តើជប៉ុនមានចំណុចអ្វីដែលបានទាក់ទាញថ្នាក់ដឹកនាំសហគ្រាសដ៏អស្ចារ្យលោក Steve Jobs
តើជប៉ុនមានចំណុចអ្វីដែលបានទាក់ទាញថ្នាក់ដឹកនាំសហគ្រាសដ៏អស្ចារ្យលោក Steve Jobs ?
លោក Steve Jobs – គឺជាពាណិជ្ជករ និងជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ហើយក៏ជាស្ថាបនិកក្រុមហ៊ុន Apple ផងដែរ។
លោកជាអ្នកដែលបានត្រលប់មក Apple វិញ នៅពេលដែលក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលជិតក្ស័យធន ហើយបានធ្វើឲ្យApple ក្លាយជាសហគ្រាសដែលមានមូលធនប័ត្រទីផ្សារខ្ពស់បំផុតលើពិភពលោកក្នុងរយៈពេលត្រឹមតែ ១៥ ឆ្នាំប៉ុណ្ណោះ។
មនុស្សមិនច្រើនទេដែលដឹងថា លោក Jobs ស្រលាញ់ចូលចិត្តប្រទេសជប៉ុន។ ដូច្នេះហើយ តើជប៉ុនមានចំណុចអ្វីដែលបានទាក់ទាញមេដឹកនាំពិភពលោកដូចជាលោក? ស្វែងយល់អំពីអាថ៌កំបាំងទាំងនេះអាចនឹងជួយដល់អ្នកទាំងអស់គ្នារកឃើញគន្លឹះនៃភាពជោគជ័យសម្រាប់អាជីវកម្មរបស់ខ្លួន។
ស្វែងរកខ្លួនឯង
តាំងពីក្មេង លោក Jobs តែងតែសួរខ្លួនឯងថា “តើខ្ញុំជានរណា?” ។ លោកថែមទាំងធ្លាប់ទៅកាន់ប្រទេសឥណ្ឌាដើម្បីបួសកាលនៅក្មេងផងដែរ។
ហើយបន្ទាប់មក នៅប្រទេសជប៉ុនលោកមានឳកាសស្គាល់ និងយល់អំពី “សមាធិ” ។
សមាធិគឺជាវិធីសាស្រ្តដែលហ្វឹកហាត់ជួយឲ្យចិត្តស្ងប់ស្ងាត់ ក្រឡេកមកមើលខ្លួនឯង និងរកឃើញខ្លួនឯង។
បន្ទាប់មក លោក Jobs បានគិតពិចារណារឿងបួស ក្លាយជាព្រះសង្ឃមួយអង្គនៅវត្តមួយក្នុងប្រទេសជប៉ុន។
ប៉ុន្តែលោកទទួលបានការណែនាំថា៖
- “លោកនៅមានការងារដែលត្រូវធ្វើ” ។
ហេតុនេះហើយបានជាលោកបោះបង់គំនិតបួស ហើយជាលទ្ធផល iPhone ត្រូវបានបង្កើតឡើង។
ក្តីស្រលាញ់ចំពោះ SONY
លោក Jobs បានជួបជាមួយ Morita Akio ដែលជាសហស្ថាបនិករបស់ SONY ។
លោកពិតជាភ្ញាក់ផ្អើលណាស់នៅពេលដែលបានឃើញ Morita ស្លៀកប្រភេទឯកសណ្ឋានដូចកម្មកររោងចក្រ។ នៅពេលដែលសាកសួរពីមូលហេតុ Morita បានពន្យល់ថា៖
- “ក្រោយសង្គ្រាម ដោយមិនអាចទិញសម្លៀកបំពាក់បាន ដូច្នេះហើយក្រុមហ៊ុនបានចែកឲ្យគ្រប់គ្នាស្លៀក។ ទម្លាប់នោះនៅតែបន្តរហូតមកដល់សព្វថ្ងៃ។”
ចាប់ពីពេលនោះមក លោក Jobs បានជ្រើសរើសស្លៀកខោខូវប៊យ និងអាវយឺតអណ្តើកពណ៌ខ្មៅ ជាស្ទីលសម្លៀកបំពាក់ដែលយើងតែងតែនឹកឃើញនៅពេលដែលរំលឹកដល់លោក។ អាវយឺតអណ្តើកពណ៌ខ្មៅដែលលោកស្លៀកត្រូវបានរចនាដោយអ្នកច្នៃម៉ូដជនជាតិជប៉ុន Issey Miyake ។
តាមពិតទៅ ស្ទីលម៉ូដសម្លៀកបំពាក់នេះត្រូវបានបំផុសគំនិតដោយឯកសណ្ឋានរបស់កម្មកររោងចក្រ SONY ។
មិនត្រឹមតែប៉ុណ្ណឹង នៅពេលសាងសង់រោងចក្រថ្មី លោក Jobs បានប្រើរោងចក្រ SONY ធ្វើជាគំរូរចនា។ ចំណុចនេះបង្ហាញថា លោកស្រលាញ់ចូលចិត្ត SONY ប៉ុណ្ណា។
ស្រលាញ់ចូលចិត្តសិប្បកម្មជប៉ុន
លោក Jobs ល្បីថាជាមនុស្សដែលជ្រើសរើសគ្រឿងសង្ហារិមម៉ត់ចត់បំផុត។ លោកចំណាយពេលដល់ទៅ ៧ ឆ្នាំសម្រាប់ជ្រើសរើសសាឡុង ឬពិភាក្សារាប់ខែគ្រាន់តែដើម្បីទិញម៉ាស៊ីនបោកគក់។
មិនដឹងថាអ្នកទាំងអស់គ្នានៅចាំទេ ម៉ាសុីនស្តាប់ចម្រៀង iPod បានធ្វើបដិវត្តន៍ខាងវិស័យចម្រៀង? កំណែទម្រង់ដំបូង ផ្នែកខាងក្រោយម៉ាសុីនត្រូវបានផលិតពីដែកអុីណុក។ លោក Jobs ចង់បានភាពល្អឥតខ្ចោះរហូតដល់ថ្នាក់ឲ្យសិប្បករជប៉ុនខាត់ដែកអុីណុកសម្រាប់ iPods ទាំងអស់ មុនពេលក្លាយជាផលិតផលសម្រេច។
Apple បានធ្វើបដិវត្តន៍វិស័យចម្រៀង ប៉ុន្តែភាគី Apple តែងតែនិយាយថា មូលដ្ឋានគ្រឹះសម្រាប់ផលិត iPod ផ្អែកលើផលិតផលមានឈ្មោះថា Walkman ដែលផលិតដោយ SONY ។
ក្នុងឆ្នាំ ២០០០ ក្រុមហ៊ុន Apple បានដាក់លក់ iMac ពណ៌ស ដែលជាការរចនាដ៏ពិសេសដែលមិនធ្លាប់មាន។ ដោយដឹងថា ពណ៌សនេះត្រូវបានបំផុសគំនិតដោយបរិយាកាសសាមញ្ញនៃបន្ទប់ទទួលភ្ញៀវបែបជប៉ុន (washitsu) ដើម្បីបង្កើតបានជាពណ៌ និងការរចនានេះ។
លោក Jobs និងការស្រលាញ់ចូលចិត្តចំពោះមុខម្ហូបជប៉ុន
ថ្វីត្បិតតែ ជាអ្នកហូបបួសក៏ដោយ លោក Jobs បែរជាមានករណីលើកលែងសម្រាប់មុខម្ហូបជប៉ុន។ ជាពិសេសលោកចូលចិត្តស៊ូស៊ី និងសាស៊ីមី។ មានម្តងលោកថែមទាំងបានទៅកាន់ភោជនីយដ្ឋានជប៉ុនដ៏ល្បីមួយកន្លែង ជាកន្លែងដែលពិបាកកក់មុន ដើម្បីមកយកស៊ូស៊ីដោយទឹកមុខសប្បាយរីករាយ។
នៅឆ្នាំ ២០១១ នៅពេលដែលជំងឺមហារីកវិវត្តន៍ លោក Jobs បានបាត់បង់ចំណង់អាហារបន្តិចម្តងៗ។ លោកបានព្យាយាមហូបស៊ូស៊ីនៅភោជនីយដ្ឋានជប៉ុនដែលខ្លួនចូលចិត្តនៅ Silicon Valley ប៉ុន្តែនៅទីបំផុតបានត្រឹមក្រឡេកមើលម្ហូបដែលខ្លួនចូលចិត្តប៉ុណ្ណោះ។
នៅខែតុលា ឆ្នាំ ២០១១ លោក Steve Jobs បានទទួលមរណភាពដោយអារម្មណ៍សោកស្តាយរបស់មនុស្សជាច្រើននៅទូទាំងពិភពលោក។
ដើម្បីរំលឹកដល់លោក ចុងភៅ Sakuma ដែលជាម្ចាស់ភោជនីយដ្ឋានជប៉ុននៅ Silicon Valley បានយល់ព្រមបន្តបម្រើម្ហូបជប៉ុនដែលលោក Jobs ចូលចិត្តនៅអាហារដ្ឋានរបស់ Apple ។ ហើយនោះក៏ជាកាដូចុងក្រោយដែលលោក Jobs បានបន្សល់ទុកសម្រាប់បុគ្គលិករបស់គាត់ផងដែរ។
បុគ្គលលំដាប់ពិភពលោកដូចលោក Jobs ក៏ស្រលាញ់ជប៉ុនដល់ថ្នាក់នេះ…។
ដើម្បីឲ្យមនុស្សកាន់តែច្រើនស្គាល់អំពីភាពស្រស់ស្អាតនៃប្រទេសជប៉ុន នេះជាមូលហេតុដែលខ្ញុំបង្កើត និងបន្ត JAPO ។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ហើយសង្ឃឹមថា ប្រិយមិត្តទាំងអស់គ្នានឹងតាមដានអត្តបទជាបន្តបន្ទាប់។
Abe Kengo