ប្រយោគនិយាយកំប្លែងលេងរបស់អធិរាជជប៉ុន

ប្រយោគ​និយាយ​កំប្លែង​លេង​របស់​អធិរាជ​ជប៉ុន។

សព្វថ្ងៃនេះជប៉ុន​ជា​ប្រទេស​តែ​មួយ​គត់​លើពិភពលោកនៅមានអធិរាជ (Emperor) ។

ក្នុងប្រព័ន្ធឋានានុក្រមអន្តរជាតិ អធិរាជត្រូវបានចាត់ទុកថាខ្ពស់ជាងប្រមុខរដ្ឋទៅទៀត ដូច្នេះអ្នក​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ប្រទេស​ជប៉ុន​គឺអធិរាជ​ជប៉ុន ឬហៅ​ថា​ព្រះ​ចៅ​អធិរាជជប៉ុន។

យោងតាមប្រព័ន្ធឋានានុក្រមអន្តរជាតិ លំដាប់លំដោយជាបន្តបន្ទាប់មានដូចជា៖ អធិរាជ ⇒ ស្តេច ⇒ ប្រមុខ​រដ្ឋ។

បច្ចុប្បន្ននេះ នៅលើពិភពលោកមនុស្សតែម្នាក់គត់ដែលត្រូវបានគេហៅថាអធិរាជគឺព្រះចៅអធិរាជ​ជប៉ុន។ ដូច្នេះប្រសិនបើផ្អែកលើប្រព័ន្ធឋានានុក្រម ​អាច​និយាយ​បាន​ថា ព្រះចៅអធិរាជជប៉ុន​ជា​បុគ្គលដែល​មាន​ឋានៈ​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភព​លោក។

នៅពេលដែលនិយាយពីបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់បែបនេះ មនុស្សជាច្រើនប្រហែលជាគិត​ថា ពួកគេជាមនុស្សម៉ឺងម៉ាត់ និងតឹងតែងខ្លាំង។ យ៉ាង​ណា​មិញ ជាក់​ស្តែង​ព្រះ​ចៅ​អធិរាជ​បែរ​ជាចូល​​ចិត្ត​​កំប្លែង​​លេង​​ណាស់។

ខាងក្រោមនេះជាប្រយោគនិយាយកំប្លែងលេងមួយចំនួនរបស់ព្រះចៅអធិរាជប៉ុន ចូរយើងក្រឡេក​មើល​ទាំង​អស់​គ្នា ហើយស្វែងយល់បន្ថែមអំពី​បុគ្គលិក​លក្ខណៈ​របស់​អធិរាជ​អង្គនេះ។

ក្នុង​ពិធី​សម្ពោធ​ព្រះបរមរាជវាំង​ថ្មី

ព្រះបរមរាជវាំង ឬហៅម្យ៉ាងទៀតថារាជវាំង ជាកន្លែងគង់នៅរបស់ព្រះចៅអធិរាជ និងគ្រួសារ។

បន្ទាប់ពីត្រូវបានដុតបំផ្លាញក្នុងសង្គ្រាម វិមានអធិរាជថ្មីមួយត្រូវបានសាងសង់ឡើង។

ក្នុង​ពិធី​សម្ពោធ​ មន្ត្រី​អាមេរិក​មួយ​ចំនួន​និយាយបែបចំអកថា៖

  • “វិមានធំស្កឹមស្កៃណាស់!”

ជាការតបទៅវិញ ​ព្រះ​ចៅ​អធិរាជ​បាន​ឆ្លើយ​ថា៖

  • “ក៏ដោយសារតែលោកទាំងអស់គ្នាដុតវិមានចាស់នោះដែរ!”

ក្រោយមក ភាគីអាមេរិកហាក់បីដូចជាមិនអាចនិយាយអ្វីបានទៀតឡើយ។

ប្រហែលជាអ្នកបកប្រែនៅពេលនោះកំពុងបកប្រែផងបែកញើសផងហើយមើលទៅ។

ប្រយោគកំប្លែងលេងរបស់សមាជិកគ្រួសាររាជវង្ស

ក្នុងអំឡុងពេលរៀនប្រវត្តិសាស្ត្រ និងប្រពៃណី ព្រះអង្គម្ចាស់ Hisahito – ដែលជាបុត្រារបស់ប្អូនប្រុស​របស់​ព្រះ​ចៅ​អធិរាជ​បច្ចុប្បន្ន – បានចូលរួមលេងល្បែងប្រពៃណីបុរាណដែលមានឈ្មោះហៅថា kemari (ជា​ល្បែង​កម្សាន្ត​របស់​វណ្ណៈ​អភិជននៅ​សម័យ​បុរាណ) ។

ទ្រង់បាននិយាយថា៖

  • “ឈាម​ដូនតាក្នុងខ្លួនរបស់ចៅកំពុង​ពុះ​កញ្ជ្រោល​!”

ប្រសិនបើមនុស្សធម្មតាម្នាក់និយាយប្រយោគនេះ ប្រាកដណាស់មនុស្សនៅជុំវិញនឹងគិតថា “កំពុង​គិត​អ្វី​ដូច្នេះ?”

ប៉ុន្តែក្នុងករណីសមាជិកគ្រួសាររាជវង្ស ដូនតារបស់ទ្រង់ប្រាកដជាធ្លាប់លេង kemari ដូច្នេះគ្រប់គ្នា​សុទ្ធ​តែ​យល់ និង​​មិន​​អាច​​ជំទាស់​​បាន។

“របៀបលេងពាក្យ” បែបរាជវង្ស

ក្នុងភាសាជប៉ុន “殿下 (Denka)” ជារបៀបហៅដ៏គួរឲ្យគោរពសម្រាប់សមាជិកគ្រួសាររាជវង្ស។

នៅពេលដែលព្រះចៅអធិរាជចូលរួមពិធីជប់លៀងនៅផ្ទះរបស់កីឡាករវាយកូនបាល់អាជីព Naoko Sato ទ្រង់បានជួយផ្លាស់ប្តូរទីតាំងតុមួយ។ ប៉ុន្តែនៅពេលដែលផ្លាស់ប្តូរទីតាំង ទ្រង់បាន​ជាប់​​នៅ​​ចន្លោះ​​តុ និង​ជញ្ជាំង ហើយ​មិន​អាច​ដើរចេញបាន។

ទ្រង់មានប្រសាសន៍ថា៖

  • “殿下、出んか”

ក្នុងភាសាជប៉ុន នេះជាពាក្យពីរដែលមានសូរដូចគ្នា ប៉ុន្តែមានអត្តន័យខុសគ្នា។ 殿下 គឺ “អ្នកអង្គ​ម្ចាស់” ចំណែកឯ 出んか អាចបកប្រែថា “មិនចេញក្រៅទេឬ?” ។

ជាប្រយោគបែបលេងពាក្យរបស់អធិរាជក្នុងស្ថានភាពគួរឲ្យអស់សំណើច។

នៅពេលដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Oxford ក្នុងប្រទេសអង់គ្លេស មិត្តរៀនភាសា​ជប៉ុន​ម្នាក់​បាន​សួរ​ព្រះ​ចៅ​អធិរាជ​ទាក់​ទង​នឹង​អត្តន័យ​ពាក្យ “殿下” ។

ព្រះចៅអធិរាជចង្អុល​ទៅលើអំពូលភ្លើងលើពិដានហើយ​ឆ្លើយ​ថា៖

  • “ខ្ញុំជា 殿下(Denka) ។ ហើយនេះជា 電気 (denki) ។ កុំច្រឡំឲ្យសោះ” ។

ក្នុងនោះពាក្យ 電気 (denki) មានន័យថាអគ្គិសនី។

Naruto

ព្រះចៅអធិរាជបច្ចុប្បន្នគឺ Naruhito Shinno ។ ក្នុងនោះ “Naruhito” ជាឈ្មោះរបស់ទ្រង់ ចំណែក​ឯ “Shinno” មានន័យថាព្រះចៅអធិរាជ។

ក្នុង​ដំណើរ​ទស្សនកិច្ច​យាងទៅកាន់ប្រទេស​ឥណ្ឌូណេស៊ី នៅពេលដែលកំពុងជជែកគ្នាជាមួយកុមារ​តូចៗ​និយាយ​ពី anime ជប៉ុន សិស្ស​ម្នាក់​បាន​និយាយ​ថា៖

  • “ចៅពិតជាចូលចិត្ត Naruto ណាស់!”

ព្រះចៅអធិរាជឆ្លើយថា៖

  • “ចំណែកឯយើងជា Naruhito ។ ឈ្មោះស្តាប់ទៅស្រដៀងគ្នា ប៉ុន្តែតាមពិតទៅមិនទាក់ទងអ្វី​នឹង​គ្នា​នោះ​ទេ។”

ការសន្ទនាដ៏រួសរាយរាក់ទាក់ និងកំប្លែងលេងបែបនេះ បន្ទាប់​មក ត្រូវបានចុះផ្សាយយ៉ាងទូលំទូលាយ​នៅលើព័ត៌មានពិភពលោក។

ទោះបីជាមានឋានៈខ្ពង់ខ្ពស់ក៏ដោយ គ្រួសាររាជវង្សជប៉ុនមិនដែលក្រអឺតក្រទមនោះទេ ប៉ុន្តែតែងតែព្យាយាមនាំមកនូវស្នាមញញឹមសម្រាប់​មនុស្ស​គ្រប់​គ្នា។

ភាពរួសរាយរាក់ទាក់ និងប្រយោគនិយាយលេងបានធ្វើឲ្យមនុស្សគ្រប់គ្នាចូលចិត្តយ៉ាងខ្លាំង និងកាន់តែមាន​អារម្មណ៍​គោរព​ចំពោះ​គ្រួសារ​រាជវង្ស។

សង្ឃឹមថានៅថ្ងៃអនាគត ព្រះចៅអធិរាជនឹងបន្តនាំមកនូវស្នាមញញឹមតាមរយៈប្រយោគនិយាយ​​បែប​​កំប្លែង​​លេង​​ជា​ច្រើន គ្មាន​នរណា​អាច​ប្រៀប​ផ្ទឹម​បាន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: