អាថ៌កំបាំងនៃសន្តិភាពជាង ១០.០០០ ឆ្នាំនៅប្រទេសជប៉ុន

អាថ៌កំបាំងនៃសន្តិភាពជាង ១០.០០០ ឆ្នាំនៅប្រទេសជប៉ុន។

ប្រហែលជាកាលពី ១២.០០០ ឆ្នាំមុន ប្រទេសជប៉ុនចូលដល់សម័យកាល Jomon (縄文時代) ។

គេនិយាយថា អំឡុងពេលជាង ១០.០០០ ឆ្នាំមកហើយដែលសម័យកាលនេះមិនមានសង្គ្រាម។ ដោយ​ត្រូវ​បាន​ចាត់​ទុក​ជា​សម័យ​កាល​សន្តិភាព​យូរ​​អង្វែង​​បំផុត​​​ក្នុង​​​ប្រវត្តិ​​សាស្ត្រ​​​មនុស្ស​​ជាតិ។

សព្វថ្ងៃនេះ សង្រ្គាមនៅតែបន្តកើតឡើងនៅកន្លែងជាច្រើនជុំវិញពិភពលោក ប៉ុន្តែប្រសិនបើយើង​ក្រឡេក​មើល​ឡើង​វិញ និងស្វែងយល់ថាហេតុអ្វីបានជាសម័យកាល Jomon អាចរក្សាសន្តិភាព​បានយូរអង្វែងដូច្នេះ ប្រហែលជាយើងនឹង​រក​ឃើញ​សង្ឃឹម​សម្រាប់​អនាគត​ដ៏​ភ្លឺ​ស្វាង។

ជីវភាពនៅសម័យកាល Jomon និងការឈានទៅដល់សម័យកាលបន្ទាប់

ប្រសិនបើអ្នកកំពុងគិតថា មូលហេតុដែលនៅសម័យនោះមានសន្តិភាពគឺដោយសារមនុស្សមិនទាន់ចេះផលិតអាវុធ ប្រិយមិត្តគិតខុសហើយ។

នៅសម័យនោះ មនុស្សអាចធ្វើអាវុធសម្រាប់បរបាញ់សត្វនៅក្នុងព្រៃ។ យ៉ាងណាមិញ អ្នកបុរាណវិទូមិនបានរកឃើញដានគ្រោងឆ្អឹងមនុស្សមានស្នាមរបួសដែលបណ្តាលមកពីអាវុធនោះទេ។ មាន​ន័យ​ថា ទោះ​បី​ជា​មាន​អាវុធ​ក៏​ដោយ ពួកគេមិនប្រើសម្រាប់បង្កសង្គ្រាមឡើយ។

ប្រជាជន Jomon ដើរប្រមូលគ្រាប់ពូជ ផ្លែឈើ បរបាញ់សត្វព្រៃ នៅតំបន់សមុទ្រពួកគេនេសាទប្រភេទសត្វសមុទ្រ។ មួយផ្នែកក្នុងចំណោមនោះ ពួកគេចេះដាំផ្លែកៅឡាក់ និងសាបព្រួសស្រូវ ប៉ុន្តែ​ជាក់​ស្តែង​មិន​ទាន់​មាន​បច្ចេក​ទេស​រក្សា​ទុក​នោះ​ទេ។

ការដែលមិនអាចស្តុកទុកស្បៀងបាន​មាន​ន័យ​ថា នៅពេលខ្លះអាចនឹងខ្វះខាតអាហារ ជីវិតមិនទាន់​មានស្ថិរភាព​ឡើយ។

ចូលដល់សម័យកាល Yayoi (弥生時代) ការដាំដុះស្រូវបានក្លាយជាសកម្មភាពចម្បងដែលនាំមកនូវស្បៀងអាហារ ហើយបច្ចេកទេសស្តុកទុកក៏ត្រូវបានបង្កើតឡើងផងដែរ ដូច្នេះហើយ ទើបធ្វើឲ្យជីវិត​កាន់​តែ​មាន​ស្ថេរភាព។

ទោះជាយ៉ាងណា ដោយសារស្ថេរភាពនេះបាននាំមកនូវសង្គ្រាម។

ស្រូវអង្ករ និង​វត្ថុដែលស្តុកទុកបាន​ក្លាយ​ជា​ទ្រព្យ​សម្បត្តិ។ មនុស្សមួយចំនួននាំមុខគ្រប់គ្រងទ្រព្យសម្បត្តិ ហើយ​ក៏​មាន​អ្នកខ្លះចង់កាន់កាប់ទ្រព្យសម្បត្តិច្រើនជាងអ្នកដទៃ។

ក្នុងសម័យកាល Jomon ដោយសារតែមិនអាចស្តុកទុកអាហារបាន ដូច្នេះអ្នកដែលប្រមូលផលបាន​ច្រើន​នឹង​ចែករំលែកឲ្យមនុស្សនៅជុំវិញ។ ប៉ុន្តែនៅពេលដែលស្តុកទុកបាន មនុស្សបែរជាចង់រក្សាទ្រព្យសម្បត្តិសម្រាប់​ខ្លួន​ឯង។ កត្តា​នេះ​នាំ​ឲ្យ​មាន​ការ​បែងចែក​រវាង​អ្នក​មាន ​អ្នកក្រ និង​ការ​​បែង​ចែក​​វណ្ណៈ​​សង្គម។

ដើម្បីការពារវណ្ណៈអ្នកមាន សាមូរ៉ៃបានបង្ហាញខ្លួន ហើយបន្ទាប់មកក្រុមកាន់តែធំក្លាយជាកង​ព័ទ។ ដូច្នេះ​ហើយ សន្តិភាព​ជាង ១០.០០០ ឆ្នាំ​បាន​បញ្ចប់។

សង្គ្រាម – សង្គ្រាមដណ្តើមទ្រព្យសម្បត្តិ

ជាមួយនឹងសមត្ថភាពស្តុកទុកទ្រព្យសម្បត្តិ ទស្សនៈនៃ​ប្រាក់​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ផង​ដែរ ដើម្បីរក្សាតម្លៃឲ្យកាន់តែមានប្រសិទ្ធភាព។

ក្រឡេកទៅមើលប្រវត្តិសាស្រ្តជប៉ុន យើងអាចឃើញថា ទ្រព្យសម្បត្តិបង្កឲ្យទៅជាសង្គ្រាម ជាមួយនឹងការបែងចែកវណ្ណៈ និងការស្អប់ខ្ពើម។

សព្វថ្ងៃនេះ ការលុបបំបាត់ទស្សនៈនៃទ្រព្យសម្បត្តិទាំងស្រុងមិនអាចទៅរួចឡើយ។ ប៉ុន្តែប្រហែលជាយើងអាចស្តារឡើងវិញវប្បធម៌ចែករំលែកគ្នារបស់ប្រជាជន Jomon កាលពីអតីតកាល នៅ​ពេល​ដែល​ទស្សនៈ​នៃ​ទ្រព្យ​សម្បត្តិ​មិន​ទាន់​មាន។

មិនចាំបាច់ចែករំលែកជាមួយមនុស្សដែលយើងមិនស្គាល់នោះទេ គ្រាន់តែចែករំលែកជាមួយមនុស្សដែលជិតស្និទ្ធនៅជុំវិញ ដូចជាសមាជិកគ្រួសារ គូស្នេហ៍ មិត្តភក្តិជាដើម។

ការដែលជួយអ្នកដទៃក៏មិនចាំបាច់ធ្វើឲ្យខ្លួនធ្លាក់ក្នុងស្ថានភាពលំបាកនោះដែរ គ្រាន់តែធ្វើតាម​លទ្ធភាពទៅបានហើយ។ ជាការពិតណាស់ មិនមានន័យថា យើងចែករំលែករហូតដោយមិនទទួលបានអ្វីមកវិញឡើយ។

ទំនាក់ទំនងរវាងមនុស្សត្រូវបានបន្តដោយការ “ផ្តល់ឲ្យ” និង “ទទួលយក” ។

សម្រាប់មនុស្សដែលចេះតែទទួលយក មិនថាយើងឲ្យពួកគេប៉ុន្មានក៏មិនគ្រប់ដែរ ហើយ​ក៏គ្មាន​ន័យអ្វីដែរ ប្រៀប​ដូច​ជា​ការ​ស្រោច​ទឹក​លើ​វាល​ខ្សាច់។

ប្រសិនបើយើងអាចចែករំលែកជាមួយមនុស្សដែលយល់អំពីតម្លៃនៃផ្តល់ឲ្យ ហើយផ្សព្វផ្សាយពីចំណុច​នេះ ដូច្នេះពិភពលោកនេះអាចនឹងទទួលបានសន្តិភាពមែនទេ?

នៅពេលដែលមនុស្សក្លាយជាអ្នកមាន ពួកគេច្រើនតែដឹងថា ប្រាក់មិនអាចនាំមកនូវសុភមង្គល​នោះទេ។ អ្វីដែលសំខាន់បំផុតក្នុងជីវិតគឺការបង្កើតទំនាក់ទំនងជិតស្និទ្ធ ហើយអ្វីដែលសំខាន់​បំផុត​គឺទស្សនៈនៃការចែករំលែក។

ប្រសិនបើការចែករំលែកគឺជាវប្បធម៌ក្នុងជីវិតរស់នៅដែលមនុស្សអាចធ្វើបានយ៉ាងងាយស្រួលកាល​ពី​ជាង ១០.០០០ ឆ្នាំ​មុន ដូច្នេះ​​សព្វ​​ថ្ងៃ​នេះ យើង​ក៏​អាច​ធ្វើ​​បាន​ដែរ។ ខ្ញុំ​ជឿ​ថា​ដូច្នេះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: