឹង​គិត​ពិចារណា​ល្អិត​ល្អន់ ហើយ​ធ្វើរឿង​ដែល​សម​ស្រប។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: