ការស្រាវជ្រាវពិសេសចម្លែកដែលជនជាតិជប៉ុនបានទទួលរង្វាន់ណូបែល Ig
ការស្រាវជ្រាវពិសេសចម្លែកដែលជនជាតិជប៉ុនបានទទួលរង្វាន់ណូបែល Ig ។
តើប្រិយមិត្តទាំងអស់គ្នាធ្លាប់ឮអំពីរង្វាន់ណូបែល Ig ដែរទេ?
ប្រសិនបើរង្វាន់ណូបែលជាពានរង្វាន់ដ៏មានតម្លៃសម្រាប់ការស្រាវជ្រាវដែលមានឥទ្ធិពលយ៉ាងធំធេងចំពោះមនុស្សជាតិ ចំណែកឯរង្វាន់ណូបែល Ig គឺសម្រាប់អ្នកដែលបាន “លះបង់អស់ពីសមត្ថភាព” ដើម្បី… ការស្រាវជ្រាវដែលធ្វើឲ្យអ្នកដទៃអស់សំណើច។
តាមពិតទៅ រង្វាន់ណូបែល Ig គឺជាពានរង្វាន់បែបចំអកឡកឡឺយប្រចាំឆ្នាំ ដែលសរសើរចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រដំបូងដែលធ្វើឲ្យអស់សំណើច ហើយធ្វើឲ្យគ្រប់គ្នាត្រូវគិតពិចារណា។ ពានរង្វាន់នេះត្រូវបានរៀបចំឡើងដោយទស្សនាវដ្តីកំប្លែងបែបវិទ្យាសាស្ត្រ Annals of Improbable Research (AIR) ប្រារព្ធធ្វើឡើងតាំងពីឆ្នាំ ១៩៩១ ក្នុងគោលបំណងជម្រុញចំណាប់អារម្មណ៍របស់សាធារណៈជនចំពោះវិទ្យាសាស្ត្រ។ ឈ្មោះ Ig Nobel គឺជារបៀបលេងពាក្យដោយផ្អែកលើរង្វាន់ណូបែល និងពាក្យថា “ignoble” (អាម៉ាស់) និងការត្រាប់តាមរង្វាន់ណូបែលដ៏មានតម្លៃ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា អ្នកស្រាវជ្រាវទាំងអស់សុទ្ធតែយកចិត្តទុកដាក់ចំពោះការស្រាវជ្រាវរបស់ខ្លួន។ គ្រាន់តែមិនយល់ថា ហេតុអ្វីបានជាពួកគេស្រាវជ្រាវរឿងចម្លែកដែលមិននឹកស្មានដល់បែបនេះ។ ហើយជាពិសេសជាងនេះទៅទៀត ជនជាតិជប៉ុនជាអ្នកដែលបានយកឈ្នះរង្វាន់នេះជាច្រើនដង។
ចូរយើងក្រឡេកមើលការស្រាវជ្រាវដ៏គួរចាប់អារម្មណ៍ដែលបានជួយឲ្យពួកគេយកឈ្នះពានរង្វាន់ និងកាន់តែយល់អំពីបុគ្គលិកលក្ខណៈរបស់ជនជាតិជប៉ុនតាមរយៈខ្លឹមសារអត្តបទនេះ។
លាបឆ្នូតសេះបង្កង់លើគោជួយបណ្តេញសត្វល្អិត
មិនដឹងថាគំនិតនេះមកពីណានោះទេ ប៉ុន្តែលោក Kojima Tomoki ដែលធ្វើការនៅវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាកសិកម្ម និងម្ហូបអាហារជប៉ុន បានទទួលរង្វាន់ដោយផ្អែកលើការស្រាវជ្រាវដែល “មិនគួរឲ្យជឿ” ។
អ្នកចិញ្ចឹមគោតែងតែឈឺក្បាលដោយសារប្រភេទសត្វល្អិតបឺតឈាមដូចជារបោម រុយទិចផ្លែជាដើម។ សត្វទាំងនោះអាចនឹងចម្លងជំងឺ បណ្តាលឲ្យរមាស់ ឬឈឺចាប់ ប៉ះពាល់ដល់សុខភាព និងដំណើរការអភិវឌ្ឍន៍របស់សត្វចិញ្ចឹម។
លោក Kojima បានរកឃើញមធ្យោបាយបាញ់ថ្នាំលាបឆ្នូតសេះបង្កង់លើខ្លួនសត្វគោ។ គួរឲ្យភ្ញាក់ផ្អើលណាស់ ចំនួនសត្វល្អិតបានកាត់បន្ថយយ៉ាងច្បាស់។
ជាគំនិតដែលស្តាប់ទៅដូចជាកំប្លែង ប៉ុន្តែបែរជាមានប្រសិទ្ធិភាព។
ការស្រាវជ្រាវ “ដកដង្ហើមតាម… រន្ធគូថ” ទទួលបានរង្វាន់ ជប៉ុនបានយកឈ្នះជាបន្តបន្ទាប់រយៈពេល ១៩ ឆ្នាំ
ជាថ្មីម្តងទៀត ជនជាតិជប៉ុនបានឈ្នះពានរង្វាន់ណូបែល Ig សម្រាប់ការស្រាវជ្រាវយ៉ាងជោគជ័យទាក់ទងនឹងរឿង តើសត្វអាចដកដង្ហើមតាមរន្ធគូថបានអត់។
ពួកគេយកអុកស៊ីសែនរំលាយក្នុងវត្ថុរាវ បន្ទាប់មកបញ្ចូលទៅក្នុងចុងពោះវៀន ដើម្បីមើលថាតើអាចដកដង្ហើមបានទេ។
ជាលទ្ធផល ពួកគេបានរកឃើញថាសត្វជ្រូកអាចដកដង្ហើមតាមរន្ធគូថ។
ពិតជាពិបាកនឹងវាយតម្លៃថា “អស្ចារ្យ” ឬ “ផ្តេសផ្តាស” ខ្លាំងណាស់ ប៉ុន្តែច្បាស់ណាស់ ការស្រាវជ្រាវនេះស័ក្តិសមនឹងឈ្មោះ Ig Nobel ។
ក្រៅពីនេះ ជប៉ុនថែមទាំងមានការស្រាវជ្រាវដ៏ចម្លែកជាច្រើនផ្សេងទៀតដែលធ្លាប់ទទួលបានរង្វាន់ដូចជា៖
- ម៉ាសុីនបកប្រែភាសារវាងឆ្កែ និងមនុស្ស។
- បណ្តុះបណ្តាលព្រាបបែងចែករវាងគំនូររបស់ Picasso និង Monet ។
- បាញ់ទឹកអប់លើខោទ្រនាប់ដើម្បីរកឃើញថាប្តីផិតក្បត់។
- សម្រង់ក្លិនវ៉ានីឡាពីលាមកគោ។
- ហេតុអ្វីបានជាសំបកចេកបែរជាធ្វើឲ្យយើងរអិលដួល។
- ស្រូបឧស្ម័នអេលីយ៉ូមអាចនឹងធ្វើឲ្យសំឡេងសត្វក្រពើកាន់តែខ្ពស់ដែរទេ…
ដូច្នេះហើយ ជនជាតិជប៉ុនបានឈ្នះរង្វាន់ណូបែល Ig រយៈពេល ១៩ ឆ្នាំជាប់ៗគ្នា។
រង្វាន់សម្រាប់អ្នកឈ្នះ
អ្នកឈ្នះរង្វាន់ណូបែល Ig នឹងទទួលបានសញ្ញាបត្រសរសើរ ពានរង្វាន់ និងរង្វាន់ជាសាច់ប្រាក់។
ក្នុងនោះសញ្ញាបត្រសរសើរ និងពានរង្វាន់មានការរចនាគួរឲ្យចាប់អារម្មណ៍ណាស់។ ហើយប្រាក់រង្វាន់មានរហូតដល់ ១០.០០០.០០០.០០០.០០០ ដុល្លារ… ប៉ុន្តែមិនមែនដុល្លារអាមេរិកនោះទេ ជាដុល្លារហ្ស៊ីមបាវ៉េ។ ជាការពិតណាស់ នេះជារូបិយប័ណ្ណនៃប្រទេសហ្ស៊ីមបាវ៉េ ជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារអតិផរណា ហើយរូបិយប័ណ្ណនេះលែងមានតម្លៃសម្រាប់ប្រើប្រាស់ទៀតហើយ។
ចំនួនទឹកប្រាក់យ៉ាងច្រើនត្រូវបានបោះពុម្ពនៅលើសំបុត្រ ប៉ុន្តែជាក់ស្តែងនៅកន្លែងដាក់ដេញថ្លៃសំបុត្រទាំងនេះមានតម្លៃប្រហែល ៥ ទៅ ១០ ដុល្លារអាមេរិកប៉ុណ្ណោះ។
អាចនិយាយបានថានេះគ្រាន់តែជារង្វាន់អនុស្សាវរីយ៍ប៉ុណ្ណោះ។
ដើម្បីឈ្នះរង្វាន់ណូបែល Ig អ្នកស្រាវជ្រាវត្រូវតែគិតឃើញប្រធានបទ “ចម្លែក” ហើយបន្តធ្វើយ៉ាងយកចិត្តទុកដាក់ដល់ទីបញ្ចប់។ មិនអាចធ្វើការស្រាវជ្រាវលេងសើចនោះទេ។
នៅលើពិភពលោក ជប៉ុន និងអង់គ្លេសជាប្រទេសទាំងពីរដែលមានអ្នកឈ្នះរង្វាន់នេះច្រើនជាងគេ។
ភាគច្រើនពួកគេជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ អាជីវកម្ម ឬវិទ្យាស្ថានស្រាវជ្រាវផ្សេងទៀត។ ទោះបីជាពួកគេមិនមានចេតនាលេងសើចក៏ដោយ ប៉ុន្តែលទ្ធផលបែរជាធ្វើឲ្យអ្នកដទៃអស់សំណើច។
តាមរយៈរឿងនេះ ខ្ញុំគិតថា យើងអាចយល់កាន់តែច្រើនអំពីចរិកលក្ខណៈរបស់ប្រជាជនជប៉ុន។ ពួកគេមានភាពប្រាកដប្រជា ច្នៃប្រឌិត និងតែងតែធ្វើអស់ពីលទ្ធភាព មិនថារឿងនោះស្តាប់ទៅដូចជាឆ្កួតលីលាយ៉ាងណាក៏ដោយ។
ប្រសិនបើប្រើពាក្យមួយមាត់ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈរបស់ពួកគេជាភាសាខ្មែរ តើអ្នកទាំងអស់គ្នាគិតថាពាក្យអ្វីស័ក្តិសមបំផុត? សូមកុំភ្លេចបញ្ចេញមតិយោបល់ខាងក្រោម។
Abe Kengo