អ្នកបញ្ចូលសំឡេង – ជាការងារដែលបំផុសគំនិតដល់មនុស្សជាច្រើន
អ្នកបញ្ចូលសំឡេង – ជាការងារដែលបំផុសគំនិតដល់មនុស្សជាច្រើន។
ក្នុងនាមជាចូលចិត្តរឿងគំនូរជីវចលជប៉ុន ប្រិយមិត្តប្រហែលជាស្គាល់លោកស្រី Nozawa Masako (野沢雅子) ដែលជាអ្នកបញ្ចូលសំឡេងជើងចាស់ ហើយទទួលតួនាទីបញ្ចូលសំឡេងតួអង្គ Son Goku ដែលជាតួអង្គឯកក្នុងរឿងគំនូរជីវចល Dragon Ball ដ៏ល្បីនៅទូទាំងពិភពលោកអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។
ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ JAPO សូមចែករំលែកដល់ប្រិយមិត្តនូវរឿងរ៉ាវមួយចំនួនដែលទាក់ទងនឹងអ្នកបញ្ចូលសំឡេងស្រីរូបនេះ ចូរយើងតាមដានទាំងអស់គ្នា!
នៅពេលដែលរឿងគំនូរជីវចល Dragon Ball កាន់តែល្បី អ្នកគាំទ្រជាច្រើនបានផ្ញើសំបុត្រមក។ ក្នុងចំណោមនោះមានសំបុត្រមួយច្បាប់ដែលមានខ្លឹមសារដូចខាងក្រោម៖
“កូនប្រុសរបស់ខ្ញុំនៅរស់បានតែពីរខែទៀតប៉ុណ្ណោះ។
កូនខ្ញុំពិតជាគាំទ្រសំឡេងរបស់តួអង្គ Son Goku ដែលបញ្ចូលសំឡេងដោយលោកស្រី Nozawa ខ្លាំងណាស់ តើលោកស្រីអាចផ្ញើហត្ថលេខាជូនក្មួយប្រុសម្នាក់នេះបានទេ?”
សម្រាប់ប្រភេទសំបុត្របែបនេះ ភាគច្រើនគ្រាន់តែជាការប្រឌិត អ្នកផ្ញើគ្រាន់តែចង់សុំហត្ថលេខាប៉ុណ្ណោះ តាមពិតទៅ គ្មានរឿងដែលថាកូនពួកគេឈឺនោះទេ។ ដូច្នេះហើយ អ្នកដែលនៅជុំវិញលោកស្រី Nozawa បានប្រាប់គាត់ថា កុំខ្វល់ពីរឿងនេះ។ ប៉ុន្តែលោកស្រីបានធ្វើព្រងើយចំពោះពាក្យសម្តីរបស់អ្នកនៅជុំវិញ លោកស្រីបានផ្ញើហត្ថលេខា ជាមួយនឹងការថតសំឡេងរបស់ Son Goku ។
ក្នុងការថតសំឡេង លោកស្រីហៅឈ្មោះក្មេងប្រុសម្នាក់នោះ ហើយនិយាយថា៖
“រឿងនឹងចេញផ្សាយនៅខែសីហានេះ សូមកុំភ្លេចមកមើល។
ខ្ញុំនឹងរង់ចាំ សន្យាណា!”
មិនមែនជាការប្រឌិតនោះទេ ក្មេងប្រុសក្នុងសំបុត្រពិតជាកំពុងឈឺធ្ងន់មែន ហើយរឿងដែលគ្រូពេទ្យនិយាយថា ក្មេងប្រុសនៅរស់បានតែពីរខែទៀតក៏ជាការពិតដែរ។
ទោះជាយ៉ាងណា ព្រោះតែចង់រក្សាពាក្យសន្យានឹង Son Goku ក្មេងប្រុសម្នាក់នោះបានព្យាយាមរស់នៅរហូតដល់ខែសីហា ដោយបានមើលរឿង និងទទួលមរណភាពនៅថ្ងៃបន្ទាប់។
យោងតាមការវិនិច្ឆ័យ ក្មេងប្រុសម្នាក់នោះរស់បានថែម ៦ ខែទៀត ជារឿងដែលសូម្បីតែគ្រូពេទ្យក៏ទទួលស្គាល់ថាជាអព្ភូតហេតុដែរ។
មានម្តង ជាអកុសលអគ្គិភ័យបានឆាបឆេះផ្ទះរបស់លោកស្រី Nozawa ទាំងស្រុង ត្រូវនឹងថ្ងៃដែលលោកស្រីថតសំឡេង។ លោកស្រីខ្ចីសម្លៀកបំពាក់ពីអ្នកជិតខាង ហើយទៅកាន់ស្ទូឌីយ៉ូតែម្តង មិនបានរំលឹកដល់រឿងភ្លើងឆេះនោះទេ ហើយក៏បានបញ្ចប់ការងារដូចសព្វមួយដង។
នៅថ្ងៃនោះ ជាថ្ងៃដែលអគ្គិភ័យកើតឡើង លោកស្រីទៅយឺតរយៈពេល ៥ នាទី ហើយហាក់បីដូចជានោះជាពេលដែលលោកស្រីយឺតម៉ោងធ្វើការម្តងក្នុងជីវិត។ ក្រោយពេលដែលអ្នកទាំងអស់គ្នាដឹងរឿង គ្រប់គ្នាពិតជាភ្ញាក់ផ្អើលណាស់។
លោកស្រីជាមនុស្សដែលមានទំនួលខុសត្រូវ និងស្មារតីជំនាញវិជ្ជាជីវៈខ្ពស់។ ការងារគឺជាការងារ មិនបណ្តោយឲ្យរឿងផ្ទាល់ខ្លួនប៉ះពាល់ដល់បរិយាកាសការងាររួមនោះទេ។
ហើយក៏មានរឿងនិយាយពីសត្វស្វាមួយក្បាលនៅសួនសត្វមានជំងឺធ្លាក់ទឹកចិត្ត ទោះបីជាទទួលបានការព្យាបាលពីពេទ្យសត្វក៏ដោយ ប៉ុន្តែនៅតែមិនជាសះស្បើយ។ យ៉ាងណាមិញ នៅពេលដែលលោកស្រី Nozawa និយាយខ្លាំងៗទៅកាន់សត្វស្វាមួយក្បាលនោះ វាបានធូរស្បើយយ៉ាងឆាប់រហ័ស។
នៅពេលដែលនិយាយជាមួយសត្វស្វា លោកស្រីមិនប្រើសំឡេងរបស់ Son Goku នោះទេ ប៉ុន្តែប្រើសំឡេងរបស់តួអង្គមួយផ្សេងទៀត។
ហាក់បីដូចជាជំនាញបញ្ចូលសំឡេងរបស់លោកស្រីមិនត្រឹមតែមានឥទ្ធិពលចំពោះមនុស្សប៉ុណ្ណោះទេ ថែមទាំងមានប្រសិទ្ធភាពចំពោះសត្វដូចជាស្វាហ្គោរីឡាផងដែរ។
ប្រហែលជាមានមនុស្សមួយចំនួនមើលងាយការងារជាអ្នកបញ្ចូលសំឡេង ដោយគិតថា នោះគ្រាន់តែជាការងារបន្លំសំឡេងដើម្បីរកប្រាក់តាមរយៈការបញ្ចូលសំឡេងប៉ុណ្ណោះ។
ប៉ុន្តែជាមួយនឹងសមត្ថភាពបង្កើតបានអព្ភូតហេតុដែលសូម្បីតែគ្រូពេទ្យក៏មិនជឿ ឬសូម្បីតែរឿងដែលជួយដល់សត្វស្វាមួយក្បាលយកឈ្នះពីជំងឺ សំឡេងរបស់លោកស្រីហាក់បីដូចជាមានថាមពលពិសេស។ ប្រហែលនោះជាថាមពលដែលបានមកពីការខិតខំប្រឹងប្រែងឥតឈប់ឈរ តែងតែលះបង់អស់ពីលទ្ធភាព ហើយមិនដែលរំខានដល់អ្នកដទៃទាំងដែលខ្លួនមានបញ្ហាក៏ដោយ។
ប្រសិនបើអ្នកកំពុងតែមានអារម្មណ៍ថា នឿយហត់ និងបាក់ទឹកចិត្ត អ្នកទាំងអស់គ្នាអាចសាកល្បងមើល ឬមើលឡើងវិញរឿងគំនូរជីវចល Dragon Ball ប្រហែលជាអ្នកនឹងទទួលបានអារម្មណ៍អ្វីម្យ៉ាង ហើយបន្ថែមកម្លាំងស្មារតី និងថាមពលវិជ្ជមាន បន្ទាប់ពីធ្វើការងារនឿយហត់។
Abe Kengo