“កូនក្រមុំសង្គ្រាម” – ឈ្មោះដែលមិនបានរំលឹកដល់ក្នុងប្រវត្តិ​សាស្ត្រ

“កូនក្រមុំសង្គ្រាម” – ឈ្មោះដែលមិនបានរំលឹកដល់ក្នុងប្រវត្តិសាស្ត្រ។

War bride “កូនក្រមុំសង្គ្រាម” គឺជាពាក្យដែលប្រើសម្រាប់សំដៅលើស្រ្តីរៀបការជាមួយទាហាន​មក​​ពី​ប្រទេស​ផ្សេង​ទៀត​ក្នុង​អំឡុង​ពេល​សង្រ្គាម ខណៈដែលទាហានទាំងនោះកំពុងឈរជើងនៅក្នុងប្រទេសរបស់ពួកគេ។ បន្ទាប់មកទៅ​កាន់​ប្រទេស​របស់​ប្តី ភាគច្រើនផ្អែកលើច្បាប់អន្តោប្រវេសន៍​ពិសេស ដូច​ជា​ច្បាប់កូនក្រមុំសង្រ្គាមរបស់សហរដ្ឋអាមេរិកក្រោយសង្គ្រាមលោកលើកទី ២ ។

ក្រោយពេលសង្គ្រាម​លោក​លើក​ ២ បញ្ចប់ ជប៉ុន​បាន​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​សហរដ្ឋ​អាមេរិក។ ក្នុងអំឡុងពេលនោះ ស្ត្រីជនជាតិជប៉ុនជាច្រើនបានទទួលរងការឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែ​​វត្តមាន​របស់​ពួកគេបែរជាមិនត្រូវបានរំលឹកដល់​ក្នុង​សៀវភៅ​សិក្សា​ប្រវត្តិសាស្ត្រ​ឡើយ។ តាម​រយៈ​ខ្លឹមសារអត្តបទថ្ងៃនេះ ចូរយើងក្រឡេកមកមើលជីវិតរបស់ពួកគេ ដើម្បីសញ្ជឹងគិតពីការបំផ្លិច​បំផ្លាញដែលបណ្តាលមកពីសង្រ្គាម។

នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ១៩៤៥ ប្រទេសជប៉ុនបានប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌចំពោះ​កង​កម្លាំង​សម្ព័ន្ធ​មិត្ត ក្នុងនោះមានសហរដ្ឋអាមេរិក​ផង​ដែរ។ មិនយូរប៉ុន្មាន ដោយយកលេសថា “កែ​តម្រូវ” ទាហានអាមេរិកជាង ៤០០.០០០ នាក់បានចូលមកកាន់ប្រទេសជប៉ុន។

ប៉ុន្មានថ្ងៃក្រោយមក នៅ​ថ្ងៃ​ទី ២៣ ខែ​សីហា តាម​សំណើ​របស់​សម្ព័ន្ធ​មិត្ត ជប៉ុន​បាន​បង្កើត​អង្គភាព​មួយ​ដែល​មាន​ឈ្មោះ​ថា RAA (អក្សរកាត់នៃពាក្យ Recreation and Amusement Association) ។

ក្នុងកម្រិតខ្ពស់បំផុត ស្ត្រីជនជាតិជប៉ុនជាង ៧០.០០០ នាក់ត្រូវធ្វើការក្នុងអង្គភាពនេះ។ នៅទី​នោះ ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​បម្រើ​ទាហាន​ដែល​បាន​ធ្វើ​ឲ្យ​ជប៉ុន​ធ្លាក់​ក្នុង​ស្ថានភាព​អាក្រក់។

ទោះបីជាពួកគេទទួលបានប្រាក់ ប៉ុន្តែចំនួនទឹកប្រាក់ដែលបម្រើទាហានម្នាក់បានត្រឹមតែ ០,០៨ ដុល្លារប៉ុណ្ណោះ។ មនុស្សមួយចំនួនត្រូវបម្រើទាហានអាមេរិករហូតដល់ទៅ ៤៧ នាក់ក្នុងមួយថ្ងៃ។ ជាមួយនឹងតម្លៃថោកបែបនេះ ទាហានអាមេរិកស្ទើរតែអាចធ្វើអ្វីតាមអំពើចិត្ត។

ក្នុងដំណាក់កាលចុងក្រោយនៃសង្គ្រាម នៅ Okinawa ករណីចាប់រំលោភដែលបង្កឡើងដោយទាហាន​អាមេរិកកើតឡើងយ៉ាងច្រើន។ មិនមានការកត់ត្រាចំនួនជាក់ស្តែងនោះទេ ប៉ុន្តែគេប៉ាន់ប្រមាណថា មានស្ត្រីជាង ១០.០០០ នាក់បានក្លាយជាជនរងគ្រោះ។

បន្ទាប់ពីសង្គ្រាមបានបញ្ចប់ នៅពេលដែលទាហានអាមេរិកចូលមកប្រទេសជប៉ុន រដ្ឋាភិបាលជប៉ុន​មិន​អាច​ចាប់​ខ្លួន ឬ​កាត់​ទោស​ពួក​គេ​បាន​ឡើយ។

ត្រឹមរយៈពេល ១ ខែ បន្ទាប់ពីសង្គ្រាម​បាន​បញ្ចប់ ស្ត្រី​យ៉ាង​ហោច​ណាស់ ៣.៥០០​ នាក់ត្រូវរំលោភបំពាន។

ជាការពិតណាស់ មិនមែនទាហានអាមេរិកទាំងអស់សុទ្ធតែជាមនុស្សអាក្រក់នោះទេ។ នៅតែមាន​មនុស្សមួយចំនួនស្រឡាញ់​នារី​ជប៉ុនដែលពួកគេបានជួបដោយស្មោះ។ នារី​ទាំង​នោះ​សម្រេច​ចិត្ត​​​រៀប​​ការ​ និង​​តាម​ប្តី​ទៅ​រស់​នៅ​​អាមេរិក។

ក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ពីសង្គ្រាម ចំនួននេះឡើងដល់ ៥០.០០០ នាក់។ ដោយប្រឈមនឹងចំនួន​ស្ត្រីអន្តោប្រវេសន៍ជប៉ុន​កើន​ឡើង​ច្រើន រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បង្កើត​ស្ថាប័ន​អប់រំដើម្បី​​ជួយ​​ពួក​​គេ។

ទោះជាយ៉ាងណា អ្វីដែលកំពុងរង់ចាំពួកគឺជាការរើសអើង។ ក្រោយពេលទៅដល់អាមេរិក ពួកគេត្រូវអ្នកជិតខាងមើលងាយ រួមទាំងគ្រួសារខាងប្តីផងដែរ។ ពួកគេត្រូវសើចចំអក និងវាយធ្វើ​បាប ត្រូវ​គេ​ហៅថា “ពួក​អា​ស្វា​​លឿង​​កំសាក” ។

នៅលើតំបន់ទឹកដីដែលពួកគេទៅដល់ គ្រប់យ៉ាងសុទ្ធតែចម្លែក ហើយការរើសអើងជារឿងដែលកើតឡើងប្រចាំថ្ងៃ។ មិនចេះភាសាសម្រាប់ប្រាស្រ័យទាក់ទង ពួកគេត្រូវ​តស៊ូ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក្នុង​ភាព​ឯកោ តស៊ូ​ជាមួយ​នឹង​រឿង​អាក្រក់​​ជា​​ច្រើន​​ដើម្បី​​រស់​នៅ។

អ្វី​ដែល​អាក្រក់ជាងនេះទៀតគឺជាការធ្វើប្រងើយពីមិត្តរួមជាតិ ពួកគេត្រូវជនជាតិជប៉ុនហៅថា “បុគ្គលដែលលក់ខ្លួនឲ្យទាហានអាមេរិកដើម្បីប្រាក់” ។ ប៉ុន្តែជាក់ស្តែង ដោយសារស្រ្តីទាំងនេះ ទើប​ស្រ្តីជប៉ុនជាច្រើននាក់ផ្សេងទៀតបានរួចផុតពីសោកនាដកម្មនៃការចាប់រំលោភ។ ហើយ​ដូច​​ដែល​​ខ្ញុំ​​បាន​​លើក​​ឡើង​ ចំនួន​ប្រាក់​ដែល​ពួក​គេ​ទទួលបានពិត​ជា​តិច​ខ្លាំង​ណាស់ ស្ទើរ​តែ​ស្មើសូន្យ។

ហើយពួកគេបែរជា​ត្រូវ​ស៊ូទ្រាំ​នឹង​ការ​មើលងាយ​ដ៏​ឃោរឃៅ​ពី​ជនរួមជាតិទៅវិញ។

មនុស្ស​ម្នាក់​ដែល​ធ្លាប់​ឆ្លងកាត់រឿងនេះគឺ Keiko Hahn (佳子ハーン) ។

កាលអាយុ ២០ ឆ្នាំ លោកស្រីបានរៀបការជាមួយទាហានអាមេរិកម្នាក់ ហើយបានធ្វើអន្តោប្រវេសន៍​ទៅ​កាន់​សហរដ្ឋអាមេរិក។ បំណង​ប្រាថ្នា​របស់លោកស្រីគឺ​ចង់​រស់​នៅ​ប្រកប​ដោយ​មោទនភាព មិន​ថា​អាមេរិក ឬជប៉ុនក៏ដោយ។ ទោះបីជាឆ្លងកាត់ការលំបាក​ជា​ច្រើន​ដូចជាការរើស​អើង លោក​ស្រីតស៊ូដើម្បីរស់នៅជាមួយ​នឹង​បំណង​ប្រាថ្នា​នោះ។

សង្គ្រាមបានបញ្ចប់ ដោយបន្សល់ទុកនូវការឈឺចាប់ ការបាត់បង់ និងកំហឹងរាប់មិនអស់។ ទោះ​ជា​យ៉ាង​ណាមក​ទល់​ពេល​នេះ មនុស្ស​ជាតិ​នៅ​មិន​ទាន់​អាច​បញ្ចប់​សង្គ្រាម​បាន​ទេ។ ហើយបន្ទាប់​មក​ស្ត្រី និង​កុមារ​បន្ត​ក្លាយ​ជា​ជន​រង​គ្រោះ​នៃសង្គ្រាម។

ដល់ពេលដែលត្រូវភ្ញាក់ហើយមែនទេ? ដល់ពេលដែលត្រូវបញ្ចប់​សុបិន​អាក្រក់​ដែលយើងហៅថា “សង្គ្រាម” នេះ​ហើយ​មែន​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: