តើអ្វីជាសត្រូវនៃការអភិវឌ្ឍទីក្រុង? សម្រង់ពាក្យសម្តីរបស់បុគ្គលដែលបានជួយឲ្យ Tokyo ស្តារឡើងវិញ។
តើអ្វីជាសត្រូវនៃការអភិវឌ្ឍទីក្រុង?
សម្រង់ពាក្យសម្តីរបស់បុគ្គលដែលបានជួយឲ្យ Tokyo ស្តារឡើងវិញ។
Tokyo – ជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលធំឈានមុខគេលើពិភពលោក ដែលធ្លាប់បានដួលរលំនៅវេលាម៉ោង ១១:៥៨ ព្រឹក ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ១៩២៣ ។ មូលហេតុដោយសាររញ្ជួយដីខ្លាំងនៅ Kanto ជាការរញ្ជួយដីដ៏គួរឲ្យភ័យខ្លាចបំផុត ហើយចំណុចកណ្តាលនៃរញ្ជួយដីនេះស្ថិតនៅខេត្ត Kanagawa ។ គ្រោះមហន្តរាយនេះបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើននាក់ ជាមួយនឹងមនុស្ស ១០៥.០០០ នាក់បានរងរបួស និងស្លាប់។
គ្រោះរញ្ជួយដីបានកើតឡើងនៅពេលថ្ងៃត្រង់ រំញ័រយ៉ាងខ្លាំងបានបណ្តាលឲ្យមានភ្លើងឆាបឆេះចង្ក្រានបាយក្នុងផ្ទះបង្កទៅជាអគ្គីភ័យ។ អគ្គីភ័យក្នុងពេលដំណាលគ្នាជាង ១០០ ករណីបានផ្ទុះឡើងនៅទូទាំងទីក្រុងតូក្យូ ដែលបណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើន និងឆេះទីក្រុងទាំងមូល។
ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ យើងខ្ញុំសូមណែនាំដល់ប្រិយមិត្តអ្នកអាននូវសម្រង់សម្ដីដ៏ល្បីមួយចំនួនរបស់លោក Goto Shinpei – ជាបុរសដែលបានអនុវត្តដំណើរការស្តារប្រទេសជប៉ុនឡើងវិញ បន្ទាប់ពីគ្រោះមហន្តរាយបានដុតបំផ្លាញប្រទេសនេះ។
ក្នុងនោះមានពាក្យសម្តីផ្តាំផ្ញើសំខាន់ៗជាច្រើន ដែលប្រហែលជាទីក្រុងកំពុងអភិវឌ្ឍនៅប្រទេសកម្ពុជាអាចអនុវត្តដើម្បីបន្តរីកចម្រើននាពេលអនាគត។
លោក Goto Shinpei ជាមនុស្សម្នាក់ដែលមានជំនាញច្រើនដូចជា៖ ជាវេជ្ជបណ្ឌិត មន្ត្រី និងជាអ្នកនយោបាយម្នាក់ផងដែរ។
លោកធ្លាប់ជាមន្ត្រីជាន់ខ្ពស់ម្នាក់នៅពេលដែលតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសជប៉ុន និងជាប្រធាននៃប្រព័ន្ធផ្លូវដែកដែលជប៉ុនបានសាងសង់នៅម៉ាន់ជូរី ជាប្រទេសដែលធ្លាប់ត្រូវបានបង្កើតឡើងនៅភាគឦសានប្រទេសចិន។
ក្រៅពីនេះ លោកថែមទាំងធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីចំនួនបី និងជាប្រមុខក្រុងតូក្យូនៅពេលនោះ។
សត្រូវទាំងបួននៃទីក្រុង
នេះជាសេចក្តីថ្លែងការណ៍មួយក្នុងចំណោមនោះរបស់លោក Goto Shinpei នៅពេលដែលគាត់នៅកាន់តំណែងជាប្រមុខទីក្រុងតូក្យូ៖
“ទីក្រុងមានសត្រូវចំនួនបួន។ សង្គម និងប្រទេសជាតិត្រូវលុបបំបាត់ចំណុចទាំងនេះ។
សត្រូវទាំងបួននោះគឺ៖ ភាពក្រីក្រ ជំងឺ ភាពល្ងង់ខ្លៅ និងភាពព្រងើយកន្តើយ។”
សណ្តាប់ធ្នាប់សាធារណៈក្នុងទីក្រុងមិនអាចរក្សាបានទេ ប្រសិនបើមានអ្នកក្រច្រើនរហូតដល់ថ្នាក់មិនអាចជួយពួកគេបាន។
ទីក្រុងដែលមានជំងឺរាតត្បាតនឹងមិនអាចកើនចំនួនប្រជាជនបានទេ។
ទីក្រុងដែលគ្មានការអប់រំជាសកលនឹងមិនអាចអភិវឌ្ឍសេដ្ឋកិច្ចបានទេ។
ហើយជាការពិតណាស់ ទីក្រុងដែលពោរពេញដោយមនុស្សឃោរឃៅ គ្មានបេះដូង មិនគិតពីអ្នកដទៃក៏មិនអាចអភិវឌ្ឍបានដែរ។
ចំណុចទាំងនេះស្តាប់ទៅដូចជាធម្មតា ប៉ុន្តែប្រហែលជានៅលើលោកនេះមានមនុស្សតិចណាស់ដែលអាចប្រកាសយ៉ាងក្លាហាន និងពិតជាបានអនុវត្តដូចជាលោក។
លោកជឿជាក់ថា ការជម្រុញមនុស្សគឺជាគន្លឹះដើម្បីអភិវឌ្ឍទីក្រុង ហើយបានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន។
ហេតុនេះហើយ ទើបទីក្រុងតូក្យូត្រូវបានស្តារឡើងវិញក្លាយជាទីក្រុងឈានមុខគេនៅលើពិភពលោក។
គួរឲ្យស្តាយ ទីក្រុងតូក្យូសព្វថ្ងៃនេះ មិនមែនជាទីក្រុងដែលលោកធ្លាប់ប្រាថ្នាចង់ឆ្ពោះទៅរកទៀតឡើយ។
ហើយឥឡូវនេះ ទីក្រុងតូក្យូកំពុងស្ថិតក្នុងស្ថានភាពនៅទ្រឹង។
ខាងក្រោមនេះជាសម្រង់ពាក្យសម្តីល្បីៗមួយចំនួនដែលលោកបានបន្សល់ទុក៖
“វិធានការសេដ្ឋកិច្ចដ៏អស្ចារ្យបំផុតគឺអភិវឌ្ឍមនុស្ស។”
ដោយសារមនុស្សជាកត្តានៃការអភិវឌ្ឍសេដ្ឋកិច្ច ដូច្នេះការជម្រុញចំណេះដឹង និងការអភិវឌ្ឍមនុស្សគឺជារឿងដែលងាយយល់។
លោក Goto Shinpei ជាមនុស្សដែលតែងតែផ្តោតសំខាន់លើអភិវឌ្ឍមនុស្ស ថែមទាំងបន្សល់ទុកពាក្យដូចខាងក្រោម៖
“អ្នករាល់គ្នាស្តាប់ដោយប្រុងប្រយ័ត្ន និងចាំឲ្យច្បាស់!
មនុស្សដែលស្លាប់ទៅហើយបន្សល់ទុកទ្រព្យសម្បត្តិមានឋានទាប។
មនុស្សដែលស្លាប់ទៅហើយបន្សល់ទុកការងារមានឋានមធ្យម។
មនុស្សដែលស្លាប់ទៅហើយបន្សល់ទុកមនុស្សមានឋានខ្ពង់ខ្ពស់។”
ទ្រព្យសម្បត្តិមិនមែនជាអ្វីដែលចិញ្ចឹម និងអភិវឌ្ឍមនុស្សនោះទេ។
ផ្ទុយទៅវិញ ទ្រព្យសម្បត្តិដែលបន្សល់ទុកអាចនឹងធ្វើឲ្យអ្នកដទៃក្លាយជាមនុស្សដែលពឹងលើគេ លែងមានការខិតខំប្រឹងប្រែង។
ការងារដែលត្រូវទុកចោល នឹងមានអ្នកផ្សេងបន្ត ដោយមិនបង្កើតអ្វីថ្មីនោះទេ។
មធ្យោបាយដែលត្រឹមត្រូវគឺជម្រុញមនុស្សដែលមានសមត្ថភាពបង្កើតការងារថ្មី និងអភិវឌ្ឍការងារនោះ ហើយនោះគឺជាគន្លឹះនៃការអភិវឌ្ឍទីក្រុង និងប្រទេសជាតិ។
បច្ចុប្បន្ននេះ ទីក្រុងនៅប្រទេសកម្ពុជាកំពុងអភិវឌ្ឍក្នុងល្បឿនយ៉ាងលឿន។
ដូច្នេះ តើចំណុចអ្វីដែលចំបាច់សម្រាប់ការអភិវឌ្ឍយូរអង្វែង?
នេះមិនត្រឹមតែជាចម្ងល់សម្រាប់រដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រទេសប៉ុណ្ណោះទេ ប៉ុន្តែយើងម្នាក់ៗក៏ត្រូវគិតពិចារណាផងដែរ។ បើមិនដូច្នេះទេ យើងអាចបាត់បង់ទិសដៅដ៏ត្រឹមត្រូវនាពេលអនាគត។
Abe Kengo