សាមូរ៉ៃស្បែកខ្មៅដំបូងគេក្នុងប្រវត្តិសាស្ត្រ
សាមូរ៉ៃស្បែកខ្មៅដំបូងគេក្នុងប្រវត្តិសាស្ត្រ។
ប្រសិនបើអ្នកទាំងអស់គ្នាតែងតែគិតថា សាមូរ៉ៃសម្រាប់តែប្រជាជនជប៉ុន និងអ្នកចម្បាំងជប៉ុន ចំណុចនេះមិនត្រូវទាំងស្រុងនោះទេ។
អ្នកដែលបានបំបែកទស្សនៈនេះគឺ Yasuke ជាសាមូរ៉ៃស្បែកខ្មៅដំបូងគេក្នុងប្រវត្តិសាស្ត្រ។
ទោះបីជាកើតនៅក្នុងទឹកដីមួយផ្សេងទៀត ស្ថិតក្នុងពូជសាសន៍ផ្សេង លោកនៅតែត្រូវបានទទួលស្គាល់ និងលះបង់ប្រៀបបីដូចជាសាមូរ៉ៃពិតមួយរូប។
ក្នុងបរិបទសម័យកាលសង្គ្រាមវឹកវរ នៅពេលដែលមហាអំណាចផ្សេងទៀតដណ្តើមគ្នាបង្រួបបង្រួមប្រទេសជប៉ុន។ ហើយអ្នកដែលជិតសម្រេចបានគោលដៅបង្រួបបង្រួមបំផុតនោះគឺ Oda Nobunaga (織田信長) ។ លោកជាអ្នកដែលបានបង្កើតចលនាសាមូរ៉ៃស្បែកខ្មៅ។
Yasuke កើតនៅ Mozambique នៃអាហ្វ្រិក ដែលត្រូវបានបញ្ជូនទៅប្រទេសជប៉ុនដើម្បីបម្រើអ្នកផ្សព្វផ្សាយសាសនាអុីតាលី។ ប្រសិនបើគិតពីស្ថានភាពពិភពលោកនាពេលនោះ ប្រហែលជាគាត់ធ្លាប់ធ្វើជាទាសកររបស់ជនជាតិអុីតាលី។ ទោះជាយ៉ាងណា កំណត់ត្រាបង្ហាញថា Yasuke អាចនិយាយភាសាជប៉ុនបានខ្លះ ចំណុចនេះបង្ហាញថាឋានៈរបស់គាត់ខុសពីទាសករធម្មតា។
សម្រាប់ប្រជាជនជប៉ុនភាគច្រើននាសម័យនោះ នេះជាលើកដំបូងដែលពួកគេបានឃើញបុរសស្បែកខ្មៅ។ មាឌធំខ្ពស់ មានសាច់ដុំ និងអ្វីដែលពិសេសគឺសម្បុរស្បែកខុសពីគេ។ ដោយគិតថា ស្បែកខ្មៅដោយសារលាបអ្វីម្យ៉ាង Nobunaga បានស្នើឲ្យ Yasuke លាងសម្អាតជាច្រើនដង ប៉ុន្តែជាការពិតណាស់ មិនអាចធ្វើឲ្យស្បែកសនោះទេ ផ្ទុយទៅវិញ បែរជាធ្វើឲ្យពណ៌ខ្មៅកាន់តែភ្លឺចែងចាំង។ ក្រៅពីនេះ Nobunaga ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងកាយរបស់ Yasuke ផងដែរ លោកបានគិតថា បុរសស្បែកខ្មៅម្នាក់នេះអាចយកឈ្នះបុរសដប់នាក់បានយ៉ាងងាយ។
Nobunaga បានដាក់ឈ្មោះឲ្យបុរសម្នាក់នេះថា Yasuke (弥助) ថែមទាំងបែងចែកផ្ទះ និងទទួល Yasuke ជាអ្នកក្រោមបង្កាប់។ បើប្រៀបទៅនឹងជីវិតត្រូវគេរើសអើងនៅអឺរ៉ុប ឋានៈដែល Yasuke ទទួលបាននៅជប៉ុនច្បាស់ណាស់គឺប្រសើរជាងមុន។ ជាការតបស្នងមកវិញ Yasuke ក៏បានបម្រើ Nobunaga ស្មោះអស់ពីចិត្តផងដែរ។
អ្វីដែលខ្ញុំទើបតែរៀបរាប់គឺជារឿងពិតដែលត្រូវបានកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្ត្រ ដែលនិយាយពីសាមូរ៉ៃស្បែកខ្មៅមានវត្តមានក្នុងប្រវត្តិសាស្ត្រជប៉ុន។
ប៉ុន្តែបន្ទាប់មក Nobunaga បានទទួលមរណភាពភ្លាមៗនោះ។
ក្នុងអំឡុងពេលនាំកងទ័ពចេញដំណើរ Nobunaga បានស្នាក់នៅប្រាសាទ Honnoji (本能寺) ស្ថិតនៅ Kyoto ។
ដោយដឹងថា នេះជាពេលដែលមានកងកម្លាំងការពារមិនច្រើន អ្នកក្រោមបង្គាប់របស់លោកមានឈ្មោះថា Akechi Mitsuhide (明智光秀) ស្រាប់តែបះបោរ វាយប្រហារ និងដុតបំផ្លាញប្រាសាទ។ Nobunaga ត្រូវបានគេចាត់ទុកថា បានទទួលមរណភាពក្នុងស្ថានភាពនោះ។ ចំណែកឯ Yasuke ត្រូវបានគេនិយាយថា បានប្រយុទ្ធដើម្បីការពារម្ចាស់រហូតដល់ចុងបញ្ចប់។
ទោះជាយ៉ាងណា មានរឿងអាថ៌កំបាំងមួយបានកើតឡើង មិនថាពួកគេខំប្រឹងស្វែងរកយ៉ាងណានៅតែរកមិនឃើញសាកសពរបស់ Nobunaga ។
បើតាមទស្សនៈរបស់ប្រជាជនជប៉ុននៅសម័យនោះ ប្រសិនបើរកមិនឃើញសាកសពមិនអាចចាត់ទុកថាត្រូវគេសម្លាប់នោះទេ។ គ្រាន់តែបន្ទាប់ពីព្រឹត្តិការណ៍ទាំងនេះ Nobunaga និង Yasuke រលាយបាត់ចេញពីប្រវត្តិសាស្ត្រជប៉ុន។
ចាប់តាំងពីពេលនោះមក សម្មតិកម្មជាច្រើនដែលនិយាយពី Nobunaga នៅមានជីវិតត្រូវបានលើកឡើង។
សម្មតិកម្មមួយក្នុងចំណោមចាត់ទុកថា Nobunaga និង Yasuke បានរត់ចេញពី Honoji ហើយឆ្លងសមុទ្រទៅកាន់អឺរ៉ុប។ ប្រសិនបើមាន Yasuke ទៅជាមួយ ចំណុចនេះក៏អាចនឹងកើតឡើងដែរ។
ជាការពិតណាស់ មិនមានភ័ស្តុតាងដែលបញ្ជាក់អំពីរឿងនេះនោះទេ ដូច្នេះសម្មតិកម្មនេះមិនត្រូវបានចាត់ទុកជាទិន្នន័យប្រវត្តិសាស្ត្រផ្លូវការឡើយ។
ប៉ុន្តែជាមួយនឹងប្រាជ្ញារបស់ Nobunaga ជាអ្នកដែលបានធ្វើឲ្យទឹកដីតូចមួយឆ្ពោះទៅរកការបង្រួបបង្រួមប្រទេសជប៉ុនទាំងមូល ប្រសិនបើពិតជាបានទៅកាន់អឺរ៉ុបមែននោះ ប្រាកដជាទទួលបានការគោរព។ ហើយបើសិនជាមាន Yasuke នៅក្បែរ រឿងនេះកាន់តែមានភាពទាក់ទាញ។
ថ្វីត្បិតតែ មិនមែនជាជនជាតិជប៉ុន ប៉ុន្តែដោយសារភាពស្មោះត្រង់ ហ៊ានលះបង់ខ្លួនឯងដើម្បីការពារ Nobunaga រហូតដល់វិនាទីចុងក្រោយ Yasuke សមនឹងទទួលបានងារជាសាមូរ៉ៃជាងនរណាៗទាំងអស់។ ទោះបីជាមានសម្បុរស្បែកខុសគ្នា ប៉ុន្តែសម្រាប់ខ្ញុំ Yasuke គឺជាសាមូរ៉ៃពិតមួយរូប។
Abe Kengo