“ខណ្ឌសីមា” នៅទីក្រុងតូក្យូ – ហុងស៊ុយជប៉ុន
“ខណ្ឌសីមា” នៅទីក្រុងតូក្យូ – ហុងស៊ុយជប៉ុន។
ហុងស៊ុយជាទស្សនៈដែលមានប្រភពមកពីប្រទេសចិន។
ទស្សនៈហុងស៊ុយក៏មានវត្តមាននៅប្រទេសជប៉ុនផងដែរ ប៉ុន្តែបានវិវត្តន៍តាមរបៀបមួយផ្សេងទៀត។
ហើយប្រហែលជាហុងស៊ុយជប៉ុននៅតែត្រូវបានអនុវត្តក្នុងគម្រោងរៀបចំទីក្រុងទំនើប ចំណុចនេះអាចជាកត្តាដែលបានរួមចំណែកធ្វើឲ្យទីក្រុងតូក្យូក្លាយជាទីក្រុងឈានមុខគេនៅលើពិភពលោក។
ហុងស៊ុយ “បែបជប៉ុន”
ថ្វីត្បិតតែ ផ្អែកលើមូលដ្ឋានហុងស៊ុយប្រទេសចិន ប៉ុន្តែទស្សនៈដែលទាក់ទងនឹងទិសដៅរបស់ជប៉ុនបែរជាមានលក្ខណៈពិសេស។
ក្រៅពីនេះ ខណៈពេលដែលហុងស៊ុយចិនផ្តោតទៅលើរឿងល្អ និងរឿងអាក្រក់ ចំណែកឯហុងស៊ុយជប៉ុនបែរជាសង្កត់ធ្ងន់លើការជៀសវាងសំណាងអាក្រក់។
ដោយមិនរកវិធីសាស្រ្តទាក់ទាញសំណាងល្អ ជនជាតិជប៉ុនបែរជាផ្តោតសំខាន់លើការលុបបំបាត់សំណាងអាក្រក់។ ជាចំណុចដែលបង្ហាញយ៉ាងច្បាស់ពីអត្តចរិតប្រុងប្រយ័ត្ន និងល្អិតល្អន់របស់ប្រជាជនជប៉ុន។
Edo – ជាទីក្រុងដែលមានខណ្ឌសីមាដ៏កម្រនៅលើពិភពលោក
នៅសម័យសាមូរ៉ៃ ទីក្រុងតូក្យសព្វថ្ងៃធ្លាប់ត្រូវបានគេហៅថា Edo ។
នៅពេលដែល Tokugawa Ieyasu សម្រេចចិត្តជ្រើសយក Edo ជារដ្ឋធានី លោកបានប្រើប្រាស់ចំណេះដឹងហុងស៊ុយដើម្បីសាងសង់ទីក្រុង។
ប្រាសាទ Edo ត្រូវបានសាងសង់នៅកណ្តាលទីក្រុង Edo ដែលសព្វថ្ងៃនេះជាព្រះបរមរាជវាំងជប៉ុន។
ពីទីតាំងស្ថិតនៅកណ្តាលនោះ ប្លង់ទីក្រុងទាំងមូលត្រូវបានរៀបចំយ៉ាងពិសេសដូចខាងក្រោម៖
- នៅទិសឦសានហៅថា “ច្រកទ្វារបិសាច” ត្រូវបានចាត់ទុកជាទិសដៅគ្មានសំណាងបើតាមហុងស៊ុយជប៉ុន លោកបានបញ្ជាឲ្យសាងសង់វត្តប្រាសាទ Kaneiji ដ៏ធំនៅ Ueno ដើម្បីបង្ក្រាប។
- នៅភាគនិរតីហៅថា “ទ្វារខាងក្រោយរបស់បិសាច” លោកបានដាក់ទីសក្ការបូជា Hie និងវត្តប្រាសាទ Zojoji ដើម្បីបញ្ចៀសរឿងអាក្រក់។
ក្រៅពីនេះ ទន្លេ Sumida ធម្មជាតិក៏ត្រូវបានបែងចែកជាពីរ ឬជាបីផ្លូវដើម្បីនាំយក “ខ្យល់បរិសុទ្ធ” សាយភាយទូទាំងទីក្រុង។
“ព័ទ្ធសីមា” ទ្រង់ទ្រាយធំ
មិនត្រឹមតែទ្រង់ទ្រាយទីក្រុងប៉ុណ្ណោះទេ Edo ថែមទាំងត្រូវបានគ្របដណ្តប់ដោយផ្កាយដ៏ធំមួយ – ជានិមិត្តរូបនៃការបង្ក្រាបអំពើអាក្រក់ គេអាចមើលឃើញថា ផ្កាយត្រូវបានបង្កើតឡើងដោយការតភ្ជាប់ទីតាំងប្រាសាទ ទីសក្ការៈ និងបឹងពិសិដ្ឋ។
ខណ្ឌសីមាដែលមានរូបរាងផ្កាយនេះផ្អែកលើទស្សនៈ Onmyoji ជាគ្រូសីលដែលធ្លាប់មានកាលពីជាង ១០០០ ឆ្នាំមុន។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺគំរូខណ្ឌសីមានេះត្រូវបានបង្កើតឡើងមុនពេលមានផែនទីលម្អិតរបស់ជប៉ុនទៅទៀត ប៉ុន្តែរូបរាងផ្កាយបែរជាល្អឥតខ្ចោះយ៉ាងខ្លាំង។
មិនត្រឹមតែ Edo ប៉ុណ្ណោះទេ សូម្បីតែ Kyoto និង Osaka នៅតំបន់ Kansai ក៏មាន “ខណ្ឌសីមាភពទាំងប្រាំ” ស្រដៀងគ្នានេះ។
ហុងស៊ុយក្នុងសំណង់អគារទំនើប
ទីក្រុងតូក្យូបន្តអនុវត្តហុងស៊ុយទៅលើសំណង់អគារថ្មី
ឧទាហរណ៍ដូចជា Tokyo Skytree – និមិត្តរូបថ្មីនៃរាជធានីដែលបានបញ្ចប់នៅឆ្នាំ ២០១២ ជាមួយនឹងកម្ពស់ ៦៣៤ ម៉ែត្រ។
ស្ថិតនៅប្រទេសដែលងាយនឹងកើតមានគ្រោះមហន្តរាយធម្មជាតិ សំណង់នេះត្រូវបានសាងសង់ឡើងដោយប្រើបច្ចេកវិទ្យាទំនើបដើម្បីការពាររញ្ជួយដី។ ក្រៅពីនេះ ទីតាំងសាងសង់ប៉មនេះក៏ត្រូវបានចាត់ទុកថាមានសារៈសំខាន់ដែលទាក់ទងនឹងហុងស៊ុយផងដែរ ព្រោះវាបានតភ្ជាប់ភ្នំហ្វូជីជាមួយនឹងទីសក្ការៈ Meiji Jingu នៅលើបន្ទាត់ត្រង់តែមួយ។
ភ្នំហ្វូជីជាភ្នំដែលខ្ពស់ជាងគេ និងស្រស់ស្អាតបំផុតនៅប្រទេសជប៉ុន ដែលត្រូវបានគេហៅថាភ្នំដ៏ពិសិដ្ឋ ជាកន្លែងដែលមានវិញ្ញាណគង់នៅ។ ប្រសិនបើគូរបន្ទាត់ត្រង់មួយពីភ្នំហ្វូជីដល់ប្រាសាទ Meiji Jingu ជាកន្លែងដែលត្រូវបានចាត់ទុកថាមានថាមពលខ្លាំងបំផុតនៅទីក្រុងតូក្យូ យើងនឹងមើលឃើញសំណង់ Skytree នៅលើបន្ទាត់ត្រង់នេះ។
ឧទាហរណ៍មួយទៀតគឺខ្សែរថភ្លើង Yamanote ខ្សែរថភ្លើងដែលរត់ជារង្វង់ជុំវិញទីប្រជុំជនទីក្រុងតូក្យូ ហើយក៏ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់នៃខណ្ឌសីមាហុងស៊ុយផងដែរ។ ប្រសិនបើប្រៀបជប៉ុនទាំងមូលដូចជានាគមួយក្បាល នោះខ្សែរថភ្លើងដូចជាសរសៃឈាម បញ្ជូនថាមពលទៅទូទាំងប្រទេស។
ក្រៅពីរថភ្លើងក្រោមដី ស្ទើរតែគ្មានខ្សែរថភ្លើងដែលនៅលើផ្ទៃដីរត់ចូលរង្វង់មូលនៃខ្សែរថភ្លើង Yamanote នោះទេ។ ខ្សែរថភ្លើង Chuo ក៏ជៀសវាងការធ្វើដំណើរឆ្លងកាត់ទីប្រជុំជនខណ្ឌសីមានេះផងដែរ។
អាចនិយាយបានថា តូក្យូជាទីក្រុងមួយក្នុងចំណោម “ទីក្រុងហុងស៊ុយ” ឈានមុខនៅលើពិភភពលោក។ ម្យ៉ាងវិញទៀត មិនកំណត់ត្រឹមទីក្រុងប៉ុណ្ណោះទេ ថែមទាំងពង្រីកឥទ្ធិពលនៅទូទាំងប្រទេសជប៉ុនផងដែរ។
ទោះបីជាសព្វថ្ងៃនៅតែមិនទាន់មានភស្តុតាងវិទ្យាសាស្រ្តដែលបង្ហាញពីទស្សនៈហុងស៊ុយក៏ដោយ យ៉ាងណាមិញ ទីក្រុងនេះនៅតែជាសមិទ្ធិផលនៃប្រាជ្ញា និងការគណនាយ៉ាងប្រុងប្រយ័ត្នរបស់បុព្វបុរសយើងខ្ញុំបន្សល់ទុក។ ទោះបីជាស្ថានភាពបច្ចុប្បន្នមិនល្អប៉ុន្មានក៏ដោយ ជនជាតិជប៉ុនយើងខ្ញុំនៅតែជឿជាក់លើការស្តារឡើងវិញនៃទីក្រុងតូក្យូនាពេលអនាគត។
Abe Kengo