ប្រជាជន​ជប៉ុនជួយគ្នាស្វែង​រក​ចិញ្ចៀន​ដែល​បានបាត់

ប្រជាជន​ជប៉ុនជួយគ្នាស្វែង​រក​ចិញ្ចៀន​ដែល​បានបាត់។

ប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់បានឮ ក្នុងការប្រកួតកីឡាអត្តពលកម្មពិភពលោកដែលប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូកាលពីខែកញ្ញា ឆ្នាំ ២០២៥ មានហេតុការណ៍មួយបានកើតឡើងគឺ “បាត់ចិញ្ចៀនរៀបការ” ។ ករណីដ៏កម្រនេះបានធ្វើឲ្យពិភពលោកត្រូវទទួលស្គាល់ចំពោះចរិកលក្ខណៈរបស់​ប្រជាជន​ជប៉ុន។ ចូរ​យើងតាម​ដាន​ដំណើរ​រឿង​ទាំង​អស់​គ្នា។

ការប្រកួតកីឡាអត្តពលកម្មពិភពលោកឆ្នាំ ២០២៥ Caio Bonfim – អត្តពលិកដើរផ្លូវឆ្ងាយជនជាតិប្រេស៊ីលម្នាក់បានចូល​រួម​វិញ្ញា​សា​ដើរ​ចម្ងាយ ២០ គីឡូម៉ែត្រ​សម្រាប់​បុរស ហើយ​បាន​ឈ្នះជើង​ឯក​យ៉ាង​ល្អ​ឥត​ខ្ចោះ។

យ៉ាងណាមិញ ក្រៅពីទទួលបានជ័យជំនះ មានហេតុការណ៍មួយបានកើតឡើង Caio បាន​ធ្វើ​បាត់​ចិញ្ចៀន​​រៀប​​ការ​​ដែល​ពាក់​លើ​ដៃ​របស់ខ្លួនក្នុងអំឡុងពេលប្រកួត។

ខណៈពេលដែលគាត់កំពុងព្រួយបារម្ភ Caio Bonfim ស្រាប់តែគិតឃើញថា ប្រសិនបើគាត់អាចទទួលបានជ័យជំនះ ប្រហែលជាប្រពន្ធរបស់គាត់មិនសូវជាខឹងប៉ុន្មានឡើយ។ ការគិតបែបនេះ​ជួយ​ឲ្យ​គាត់​ឈ្នះ​ការ​ប្រកួត ហើយ​ទៅ​ដល់​ទី​ដំបូង​គេ។

ទោះជាយ៉ាងណា ប្រសិនបើអាចរកចិញ្ចៀនបានវិញប្រាកដជាល្អខ្លាំងណាស់។

Caio យល់់ឃើញថា គាត់ធ្វើបាត់ចិញ្ចៀនក្នុងរយៈចម្ងាយប្រហែល ៣ គីឡូម៉ែត្រ។

  • “សូមជួយខ្ញុំផង!”

ដើម្បីឆ្លើយតបទៅនឹងការអង្វររបស់គាត់ ដំណើរការស្វែងរកមួយបានចាប់ផ្តើមដោយមានជំនួយ​ពី​ប្រជាជន​ជប៉ុន​ទាំង​អស់។ មិន​​ត្រឹម​​តែ​មាន​​ប៉ូលិស​​ប៉ុណ្ណោះ​​ទេ សូម្បីតែប្រជាជនធម្មតា គ្រប់​គ្នា​ដែល​ដឹង​ពី​​ហេតុ​ការណ៍​​នោះ​សុទ្ធ​តែ​ចូល​រួម​ស្វែង​រក។

នៅលើបណ្តាញសង្គម មានសម្មតិកម្មជាច្រើនត្រូវបានដាក់ចេញ។ ឧទាហរណ៍ដូចជា៖

  • “ត្រង់កន្លែងមួយគាត់បានបោះកន្សែងជូតដៃ ហើយបន្ទាប់​មក​លែង​ឃើញ​ចិញ្ចៀន​ទៀត តើចិញ្ចៀនអាចនឹងជ្រុះបាត់ពេលនោះដែរទេ?”

ការវិភាគដែលបានលើកឡើងបានបង្ហើបសម្រាប់ការស្វែងរកតាមទិសដៅថ្មី។

ទន្ទឹមនឹងនោះ ក៏ចាប់ផ្តើមមានពាក្យលើកទឹកចិត្តជាច្រើនផងដែរ មានដូចជា៖

– “យើងទាំងអស់គ្នានឹងរកឃើញវា។”

ឬដូចជាពាក្យ៖

  • “ដល់ពេលដែលត្រូវបង្ហាញពីស្មារតីរបស់ប្រជាជនជប៉ុនហើយ។”

ដូចនេះ ការ​ស្វែង​រកបានធ្វើ​ឡើងក្រោម​សំឡេង​ហ៊ោ​កញ្ចៀវ និង​ការលើកទឹកចិត្តជាច្រើន។

ការ​អំពាវនាវសុំជំនួយកាន់តែច្រើនឡើង ជាមួយនឹងការ​ចែក​រំលែក​ជាង ១០.០០០ ដង។ ដោយមាន​ការ​សង្ស័យ​ថា កន្លែងដែល Caio បោះ​កន្សែង​ជូត​ញើស គឺ​ជា​ទីតាំង​ដែល​ចិញ្ចៀន​ធ្លាក់​នោះ មនុស្ស​ជា​ច្រើន​បាន​ទៅ​ដល់​កន្លែង​ផ្ទាល់​ដើម្បី​ស្វែង​រក។

មិនត្រឹមតែប្រជាពលរដ្ឋប៉ុណ្ណោះទេ អត្តពលិកដែលចូលរួមក្នុងការប្រកួតក៏បានចូលរួមស្វែងរកផងដែរ ដោយបានពិនិត្យមើលផ្លូវ​ប្រណាំង​ទាំង​មូល​អស់​រយៈ​ពេល​ជាង​មួយ​ម៉ោង ប៉ុន្តែ​នៅ​តែ​រកមិន​ឃើញ។

រឿងនេះត្រូវបានចែករំលែកកាន់តែច្រើនឡើង និងត្រូវបានចុះផ្សាយនៅលើសារព័ត៌មាន នៅទីបំផុត អ្នកដែលបានរកឃើញចិញ្ចៀននោះក៏ឃើញព័ត៌មាន។ បុគ្គល​ម្នាក់​នោះ​បាន​ទាក់​ទង​ទៅកាន់ក្រុមប្រេស៊ីល ហើយចិញ្ចៀននៅ Osaka ត្រូវ​បាន​រៀបចំផ្ញើទៅកាន់សណ្ឋាគារដែលសមាជិកក្រុម​កំពុង​ស្នាក់​នៅ។

ទោះជាយ៉ាងណា យោងតាមកាលវិភាគធ្វើដំណើរ Caio នឹងឡើងយន្តហោះត្រឡប់ទៅផ្ទះវិញ មុនពេលដែលចិញ្ចៀនត្រូវបានបញ្ជូនមក។ ដើមឡើយ អាចពឹងមិត្តរួមក្រុម Caio យកចិញ្ចៀនទៅឲ្យគាត់ពេលជួបគ្នានៅស្រុកកំណើត ប៉ុន្តែដោយសារការយកចិត្តទុកដាក់យ៉ាងខ្លាំង អ្នកទុកចិញ្ចៀន​បានយកទៅដល់កន្លែង ដោយប្រគល់ចិញ្ចៀនដល់ដៃរបស់ Caio មុនពេលដែលកីឡាករម្នាក់​នេះ​ឡើង​យន្ត​ហោះ​ត្រឡប់​ទៅ​ប្រទេស​វិញ។

នៅទី​បំផុត ចិញ្ចៀន​ដ៏​មាន​តម្លៃ​បានត្រឡប់ទៅរក​ម្ចាស់​វិញ។ Caio រំភើបចិត្តយ៉ាងខ្លាំងនៅពេលទទួលបាន​ចិញ្ចៀន​​ដែល​​បាត់​​នោះ​មក​​​វិញ ហើយ​​បាន​​អរគុណ​​អ្នក​​ទាំង​​អស់គ្នា​​​ដែល​​បាន​​​ជួយ​​​គាត់​​មុន​​ពេល​​​ត្រឡប់​​​ទៅ​​ប្រទេស​​វិញ។

ប្រសិនបើជាចិញ្ចៀនធម្មតា ពិបាកនឹងរកឃើញម្ចាស់ខ្លាំងណាស់។ អ្នកដែលរើសបានអាចយកទៅលក់ដោយមិនមាននរណាដឹងនោះទេ។

ប៉ុន្តែចិញ្ចៀននេះមានតម្លៃយ៉ាងខ្លាំងសម្រាប់ Caio និងភរិយារបស់គាត់។ ពិតជាសំណាងណាស់ដែលអាចរកឃើញមកវិញ។

ឥឡូវនេះ ចិញ្ចៀនមិនត្រឹមតែជានិមិត្តរូបនៃក្តីស្រលាញ់ប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវដ៏អស្ចារ្យដែលបានកើត​ឡើងនៅក្នុង​ប្រទេស​ជប៉ុន​ផងដែរ ដែលធ្វើឲ្យវាកាន់តែពិសេស និងមាន​ន័យ​ជាង​ពេល​ណាៗ​ទាំង​អស់។

ជាការពិតណាស់ គ្មាននរណាម្នាក់ក្នុងចំណោមអ្នកចូលរួមស្វែងរកទទួលបានប្រាក់តាមរយៈរឿងនេះនោះទេ។ យ៉ាងណាមិញ មនុស្សជាច្រើនបានរួមចំណែកទើប​ទទួលបានលទ្ធផលល្អដូច្នេះ។ ប្រសិន​បើ​ទឹកចិត្តដ៏កក់ក្តៅនោះត្រូវបាន​ផ្សព្វ​ផ្សាយនៅ​​ទូទាំង​ពិភព​លោក ខ្ញុំ​ជឿ​ថា ស្នាម​ញញឹមនឹងត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា។

ថ្វីត្បិតតែ បច្ចុប្បន្នប្រទេសជប៉ុនមានការផ្លាស់ប្តូរច្រើន លែងរក្សាបាននូវវប្បធម៌ និង​ទំនៀមទម្លាប់ល្អទាំងអស់ដែលធ្លាប់មាន។ យ៉ាង​ណា​មិញ នៅ​តែ​មាន​ប្រជាជន​ជប៉ុន​ជា​ច្រើន​មានទឹកចិត្ត​ល្អ ដែល​យើង​អាច​នឹង​មើល​ឃើញ។

ដូច្នេះហើយ សង្ឃឹមថា អ្នកទាំងអស់គ្នាមិនបាត់បង់ជំនឿចិត្តចំពោះប្រទេសជប៉ុននោះទេ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: