“ពាក្យសម្តីស័ក្ដិសិទ្ធិ” តាមទស្សនៈវិទ្យាសាស្ត្រទំនើប

“ពាក្យសម្តីស័ក្ដិសិទ្ធិ” តាមទស្សនៈវិទ្យាសាស្ត្រទំនើប។

នៅប្រទេសជប៉ុន ពេលខ្លះមានបទប្បញ្ញត្តិតឹងរឹងទាក់ទងនឹងភាសា ឧទាហរណ៍មុនពេលប្រឡងចូល​សាលា គេតែងតែជៀសវាងការប្រើពាក្យដូចជា “ធ្លាក់” “បរាជ័យ” ។ ប្រជាជនជប៉ុនជឿលើពាក្យ​សម្តី​ស័ក្តិ​សិទ្ធិ​ជាង​ប្រទេស​ផ្សេង​ទៀត ចំណុច​នេះមានទាក់​ទង​នឹងវប្បធម៌​ដែល​គេ​ហៅ​ថា “Kotodama” – ពាក្យ​សម្តី​ស័ក្តិ​សិទ្ធិ។

ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ ចូរយើងស្វែងយល់អំពីពាក្យ Kotodama តាមទស្សនៈវិទ្យាសាស្ត្រទំនើប។

Kotodama ផ្តើមចេញពីទស្សនៈដែលថា “ពាក្យសម្តីដែលចេញពីមាត់សុទ្ធតែមានព្រលឹងវិញ្ញាណ” ។

ក្នុងវិទ្យាសាស្ត្រសម័យទំនើប “ព្រលឹងវិញ្ញាណ” ដែលមិនទាន់កំណត់អត្តន័យ ដូច្នេះចំណុចនេះមិនអាចបញ្ជាក់ផ្ទាល់ដោយវិទ្យាសាស្រ្តនោះទេ។

យ៉ាងណាមិញ យោងទៅតាមទស្សនៈវិទ្យាសាស្រ្តសរសៃប្រសាទ មានហេតុផលដែលជឿថា រឿងនេះអាចកើតឡើង។

ក្នុងខួរក្បាលមានកោសិកាពិសេសហៅថា កោសិកាកញ្ចក់ (mirror neurons) ។ នេះជាកោសិកាដែល​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ដូច​ជា​យើងបានឆ្លងកាត់រឿងអ្វីម្យ៉ាង ទាំងដែលគ្រាន់តែមើលឃើញ​​អ្នក​ដទៃ​ឆ្លង​កាត់​​ផ្ទាល់​​ប៉ុណ្ណោះ។ នោះជាមូលហេតុដែលយើងមានអារម្មណ៍សប្បាយ​រីក​រាយនៅពេលដែលមើលភាពយន្ត រឿងគំនូរជីវចល ឬរឿងកំប្លែង។

ហើយនៅជិតតំបន់កោសិកាកញ្ចក់ទាំងនេះជាតំបន់ខួរក្បាលដែលទទួលខុសត្រូវចំពោះភាសា។ ដូច្នេះហើយ គេយល់ថា នៅពេលដែលយើងស្តាប់ ឬនិយាយ កោសិកាកញ្ចក់អាចនឹងត្រូវបានរំញោច​ផង​ដែរ។ ស្តាប់ទៅគួរចាប់អារម្មណ៍ណាស់មែនទេអ្នកទាំងអស់គ្នា?

កត្តាមួយផ្សេងទៀតត្រង់ថា តើអ្នកធ្លាប់លឺពាក្យ placebo effect ដែរទេ?

ឧទាហរណ៍នៅពេលដែលនរណាម្នាក់និយាយថា “នេះជាប្រភេទថ្នាំដែលមានប្រសិទ្ធភាពខ្លាំងណាស់” បន្ទាប់​មក​យក​ឲ្យអ្នកត្រឹមថ្នាំគ្រាប់វីតាមីន បែរជាមានករណីមួយចំនួនរាងកាយទទួល​យក។ នោះហើយជា placebo effect ហើយ​ចំណុច​នេះក៏អាចអនុវត្តចំពោះពាក្យសម្តីបានដែរ។

ប្រសិនបើយើងតែងតែនិយាយពាក្យសម្តីវិជ្ជមានដើម្បីលើកទឹកចិត្តខ្លួនឯង ខួរក្បាលរបស់យើងនឹងជឿថានោះជាការពិត ហើយយើងអាចធ្វើអ្វីដែលហួសពីសមត្ថភាព។

អាចនិយាយម្យ៉ាងទៀតថា Kotodama ពិតជាអាច​បង្កើត​បាន​ជាប្រសិទ្ធភាព។

ក្នុងវប្បធម៌ជប៉ុន ជាកន្លែងដែល Kotodama ទទួលបានការឲ្យតម្លៃ មានពាក្យខ្លះហៅថា “Imikotoba” – ពោល​គឺ​ជា​ពាក្យ​ហាម​ឃាត់។

ពាក្យសម្តីដែលបង្កប់អត្តន័យអវិជ្ជមានក្នុងភាសាជប៉ុន ប៉ុន្តែប្រជាជនជប៉ុនហៅថា “ពាក្យ​ហាម​ឃាត់” ហើយ​ព្យាយាម​ជៀសវាង​ការ​ប្រើ​ពាក្យ​ទាំង​នោះ។ លទ្ធផល​ភាសា​ជប៉ុន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​​ភាសា​ដែល​មានពាក្យពេចន៍សម្រាប់ប្រមាថ ឬបង្ករឿងតិចតួចបំផុត។

ក្នុងភាសាអង់គ្លេស មានពាក្យជាច្រើនប្រើសម្រាប់ប្រមាថអ្នកដទៃ ប៉ុន្តែក្នុងភាសាជប៉ុន ចំនួននៃ​ពាក្យ​ទាំង​នេះ​មិន​ច្រើន​នោះ​ទេ។

ប្រសិនបើការវិភាគខាងវិទ្យាសាស្ត្រសរសៃប្រសាទខាងលើត្រឹមត្រូវ ចំណុចនេះអាចនឹងត្រូវ មិនថាភាសាណាក៏ដោយ មិនមែនសម្រាប់តែភាសាជប៉ុននោះទេ។

ចូរក្រឡេកមើលជុំវិញអ្នកទាំងអស់គ្នា តើមនុស្សដែលតែងតែរិះគន់ និយាយដើមអ្នកដ៏ទៃ ឬបង្អាប់​ខ្លួនឯងកម្រនឹងសប្បាយចិត្តណាស់មែនទេ? ផ្ទុយទៅវិញ មនុស្សដែលមានគំនិតវិជ្ជមាន តែង​តែ​និយាយ​ពាក្យ​ល្អៗ និងនាំមកនូវថាមពលសម្រាប់មនុស្សនៅជុំវិញ បើទោះបីជាពួកគេមិនមានរូបរាង​ក្រៅ​លេច​ធ្លោ​ក៏​ដោយ ពួកគេនៅតែទទួលបានការស្រលាញ់ចូលចិត្តពីមនុស្សគ្រប់​គ្នា។

ពាក្យសម្តីអវិជ្ជមានដែលនិយាយចេញមិនអាចដោះស្រាយអ្វីបានឡើយ គ្រាន់តែធ្វើឲ្យបាត់បង់ភាពចុះសម្រុង​ និងការស្អប់គ្នាទៅវិញទៅមកប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ ហេតុអ្វី​បាន​ជា​យើង​មិនសាក​ល្បង​ជឿ​លើ​វិទ្យា​សាស្ត្រ​​សរសៃ​ប្រសាទ​​ទំនើប បង្កើនគំនិតវិជ្ជមាន និយាយពាក្យសម្តីដែលល្អៗ។

សូម្បី​តែ​ពេលដែល​និយាយ​ពី​គោលដៅ​របស់ខ្លួនក៏ដោយ ចូរ​ប្រាប់​ខ្លួន​ឯង​ថា៖ “ខ្ញុំ​អាច​ធ្វើ​បាន ខ្ញុំ​ជា​មនុស្ស​ពូកែ​ម្នាក់” ។ ដោយផ្អែកលើចំណុចនេះយើងអាច “បញ្ឆោត” ខួរក្បាល ហើយ​លទ្ធផល​អាច​​នឹង​​ក្លាយ​​ជា​​ការ​​ពិត។

សំខាន់ជាងនេះទៅទៀត នៅពេលដែលយើងលុបបំបាត់ពាក្យសម្តីអវិជ្ជមាន គំរោះគំរើយ បរិយាកាស​ជុំវិញ​ប្រាកដ​ជា​ប្រសើរ​ឡើង។

ចូរសាកល្បងជឿលើពាក្យ Kotodama – ថាមពលនៃពាក្យសម្តី ដូច្នេះយើងនឹងកាន់តែស្និទ្ធស្នាលគ្នា បង្កើត​ពិភព​លោក​ដែល​ពោរ​ពេញ​ទៅ​ដោយ​ស្នាម​ញញឹម និង​ភាព​រីក​រាយ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: