ព័ត៌មានមិនពិតដែលបណ្តាលឲ្យមនុស្សស្លាប់ – ជាមេរៀនដែលបានមកពីករណីរញ្ជួយដីយ៉ាងរន្ធត់
ព័ត៌មានមិនពិតដែលបណ្តាលឲ្យមនុស្សស្លាប់ – ជាមេរៀនដែលបានមកពីករណីរញ្ជួយដីយ៉ាងរន្ធត់។
ក្នុងឆ្នាំ ១៩២៣ រញ្ជួយដីយ៉ាងខ្លាំងបានកើតឡើងនៅតំបន់ Kanto ប្រទេសជប៉ុន។ នៅតាមទីក្រុង រួមទាំងទីក្រុងតូក្យូត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។
គ្រោះថ្នាក់រញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ១១ៈ៥៨នាទីព្រឹក ស្របពេលដែលក្រុមគ្រួសារ និងហាងជាច្រើនកំពុងចម្អិនអាហារ ដែលបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះ និងរាលដាលគ្រប់កន្លែង បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។
នៅពេលនោះជីដូនខ្ញុំកំពុងរស់នៅទីក្រុងតូក្យូ ហើយក៏ជាជនរងគ្រោះរញ្ជួយដីម្នាក់ផងដែរ។
បើតាមសម្តីយាយរៀបរាប់ ប្រជាជនភ័យស្លន់ស្លោរត់ចេញពីអណ្តាតភ្លើង ប្រមូលផ្តុំគ្នានៅលើស្ពាន និងច្រាំងទន្លេ ថែមទាំងឈរនៅតំបន់ទឹករាក់ក្បែរទន្លេដើម្បីគេចចេញពីភ្លើងឆេះ។ មនុស្សមកកាន់តែច្រើនឡើង ក្នុងស្ថានភាពភ័យស្លន់ស្លោនោះ មនុស្សជាច្រើនត្រូវហ្វូងមនុស្សពីក្រោយរុញធ្លាក់ចូលទន្លេ ហើយលង់ទឹកស្លាប់។
សរុបទៅមនុស្សជាង ១០០.០០០ នាក់បានបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយនេះ។
ក្នុងអំឡុងពេលចលាចល និងទុកសោកនោះ សោកនាដកម្មមួយបានកើតឡើង ពាក្យចចាមអារ៉ាមមិនពិតបានបណ្តាលឲ្យមនុស្សមួយចំនួនស្លាប់។
ជនរងគ្រោះនៃពាក្យចចាមអារ៉ាមនោះគឺជាជនជាតិកូរ៉េខាងជើងដែលកំពុងរស់នៅប្រទេសជប៉ុន (រួមទាំងជនជាតិកូរ៉េខាងត្បូង និងកូរ៉េខាងជើង)។
ក្នុងស្ថានភាពចលាចលដែលបណ្តាលមកពីរញ្ជួយដី និងអគ្គីភ័យ ពាក្យចចាមអារ៉ាមមិនពិតដែលមិនដឹងថាមកពីណាត្រូវបានផ្សព្វផ្សាយ។
មានដូចជា៖
- “ជនជាតិកូរ៉េខាងជើងបានដាក់ថ្នាំពុលក្នុងអណ្តូង។”
ឬនិយាយថា៖
- “ពួកគេកំពុងបង្កអគ្គីភ័យ និងធ្វើកុបកម្ម។”
ប្រជាជនដែលកំពុងអស់កម្លាំង បាត់បង់ទិសដៅដោយសារគ្រោះមហន្តរាយបានជឿលើពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាននោះ។
ពាក្យចចាមអារ៉ាមត្រូវបានផ្សព្វផ្សាយលឿនដូចជាភ្លើងឆេះ ហើយសូម្បីតែប្រជាជនជប៉ុនដែលស្លូតបូត ចិត្តល្អក៏បាត់បង់ស្មារតីដែរ ធ្វើសកម្មភាពលើសពីដែនកំណត់។
នៅគ្រប់ទីកន្លែង ប្រជាជនបង្កើតក្រុមការពារដោយខ្លួនឯង។ ដំបូងឡើយ ពួកគេគ្រាន់តែដើរល្បាតដើម្បីការពារតំបន់ប៉ុណ្ណោះ ប៉ុន្តែយូរៗទៅ ភាពភ័យខ្លាច និងការសង្ស័យបានធ្វើឲ្យពួកគេលែងដឹងអ្វីទាំងអស់។
មនុស្សទាំងនេះកាន់ដាវ និងកាំភ្លើងប្រមាញ់ ដើរតាមផ្លូវ ហើយបង្ខំឲ្យអ្នកធ្វើដំណើរឆ្លងកាត់និយាយថា “១៥ យ៉េន ៥០ សេន” ជាភាសាជប៉ុន។
មូលហេតុដែលពួកគេបង្ខំឲ្យមនុស្សគ្រប់គ្នានិយាយប្រយោគនេះ គឺដោយសារតែក្នុងភាសាជប៉ុនប្រយោគនេះមានពាក្យចួនដូចគ្នានៅពេលអាន ហើយនៅពេលដែលនិយាយលឿន ជនបរទេសពិបាកនឹងបញ្ចេញសំឡេងរលូនល្អណាស់។
អ្នកដែលមិនអាចបញ្ចេញសំឡេងនិយាយប្រយោគនេះបាននឹងត្រូវចាត់ទុកថាជា “ជនជាតិកូរ៉េខាងជើង” ហើយត្រូវវាយធ្វើបាប។
ហេតុការណ៍បែបនេះបានកើតឡើងទូទាំងតំបន់ Kanto ជាពិសេសទីក្រុងតូក្យូ។ ដោយដឹងថា ចំនួនជនរងគ្រោះក្នុងហេតុការណ៍នេះមានរហូតដល់រាប់រយនាក់។
អាក្រក់ជាងនេះទៅទៀតគឺ នៅពេលនោះសូម្បីតែប៉ូលិស និងកងទ័ពក៏ទាក់ទងនឹងពាក្យចចាមអារ៉ាមមិនពិតនេះផងដែរ។
សារព័ត៌មានក៏បានផ្សាយព័ត៌មាននោះដែលប្រៀបបីដូចជារឿងនោះជាការពិត។
ទោះជាយ៉ាងណា នៅមានមនុស្សមួយចំនួនមានមនសិការ។
នៅក្នុងទីក្រុង Yokohama (ខេត្ត Kanagawa) មនុស្សជាង ១.០០០ នាក់នាំគ្នាទៅកាន់ប៉ុស្តិ៍ប៉ូលិស ដោយទាមទារឲ្យប្រគល់ជនជាតិកូរ៉េខាងជើង។
នៅពេលនោះខាងក្នុងប៉ុស្តិ៍ប៉ូលិសមានជនជាតិកូរ៉េខាងជើងប្រមាណ ៣០០ នាក់កំពុងភៀសខ្លួន ខណៈដែលប៉ូលិសមានចំនួនប៉ុន្មាននាក់ប៉ុណ្ណោះ។ ប្រសិនបើហ្វូងមនុស្សចលាចល ប៉ូលិសប្រាកដជាមិនអាចបញ្ឈប់បានទេ។
ប្រធានប៉ុស្តិ៍ប៉ូលិសនាពេលនោះគឺលោក Okawa Tsunekichi ។ នៅចំពោះមុខហ្វូងមនុស្សដែលកំពុងចលាចលលោកស្រែកថា៖
- “ប្រសិនបើចង់វាយពួកគេ សូមវាយខ្ញុំមុនមក។”
ហ្វូងមនុស្សនៅតែមិនព្រមថយក្រោយ អ្នកខ្លះស្រែកឡើងថា៖
- “ប្រសិនបើទុកឲ្យពួកគេរត់រួច តើនរណាជាអ្នកទទួលខុសត្រូវ?”
លោក Okawa បានឆ្លើយថា៖
- “ប្រសិនបើរឿងនោះកើតឡើង ខ្ញុំនឹងវះពោះដើម្បីទទួលខុសត្រូវ!”
ដោយមើលឃើញក្រសែភ្នែកតាំងចិត្ត និងមនុស្សធម៌របស់លោក នៅទីបំផុតហ្វូងមនុស្សបានស្ងប់ស្ងាត់។
រឿងនេះបង្ហាញថា ថ្វីត្បិតតែ ប្រជាជនជប៉ុនត្រូវបានគេចាត់ទុកថាមានចរិតស្លូតបូត និងស្ងប់ស្ងាត់ក៏ដោយ ប៉ុន្តែពេលដែលពួកគេធ្លាក់ក្នុងស្ថានភាពភ័យស្លន់ស្លោ ពួកគេអាចនឹងបាត់បង់សមត្ថភាពក្នុងការវិនិច្ឆ័យ។
នៅពេលដែលត្រូវបង្ខំដល់ផ្លូវទាល់ ពេលខ្លះមនុស្សអាចធ្វើសកម្មភាពដែលមិននឹកស្មានដល់។
មិនថានៅក្នុងការងារ ឬជីវិតប្រចាំថ្ងៃក៏ដូច្នេះដែរ។ ឧប្បត្តិហេតុអាចនឹងកើតឡើងគ្រប់ពេលវេលា ហើយយើងមិនអាចដឹងមុននោះទេ។ កុំទម្លាក់កំហុស ឬបន្ទោសអ្នកដទៃ ជាដំបូងយើងគួរតែរក្សាភាពស្ងប់ស្ងាត់ដើម្បីដោះស្រាយបញ្ហា។
បច្ចុប្បន្ននេះ នៅពេលដែលបណ្តាញសង្គមពោរពេញទៅដោយព័ត៌មានមិនពិត យើងត្រូវបញ្ជាក់ និងផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែក ដើម្បីជៀសវាងការជឿលើព័ត៌មានមិនពិត ដែលបង្កផលអាក្រក់ដល់ខ្លួនយើង និងសង្គម។
Abe Kengo