ស្ត្រីពេស្យានៅសម័យ Edo

ស្ត្រីពេស្យានៅសម័យ Edo ។

នៅសតវត្សរ៍ទី ១៩ Edo ជាទីក្រុងដែលមានដង់ស៊ីតេប្រជាជនច្រើនបំផុតនៅលើពិភពលោក។ សព្វថ្ងៃនេះជាតំបន់ភាគខាងកើតទីក្រុងតូក្យូ។

នៅសម័យនោះមានបទប្បញ្ញត្តិកំណត់ថា សាមូរ៉ៃជាន់ខ្ពស់ដែលមកពីទូទាំងប្រទេសជប៉ុនត្រូវប្តូរវេនគ្នារស់នៅទីក្រុង Edo ដូច្នេះហើយ ទើបទីនេះក្លាយជាទីក្រុងដែលមានមនុស្សច្រើនកុះករ និងសម្បូរទៅដោយការងារ។

ដោយសារតែចំនួនបុរសជាច្រើនដែលមកពីតំបន់ក្នុងស្រុកដើម្បីស្វែងរកការងារធ្វើ អត្រារវាងបុរស និងស្រ្តីមានភាពខុសគ្នាយ៉ាងខ្លាំង។ លទ្ធផលមានបុរសជាច្រើនត្រូវរស់នៅម្នាក់ឯង មិនអាចស្វែងរកដៃគូជីវិត។

ហើយនៅពេលយប់ក្នុងទីក្រុងដែល​មាន​សភាព​អ៊ូអរ​នោះ មានស្រ្តីមួយចំនួនត្រូវតស៊ូ​ដើម្បី​ចិញ្ចឹម​ជីវិត។

ដើម្បីដឹងថាពួកគេជានរណា ចូរយើងតាមដានខ្លឹមសារអត្តបទខាងក្រោមទាំងអស់គ្នា។

Edo – រាជធានីដែលពោរពេញដោយស្រ្តីពេស្យា

អំឡុងសម័យកាលនោះ នៅ Edo មានកន្លែងមួយមានសកម្មភាពពេស្យាចារដែលត្រូវបានច្បាប់អនុញ្ញាតនោះគឺ Yoshiwara ។ នៅទីនោះ ស្ត្រី​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​ឈរ​តម្រង់ជួរនៅតាមផ្លូវ ហើយក្នុងចំណោមនោះ ស្រ្តីពេស្យាដែលស្ថិតក្នុងលំដាប់ខ្ពស់ត្រូវបានគេហៅថា “Oiran” ។

ទោះជាយ៉ាងណា មិនមែនគ្រប់គ្នាសុទ្ធតែអាចចូលធ្វើការនៅទីនោះឡើយ។

ស្រ្តីមួយចំនួនទៀតធ្វើការនៅតំបន់ដែលគេហៅថា “Okabasho” កន្លែងប្រកបរបរពេស្យាចារដែលមិនផ្លូវការ។ ទោះបីជាមិនត្រូវបានទទួលស្គាល់ជាផ្លូវការក៏ដោយ ប៉ុន្តែកន្លែងទាំងនេះនៅតែត្រូវបានទទួលយកដោយសម្ងាត់។

ហើយទាបជាង “Okabasho” គឺវណ្ណៈស្រ្តីពេស្យាដែល​គេ​ហៅ​ថា “Yotaka” ។

ជីវិតដែលពោរពេញទៅដោយសោកនាដកម្មរបស់ស្រ្តីពេស្យា “Yotaka”

ដោយសារតែធ្វើការលក្ខណៈបុគ្គល ស្រ្តីពេស្យាទាំងនេះត្រូវ​ស្វែង​រកភ្ញៀវដោយខ្លួនឯង។ ពួកគេតែង​​តែ​​ឈរ​នៅ​​កន្លែង​ងងឹត ក្រោមស្ពាន ដើម្បី​ហៅ​បុរស​ដែល​ដើរ​ឆ្លង​កាត់។ មិន​មាន​ហាង ឬបន្ទប់​នោះ​​ទេ ពួក​គេ​​បាន​​ត្រឹម​តែ​​កាន់​​កន្ទេល​តាម​ដើម្បីប្រកប​ការ​ងារ​នេះ​ប៉ុណ្ណោះ។

ក្រោយពេលដែល “រីករាយ” ជាមួយនឹងភ្ញៀវរួច ពួកគេទទួលបាន ២៤ mon (文) បើតាមរូបិយប័ណ្ណនាសម័យនោះ។ ចំនួនទឹកប្រាក់បន្តិចបន្តួច គ្រប់ល្មមសម្រាប់ទិញមីមួយចានដែលគ្មានសាច់​ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ដើម្បីរកប្រាក់បានបន្តិចបន្តួច ពួកគេត្រូវទទួលយកការលក់រាងកាយ​របស់​ខ្លួននៅពេលយប់ងងឹត ដោយគ្មានសូម្បីតែវាំងននសម្រាប់បិទបាំង។

ភាគច្រើន Yotaka ជាស្រ្តីដែលមានអាយុជាង ៤០ ឆ្នាំ ជាកម្រិតអាយុដែលត្រូវបានគេចាត់ទុកថាចាស់ណាស់ទៅហើយនាសម័យនោះ។

ពួកគេប្រើធ្យូងដើម្បីបិទបាំងដំបៅនៅលើក្បាលដែលបណ្តាលមកពីជំងឺ ហើយបន្ទាប់មកលាបប្រេង​លើ​សក់​សដើម្បី​ធ្វើឲ្យ​សក់​ភ្លឺ​រលោង។

នៅសម័យនោះ មុខរបរពេស្យាអាចនឹងចម្លងជំងឺផ្លូវភេទដែលគេហៅថា​រោគ​ស្វាយ។ ស្រ្តីពេស្យាដែល​ឆ្លង​ជំងឺ​រោគ​ស្វាយ​រហូត​ដល់​ថ្នាក់​ធ្វើឲ្យត្រចៀកស្អុយរលួយ ជ្រុះធ្លាក់មិនមែនជារឿងចម្លែកឡើយ។ គ្មានវិធីសាស្រ្ត​ព្យាបាល​នោះ​ទេ ដើរដល់ផ្លូវទាល់ ស្រ្តីជាច្រើន​គ្មាន​ជម្រើសអ្វីក្រៅពីធ្វើជា Yotaka ដើម្បី​ជីវិត​ឡើយ។

យ៉ាងណាមិញ មិនត្រឹមតែជីវិតលំបាកប៉ុណ្ណោះទេ ពួកគេត្រូវឈមមុខនឹងរឿងអាក្រក់ជាច្រើនរាប់​មិន​អស់។

ភ្ញៀវសប្បាយហើយមិនព្រមឲ្យប្រាក់ ឬត្រូវភ្ញៀវវាយធ្វើបាបជារឿងដែលកើតឡើង​ជា​ប្រចាំ​។ អ្វីដែល​ឃោរ​ឃៅ​ជាង​នេះ​ទៅ​ទៀត​នោះ សាមូរ៉ៃដែលមានទ្រព្យសម្បត្តិមួយចំនួនថែមទាំងបានសាក​ល្បង​កម្រិត​មុត​ស្រួច​របស់​ដាវ​ថ្មី ពួក​គេ​ប្រើ​ដាវ​កាប់ Yotaka ដោយចាត់ទុកដូចជាទម្រង់ “សាក​ល្បង​ដាវ” ។

ទោះបីជាជីវិតអាចនឹងជួបគ្រោះថ្នាក់គ្រប់ពេលវេលា ពួកគេនៅតែត្រូវបន្តប្រកបមុខរបរដើម្បី​ជិវិត ដោយ​មិន​មាន​ផ្លូវ​ផ្សេង​នោះ​ទេ។

នៅពីក្រោយភាពអ៊ូអរ និងមមាញឹករបស់ទីក្រុងមួយតែងតែមានភាពខ្មៅងងឹត មិនថាពេលនេះ ឬ​អតីតកាល​នោះ​ទេ។ ហើយវត្តមានរបស់ស្រ្តីពេស្យា Yotaka ទាំងនោះជាឧទាហរណ៍មួយនៅសម័យ Edo ។

នេះក៏ជាឧទាហរណ៍មួយដែលបញ្ជាក់ឲ្យឃើញថា ប្រសិនបើចង់រស់នៅសុខស្រួលទាំងខ្លួននៅក្មេង មិន​ធ្វើការងារអ្វីទាំងអស់ មិនខំប្រឹងទាំងដែលខ្លួននៅអាចធ្វើបាន នោះទៅថ្ងៃអនាគត នៅ​ពេល​ដែល​សុខភាព និង​យុវវ័យ​បាន​កន្លង​ផុត​ទៅ ជីវិតប្រាកដជាធ្លាក់ក្នុងទុក្ខវេទនាជាមិន​ខាន។

ដើម្បីទទួលបានជីវិត​សុខ​ស្រួល​ពេល​យើង​ចាស់​ទៅ មានតែការខិតខំប្រឹងប្រែងរៀន​សូត្រ​ប៉ុណ្ណោះ ធ្វើ​ការ​ឧស្សាហ៍​ព្យា​យាម​តាំងពីក្មេង។ ចំណេះដឹង ហិរញ្ញវត្ថុ និង​របស់​ដែល​យើង​ប្រមូល​បាន​សព្វថ្ងៃនេះ នឹងកំណត់​ជីវិត​របស់​យើង​ទៅ​ថ្ងៃ​អនាគត។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: