រឿង “Baki” ត្រូវ​បាន​បំផុស​គំនិត​ដោយ​ជីវិត​ពិត​របស់​កង​កម្លាំង​ស្វ័យ​ការ​ពារ​ជប៉ុន

រឿង “Baki” ត្រូវបានបំផុសគំនិត​ដោយ​ជីវិត​ពិត​របស់​កង​កម្លាំង​ស្វ័យ​ការ​ពារ​ជប៉ុន។

ប្រសិនបើយើងចូលចិត្តរឿងគំនូរជីវចល Anime អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ “Baki” ឬ “Baki the Grappler” គឺ​ជា​ឈ្មោះ​រឿង Anime និង Manga ដ៏ល្បីរបស់ជប៉ុន។ តួអង្គឯកក្នុងរឿង Anime នេះគឺ Baki Hanma ជា​អ្នកប្រដាល់វ័យក្មេងម្នាក់ ហើយជាកូនប្រុសរបស់ Yujiro Hanma – ជា​អ្នក​ដែល​មាន​រហ័ស​នាម​ថា “សត្វ​ដែល​ខ្លាំង​បំផុត​នៅ​លើ​ផែន​ដី” ។

ខ្លឹមសាររឿងគំនូរជីវចលនិយាយពី Baki Hanma ដំណើរការយកឈ្នះ និងកាន់តែខ្លាំងឡើងតាម​រយៈ​ការ​​ប្រកួត​​ក្បាច់​​គុន​​ដែល​មិន​​​កំណត់​ច្បាប់។

លក្ខណៈពិសេសត្រង់ថា Itagaki Keisuke – ដែលជាអ្នកនិពន្ធរឿងគំនូរជីវចល Anime ដ៏ល្បីនេះធ្លាប់​បម្រើ​ការ​នៅ​ក្នុង​កង​ពលតូច​លោត​ឆ័ត្រ​យោង​លេខ ១ នៃកងកម្លាំងស្វ័យការពារជប៉ុន។ ដូច្នេះ​ហើយ ខ្លឹម​សារ​រឿង Anime នេះត្រូវបានគេនិយាយថា ត្រូវបានបំផុសគំនិតដោយជីវិតពិត។

ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ ចូរយើងក្រឡេកមកមើលរឿងរ៉ាវនិយាយពីកំពូលកងពលតូចលោតឆ័ត្រយោងលេខ ១ នេះទាំងអស់គ្នា។

ស្ពាយឧបករណ៍លោតឆ័ត្រយោង ៨០ គីឡូក្រាមចូលសមរភូមិ

នេះជាអង្គភាពដែលមានតួនាទីសម្រុកចូលតំបន់របស់សត្រូវតាមរយៈការលោតឆ័ត្រយោងពីលើអាកាស ជាមួយនឹងឧបករណ៍បំពាក់មានទម្ងន់រហូតដល់ ៨០ គីឡូក្រាម។

ដើម្បី​ទទួល​យកភារកិច្ច​ដ៏​លំបាក​នេះ ពួកគេ​ត្រូវ​ការ​អ្នក​ចម្បាំង​ដែល​មាន​កម្លាំង​កាយ​មាំ​មួន និង​ស្មារតី​រឹង​មាំ។ ជា​មនុស្ស​ដែលមិន​ខុស​អ្វី​ពី​តួអង្គ​ក្នុង​រឿង Baki the Grappler ឡើយ។

ធ្លាក់ដល់ដីពី​កម្ពស់ ​៣៤០​ ម៉ែត្រ​នៅតែមិនអី

លោតពីលើកម្ពស់ ​៣៤០ ម៉ែត្រ ជាអកុសលទាហានលោតឆ័ត្រយោងម្នាក់ជួបឧបទ្ទវហេតុ ឆ័ត្រ​យោង​របស់​គាត់​មិន​អាច​បើក​ទាំង​ស្រុង​បាន។

នៅប្រទេសកម្ពុជា អគារខ្ពស់ជាងគេគឺ Morgan Enmaison 2 ក្នុងទីក្រុងភ្នំពេញ ជាមួយនឹងកម្ពស់ ២៤៣ ម៉ែត្រ។ សាកស្រមៃមើល ហើយ​ប្រៀប​ធៀប​នឹង​អគារ​នេះ យើងអាចដឹងថាកម្ពស់ ៣៤០ ម៉ែត្រ​ខ្ពស់​ប៉ុណ្ណា។ ទោះជាយ៉ាងណា គាត់នៅតែចុះចតដោយសុវត្ថិភាព និងបន្តការហ្វឹកហាត់។ ទោះបី​ជា​មាន​បច្ចេក​ទេស​ចុះចតពិសេស​ក៏​ដោយ ចំណុច​នេះពិតជាមិនធម្មតានោះទេ។

ក្នុងហេតុការណ៍មួយផ្សេងទៀត ឧប្បត្តិហេតុស្រដៀងគ្នាបានកើតឡើង ទាហានលោតឆត្រយោងម្នាក់បានជួបឧបទ្ទវហេតុបាក់ឆ្អឹងភ្លៅ និងឆ្អឹងជំនី គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថា ត្រូវចំណាយពេល ៣ ខែ​ទើប​ជា​សះ​ស្បើយ ប៉ុន្តែគាត់បានត្រលប់មកអង្គភាព​វិញ​ត្រឹម​រយៈ​ពេល ១ សប្តាហ៍ប៉ុណ្ណោះ។

នៅពេលដែលប៊ូឡុងបាក់មុនឆ្អឹងទៅទៀត

ក្នុងការវះកាត់បាក់ឆ្អឹង ការដាក់ប៊ូឡុងក្នុងឆ្អឹងជាវិធីសាស្រ្តដែលពេញនិយម ប៉ុន្តែមានករណីមួយចំនួនប៊ូឡុងដែលដាក់ក្នុងខ្លួនរបស់ទាហាន​លោត​ឆ័ត្រ​យោង​មិន​អាច​ទ្រាំ​នឹង​សម្ពាធ ហើយ​ក៏​​​បាក់។ 

ជាធម្មតា ឆ្អឹង ឬសាច់ដុំជុំវិញនឹងបាក់ ហើយរបួសជាមុនសិន។ ប៉ុន្តែក្នុងករណីនេះពិតជាមិនអាច​ពន្យល់​បាន​ឡើយ។

លោតចុះពីជាន់ទី ៣ ដើម្បីទទួលប្រាក់រង្វាន់

មានម្តងមេ​បញ្ជាការ​បាន​ប្រាប់​សមាជិក​ក្រុម​របស់​ខ្លួន​ថា៖

  • “ប្រសិនបើនរណាម្នាក់អាចលោតចុះពីជាន់ទី ២ នឹងទទួលបានរង្វាន់ ១.០០០ យ៉េន” ។

ទាហានម្នាក់ពិតជាបានលោតចុះមែន ប៉ុន្តែមិនមែនលោតចុះពីជាន់ទី ២ នោះទេ គាត់បានឡើង​ដល់​ជាន់​ទី ៣ ហើយ​លោត​ចុះ​មក​ដោយ​សុវត្ថិភាព។

មេ​បញ្ជាការ​ចាប់អារម្មណ៍យ៉ាងខ្លាំង ហើយ​ភ្លាមៗ​នោះបាន​ផ្តល់​ប្រាក់​រង្វាន់​ដល់​គាត់ចំនួន ៤.០០០ យ៉េន។

ញញឹមហើយទើបបាញ់

អង្គភាពនេះត្រូវប្រយុទ្ធដោយប្រើឧបករណ៍តិចតួចបំផុត មិនមានឧបករណ៍បម្រុងទុកនោះទេ ដូច្នេះ​មិនអាចបាញ់ខុសឡើយ។ ហេតុនេះ ទើបពួកគេមានច្បាប់មួយគឺ ​ចូល​ជិត​ដើម្បី​មើល​មុខ​សត្រូវ​​ឲ្យ​បាន​ច្បាស់ ញញឹម រួច​ទើប​បាញ់…

សូម្បីតែក្នុងសមយុទ្ធជាមួយនឹងរថក្រោះ ពួកគេក៏អនុវត្តស្រដៀងគ្នាដែរ។ រត់ទៅជិតរថក្រោះដែលកំពុង​ធ្វើ​ដំណើរ ញញឹម រួច​ទើប​បាញ់។

ទាហាន​រថក្រោះដែលបាន​ឃើញ​ទិដ្ឋភាព​នេះ​លើក​ដំបូង មិនអាចទប់ទល់បានទាន់ពេលវេលា សុទ្ធ​តែ​រង​របួស។

Yakuza ក៏ត្រូវតែជៀសឆ្ងាយដែរ

ជាការពិតណាស់ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់ហ្គេម Pokémon មែនទេ? ប្រសិនបើនៅក្នុង Pokémon អ្នកលេងត្រូវទៅគ្រប់ទីកន្លែងដើម្បីប្រមូលគ្រឿងសម្គាល់ “Gym” ។ ចំណែកឯក្នុងអង្គភាព​​នេះ ទាហាន​មួយ​ចំនួន​បែរ​ជា​ដើរប្រមូលគ្រឿងសម្គាល់របស់ Yakuza ទៅ​វិញ។

មិនច្បាស់ទេថា ដើម្បីប្រមូលបានគ្រឿងសម្គាល់របស់ Yakuza តើពួកគេបានប្រព្រឹត្តអ្វីខុសច្បាប់ដែរ​អត់​ទេ ប៉ុន្តែគ្រាន់តែស្តាប់ឮក៏យល់ថាចម្លែកណាស់ទៅហើយ។

នៅពេលដែលតាមដានរឿង Anime Baki the Grappler យើងនឹងឃើញថា មានតួអង្គជាច្រើនដែល​ហាក់​បី​ដូច​ជា “លែងដូចមនុស្ស” ទៅហើយ។ ហើយនៅពេលដែលយើងក្រឡេកមើលកងពលតូច​លោត​ឆ័ត្រ​​យោង​​លេខ ១ យើងឃើញថា ចំណុចនោះអាចនឹងមានពិត។ អ្នកនិពន្ធរឿង Baki the Grappler នៅ​​ក្នុង​​អង្គភាព​​នេះ​រយៈ​​ពេល ៥ ឆ្នាំ។

ប្រហែលជាតួអង្គដែលលោកបានបង្ហាញតាមរយៈរឿងនេះត្រូវបានបំផុសគំនិតដោយមិត្តរួមក្រុម​​ក្នុង​​អង្គភាព​​របស់​​ខ្លួន។

បច្ចុប្បន្ននេះ យើងអាចមើលរឿង Baki the Grappler នៅលើ Netflix ។

កង​កម្លាំង​ស្វ័យ​ការ​ពារ​ជប៉ុនត្រូវបានចាត់​ទុក​ថា​ជា​កង​ទ័ព​ដែល​មិន​ចូលរួមប្រយុទ្ធ ហើយប្រទេស​មួយ​ចំនួន​ថែមទាំងមើលងាយពួកគេទៀតផង។ ប៉ុន្តែប្រសិនបើយើងដឹងថា ពួកគេដូច​ជា​អ្នក​ចម្បាំង​ដែល​មក​ពី Baki ប្រហែលជាគ្មាននរណាម្នាក់ចង់រករឿងនោះទេ។

អាច​​និយាយ​បាន​ថា រឿង Baki បាន​​រួម​​ចំណែក​​រក្សា​​សន្តិភាព​​ដោយ​​ប្រយោល។ ហើយ​អាច​និយាយម្យ៉ាង​ទៀត​​ថា កងពលតូចលោតឆ័ត្រយោងលេខ ១ ជាមូលដ្ឋានគ្រឹះបង្កើតបានជារឿង Baki – ជាកន្លែង​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ក្លា​អស្ចារ្យ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: