ស្មារតីដ៏អស្ចារ្យដែលបង្កប់នៅពីក្រោយរូបរាងកាយសាច់ដុំ

ស្មារតីដ៏អស្ចារ្យដែលបង្កប់នៅពីក្រោយរូប​រាងកាយសាច់ដុំ​។

នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ រញ្ជួយដីដ៏ធំមួយបានកើតឡើងនៅតំបន់ Tohoku ប្រទេស​ជប៉ុន។ បន្ទាប់​ពី​រញ្ជួយដី​កើត​ឡើង រលក​យក្ស​ស៊ូណាមិ​បាន​វាយ​ប្រហារ។

ជប៉ុនជាប្រទេសដែលកើតមានរញ្ជួយដីញឹកញាប់ ហើយក៏ជាកន្លែងដែលមានការស្រាវជ្រាវឈានមុខ​គេ​លើ​ពិភព​លោក​ខាង​ផ្នែក​នេះ​ផង​ដែរ។ ទោះជាយ៉ាងណា រលកយក្សស៊ូណាមិកើតឡើងជាអ្វីដែលមិនអាចព្យាករណ៍បានទេ ហើយ​បាន​ឆក់យកជីវិតរបស់មនុស្សជាច្រើន។ ក្នុង​ចំណោម​ជន​រង​​គ្រោះ​ទាំង​អស់ សាច់​​ញាតិ​​របស់​​ខ្ញុំ​ចំនួន ៣ នាក់ក៏ត្រូវរលកបក់ទៅ និងបាត់បង់ជីវិតផងដែរ។

អំឡុងពេលដែលកើតមានគ្រោះមហន្តរាយ សមាជិកម្នាក់​នៃ​កង​កម្លាំង​ស្វ័យ​ការ​ពារ​ជប៉ុន​បានប្រញាប់​ប្រញាល់​ចូល​រួម​ការ​ជួយ​​សង្គ្រោះ គាត់​មាន​ឈ្មោះ​ថា Arima Katsuhiko ។

នៅពេលនោះ Arima កំពុងឈប់សម្រាកវិស្សមកាល ហើយគាត់ក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោម​​ជន​រង​គ្រោះ​នៃ​គ្រោះ​មហន្តរាយ​រលក​យក្ស​ស៊ូណាមិ​ផង​ដែរ។

ក្នុងស្ថានភាពទឹក​បោកបក់យ៉ាងខ្លាំងរហូតដល់ថ្នាក់អាចបោកបក់ផ្ទះ និងរថយន្ត គាត់បានព្យាយាម​ដើរ​ដើម្បី​ចេញ​ទៅ​ក្រៅ។

នៅតាមផ្លូវ គាត់​បាន​ឃើញ​ស្ត្រី​ម្នាក់​ត្រូវ​ចរន្ត​ទឹក​ហូរ​បោកបក់ ហើយ​បាន​ប្រើ​ដៃ​ម្ខាង​លើក​នាង​ឡើង​។ ដៃ​ម្ខាង​ទៀត គាត់បានជួយសមាជិកកងកម្លាំងស្វ័យការពារម្នាក់ដែលត្រូវចរន្តទឹកហូរ​បោក​បក់ បន្ទាប់​មកឱបពួកគេទាំងពីរនាក់ដើរជាង ៣០០ ម៉ែត្រ ដើម្បីនាំពួកគេឡើងដំបូលផ្ទះដោយសុវត្ថិភាព។

អំឡុងពេលដែលចរន្តទឹកហូរយ៉ាងខ្លាំង ដែលសូម្បីតែដើរម្នាក់ឯងក៏ពិបាក គាត់​បាន​ធ្វើ​រឿងដែល​​ហាក់​​បី​​ដូច​​ជា​​មិន​​អាច​​ទៅ​រួច ដោយបាននាំមនុស្សពីរនាក់តាម និងបន្តជម្លៀសចេញ។

ដោយមើល​ឃើញការលំបាកនោះ ស្រ្តីដែលត្រូវបានជួយសង្គ្រោះបាន​និយាយ​ថា៖

  • “ប្រសិនបើនាំខ្ញុំតាមប្រាកដជាពិបាកណាស់។ សូមបងទុកខ្ញុំនៅទីនេះ ហើយសង្គ្រោះខ្លួន​ឯង​ទៅ​ចុះ។” 
  • “សូមកុំនិយាយដូច្នេះ! កុំចុះចាញ់រហូតដល់នាទីចុងក្រោយ!”

ថ្វីត្បិតតែ ពួកគេទាំងបីនាក់បានជ្រកកោននៅលើដំបូលផ្ទះដោយសុវត្ថិភាព នៅមានមនុស្សជាច្រើនទៀតកំពុងត្រូវទឹកបោកបក់។ Arima បានប្រើឈើដែលរសាត់ដើម្បីធ្វើជាក្បូនយ៉ាងសាមញ្ញមួយ ហើយ​ត្រឡប់ទៅកាន់កន្លែងដែលមានចរន្តទឹកហូរម្នាក់ឯង ដើម្បីជួយសង្រ្គោះមនុស្ស។

រាងកាយទាំងមូលទទឹកជោក គាត់​មិន​បាន​ដេក ឬ​សម្រាក​រហូត​ដល់​ព្រឹក​បន្ទាប់ និងបាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ១៨ នាក់។

ជាធម្មតា Arima ចូលចិត្តហ្វឹកហាត់សាច់ដុំ ហើយដោយសារតែរាងកាយទទួលបានការហ្វឹកហាត់យ៉ាង​ឧស្សាហ៍​ព្យាយាម ទើប​អាច​​បង្ហាញ​ពី​កម្លាំង​រឹង​មាំ​ក្នុង​គ្រា​ស្លាប់​រស់​បែប​នេះ។

កាលពីសម័យបុរាណ សាមូរ៉ៃក៏មិនដែលមើលរំលងការហ្វឹកហាត់កាយសម្បទាឡើយ។

ទោះបីជារស់នៅក្នុងសម័យកាលដែលគ្មានសង្គ្រាមក៏ដោយ ពួកគេនៅតែហ្វឹកហាត់ជានិច្ច។

មូលហេតុដោយសារពួកគេតែងតែទទួលបានការបង្រៀនថា៖

“ក្នុងរាងកាយដែលទទួលបានការបណ្តុះបណ្តាលល្អ តែងតែមានដួងព្រលឹងដែលសុចរិត។”

Arima មិនខុសអ្វីពីសាមូរ៉ៃនៅសម័យថ្មីមួយរូបនោះទេ មិនត្រឹមតែរូបរាងខាងក្រៅរឹងមាំប៉ុណ្ណោះទេ ថែម​ទាំង​មានភាពក្លាហាន គ្រប់យ៉ាងពិតជាគួរឲ្យសរសើរណាស់។

សព្វថ្ងៃនេះ ការ​ហាត់​ប្រាណ​ក៏​កំពុង​ពេញ​និយម​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។ ប្រហែល​ជា​យើងទាំងអស់គ្នាក៏មានអ្នកចូលចិត្តហាត់ប្រាណ ហើយទៅកាន់កន្លែងហាត់ប្រាណជាប្រចាំ។ ដើម្បីហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ យើងម្នាក់ៗមាន​ហេតុ​ផល​ផ្សេង​គ្នា។ ពេល​ខ្លះដើម្បីសុខភាព​ល្អ​ជាង​មុន ពេលខ្លះ​ទៀត​ដើម្បី​រាង​កាយ​ដែលខ្លួនប្រាថ្នាចង់បាន។ មិន​​ថា​​ព្រោះ​តែ​មូល​ហេតុ​អ្វី​ក៏​ដោយ ការធ្វើលំហាត់ប្រាណជាប់លាប់នឹងជួយឲ្យរាង​កាយ​របស់​យើង​​មាន​សុខ​ភាព​ល្អ អាច​ការ​ពារ​មនុស្ស​ជា​ទី​ស្រឡាញ់​ក្នុងស្ថានភាព​គ្រោះថ្នាក់​ដូច​ជា​ពេលដែល​ត្រូវ​ការ​កម្លាំង​កាយ។

ចូរយើងរៀបចំផែនការ និងហ្វឹកហាត់ជារៀងរាល់ថ្ងៃទាំងអស់គ្នា!

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: