ការសង្ស័យពីទំនាក់ទំនងអាថ៌កំបាំងរវាងពីរ៉ាមីត និងជប៉ុន

ការសង្ស័យពីទំនាក់ទំនងអាថ៌កំបាំងរវាងពីរ៉ាមីត និងជប៉ុន។

បើ​និយាយ​ពី​ចម្ងាយ​ភូមិសាស្ត្រ ពីរ៉ាមីត​របស់​អេហ្ស៊ីប​ស្ថិត​នៅឆ្ងាយពីប្រទេស​ជប៉ុនប្រមាណ ១០.០០០ គីឡូម៉ែត្រ​។

មិនថាមើលយ៉ាងណាក៏ដោយ ហាក់បីដូចជា​ស្ថាបត្យកម្ម​ទាំង​នេះមិនទាក់ទងនឹងវប្បធម៌ជប៉ុននោះទេ។ ទោះជាយ៉ាងណា យូរៗទៅគេបានប្រទះឃើញពីចំណុច​ស្រដៀង​គ្នាយ៉ាង​អាថ៌កំបាំងជាច្រើន ដែលបណ្តាលឲ្យអ្នកស្រាវជ្រាវចោទជាសំណួរ។ ក្នុងចំណោមនោះមានសំណួរសួរថា តើ​​ពីរ៉ាមីតអាចនឹង​​ត្រូវ​​បាន​​សាង​សង់​ឡើង​ដោយ​​ជន​ជាតិ​​ជប៉ុន​ដែរ​ទេ?

សរុបទៅចំណុចស្រដៀងគ្នាទាំងនេះជាអ្វី បែរជាធ្វើឲ្យគេបង្កើតបានជាសម្មតិកម្មដែលមិនគួរឲ្យ​ជឿ​បែប​នេះ?

មានចម្ងល់ជាច្រើនទាក់ទងនឹងស្ថាបត្យកម្មដ៏អស្ចារ្យទាំងនេះ។ កាលពីមុន ពីរ៉ាមីតត្រូវបានគេចាត់ទុកថាជាផ្នូររបស់ស្តេចផារ៉ោន ប៉ុន្តែជាក់ស្តែង បន្ទាប់ពីសិក្សាផ្នែកបុរាណវិទ្យា និងស្រាវជ្រាវជាច្រើនមក រហូតមកដល់ពេលនេះនៅតែមិនទាន់រកឃើញអដ្ឋិធាតុរបស់ព្រះចៅផារ៉ោនឡើយ ដែល​ធ្វើ​ឲ្យមានការ​សង្ស័យ​ថា​ស្ថាបត្យកម្ម​ទាំង​នេះ​មិន​មែន​ជា​ផ្នូរ​នោះ​ទេ។

ទន្ទឹមនឹងនោះ គេថែមទាំងចោទជាសំណួរជាច្រើនដែលទាក់ទងនឹង​របៀប​សាងសង់ពីរ៉ាមីត។ តើធ្វើយ៉ាងណាអាចដឹកជញ្ជូនដុំ​ថ្ម​ដ៏​ធំ​បែប​នេះ​ទៅកាន់ទីខ្ពស់ និងដាក់ជង់យ៉ាងល្អឥតខ្ចោះដោយ​គ្រាន់​តែ​ប្រើ​កម្លាំង​មនុស្ស?

ទោះបីជាមានសម្មតិកម្មជាច្រើនត្រូវបានលើកឡើង ប៉ុន្តែពីរ៉ាមីតនៅតែជាស្ថាបត្យកម្មដែល​ពោរ​ពេញ​​ទៅ​ដោយ​​អាថ៌កំបាំង​ ហើយ​​មិន​​ទាន់​​អាច​​ពន្យល់​បាន​​ច្បាស់​​ឡើយ។

គេនិយាយថា ពីរ៉ាមីតត្រូវបានសាងសង់ឡើងតាមរបៀបដូចគ្នានឹងទីសក្ការបូជាមួយដែលមានឈ្មោះថា Izumo Taisha ដែលស្ថិតនៅប្រទេសជប៉ុនតាំងពីបុរាណកាលមកម្ល៉េះ។ ទោះបីជាមើល​ទៅ​ខុស​គ្នា​ទាំង​ស្រុង​ក៏​ដោយ ប៉ុន្តែ​រចនា​សម្ព័ន្ធ​ខាងក្នុងបែរជា​ដូច​គ្នា។

កម្ពស់នៃទីសក្ការៈបូជា Izumo Taisha គឺ ៤៨ ម៉ែត្រ កម្ពស់​នេះស្របនឹងកម្ពស់ “បន្ទប់ស្តេច” ដែល​​ត្រូវ​​បាន​​ចាត់​គេ​ទុក​ថា​ជា​​កន្លែង​សំខាន់​​បំផុត​​នៅ​ខាងក្នុង​​ពីរ៉ាមីត។

ប្រវែង​ជណ្តើរ​ទាំងពីរកន្លែងដែល​ទៅកាន់បន្ទប់របស់ស្តេចក៏​ដូចគ្នា​ដែរ គឺ ១០៩ មែត្រ។

ជ្រុងរបស់ជណ្តើរ និងជំហានជណ្តើរក៏ស្របគ្នាទាំងស្រុងផងដែរ។

ចំណុចដូចគ្នាយ៉ាងច្រើនរហូតដល់ថ្នាក់​អ្នក​ប្រវត្តិសាស្ត្រ​និយាយ​ថា នេះ​មិន​មែន​ជា​រឿង​ចៃដន្យនោះ​ទេ។

ម្យ៉ាងវិញទៀត ថែមទាំងមានភាពស្រដៀងគ្នាដែលទាក់ទងនឹងអាទិទេព។ នៅពេលដែលរំលឹកដល់​អាទិទេព​របស់​អេហ្ស៊ីប គេនឹងគិតភ្លាមដល់អាទិទេពព្រះអាទិត្យ “Ra” ។ នៅប្រទេសអេហ្ស៊ីប អាទិទេពព្រះអាទិត្យ​គឺជាអាទិទេពមួយក្នុងចំណោមអាទិទេពដែលសំខាន់បំផុត ដែលត្រូវបានគេ​ចាត់​ទុក​ថា​ជា​អ្នក​បង្កើតអាទិទេពផ្សេងទៀត និង​មនុស្ស​ទាំង​អស់ ហើយ​ជា​តំណាង​នៃ​ព្រះអាទិត្យ​នៅ​ពេល​ថ្ងៃ​ត្រង់។

Amaterasu Omikami ជាកំពូលអាទិទេពរបស់ជប៉ុន ហើយក៏ជាអាទិទេពព្រះអាទិត្យស្រីផងដែរ។

ក្នុងសម័យបុរាណ នៅពេលដែលថាមពលនៃធម្មជាតិត្រូវបានគេចាត់ទុកថាធំធេង មនុស្សតែង​តែ​ប្រៀប​ធៀប​ព្រះ​អាទិត្យ​ទៅ​នឹង​អាទិទេព ហើយ​មាន​រឿង​រ៉ាវ​ស្រដៀង​គ្នា​ជា​​ច្រើន​​ក្នុង​ទេវកថា។

គេនិយាយថា ពិបាកនឹងពន្យល់ពីចំណុចស្រដៀងគ្នានេះណាស់ ប្រសិនបើបដិសេធគំនិតដែលថាមានការផ្លាស់ប្តូរវប្បធម៌។

ក្រៅពីនេះ ​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់​អេហ្ស៊ីបដែលនៅតែមានរហូតមកដល់សព្វថ្ងៃនេះមានឃ្លា​សរសេរ​ថា៖ “ពួក​អភិជន​បូព៌ា​បានសាងសង់​ពីរ៉ាមីត​ដោយ​ប្រើ​វិធីសាស្រ្ត​ស្ថាបត្យកម្ម​ចម្លែក។”

ជាងនេះទៅទៀត រូបសំណាក Sphinx ដែលយាមនៅជាប់ប្រាសាទពីរ៉ាមីតត្រូវបានគេចាត់ទុកថាឆ្ពោះ​ទៅ​រក​ទិស​ដៅ​របស់​ជប៉ុន។

ប្រសិនបើយើងក្រឡេកមើលករណីនីមួយៗ អាចនិយាយបានថាជាការចៃដន្យ ប៉ុន្តែជាក់ស្តែង​បែរ​ជា​មាន​​ភាព​​ស្រដៀង​​គ្នា​​យ៉ាង​ច្រើន។

ទោះជាយ៉ាងណា ដូចដែលខ្ញុំបានចែករំលែកតាំងពីដើមមក ពីរ៉ាមីតរបស់អេហ្ស៊ីបមានចម្ងាយភូមិ​សាស្ត្រឆ្ងាយពីជប៉ុនប្រមាណ ១០.០០០ គីឡូម៉ែត្រ។ ប្រសិនបើនិយាយថា ពីរ៉ាមីតត្រូវបាន​សាង​សង់​ឡើង​ដោយជនជាតិជប៉ុន ដូច្នេះកាលពី ៥.០០០ ឆ្នាំមុន តើមនុស្សប្រើមធ្យោបាយអ្វីដើម្បីធ្វើដំណើរ​ចម្ងាយ ១០.០០០ គីឡូម៉ែត្រ​ទៅដល់​អេហ្ស៊ីប? ហើយបើទោះបីជាមានមធ្យោបាយធ្វើដំណើរនៅ​សម័យ​បុរេប្រវត្តិក៏ដោយ ដូច្នេះហេតុអ្វីបានជាគេសាងសង់ស្ថាបត្យកម្មអាថ៌កំបាំងនេះនៅកន្លែង​យ៉ាង​ឆ្ងាយ​បែប​នេះ បែរជា​មិន​សាង​សង់​នៅ​ប្រទេស​ជប៉ុន ជា​កន្លែង​ដែល​មិន​មានពីរ៉ាមីត​ទាល់​តែ​សោះ?

សំណួរដែលត្រូវបានលើកឡើងទាំងនេះគ្រប់ល្មមនឹងច្រានចោលសម្មតិកម្ម​​ដែល​​ថា​​ជន​ជាតិ​​ជប៉ុន​បាន​​សាង​សង់​​ពីរ៉ាមីត។

ដូច្នេះហេតុអ្វីបានជាមានភាពស្រដៀងគ្នាច្រើនយ៉ាងនេះ?

ក្នុង​នាម​ជា​ជនជាតិ​ជប៉ុន ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅ​ពេល​ដែល​បាន​ដឹង​អំពី​សម្មតិកម្មដែល​​ថា​ពីរ៉ាមីតជាស្ថាបត្យកម្មរបស់ជប៉ុន ប៉ុន្តែ​ជាក់​ស្តែង ខ្ញុំ​ផ្ទាល់ក៏យល់ឃើញ​ថា​សម្មតិកម្ម​នេះ​គឺមិន​គួរ​ឲ្យ​ជឿ​នោះ​ទេ។

ដោយផ្ទាល់ខ្ញុំគិតថា អាចនឹងគួរឲ្យជឿជាងនេះប្រសិនបើនិយាយថា ពីរ៉ាមីត និងទីសក្ការៈបូជា Izumo Taisha ត្រូវបានសាងសង់ឡើងដោយកម្លាំងអាថ៌កំបាំងណាមួយកាលពីអតីតកាល ហើយពួកគេត្រូវបានគោរពបូជាដូចជាអាទិទេពព្រះអាទិត្យ។ យ៉ាង​​ណា​​មិញ នេះ​​គ្រាន់​​តែ​​ជា​​យោបល់​ផ្ទាល់​របស់​​ខ្ញុំ​​ប៉ុណ្ណោះ។

រហូតមកដល់ពេលនេះ នៅមិនទាន់មានការសន្និដ្ឋានច្បាស់លាស់ទាក់ទងនឹងគោលបំណងនៃការសាងសង់ពីរ៉ាមីតឡើយ ហើយនៅតែមានសំណួរជាច្រើនទាក់ទងនឹងចម្ងល់ដែលថា តើពីរ៉ាមីត​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​នរណា? មាន​អរិយធម៌​អ្វី…?

តើអ្នកយល់យ៉ាងណាចំពោះស្ថាបត្យកម្មដ៏អស្ចារ្យនេះ និង​ចំណុច​ស្រដៀង​គ្នា​ដែល​ទាក់​ទង​នឹង​ទីសក្ការ​បូជា​ជប៉ុន?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: