“យុវនារីទាំង ៩ នាក់” ដែលបានលះបង់ជីវិតដើម្បីការពារខ្សែទូរស័ព្ទរហូតដល់នាទីចុងក្រោយ
“យុវនារីទាំង ៩ នាក់” ដែលបានលះបង់ជីវិតដើម្បីការពារខ្សែទូរស័ព្ទរហូតដល់នាទីចុងក្រោយ។
នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ១៩៤៥ ។
នៅ Sakhalin ជាកោះដែលស្ថិតនៅខាងលើ Hokkaido (សព្វថ្ងៃស្ថិតនៅប្រទេសរុស្ស៊ី) មានព្រឹត្តិការណ៍សោកនាដកម្មមួយបានកើតឡើង។ យុវនារីដ៏ក្លាហានបានប្រយុទ្ធរហូតដល់ទីបំផុត ដើម្បីការពារបណ្តាញទំនាក់ទំនងតែមួយគត់របស់ប្រជាជនជប៉ុនទាំងមូលនៅពេលនោះ។
នៅពេលនោះ Sakhalin ជាទឹកដីរបស់ជប៉ុន។ នេះជាកោះដែលមានប្រជាជនរស់នៅច្រើន ក្នុងនោះមានទាំងទាហាន និងប្រជាជនធម្មតា។
នៅថ្ងៃទី ១៥ ខែសីហា ប្រទេសជប៉ុនបានប្រកាសចុះចាញ់ ប៉ុន្តែមុននោះមិនប៉ុន្មាន សហភាពសូវៀតបានប្រកាសសង្រ្គាមនឹងជប៉ុននៅថ្ងៃទី ៨ ខែសីហា។
ទោះបីជារដ្ឋាភិបាលជប៉ុនបានប្រញាប់ប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌក៏ដោយ ប៉ុន្តែកងទ័ពសូវៀតនៅតែបន្តវាយប្រហារ។ ប្រជាជនជប៉ុនជាច្រើនត្រូវសម្លាប់ ចំណែកឯស្រ្តីត្រូវទាហានសូវៀតចាប់រំលោភ។
កោះ Sakhalin ក៏ត្រូវកងទ័ពសូវៀតសម្រុកចូលវាយប្រហារទាំងដែលសង្គ្រាមបានបញ្ចប់ទៅហើយ។
ដោយមិនខ្វល់ពីគ្រោះថ្នាក់ យុវនារីវ័យក្មេងទាំង ៩ នាក់នៅទីនោះរហូតដល់នាទីចុងក្រោយ។ ពួកគេជាបុគ្គលិកស្រីដែលប្រចាំការនៅកន្លែងបណ្តាញទូរស័ព្ទ។
មិនដូចជាទូរស័ព្ទនៅសម័យនេះនោះទេ នៅសម័យនោះ ដើម្បីភ្ជាប់ការហៅទូរស័ព្ទត្រូវភ្ជាប់ខ្សែដោយដៃ។ ដូច្នេះហើយ ប្រសិនបើមិនមានអ្នកធ្វើការងារនេះ ការហៅទូរស័ព្ទមិនអាចភ្ជាប់បានទេ ដែលមានន័យថាមិនអាចទំនាក់ទំនងតាមទូរស័ព្ទបានទេ។
ការហៅទូរស័ព្ទពីដីគោកទៅកាន់ Sakhalin និងផ្ទុយមកវិញ ការហៅទូរស័ព្ទពីកោះទៅកាន់ដីគោក។ ក្នុងបរិបទសង្គ្រាមដ៏វឹកវរ ហើយទូរស័ព្ទជាមធ្យោបាយទំនាក់ទំនងតែមួយគត់ក្នុងស្ថានភាពអាសន្ន យុវនារីវ័យក្មេងទាំងនេះយល់យ៉ាងច្បាស់ចំពោះបេសកកម្មរបស់ខ្លួន។ នៅពេលនោះ ពួកគេមិនស្ទាក់ស្ទើរឡើយ ឯកភាពគ្នាមិនចាកចេញ បន្តការងារ ដើម្បីធានាថាខ្សែទូរស័ព្ទត្រូវបានតភ្ជាប់រហូតដល់នាទីចុងក្រោយ។
សំឡេងកាំភ្លើងធំ និងកាំភ្លើងកាន់តែកៀកទៅៗ។ នៅខាងក្រៅជាសមុទ្រភ្លើង និងសំឡេងស្រែក។ នៅខាងក្នុងទីស្នាក់ការ ពួកគេនៅតែនៅទីនោះ ដោយបន្តការងាររបស់ខ្លួន។
សង្គ្រាមបានបញ្ចប់តែឈ្មោះប៉ុណ្ណោះ ប៉ុន្តែសង្គ្រាមជាក់ស្តែងនៅតែបន្ត ហើយពួកគេបានប្រយុទ្ធដោយស្ងាត់ៗ។
ជាងនរណាទាំងអស់ ពួកគេដឹងថានៅពេលដែលចាកចេញ ការហៅទូរស័ព្ទនឹងមិនអាចទំនាក់ទំនងបានទេ សាច់ញាតិមិនអាចទាក់ទងគ្នា ពាក្យលាគ្នាមិនអាចទៅដល់អ្នកដែលនៅឆ្ងាយនោះទេ ហើយពេលខ្លះពាក្យទាំងនោះក៏ជាពាក្យលាចុងក្រោយផងដែរ។ ដោយយល់ច្បាស់ចំណុចនោះ ពួកគេក្លាហាននៅបន្ត ទោះបីជាមានបទបញ្ជាជម្លៀសក៏ដោយ ដើម្បីបំពេញបេសកកម្មឲ្យបានពេញលេញតាមដែលពួកគេអាចធ្វើបាន។
កងទ័ពសត្រូវចូលកាន់តែជិត បង្អួចនៅកន្លែងធ្វើការរបស់ពួកគេត្រូវកាំភ្លើងបាញ់ខ្ទេចខ្ទី… ពួកគេនៅតែមិនចាកចេញ។ យុវនារីវ័យក្មេងអាយុ ២០ ឆ្នាំ មានរូបរាងខាងក្រៅទន់ភ្លន់ ប៉ុន្តែសកម្មភាពបែរជាក្លាហានណាស់។
បន្ទាប់មក… ស្ថានភាពកាន់តែអស់សង្ឃឹម។ តាមរយៈខ្សែបណ្តាញ យុវនារីទាំងនេះបានផ្ញើសារចុងក្រោយថា៖
“អ្នកទាំងអស់គ្នា នេះជាពេលវេលាចុងក្រោយទៅហើយ
លាហើយ សុំលាអ្នកទាំងអស់គ្នា..!”
ក្រោយពេលដែលនិយាយពាក្យលា យុវនារីទាំង ៩ នាក់នោះបានផឹកថ្នាំពុលដែលពួកគេបានត្រៀមទុក ហើយចាកចេញទៅជាមួយគ្នា។ គេនិយាយថា បានរកឃើញសាកសពរបស់ពួកគេនៅកន្លែងតុធ្វើការ។
ហាក់បីដូចជាពួកគេបានព្រមព្រៀងគ្នាថា ស៊ូស្លាប់ទាំងអស់គ្នា ប្រសើរជាងនៅរស់ ហើយត្រូវសត្រូវចាប់រំលោភ និងធ្វើទារុណកម្ម។
ទោះបីជានិយាយថាសង្គ្រាមបានបញ្ចប់ក៏ដោយ ប៉ុន្តែសោកនាដកម្មពិតប្រាកដមិនទាន់បញ្ចប់ទេ។ ហើយនៅទីបំផុត ពួកគេបានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន។
ក្រោយសង្គ្រាម ឈ្មោះរបស់យុវនារីទាំង ៩ នាក់ត្រូវបានគេចារលើថ្មរំឭកវិញ្ញាណក្ខន័ក្នុងតំបន់ដើម្បីរំលឹកដល់ពួកគេ។
សង្គ្រាមបានកន្លងផុតទៅ ដោយបន្សល់ទុកនូវការឈឺចាប់ និងការបាត់បង់យ៉ាងច្រើន។ ទាហានស្លាប់នៅលើសមរភូមិ ជីវិតរបស់មនុស្សជាច្រើនបាត់បង់។ ឪពុកម្តាយបាត់បង់កូនៗ ក្មេងៗក្លាយជាកុមារកំព្រា គ្រួសារត្រូវបែកគ្នា…។
សង្ឃឹមថា សង្រ្គាមនឹងមិនកើតឡើងម្តងទៀតទេ ហើយសោកនាដកម្មស្រដៀងគ្នានឹងមិនកើតឡើងម្តងទៀតឡើយ។
Abe Kengo