ខោទ្រនាប់សម្រាប់ជួល – លក្ខណៈពិសេសនៅសម័យ Edo
ខោទ្រនាប់សម្រាប់ជួល – លក្ខណៈពិសេសនៅសម័យ Edo ។
ក្នុងអំឡុងពេល ២៦០ ឆ្នាំចុងក្រោយដែលសាមូរ៉ៃគ្រប់គ្រងប្រទេសជប៉ុន ជាអំឡុងពេលដែលគេហៅថាសម័យ Edo ។
នៅពេលនោះរាជធានីគឺ Edo ដែលសព្វថ្ងៃជាតំបន់ភាគខាងកើតទីក្រុងតូក្យូ។
នៅសម័យនោះ ជីវភាពមនុស្សត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍មិនសន្សំទុក ប្រាក់ដែលរកបានត្រូវចាយឲ្យអស់។ ប្រជាជនស្ទើរតែគ្មានទ្រព្យសម្បត្តិនោះទេ ម្យ៉ាងវិញទៀត សូម្បីតែខោទ្រនាប់ក៏ត្រូវជួលសម្រាប់ស្លៀកផងដែរ។
ហេតុអ្វីបានជាប្រជាជននៅសម័យនោះបែរជារស់នៅបែបនេះ? ចូរយើងស្វែងយល់អំពីជីវិតរស់នៅរបស់ប្រជាជន Edo តាមរយៈខ្លឹមសារអត្តបទខាងក្រោម។
Edo – ទឹកដីដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក
ច្រើនបំផុតប្រហែលជានៅឆ្នាំ ១៧២០ ចំនួនប្រជាជន Edo លើសពី ១ លាននាក់។
តួលេខនេះច្រើនជាងចំនួនប្រជាជននៅទីក្រុងឡុងដ៍ និងប៉ារីសនាសម័យនោះទៅទៀត។
ដោយមានដង់ស៊ីតេប្រជាជនច្រើន ភាគច្រើនផ្ទះរបស់ប្រជាជនសុទ្ធតែជាឈើ។ ប្រសិនបើមានអគ្គិភ័យកើតឡើង ភ្លើងនឹងរាលដាលពាសពេញតំបន់លំនៅដ្ឋាន ក្លាយជាគ្រោះមហន្តរាយធំ។
ដូច្នេះហើយ របៀបរស់នៅដែលគ្មានទ្រព្យសម្បត្ដិច្រើនបានក្លាយជាមូលដ្ឋានទៅហើយ។ ព្រោះបើមានអគ្គិភ័យកើតឡើង គ្រប់យ៉ាងនឹងក្លាយទៅជាផេះ។
មិនត្រឹមតែរបស់របរប៉ុណ្ណោះទេ លុយកាក់ក៏ដូច្នេះដែរ។ កម្មករនឹងទទួលបានប្រាក់ឈ្នួលរបស់ពួកគេ ធ្វើការនៅថ្ងៃណានឹងទទួលបានប្រាក់ឈ្នួលនៅថ្ងៃនោះ ហើយចាយឲ្យអស់ ដោយមិនរក្សាទុកអ្វីឡើយ។
នៅសម័យ Edo មានលក្ខណៈពិសេសមួយផ្សេងទៀតគឺអត្រាបុរស និងស្រ្តី។
ហើយជាតំបន់ដែលមានការងារធ្វើច្រើន បុរសមកពីគ្រប់ទិសទីប្រមូលផ្តុំគ្នានៅទីនោះដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត ដែលបណ្តាលឲ្យអត្រាយេនឌ័រមានភាពខុសគ្នា។ ដូច្នេះហើយ អត្រាតាមការប៉ាន់ប្រមាណ ៥ៈ៩ ដែលមានន័យថាបុរសច្រើនជាងស្រ្តី។
ដោយមានភាពខុសគ្នាដូច្នេះ នៅសម័យនោះបុរសជាច្រើនគ្មានឳកាសស្វែងរកដៃគូជីវិតនោះទេ។ មនុស្សជាច្រើនបោះបង់មិនរៀបការ ហើយទទួលយកជីវិតឯកោ ដូច្នេះការសន្សំសំចៃទ្រព្យសម្រាប់ពួកគេគ្មានន័យអ្វីឡើយ។
សៀវភៅសម្រាប់ជួលជារឿងធម្មតា
មិនដូចជាអឺរ៉ុបនោះទេ នៅជប៉ុនសម័យ Edo ពេញនិយមបច្ចេកទេសបោះពុម្ពឈើ។ ឆ្លាក់អក្សរ ឬរូបភាពនៅលើក្តារឈើ រួចបោះពុម្ពលើក្រដាស។ ត្រឹមតែច្បាប់ដើមមួយច្បាប់ អាចបោះពុម្ពបានយ៉ាងច្រើនច្បាប់ផ្សេងទៀត។ ភាគច្រើនផ្ទាំងគំនូរ ukiyo-e ល្បីត្រូវបានបោះពុម្ពតាមរបៀបនេះ។
ការបោះពុម្ពទាំងនេះទុកសម្រាប់ជួលនៅពេលដែលមានតម្រូវការ មិនចាំបាច់ទិញនោះទេ។ ពីព្រោះប្រជាជន Edo ដឹងយ៉ាងច្បាស់ថា នៅពេលដែលមានអគ្គិភ័យកើតឡើង ពួកគេមិនអាចរក្សាទុកអ្វីបានឡើយ។
សម្លៀកបំពាក់ សូម្បីតែខោទ្រនាប់ក៏មានសម្រាប់ជួលដែរ
សម្លៀកបំពាក់ប្រចាំថ្ងៃរបស់ប្រជាជនជប៉ុននាសម័យនោះគឺ kimono ។ មិនថាសម្លៀកបំពាក់មានតម្លៃថ្លៃទុកសម្រាប់ចូលរួមពិធីជប់លៀង ឬសម្លៀកបំពាក់ប្រចាំថ្ងៃសុទ្ធតែអាចជួលបាន។ ពាក់ប៉ុន្មានថ្ងៃយកទៅសងវិញ ហើយបន្តជួលមួយថ្មី។ ធ្វើដូច្នេះមិនចាំបាច់បោកគក់នោះទេ បុរសដែលនៅម្នាក់ឯងគ្មានប្រពន្ធមើលថែក៏មានអារម្មណ៍ល្អជាងមុនដែរ។
ពិសេសជាងនេះទៅទៀត មិនត្រឹមតែសម្លៀកបំពាក់ខាងក្រៅប៉ុណ្ណោះទេ សូម្បីតែខោទ្រនាប់ខាងក្នុងក៏មានសម្រាប់ជួលផងដែរ។
ខោទ្រនាប់ដែលបុរសជប៉ុនពាក់នៅសម័យនោះហៅថា “fundoshi” ជាប្រភេទក្រណាត់វែងរុំជុំវិញចង្កេះ ប្រិយមិត្តអាចស្រមៃគិតថា វាស្រដៀងនឹង “ប៉ឹង” ក្រណាត់ដែលប្រើសម្រាប់រុំជុំវិញចង្កេះ សម្រាប់បិទបាំង “កន្លែងដែលត្រូវបាំង” ។ សូម្បីតែប្រភេទខោក្នុងបែបនេះក៏មានសម្រាប់ជួលផងដែរ។ ហើយស្រដៀងទៅនឹង kimono ដែរ fundoshi ក៏ទុកសម្រាប់ជួលស្លៀកប៉ុន្មានថ្ងៃ ហើយសងវិញ។
នៅសម័យនោះតម្លៃជួលមួយឈុតប្រហែល ១/៣ នៃតម្លៃទិញថ្មី។
គិតទៅមិនថោកនោះទេ ប៉ុន្តែនៅសម័យកាលដែលម៉ាស៊ីនបោកគក់មិនទាន់មាន ត្រឹមតែអាចបោកសម្លៀកបំពាក់ដោយដៃប៉ុណ្ណោះ សម្រាប់បុរសដែលនៅម្នាក់ឯង នេះជាវិធីសាស្រ្តដែលល្អ និងមានភាពងាយស្រួល។
ភាគីអ្នកឲ្យជួលនឹងប្រមូលសម្លៀកបំពាក់ដែលភ្ញៀវប្រគល់សង នៅពេលដែលច្រើនល្មមនឹងយកទៅបោក ហើយយកទៅដាក់ជួលបន្តទៀត។
គ្រាន់តែឲ្យជួលប្រហែល ៣ ដងគឺប្រមូលដើមទុនមកវិញបានហើយ ចំណែក fundoshi ជាប្រភេទខោទ្រនាប់ដែលអាចប្រើបានយូរ អាចដាក់ជួលបានច្រើនដងក្នុងរយៈពេលយូរ ដូច្នេះការដាក់ជួលខោនាំមកនូវប្រាក់ចំណេញខ្ពស់។
ដោយផ្ទាល់ មិនថាយ៉ាងណាក៏ដោយ ខ្ញុំមិនចង់ស្លៀកខោទ្រនាប់ដែលគេស្លៀកហើយនោះទេ…ទោះបីជាបោកប៉ុន្មានដងក៏ដោយ។
សព្វថ្ងៃនេះ មានទម្រង់អាជីវកម្មសម្រាប់ជួលជាច្រើន ប៉ុន្តែការដាក់ជួលរបស់របរប្រចាំថ្ងៃបែបនេះហាក់ដូចជាកម្រណាស់។
សាកល្បងគិតមើល និងស្វែងយល់ពីជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅសម័យមុន នោះប្រហែលជាគំនិតល្អសម្រាប់យើងបង្កើតគំនិតអាជីវកម្មថ្មីមែនទេ?
Abe Kengo