មិត្ត​ភាព​ដ៏​ល្អ​រវាង “អ្នក​លេង​ព្យ៉ាណូ​ម្រាម​ដៃ​ប្រាំ​ពីរ” និង​ចោរ​ពីរ​នាក់

មិត្តភាពដ៏ល្អរវាង “អ្នក​លេង​ព្យ៉ាណូ​ម្រាម​ដៃ​ប្រាំ​ពីរ” និង​ចោរ​ពីរ​នាក់។

ក្នុងស្ថានភាពណាមួយ ប្រសិនបើសំណាងអាក្រក់ចោរលួចចូលផ្ទះ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

រឿងរ៉ាវខាងក្រោមនេះនិយាយពីទំនាក់ទំនងពិសេសរវាងអ្នកលេងព្យ៉ាណូជនជាតិជប៉ុនម្នាក់ និង​ចោរ​ពីរ​នាក់​ដែល​បាន​លួច​ចូល​ផ្ទះ​របស់​គាត់។

នៅពេលដែលមនុស្សព្យាយាម​យោគយល់គ្នាទៅវិញទៅមក ពិភពដ៏​មាន​សុភមង្គល​អាច​នឹង​ត្រូវបាន​បង្កើត​ឡើង។ ហើយ​​អ្នក​លេង​ព្យ៉ាណូ​រូប​​នេះ​​បាន​​បញ្ជាក់​​ពី​​ចំណុច​​នេះ។

តួអង្គសំខាន់ក្នុងរឿងនេះគឺ Nishikawa Gohei ដែលជាអ្នកលេងព្យ៉ាណូជនជាតិជប៉ុន។ Nishikawa ធ្លាប់​មានជំងឺទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទដែលបណ្តាលឲ្យដៃមិនអាចធ្វើចលនាបាន។ ដោយ​សារ​ការខិតខំប្រឹងប្រែងហ្វឹកហាត់ជាបន្តបន្ទាប់ នៅទីបំផុត Nishikawa គ្រាន់តែអាច​ធ្វើ​ចលនា​បានត្រឹមម្រាមដៃចំនួនប្រាំពីរប៉ុណ្ណោះ។ ទោះជាយ៉ាងណា គាត់​នៅ​តែ​មិន​បោះ​​បង់​ក្តីស្រមៃក្លាយជាអ្នក​លេង​ព្យ៉ាណូ​អាជីព​ម្នាក់​នោះ​ទេ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

ហេតុការណ៍នេះបានកើតឡើងនៅពេលដែល Nishikawa រស់នៅក្នុងទីក្រុង New York (ជាទីក្រុង​មួយ​នៅ​សហរដ្ឋ​អាមេរិក) ។

នៅយប់មួយ ក្នុងរដូវរងាក្រោម ១៧ អង្សា ចោរពីរនាក់បានចូលផ្ទះរបស់គាត់។ ក្នុងនាមជាមនុស្ស​ម្នាក់​​ដែល​​កើត​ និង​ធំ​ដឹង​ក្តី​នៅ​ប្រទេស​ជប៉ុន គាត់ទម្លាប់នឹងសន្តិសុខនៅស្រុកកំណើតរបស់​ខ្លួន Nishikawa បាន​ភ្លេច​​ចាក់​សោ​​ទ្វារ។

ក្រោយពេលលួចចូលផ្ទះ ចោរ​ទាំង​ពីរ​នាក់​បានគំរាមចាក់ Nishikawa ដោយប្រើសឺរ៉ាំងដែលមានផ្ទុក​សារ​ធាតុ​រាវ​ថ្លា និងចាប់ផ្តើមរើ​កកាយ​​របស់​​របរ​​ក្នុង​ផ្ទះ។

ក្នុងស្ថានភាពនោះ Nishikawa ស្រាប់តែមានចម្ងល់មួយ។ ដោយ​មិន​យល់ហេតុអ្វីបានជាបុគ្គលទាំង​នេះ​ក្លាយទៅជាចោរ គាត់​​ក៏​​ចាប់​​ផ្តើម​​និយាយ​​ជា​មួយ​​ចោរ​​ទាំង​​ពីរ​​នាក់​​នោះ៖

“តើអ្នកទាំងពីរឆ្លងកាត់កុមារភាពយ៉ាងណាដែរ?”

ប្រឈមមុខនឹងសំណួរដែលនឹកស្មានមិនដល់នេះ ចោរម្នាក់ក្នុងចំណោមនោះបានស្រែកឡើងថា៖

“តើឯងគិតថាឯងនឹងយល់ពីការឈឺចាប់នោះមែនទេ?”

តាមពិតទៅ មនុស្សទាំងនេះបានឆ្លងកាត់កុមារភាពដែលមិនសប្បាយចិត្តយ៉ាងខ្លាំង។ ឪពុកបង្កើត​តែង​តែ​ប្រើ​ហិង្សា វាយដំ​ពួកគេ ចំណែកឯម្តាយជាមនុស្សដែលញៀនស្រាម្នាក់ ហើយមិនអាចការពារកូនរបស់​ខ្លួន​បាន។ ពួក​គេ​ថែម​ទាំង​មិន​បាន​ទៅ​សាលា​រៀន និង​ត្រូវ​រស់​នៅ​ប្រៀបបី​ដូច​ជា​ឋាន​នរក។

ស្តាប់ឮចោរ​ទាំង​ពីរ​នាក់និយាយពីរឿង​រ៉ាវកាលពីកុមារភាព Nishikawa ​ទប់​ទឹក​ភ្នែក​មិន​បាន។ គាត់​បាន​ប្រាប់​ពួក​គេ​ថា៖

  • “ក្នុងផ្ទះរបស់ខ្ញុំគ្មានអ្វីមានតម្លៃនោះទេ។ ប៉ុន្តែអ្វីដែលនៅទីនេះ អ្នកទាំងពីរអាចយកទៅទាំង​អស់​ប្រសិន​បើ​ចង់​បាន។”

បន្ទាប់មក នៅពេលដែលបរិយាកាសលែងតានតឹង Nishikawa បានឆុងតែក្តៅ ជាប្រភេទតែដែលគាត់យកមកពីស្រុកកំណើត អញ្ជើញពួកគេអង្គុយផឹកតែ និងជជែកគ្នារយៈពេលប្រាំបីម៉ោង។

ក្នុងអំឡុងពេលសន្ទនា​ ដោយ​ដឹង​ថាជា​ថ្ងៃ​ខួប​កំណើតរបស់មនុស្សម្នាក់ក្នុងចំណោមពួកគេទាំងពីរ​នាក់ Nishikawa បាន​​លេង​​បទ “Happy Birthday” សម្រាប់​ជូន​ពរ។

សំឡេងភ្លេងបន្លឺឡើង ចោរបានលើកដៃបិទមុខរបស់ខ្លួន ហើយស្រែកយំ។

នៅ​ទី​បំផុត ពួក​គេ​បាន​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធគ្នា។ ចោរម្នាក់បាននិយាយថា៖

  • “ខ្ញុំចូលចិត្តវប្បធម៌របស់ជនជាតិជប៉ុន ជាកន្លែងដែលមនុស្សតែងតែមានភាពទន់ភ្លន់ និង​ចិត្ត​ល្អ​ចំពោះ​អ្នក​ដទៃ។”

ពួក​គេ​បាន​បន្សល់​ទុក​របស់របរដែលចង់លួច ហើយចាកចេញទៅ។ មុនពេលពួកគេដើរចេញពីទ្វារ Nishikawa បាន​សុំលេខទូរសព្ទ​គ្នាទៅវិញទៅមក គាត់​និយាយ​ថា៖

  • “ខ្ញុំកំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ ហើយនៅថ្ងៃណាមួយ ខ្ញុំ​នឹងរៀបចំការ​ប្រគំ​តន្ត្រី​ធំ​មួយ។

ខ្ញុំចង់អញ្ជើញអ្នកទាំងពីរមកចូលរួម។ ដូច្នេះហើយ សង្ឃឹម​ថា អ្នកទាំងពីរអាចបញ្ឈប់សកម្មភាព​លួច និង​ស្វែង​រក​ការ​ងារ​ដែល​ត្រឹម​ត្រូវ។”

ក្រោយមក ចោរទាំងពីរនាក់បានកែប្រែខ្លួន ពួកគេសុំការងារធ្វើជាអ្នកសម្អាត ហើយចាប់ផ្តើមដើរ​ផ្លូវដែល​ត្រឹម​ត្រូវ។

ដោយរក្សាសន្យា Nishikawa បាន​អញ្ជើញ​ពួកគេ​ចូលរួមការ​ប្រគុំ​តន្ត្រី​របស់ខ្លួនក្នុងនាមជាភ្ញៀវពិសេស។ នៅលើឆាក ពួកគេបានឱបគ្នាទាំងទឹកភ្នែក អបអរចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផល​របស់​គ្នា​ទៅ​វិញ​ទៅ​មក។

យ៉ាងណាមិញ យើងគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ មិន​មែន​ជា​ទេវតា​នោះ​ទេ។ ដូច្នេះ​​​ការ​ស្អប់​ខ្ពើម និង​​អាក់អន់​​ចិត្ត​​ចំពោះ​នរណា​ម្នាក់​គឺ​​ជា​​រឿង​​ធម្មតា​​ណាស់។

ទោះជាយ៉ាងណា ខ្ញុំជឿថា តាមរយៈការស្តាប់ និងយោគយល់ យើងអាចដោះស្រាយចម្ងល់ និងកំហឹង។ ចាប់​តាំង​ពី​ពេល​នោះ អាចជួយឲ្យទំនាក់ទំនងរវាងមនុស្ស និងមនុស្សកាន់តែល្អប្រសើរឡើង។ 

សព្វថ្ងៃនេះ ក្តីស្រលាញ់ដ៏កក់ក្តៅកំពុងតែរលាយបាត់បន្តិចម្តងៗក្នុងសង្គមជប៉ុន។ ដូច្នេះហើយ រឿង​រ៉ាវ​និយាយ​ពីក្តីស្រលាញ់របស់មនុស្សកាន់តែ​មានតម្លៃ​។

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ចំណង​​មិត្តភាព​​រវាង​​តួអង្គ​​ដែល​​បាន​​រៀប​រាប់​​ក្នុង​​អត្តបទ​នៅ​​តែ​​មាន​ភាព​ស្នាល​ស្និទ្ធ។ ពិត​ជា​មាន​តម្លៃ​ណាស់។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: