អាថ៌កំបាំងទាក់ទងនឹង “ព្រៃធ្វើអត្តឃាត” ក្រោមជើងភ្នំហ្វូជី
អាថ៌កំបាំងទាក់ទងនឹង “ព្រៃធ្វើអត្តឃាត” ក្រោមជើងភ្នំហ្វូជី។
ភ្នំហ្វូជី – ជាកន្លែងដែលប្រហែលជាយើងទាំងអស់គ្នាស្គាល់។ នេះជាភ្នំដែលខ្ពស់ជាងគេ ហើយក៏ជាភ្នំដែលស្រស់ស្អាតបំផុតនៅប្រទេសជប៉ុនផងដែរ។
ក្រោមជើងភ្នំជាតំបន់ព្រៃធំទូលាយ ព្រៃនេះមានឈ្មោះហៅថា Aokigahara ឬគេហៅម្យ៉ាងទៀតថា Jukai (សមុទ្រដើមឈើ) ដែលល្បីនឹងទេសភាពស្ងប់ស្ងាត់នៅខាងក្រោមភ្នំភ្លើង។ ឈ្មោះហៅថា “Jukai” មានប្រភពមកពីសំឡេងស្លឹកឈើដែលប្រៀបដូចជារលកសមុទ្រ និងឫសដើមឈើនៅលើផ្ទៃដី។ ហើយកាន់តែពិសេសជាងនេះគឺ មានពាក្យចចាមអារ៉ាមអាថ៌កំបាំងជាច្រើននិយាយពីព្រៃនេះ។
ឧទាហរណ៍ដូចជា៖
- ត្រីវិស័យមិនដំណើរការនៅទីនេះទេ
- សាកសពមាននៅគ្រប់ទីកន្លែង
- មានសត្វព្រៃវាយប្រហារមនុស្ស
- មានភូមិមួយត្រូវបានសាងសង់ឡើងដោយអ្នកដែលមកកាន់ទីនេះដើម្បីធ្វើអត្តឃាត
- ជាទីតាំងនៃសាសនាអាថ៌កំបាំង…
ត្រឹមចំណុចទាំងនេះ ប្រហែលជាអ្នកនឹងចាប់ផ្តើមស្រមៃគិតឃើញទិដ្ឋភាពដ៏គួរឲ្យខ្លាចរបស់ភ្នំហ្វូជី។ ដើម្បីបញ្ជាក់អំពីពាក្យចចាមអារ៉ាមទាំងនេះ ចូរយើងតាមដានខ្លឹមសារអត្តបទខាងក្រោមទាំងអស់គ្នា។
ត្រីវិស័យមិនដំណើរការ
មនុស្សជាច្រើនធ្លាប់បានពិសោធន៍ជាក់ស្តែង ហើយអាចប្រើត្រីវិស័យដើម្បីចេញពីព្រៃនេះ។ ដូច្នេះហើយ ពាក្យចចាមអារ៉ាមនេះមិនពិតឡើយ។
ទោះជាយ៉ាងណា មានរបាយការណ៍និយាយថា កម្មវិធីត្រីវិស័យនៅលើស្មាតហ្វូនមិនដំណើរការធម្មតានោះទេ។ ប៉ុន្តែក្រោយមក គេបែរជារកឃើញថា ចំណុចនេះមកពីនៅខាងក្នុងស្រោមទូរសព្ទមានមេដែក ទើបធ្វើឲ្យប៉ះពាល់ដល់សញ្ញា។
ដូច្នេះប្រសិនបើអ្នកឃើញថា កម្មវិធីផែនទី ឬត្រីវិស័យរបស់ខ្លួនដំណើរការមិនត្រឹមត្រូវ ទាំងដែលនៅក្នុងទីក្រុងក៏ដោយ សូមសាកល្បងពិនិត្យមើលស្រោមទូរស័ព្ទឡើងវិញ។
សាកសពមាននៅគ្រប់ទីកន្លែង
នៅក្រៅប្រទេស ព្រៃនេះត្រូវបានគេហៅថា Suicide Forest ដែលមានន័យថា “ព្រៃធ្វើអត្តឃាត” ។ ពាក្យ “Aokigahara” ថែមទាំងត្រូវបានគេប្រើប្រៀបដូចជាវាក្យស័ព្ទសម្រាប់បំភ័យ។
ដូចដែលអ្នកបានដឹងហើយថា ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាធ្វើអត្តឃាតខ្ពស់។
ទោះជាយ៉ាងនេះក្តី មនុស្សមួយចំនួនមិនធ្វើអត្តឃាតនៅកន្លែងសាធារណៈនោះទេ ព្រោះមិនចង់បង្កបញ្ហាដល់អ្នកដទៃ ដូច្នេះទើបពួកគេមកកាន់ព្រៃនេះ បញ្ចប់ជីវិតខ្លួនឯងដោយគ្មាននរណាម្នាក់មើលឃើញ។
ហេតុដូច្នេះ ប៉ូលិសត្រូវដើរល្បាតជាប្រចាំដើម្បីប្រមូលសាកសព ហើយជារៀងរាល់ឆ្នាំរកឃើញសាកសពប្រហែល ៣០ ទៅ ៤០ សាកសព។ ប្រសិនបើរាប់ទាំងសាកសពដែលមិនត្រូវបានរកឃើញ ចំនួនអាចនឹងច្រើនជាងនេះ។
ហើយជាចុងក្រោយ បើគិតពិចារណាលើចំណុច ប៉ូលិសត្រូវល្បាតជាប្រចាំ ដូច្នេះច្បាស់ណាស់ដែលថា “ការស្លាប់ដែលមិនរំខាននរណាម្នាក់” ក៏មិនត្រូវទាំងស្រុងនោះដែរ។
កាលពីពេលថ្មីៗនេះ ការល្បាតក៏ត្រូវបានពង្រឹងបន្ថែមផងដែរ ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដូច្នេះឳកាសមើលឃើញសាកសពនៅពេលដែលចូលព្រៃគឺកម្រណាស់។
ហើយបើទោះបីជាសំណាងអាក្រក់មើលឃើញក៏ដោយ នៅទីនេះ ក្រោយរយៈពេលប្រហែល ២ ខែ សាកសពរបស់អ្នកស្លាប់សល់ត្រឹមគ្រោងឆ្អឹងប៉ុណ្ណោះ។
មានសត្វព្រៃវាយប្រហារមនុស្ស
ប្រហែលជាសត្វក្តាន់ជាប្រភេទសត្វព្រៃដែលមានច្រើនក្នុងព្រៃនេះ ពួកវាមិនមែនជាប្រភេទសត្វគ្រោះថ្នាក់នោះទេ ប៉ុន្តែប្រសិនបើក្នុងករណីសត្វក្តាន់ដ៏ធំរត់ចេញមួយរំពេច អាចបណ្តាលឲ្យមានការភ្ញាក់ផ្អើល និងភ័យស្លន់ស្លោ។
ខ្លាឃ្មុំត្រូវបានគេចាត់ទុកថាអាចនឹងបង្ហាញខ្លួននៅទីនេះ។ យ៉ាងណាមិញ មិនមានសត្វដែលអាថ៌កំបាំង ឬចម្លែកនោះទេ ដូច្នេះអ្នកទាំងអស់គ្នាកុំសង្ឃឹមខ្លាំងពេក។
ភូមិរបស់អ្នកដែលចង់ធ្វើអត្តឃាត
មិនមានភូមិបែបនេះនោះទេ អាចនិយាយបានថា រហូតមកដល់ពេលនេះមិនទាន់មាននរណារកឃើញភូមិបែបនេះឡើយ។
ទោះជាយ៉ាងណា ហាក់បីដូចជាមានការតាំងទីលំនៅជាផ្លូវការ ដែលស្ថិតនៅជិតព្រៃ។
ជាទីតាំងនៃសាសនាអាថ៌កំបាំង
តាំងពីយូរយារណាស់មកហើយធ្លាប់មានកន្លែងបែបនេះមែន ប៉ុន្តែនោះជារឿងកាលពីអតីតកាលទៅហើយ។ សព្វថ្ងៃនេះ នៅមានសាសនាជាច្រើនគោរពបូជាភ្នំហ្វូជី ប៉ុន្តែភាគច្រើនកន្លែងគោរពបូជាសុទ្ធតែស្ថិតនៅខាងក្រៅព្រៃ។
មូលហេតុដោយសារតែគ្មានផ្លូវងាយស្រួលសម្រាប់ចូលទៅក្នុងព្រៃជ្រៅ ហើយអ្វីដែលសំខាន់ជាងនេះគឺ នៅពេលដែលចូលទៅក្នុងព្រៃគឺលែងឃើញភ្នំហ្វូជីទៀតហើយ ព្រោះតែព្រៃឈើក្រាស់ធ្វើឲ្យមើលមិនឃើញ។ ដើមឈើក្នុងព្រៃដុះលូតលាស់យ៉ាងលឿន រហូតដល់ថ្នាក់ពេលងើយទៅលើមិនឃើញអ្វីក្រៅពីពណ៌បៃតងនោះទេ។
ហើយប្រសិនបើមើលមិនឃើញ “វត្ថុគោរពបូជា” ដូច្នេះការសាងសង់ទីសក្ការៈគ្មានន័យអ្វីឡើយ។
ភ្នំហ្វូជី ជាទេសភាពដ៏ស្រស់ស្អាតដែលទាក់ទាញចិត្តរបស់មនុស្ស។ ហើយព្រៃឈើដែលនៅខាងក្រោមជើងភ្នំជាជម្រកដ៏សំខាន់សម្រាប់សត្វធម្មជាតិជាច្រើនផងដែរ។ ដើម្បីការរស់រានមានជីវិត ប្រហែលជាមនុស្សមិនគួរចូលជ្រៅពេកនោះទេ។
ម្យ៉ាងវិញទៀត តើកន្លែងនេះអាចជាទឹកដីដែលមានព្រលឹងវិញ្ញាណច្រើនរស់នៅដែរទេ… ព្រលឹងរបស់អ្នកដែលមកកាន់ទីនេះ ហើយជ្រើសយកព្រៃធ្វើជាកន្លែងសម្រាប់បញ្ចប់ជីវិត…។
Abe Kengo